ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុចំនួន ៧សប្ដាហ៍ (៤៩ថ្ងៃ) វាអាចពងបានរហូត២៨០ ក្នុងមួយរដូវកាលនៃអាយុរបស់វា ។ នៅពេលវាមានអាយុ ៨សប្ដាហ៍ចំនួនពងរបស់វានៅរក្សាត្រឹមកម្រិតហាសិបភាគរយនិងបន្ដ បែបនេះរហូតទៅ ។ ដើម្បីបង្កាត់ពងនោះឱ្យអាចភ្ញាស់បាន យើងចាំបាច់ត្រូវមានក្រួចឈ្មោល មានអាយុពី ៦០ ទៅ ៧០ថ្ងៃ ដាក់លាយដោយឡែកជាមួយក្រួចញីដែលបានរើសសម្រាំងទុកសម្រាប់បង្កាត់ ពូជ និដាក់ពួកវាឱ្យនៅដាច់ ដោយឡែកពីគេ ។ ក្នុងក្រួចឈ្មោលមួយក្បាលយើងដាក់មេក្រួចញីចំនួនប្រាំក្បាលលាយ ជាមួយ ក្នុងអត្រា មួយទៅប្រាំ ។ ពងក្រួចត្រូវការពេលចំនួន១៨ថ្ងៃដើម្បីឱ្យវាញាស់ ។ ក្នុងមេក្រួចចំនួន ៥០០ក្បាល យើងអាចផលិតកូនក្រួចបានចំនួន ១៥០០ក្បាលក្នុងមួយសប្ដាហ៍ ដូច្នេះក្នុងចំនួនមេប្រាំរយក្បាលនេះ យើងអាចបានកូនក្រួចសរុបចំនួន ប្រាំមួយពាន់កូនក្នុងមួយខែ ។ ពងដែលយើងរើសយកមកភ្ញាស់គឺជាពងដែលមានទំហំធំជាងគេ តែពងមានទំហំធម្មតាក៏យើងដាក់ឱ្យភ្ញាស់ដែរ តែដាក់ដោយឡែក ។ ដោយការធ្វើបែបនេះ យើងនឹងបានកូនក្រួចដែលមានពូជធំល្អជាងធម្មតា ។
ក្រួចកាលណាយើងដាក់វាលាយគ្នាមានឈ្មោលមានញី វាច្រើនចឹកគ្នាឱ្យខ្វាក់ភ្នែកយើងនឹងបានឃើញក្រួចងាប់ជារឿយៗ នោះគឺបណ្ដាលមកពីវាចឹកភ្នែកគ្នានោះឯង។
- ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុ៧សប្ដាហ៍ និងបន្ដផ្ដល់ពងរហូតដល់ចំនួន ២២សប្ដាហ៍(១៥៤ ថ្ងៃ)
- ពងរបស់ក្រួចមានទម្ងន់ប្រមាណ ៩ ទៅ ១០ក្រាមតែប៉ុណ្ណោះ
- នៅពេលកូនក្រួចមានអាយុ មួយខែ ក្រួចឈ្មោលនិងក្រួចញីត្រូវតែបំបែកចេញពីគ្នា
- ក្រួចញីត្រូវការពន្លឺចំនួន ១៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យវាបន្ដពងបានល្អ
- ក្រួចវាច្រើនតែពងនៅពេលរសៀលនិងល្ងាច
- យើងអាចប្រមូលពងបានចំនួនពីរដងក្នុងមួយថ្ងៃ
- ក្រួចឈ្មោល មានពណ៌ត្នោត និងស លាយគ្នានៅត្រង់ទ្រូងរបស់វា, ឯក្រួចញីវិញ មានតែពណ៌ត្នោតនិងមានអុចខ្មៅៗលាយជាមួយ ។
- កូនក្រួចដែលទើបញាស់មកត្រូវការកំដៅជាប់ជាប្រចាំ និងមិនអាចឱ្យវាត្រូវខ្យល់ត្រជាក់បានឡើយ។
- កូនក្រួចទើបញាស់មានទម្ងន់ត្រឹមតែ ៨ ទៅ ១០ ក្រាមតែប៉ុណ្ណោះ ។
ទីផ្សាក្នុងប្រទេសកម្ពុជា៖
- ពងក្រួចមួយអាលក់បានត្រឹម ១០០ ទៅ ២០០ រៀល
- ក្រួចសាច់ ធ្វើស្អាតរួចហើយ អាចលក់បានតម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃប្រកួតក្នុងទីផ្សារ គឺ ២២០០ រៀល
- កូនក្រួចអាយុ១៥ថ្ងៃ អាចលក់បាតម្លៃ ១៣០០ ទៅ ១៥០០ រៀលក្នុងមួយក្បាលសម្រាប់អ្នកទិញទៅចិញ្ចឹម
- មេក្រួចហៀបពងអាយុ ៧សប្ដាហ៍អាចលក់បានតម្លៃ ២៥០០ ទៅ ៣០០០រៀលក្នុងមួយក្បាល
- តម្លៃ ដែលថោកជាងគេ អាចធ្វើឱ្យយើងដណ្ដើមទីផ្សារបាន តែបើតម្លៃយើងថ្លៃជាងគេ ឬស្មើគេយើងនឹងជួបការលំបាកក្នុងការលក់ចេញមិនខាន ត្រង់នេះត្រូវរកវិធីលៃធ្វើយ៉ាងណាឱ្យចំណាយរបស់យើងសម្រាប់ចំណី អស់តិច នោះទើបយើងអាចរកចំណញបាន និងអាចលក់ចេញតម្លៃថោកជាងគេ។
- យើងចាំបាច់ ត្រូវរកទិញ ប្រដាប់សម្រាប់បោចរោមក្រួច បើយើងពង្រីកមុខរបរនេះឱ្យធំដុំ តែបើវាមានចំនួនតិចទេ យើងអាចបោចដោយដៃក៏បាន តែត្រូវប្រើពេលវេលាច្រើន ។
- ម៉ាស៊ីនបោចអាចទាក់ទងរកទិញបានពីប្រទេសវៀតណាម
ពេលផ្ដើមចិញ្ចឹមដំបូង គួរចាប់ផ្ដើមចំនួនត្រឹម ១០០ ទៅ ២៥០ក្បាលបានហើយ, បន្ទាប់មកបន្ដពង្រីកវាម្ដងបន្ដិចៗ រហូតយើងមានពិសោធន៍ខ្លះពីវាសិន មិនគួរចាប់ផ្ដើមចិញ្ចឹមច្រើនភ្លាមទេ ។
ប្រភពដែលយើងអាចទាក់ទងទិញពូជក្រួចមកចិញ្ចឹមបានមាន ៖
១) ឈ្មោះ រតនា ទូរស័ព្ទលេខ ៖ ០១២ ៦៦៤៥៨៥ ភ្នំពេញថ្មី
២) ឈ្មោះ វាសនា ទូរស័ព្ទលេខ ៖ ០១៦ ២៣៣៣៧៥ ភ្នំពេញថ្មី
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
៣) ឈ្មោះ ពេជ្រសុភក្ដិ ទូរស័ព្ទលេខ ៖ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើទូភ្ញាស់ពងក្រួច
- មានលក់ពងក្រួច, កូនក្រួច, ក្រួចសាច់
- ទូភ្ញាស់ខ្សែភ្លើង ២០០ ដុល្លារ
- ទូភ្ញាស់ដោយចង្កៀងប្រេងកាត ១២០ ដុល្លារ
ខាងក្រោមនេះជា តារាងបង្ហាញពីការវិវត្ដន៍របស់ក្រួច ៖
- ក្រួចសាច់ត្រូវការពេលវេលាចិញ្ចឹមចំនួន២៨-៣០ថ្ងៃ
- ក្រួចចិញ្ចឹមយកពងត្រូវការពេលចំនួន៤១-៤៧ថ្ងៃ
- ពងក្រួចនិងញាស់នៅ១៦-១៨ថ្ងៃបន្ទាប់ពីដាក់វាភ្ញាស់
- ក្រួចញីដែលទុកសម្រាប់ឱ្យវាពង មិនត្រូវដាក់ឈ្មោលលាយជាមួយ
- ក្រួចទុកបង្កាត់ពូជត្រូវរើសទុកដោយឡែក ដាក់ញី៧០ ឈ្មោល៣០
ចំណាំ៖ ដាក់ ឈ្មោលច្រើនពេក យើងនឹងបានឃើញក្រួចញីជ្រុះរោមខ្នងអស់ ដោយសារឈ្មោលដណ្ដើមគ្នាជាន់មេញីដែលតិចពេកមិនគ្រប់ចំនួន ដាក់ឈ្មោលតិចពេក មេញីឈ្លោះដណ្ដើមឈ្មោល ដែលនាំឱ្យវាចឹកគ្នាសម្លាប់ ជាពិសេសគឺភ្នែក ។ មេក្រួចញី នឹងមិនឈ្លោះ ឬចឹកគ្នាទេ បើគ្មានក្រួចឈ្មោលនៅលាយឡំជាមួយវា ។
- ពងក្រួចទុកធ្វើពូជ ត្រូវរើសយកពងដែលធំល្អ
- កូនក្រួចដែលភ្ញាស់រួចត្រូវការកំដៅជាប់ជានិច្ច មិនអាចខានបាន
- ក្រួចសាច់អាចលក់ឱ្យគេក្នុងទីផ្សារបានតម្លៃ ២០០០ ទៅ ២៣០០
- ក្រួចមួយក្បាលស៊ីចំណីអស់ចំនួន ៣៥ ទៅ ៥០ ក្រាមក្នុង១ថ្ងៃ
- ដើម្បី មានក្រួចលក់ឱ្យគេរាល់ថ្ងៃ យើងត្រូវគណនាចំនួនក្រួចដែលយើងចិញ្ចឹមយកសាច់លក់នោះ ទៅតាមចំនួនដែលត្រូវលក់ចេញរាល់ថ្ងៃ ។ ឧទាហរណ៍ថា ៖ បើយើងចង់លក់ក្រួចឱ្យគេក្នុងមួយថ្ងៃចំនួន ១០០ក្បាល ចូរគណនាដូចខាងក្រោម ៖
ក្រួចត្រូវការពេលចិញ្ចឹមចំនួន៣០ថ្ងៃ
យើង ត្រូវភ្ញាស់កូនក្រួចឱ្យបានចំនួន ១២៥ ក្បាលក្នុងមួយថ្ងៃ១០០ក្បាលទុកសម្រាប់ចិញ្ចឹមយកសាច់លក់ កូនក្រួចសល់ពីនោះ(២៥ក្បាល) ត្រូវចិញ្ចឹមបន្ដដើម្បីធ្វើមេបង្កាត់ពូជ ។
- ចំនួនក្រួច ចិញ្ចឹម អាស្រ័យទៅលើចំនួនលុយ ដែលយើងមានអាចទិញចំណីឱ្យវាស៊ីបានគ្រប់គ្រាន់, សម្រាប់ចំនួនក្រួចដែលចិញ្ចឹមដោយបូករួមទាំងក្រួចមេឱ្យពង, ក្រួចសាច់ទុកលក់ឱ្យគេ និងកូនក្រួចដែលកំពុងចិញ្ចឹមបន្ដបណ្ដាក់គ្នា ។ យើងអាចរកចំណូលបានចំនួន ១០០ក្រួច បោះឱ្យគេបានមួយក្បាល២៣០០រៀល គុណ ១០០ ស្មើ ២៣០០០០រៀល (៥៧ ដុល្លារ) មិនទាន់ផាត់ថ្លៃចំណាយទៅលើចំណីនៅឡើយ ។
- ចំណាយ ទៅលើចំណីក្នុង១០០ក្បាល ៖ ក្រួច១០០ក្បាល ចិញ្ចឹមរហូតដល់ថ្ងៃលក់ ចំណីវាអស់ ៥០គីឡូ ដើម្បីកាត់បន្ថយចំណាយលើចំណី និងរក្សាបានប្រាក់ចំណេញ យើងត្រូវលាយចំណីខ្លួនឯង តាមរូបមន្ដនៅខាងលើ ។ ចំណីផលិតដោយខ្លួនឯង ចំណាយត្រឹមប្រហែលជា ១០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។ក្រៅពីនេះ យើងអាចលាយជាមួយចំណីស្រាប់ៗ ក្នុងអត្រាមួយ ដែលយើងអាចទទួលយកបាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITcambo