ក្រួចត្រូវការទីកន្លែងតូច យើងមិនចាំបាច់ត្រូវមានទីធំដូចជាមាន់ទាឡើយ ទីទំហំចំនួនមួយម៉ែត្រក្រឡាអាចឱ្យយើងដាក់ក្រួចបានចំនួន ១០០ក្បាល ។ ដូច្នេះ យើងត្រូវជ្រើសរើសទីកន្លែងណាមួយដែលសមស្របបំផុត នៅក្នុងបរិវេណដីរបស់យើង ។
ទីទួល ទីស្រឡះ មានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃចូលដល់និងមានប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឱ្យវា ។ ទំហំដីដែលយើងត្រូវការ ទាក់ទងច្រើនទៅនិងចំនួនក្រួចដែលយើងត្រៀមចិញ្ចឹម បើយើងមានបំណងធ្វើជាកន្លែងចិញ្ចឹមក្នុងទ្រង់ទ្រាយធំ យើងចាំបាច់ត្រូវមានទីកន្លែងមួយធំគួរសម និងនៅដាច់ឆ្ងាយពីគេ ។
បើសិនជា យើងត្រៀមចិញ្ចឹមដើម្បីផ្គត់ផ្គង់សាច់សម្រាប់បរិភោគក្នុងគ្រួសារ និងលក់ចែកចាយឱ្យអ្នកក្បែរខាងក្នុងភូមិទេនោះ យើងមិនចាំបាច់ត្រូវមានទីធមពេកនោះឡើយត្រឹមតែ បីម៉ែត្រគុណនិងប្រាំម៉ែត្រគឺល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមក្រួច បានជាង ១០០០ក្បាលដែរ ។
រោងសម្រាប់ចិញ្ចឹមក្រួច
រោង សម្រាប់ចិញ្ចឹមក្រួច អាចសង់ឡើងដោយវិធីណាមួយក៏បាន យើងអាចចិញ្ចឹមវានៅលើដីផ្ទាល់ឬអាចធ្វើជាកម្រាលក្រាលដោយសំណាញ់ ភ្នែកក្រួច ទៅតាមលទ្ធភាពដែលយើងមាន ។
ដំបូល គួរប្រក់ស្លឹកឬស្បូវដើម្បីកាត់បន្ថយកំដៅ បើប្រើស័ង្កសីសម្រាប់ប្រក់ គួរតែ ធ្វើដំបូលនោះឱ្យខ្ពស់បន្ដិច ដើម្បីកាត់បន្ថយកំដៅនៅខែប្រាំង ។
បើ យើងសម្រេចចិត្ដយកការចិញ្ចឹមនៅលើដី ផ្ទៃដីក្នុងរោងទាំងមូលត្រូវរៀបចំធ្វើឱ្យបានស្អាត បន្ទាប់មកត្រូវបាចកំបោរស ដើម្បីសម្លាប់មេរោគ បន្ទាប់ពីនោះ យើងត្រូវដាក់អង្កាមឬអាចម៍រណា ក្រាលលើដី បើគ្មានវត្ថុទាំងពីរនេះទេ យើងអាចប្រើចំបើងកាត់ខ្លីៗដាក់ក្រាលក៏បាន កម្រាលនេះធ្វើដើម្បីកាត់បន្ថយសំណើមពីលាមករបស់វា និងដើម្បីកាត់បន្ថយ ការសំអាតទ្រុងរបស់វា, ដោយយើងគ្រាន់តែកើបប្រមូលយកកម្រាលនោះចេញ រួចដាក់កម្រាលថ្មីជាជំនួសវិញជាការស្រេច ។
ជញ្ជាំងរបស់ទ្រុង យើងអាចធ្វើពីសំណាញ់យ៉ាំងកាវ ឬ សំណាញ់ភ្នែកក្រួចក៏បានបើមានលទ្ធភាព តែបើមិនមានលទ្ធភាពទេ យើងអាចត្បោញជាព្រួលដើម្បីធ្វើជាជញ្ជាំងឱ្យវាក៏បាន ។
នៅក្នុងទ្រុងនេះ យើងចាំបាច់ត្រូវសំអាតវាឱ្យស្អាតជានិច្ច មិនត្រូវឱ្យសត្វឆ្កែឆ្មាកណ្ដុរចូលបានឡើយ ព្រោះសត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគទៅសត្វក្រួចបាន ។
ទ្រុងមួយចំនួនផ្សេងត្រូវធ្វើជាចាំបាច់ដើម្បីដាក់កូនក្រួចដែលនៅ តូចឬទើបភ្ញាស់ រូបរាងរបស់ទ្រុងមិនសំខាន់ទេ តែត្រូវធ្វើគម្របដើម្បីបើកបិទពីខាងលើ គម្របទ្រុងនេះត្រូវធ្វើប្រហោងដើម្បីយើងអាចដាក់ចង្កៀងដើម្បី
កំដៅកូនក្រួចនៅពេលវានៅតូចដើម្បីផ្ដល់កំដៅឱ្យវា ។ មួយវិញទៀតនោះ ចង្កៀងនេះ អាចជួយបណ្ដេញមូស និងសត្វល្អិតនានាកុំឱ្យមកទិចឬខាំកូនក្រួចនោះផងដែរ ។
- ក្រួចជាសត្វដែលឈ្នះជម្ងឺ យើងមិនចាំបាច់ចាក់វ៉ាក់សាំងឱ្យវាទេ តែត្រូវមានការថែទាំដិតដល់
- ចំណីមិនត្រូវឱ្យខ្វះឡើយ បើពុំនោះទេ កូនដែលញាស់មកវាទន់ជើង នេះគឺបណ្ដាលមកពីការឱ្យចំណីដល់មេវាមិនបានគ្រប់គ្រាន់ ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITcambo