សុំឲ្យនឹកមើលចុះថា ម្ដាយនិងកូនដែលត្រូវនិរទេសចាកនិវេសន៍រាជស្ថានទៅក្នុងយប់នោះ រមែងល្ហិតល្ហៃយ៉ាងម្ដេច តែទោះបីម្ល៉ឹង ជាតិខន្តិយអ្នកចម្បាំងរមែងមានមានះជាធម្មតា នាំគ្នាដើរកាត់ព្រៃទៅដោយប្រមាណស្មានក្នុងចិត្ត មិនដឹងជាគ្រោះកម្មវានិងនាំទៅដល់ណា ១ ទៀតនឹកបារម្មណ៍ក្រែងពួកសត្រូវដិតដោយតាមមកយាយី ទើបដោះគ្រឿងទ្រង់ចេញអស់ យកផង់ធូលីខ្មៅមកប្រឡាក់លាបកាយ ផ្លាស់ផ្លែងតែងខ្លួនជាយោគី ដើម្បីសុំទៅបន្តិចប៉ុណ្ណោះ ឯព្រះជននីសោត ក៏តោងប្លមព្រះអង្គជាស្រីអនាថា។
ខណៈដែលដើរផ្លូវមកក្នុងថ្ងៃ ១ នោះ ម្ដាយនិងកូនបានជួបនឹងព្រាហ្មណ៍ ១ ពួក គេប្រាប់ថា គេនឹងទៅក្នុងការ ស្វយម្ពរធិតា ព្រះចៅ បញ្ចារាជ ភារស្វយម្ពរ គ្រានេះ ជាការធំអឹកធឹក ភ្នែកមនុស្សនានា នឹងប្រទះឃើញបាន ក៏តែមួយដង មួយគ្រា ប៉ុណ្ណោះ បាណ្ឌពកុមារ បានឮដូច្នោះ ក៏រៀបចំខ្លួននឹងដើរផ្លូវទៅកាន់ដែនបញ្ចាល ដើម្បីនឹងជៀសចាកភយន្តរាយ ជាងដែលមានចំណង់នឹងទៅមើលការស្វយម្ពរ ។
មកដល់បញ្ចាលរាជធានី ជាប្រទេសបដិបក្សគ្នាមកអំពីដើម ត ត ទ្រង់ទើបធ្វើសង្គ្រាមនឹងគ្នាមកមិនយូរប៉ុន្មានដោយបញ្ជាការនៃ ទោណអាចារ្យ តែ ទោណអាចារ្យ ឲ្យលើកទោសព្រះចៅ បញ្ចលរាជ ដ៏ជាមច្ចាមិត្តទុកជីវិតឲ្យម្ដង ទាំងបានប្រគល់ដែនដីដែលមានជ័យជំនះឲ្យត្រឡប់ទៅវិញ តាំងអំពីនោះ ព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលរដ្ឋឃើញសេចក្ដីក្លាហានក្នុងពិជ័យសង្គ្រាមនៃ បាណ្ឌពកុមារ ទាំង ៥ អង្គ ក៏ទ្រង់សព្វព្រះរាជហឫទ័យ មានចំណង់នឹងចង់លើករាជធីតាឲ្យជាបាទបរិចារិកា នៃ បាណ្ឌពកុមារ គឺនឹងទ្រង់លើកឲ្យ អរជុន តែរឿងនេះទ្រង់នឹកតែក្នុងព្រះរាជហឫទ័យ មិនបានចេញព្រះវាចា ឬប្រាប់ព្រះរាជតម្រិះនេះដល់អ្នកឯណា ព្រោះសិទ្ធិនៃការរើសគូ មិនមែននៅក្នុងអំណាចព្រះអង្គជាបិតា គឺស្រេចហើតតែនាងទ្រៅបទីដែលដ៏ជាធីតាស្មោះស្ម័គ្រ ឬ មិនស្មោះស្ម័គ្រ តែដើម្បីនឹងបដិបត្តិការឲ្យសមព្រះរាជហឫទ័យក្នុងរឿងនេះ ទើបទ្រង់ឲ្យចាត់ការ ១ យ៉ាង ដែលទ្រង់ជឿមាំក្នុងព្រះហឫទ័យថា នឹងធ្វើបានក៏តែអរជុនមួយនាក់ប៉ុណ្ណោះ គឺទ្រង់ឲ្យធ្វើមហាធនូ ១ ធំ និងរូបត្រីមាស ១ ឲ្យយកទៅព្យួរលើសសរខ្ពស់ មានចក្រវិលឆាល់អំពីក្រោម ក្នុងរឿងនេះមានខសន្យាថា អ្នកដែលជាគូព្រេងរបស់ព្រះរាជធីតា តោងអាចយិតមហាធនូនោះ បានដោយកម្លាំងដាក់ព្រួញផ្គងបាញ់ចាញទៅ ឲ្យព្រួញរត់ទៅតាមចន្លោះស្លាបចក្រ កុំឲ្យប៉ះពាល់ស្លាបចក្រ រហូតទៅត្រូវភ្នែកត្រីមាស ដែលព្យួរខាងលើ ឲ្យត្រីនោះធ្លាក់ចុះដល់ដី អនុញ្ញាតឲ្យអ្នកធ្វើការប្រឡង ដណ្ដើមយកនាងរាល់ ៗ គ្នា បាញ់តែប្រាំព្រួញប៉ុណ្ណោះ ព្រោះហេតុនោះបណ្ដាលអ្នកបាញ់ទាំងប៉ុន្មាន ទ្រង់ជឿថា មានតែអរជុនប៉ុណ្ណោះ អាចបាញ់ត្រូវវង់សម្គាល់បាន ។
សម្រាប់ក្នុងការ ស្វយម្ពរនេះព្រះចៅ បញ្ចាលរាជ មានព្រះរាជបញ្ជាឲ្យចូលចាំងជម្រះទីកន្លែងដ៏ធំហើយឲ្យសង់ព្រះពន្លាដាសសំពត់សមានកំពូលយ៉ាងមណ្ឌបបិទមាស ប្រដាប់មណីផ្សេង ៗ ច្រាលរន្ទាលមានការលៀងភោជនាហារ និងល្បែងលេងនានាក្នុងព្រះរាជវាំង ក្នុងវេលាមុនប្រឡងធនូសិល្បប្រមាណជាងពីរសប្ដាហ៍ (ជាងពីរអាទិត្យ) លុះដល់ថ្ងៃប្រឡងក្សត្រិយ៍ទាំងឡាយ ដែលប្រាថ្នាព្រះរាជធីតាជាបំណាច់ថ្វីដៃ ក៏នាំគ្នាមកសន្និបាតអង្គុយចាំត្រៀបត្រាតាមទីកន្លែងរបស់ខ្លួន ក្នុងរោងទងមុខព្រះពន្លាហ្លួងអង្គុយដំកង់ជាវង់ ដូចជារូបព្រះច័ន្ទពាក់កណ្ដាលដួងបែរមុខទៅព្រះពន្លា ។
លុះក្សត្រិយ៍ទាំងឡាយអង្គុយរៀបរយស្រួលហើយ នាង ទ្រៅបទី ក៏ស្ដេចយាត្រាចូលមកថ្កានទីប្រជុំ ព្រះហស្ថដ៏ទន់ភ្លន់ ដូចប្រមោយព្ធរាវណ៌ ក៏កាន់ភួងមាល័យមួយមកផង ភួងមាល័យនេះប្រៀបដូចព្រះវលញ្ចករ (ត្រា) ដែលនាងនឹងគប្បីប្រថាប់ក្នុងការរើសគូស្ងួនរបស់នាងឲ្យដាច់ខាតទៅ ។
បណ្ដាក្សត្រិយ៍ដែលប្រជុំក្នុងការស្វយម្ពរគ្រានោះ មាន ទុរយោធន៍ កណ៌ បាណ្ឌពកុមារ បងប្អូន ៥ អង្គ ក្រិស្ណ ពលរាម ជាអនុជ ក្រិស្ណ ក្សត្រិយ៍យាទពច្រើនអង្គ ព្រះរាជា សិន្ទូ ព្រមទាំងឱរស (មិនប្រាកដថាប៉ុន្មានអង្គ) ព្រះរាជាចេតិ ព្រះរាជាកោសល ព្រះរាជាម័ទ្រ នៅមានក្សត្រិយ៍ក្រៅ អំពីដែលចេញព្រះនាមមកហើយជាច្រើនអង្គ តែ បាណ្ឌពកុមារ ទាំង ៥ មិនបានចូលទៅអង្គុយក្នុងចំណោម ក្សត្រិយ៍អម្បាលណោះទេ ទៅអង្គុយក្នុងចំណោមពួកព្រាហ្មណ៍មួយពួកផ្សេង ព្រោះទ្រង់ប្លមជាព្រាហ្មណ៍មកក្នុងវេលានោះ ភ្នែកមនុស្សទាំងអស់ក្នុងវេលានោះសម្លឹងមើលតែឆោមលំអនៃនាង ទ្រៅបទី ទីសន្និបាតនោះ សូម្បីមានមនុស្សច្រើនច្រៀតបៀតញៀតញាត់គ្នាទាំងម្ល៉ឹងក៏ស្ងាត់សម្លេងឈឹងភ្លាម ក្នុងខណៈដែលធូស្តទយុម័ន ជាអនុជរបស់នាង ទ្រៅបទី សូត្រប្រកាសតាមប្រវេណីដូច្នេះ ។
ព្រះអង្គម្ចាស់ក្សត្រី ទ្រៅបទី ទ្រង់នៅឆោមឆើតឆាយ មកឈរនៅទីនេះ ៗ អ្នកណាអាចយិតធនូនេះបានហើយ បាញ់រហូតកងចក្រដែលកំពុងវិលទៅប្រហារភ្នែកត្រីខាងលើឯណោះ បើអ្នកនោះឯងជាផៅអ្នកនេះសោតនិងបាននាងចាបាទបរិចារិកា ។
សូត្រប្រកាសស្រេចហើយ ក៏ទ្រង់សូត្របញ្ជីរាយនាមវង្ស និងប្រវត្តិដោយសង្ខេប ពណ៌នាគុណសម្បត្តិនៃក្សត្រិយ៍អំបាលនោះឲ្យនាងស្ដាប់ហើយឲ្យនាងយកភួងមាល័យទៅបំពាក់អ្នកនោះដែលបាញត្រូវវង់តាមដែលប្រកាសមកហើយ ។
លំដាប់នោះ ក៏ចាប់ផ្ដើមប្រឡងធនូសិល្បរើសស្នាដៃពូកែ ក្សត្រិយ៍អំបាលនោះ ខ្លះក៏នឹករាក្នុងព្រះហឫទ័យ ដែលមើលទៅឃើញមហាធនូដ៏សម្បើមនិងវង់ដែលចាំតែគេចព្រួញធនូ គិតថាម្ដេចក៏បាញ់មិនត្រូវ ឲ្យគ្រាន់តែយិតធនូបានក៏រាប់ថាវិសេសណាស់ទៅហើយ ក្សត្រិយ៍ទាំងឡាយចូលទៅប្រឡងម្ដង ១ អង្គ ៗ រួចហើយក៏ត្រឡប់មកអង្គុយតាមដើមវិញ ដោយមិនវិសេសប្លែកអ្វី ធ្វើឲ្យតែអ្នកអង្គុយចាំមើល លបអស់សំណើចលេងតែសាមីខ្លួន មានតែសេចក្ដីទោមនស្ស តូចចិត្តពន់ប្រមាណ ដែលខុសគំនិតគិតទុកមកនោះបែរជាមិនសមប្រាថ្នា ព្រះភក្ត្រមិនស្រួលតែរាល់អង្គពួកអ្នកច្បាំងដែលល្បីឈ្មោះទាំងប៉ុន្មាន កាលដើរទៅជិតមហាធនូ ក៏ឲ្យរន្ធត់មុខស្លេកស្លាំង មិនអាចនឹងលើកមហាធនូនោះរួចឡើយ ខ្លះដើរចូលទៅខែងរែងជាងគេ ដោយអំណាចមានះខំធ្វើឫកឡើង តែក៏គង់ត្រឡប់មកអង្គុយដដែលវិញ មិនប្លែកទៅជាងអ្នកមុន ៗ ទាំងពួង អ្នកដែលធ្វើការមិនសម្រេចអម្បាលនោះ ខ្លះក៏ក្លែងធ្វើទឹកមុខឲ្យរីករាយ តែសេចក្ដីអៀនខ្មាសក្នុងចិត្ត ខ្លះក៏ធ្វើជាញញឹមបែបស្ងួត ៗ ។
លំដាប់នោះ កណ៌ ជាមនុស្សខ្លាំងពូកែយ៉ាងចំណាប់ ដើរចូលទៅកាន់មហាធនូ ចាប់យិតតម្លោះធនូមកបានភ្លាម ព្រះចៅ ទ្រុបទ និងឱរស ក៏ស្ញើបក្នុងព្រះហឫទ័យ ក្រែង កណ៌ ជាមនុស្សដែរព្រះអង្គមិនស្គាល់ជាតិកំណើតជាដូចម្ដេច ធ្វើការសម្រេច តែមុននឹងបាញ់ចេញទៅនាង ទ្រៅបទី បានស្រែកប្រកាសសេចក្ដីបំណងរបស់នាងថា នាងមិនសព្វព្រទ័យនឹង កណ៌ ដ៏ជាបុត្រនាយសារថី កណ៌ ចេញស្លក់ទឹកមុខ មានក្រសែឈាមទោសឡើងព្រល ៗ ទម្លាក់ធនូចុះហើយក៏ត្រឡប់មកអង្គុយតាមដើម ។
នៅមានអ្នកចូលទៅប្រឡងក្រោយ កណ៌ ទៀតជាច្រើនបានប្រឹងប្រែងក្លែងធ្វើមានះខែងរែង តែក៏មិនសម្រេចដូចប្រាថ្នា ខ្លះខិតខំហួសកម្លាំង ភ្លាត់ចំណាប់ដួលដេកច្រខែងលើផែនពសុធា បណ្ដាអ្នកអង្គុយមើលទាំងប៉ុន្មាន ក៏នាំគ្នាសើចលាន់ ដោយឃើញថាជារឿងគួរអស់សំណើចពួក បាណ្ឌពកុមារ ដែលអង្គុយនៅក្នុងកំឡុងពួកព្រាហ្មណ៍ ឃ្លាតអំពីពួកក្សត្រិយ៍ទៅបន្តិច អង្គុយមើលការគេព្រងើយ ហាក់បីដូចជាគ្មានកិច្ចការអ្វីជាមួយនឹងគេក្នុងថ្ងៃនោះទេ ខណៈនោះ មាណពឆោមស្រស់ប្រិមប្រិយមួយនាក់ ក្រោកដើរចេញមកអំពីពួកព្រាហ្មណ៍អម្បាលនោះ បណ្ដាអ្នកប្រជុំនៅទីនោះ ក៏នាំគ្នាសើចឃឹក ៗ ទួទៅទាំងព្រះលាន ព្រោះមកនឹកអស់សំណើចក្នុងចិត្តថា ព្រះ1 អ្នករៀនតែធម្មធម្មោ ម្ដេចក៏ក្លាមកប្រកួតអួតថ្វីដៃនឹងក្សត្រិយ៍ជាតិអ្នកចម្បាំងដែរ ។
អាស្រ័យហេតុនោះព្រាហ្មណ៍ខ្លះដែលអង្គុយនៅទីនោះ ទើបនិយាយឃាត់ព្រាហ្មណ៍កម្លោះអ្នករួមភេទជាមួយគ្នានោះថា កុំទៅប្រឡងនឹងគេអី អ្នកខ្លះនិយាយថា ជាតិព្រាហ្មណ៍រមែងមានថ្វីដៃគ្រប់យ៉ាង ទាំងការគិតអាន ទាំងការប្រើអាវុធផ្សេង ៗ មិនមែនចេះតែរឿងសីលពរប៉ុណ្ណោះទេ អ្នកខ្លះ គ្រាន់តែសម្លឹងមើលព្រាហ្មណ៍កម្លោះនោះ ដោយសេចក្ដីអស្ចារ្យឥតមានស្រដីថាអ្វី ព្រាហ្មណ៍កម្លោះដោយគ្រឿងយោគី ដ៏ធ្វើដោយស្បែកម្រឹគចេញគរទុកក្នុងទីម្ខាង ហើយដើរចូលទៅកណ្ដាលស្នាមយ៉ាងរាជសីហ មើលទៅទ្រូង និងស្មាសាយចង្កេះមូលយ៉ាងវាសុទេវិន ដើរប្រទក្សិណព្រមទាំងភាវនាតែក្នុងចិត្ត ចំណែកឯភ្នែកមនុស្សជាច្រើនពាន់ ក៏សម្លឹងចំពោះសំភីមើលតែឆោមព្រាហ្មណ៍កម្លោះ ៗ នោះ ក៏កែក្រាយចាប់លើកមហាធនូឡើង យិតតម្លោះក្រឹត មកដោយកម្លាំងដ៏មហិមា បណ្ដាអ្នកអង្គុយមើលជុំវិញស្នាម ក៏ទះដៃលាន់ នាំគ្នានិយាយសរសើរផ្សេង ៗ ត្រឹមតែយិតធនូទន់មកបានប៉ុណ្ណេះ នៅមិនទាន់អស់រឿង នៅមានការដែលសំខាន់ជាងនេះដែលគេត្រូវធ្វើ គឺបាញ់ត្រូវវង់ អ្នកមើលទាំងអស់ឈប់មើលឆោមព្រាហ្មណ៍ នាំគ្នាសម្លឹងឆ្ពោះតែទៅត្រង់វង់ មិនបានដាក់ភ្នែក ព្រោះជាវេលាដ៏សំខាន់ យកឈ្នះយកចាញ់គ្នាក្នុងវេលាប្រមាណមួយមីនុតទៀតប៉ុណ្ណឹង2 ។
គ្រានោះព្រាហ្មណ៍ក៏ទម្លាក់ក្រាញ់កែក្រាយរំពើន ហើយស្រងេវនេត្រតម្រង់ លែងតម្លោះធនូខ្វាប់ចេញទៅប្រហារភ្នែកត្រីមាសធ្លាក់ចុះដល់ធរណី ខាងអ្នកមើលក៏ទះដៃប្រែស ៗ លាន់ទាំងស្នាមធំ អ្នកដែលមានជ័យនោះជាអ្នកណាក៏តាម គេមិនត្រូវការនឹងគិតយកមកជាអារម្មណ៍ គេត្រូវការតែសប្បាយជាការធំ និងត្រូវការឲ្យដឹងផលជាបំផុតនៃការនោះ ដែលកំពុងតែឃ្លានដឹងរាល់គ្នា គឺបាញ់ត្រូវ ឬមិនត្រូវប៉ុណ្ណោះ ។
តែកាលណាពួកក្សត្រិយ៍ អ្នកទ្រង់មាលាសៀតរោមសត្វ ឬ ទ្រង់ឆ្នួត ដើរត្រង់ទៅកាន់ទីធនូសិល្បម្ដង ៗ ទ្រូងនាង ទ្រៅបទី ក៏ជួលច្រាលឡើងមកកាលនោះ ត្រីមាសដែលព្យួរតែងតោងលើកងចក្រ ជាគ្រឿងសម្គាល់យថាកម្មរបស់នាង ឥឡូវនេះ នាងក៏កាន់តែរីករាយក្នុងហឫទ័យខ្លះហើយ ចិត្តរបស់នាងនៅចាប់ប្រតិព័ទ្ធនឹងប្រុសកម្លោះ ដែលមានស្បែកខ្លា ជាគ្រឿងដណ្ដប់កាយនោះ តាំងតែគេឈានជើងទៅកណ្ដាលស្នាម នាងក៏នឹកស្នេហាជាងក្សត្រិយ៍ទាំងឡាយ ដែលទ្រង់ប្រែពណ៌ស្វាយ ទោះបីនាងមិនបានគិតទុកពីដើមថា ប្រុសកម្លោះនោះនឹងចូលមកធ្វើការប្រកួតថ្វីដៃនឹងគេក៏ពិត តែខណៈដែលគេឈរកណ្ដាលស្នាមនឹងធ្វើការប្រឡង ចិត្តរបស់នាងរំជួល ដោយចង់ឲ្យគេបានទទួលសេចក្ដីអំណរវេលានេះ ក៏សមដូចមនោរថរបស់នាងហើយ នាងញញឹមដោយអារម្មណ៍ដ៏រីករាយ ទើបយាងយាត្រាទៅរកអ្នកដ៏មានជ័យដោយរួសរាន់ យកភួងមាល័យទៅបំពាក់ក ឲ្យប្រុសកម្លោះ ជាគ្រឿងប្រកាសសិទ្ធិជាដាច់ខាតថា ប្រុសកម្លោះនេះជាគូភិរម្យរបស់នាង បីដូចជាប្រថាប់ដោយព្រះវលញ្ចករ ។
ការដែលមើលទៅឃើញ ទ្រៅបទី យកភួងផ្កាទៅបំពាក់ឲ្យអ្នកមានជ័យនោះ បណ្ដាអ្នករួមការប្រឡងជាមួយគ្នា តែមិនសម្រេចសមប្រាថ្នា នាំគ្នាមកអង្គុយជូតញើសនោះ ក៏បណ្ដាលឲ្យកើតសេចក្ដីឫស្យា និងសេចក្ដីឈឺចិត្ត រោលរាលក្នុងចិត្តមហិមា នឹងទប់ទល់អាត្មាពុំបាន ក៏ប្រឹក្សាគ្នាហើយយល់ឃើញព្រមគ្នាថា ត្រូវតែសម្លាប់អ្នកដែលមានជ័យ ដែលមិនប្រាកដនាមនេះមួយរំពេចជាដាច់ខាត នឹងទុកវាឲ្យរស់នៅនិងកើតសេចក្ដីអប្បយសដល់គេឯងរាល់គ្នាទួទៅ ត្បិតវាជាយាចកដើរតែសូមទានគេតាមថ្នល់ ហើយមកបានធីតាក្សត្រិយ៍ ជាបាទបរិចារិកាដូច្នេះ ធ្វើឲ្យអាម៉ាស់មុខ ធ្វើឲ្យអាប់ឱនកិត្តិយស ព្រោះវាមកមើលងាយរាជត្រកូល កំពូលឥសូររបស់យើង ត្រូវឃុំខ្លួននាង ទ្រៅបទី ទុកព្រោះជាស្រីអត់ខ្មាស ដាក់ខ្លួនបន្ទាបត្រកូលសុខចិត្តយកព្រាហ្មណ៍អនាថាជាភស្ដាមើលងាយបារមីព្រះបិតា និងព្រះរាជាទាំងឡាយ ដ៏ជារាជសម្ពន្ធមិត្រសឹងទ្រង់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ យើងរាល់គ្នានឹងមើលចំណាំតទៅទៀតពុំបានឡើយ។
ភ្លាមស្រែកគំរាមលាន់ដោយក្រោធក្ដាត់ ពួកក្សត្រិយ៍អ្នកធនូសិល្បទាំងប៉ុន្មាន ក៏លោកចេញអំពីកន្លែង រាំក្របីចិញ្ចែងចូលទៅរកព្រាហ្មណ៍កម្លោះ ដែលបាននាងជាបំណាច់ កើតតស៊ូគ្នាឡើងជាកោលាហល គ្មានអ្នកណាអាចនឹងរម្ងាប់បាន ការយម្ពរក្លាយទៅជាការកាប់សម្លាប់គ្នាកណ្ដាលស្នាមធំ ក្សត្រិយ៍ទាំងឡាយដែលមកដើម្បីបាននាង ត្រឡប់ជាមកដេករនៀលលើផែនពសុធានាំគ្នាចូលមកក្នុងអន្ទាក់មច្ចុរាជដោយអង្គឺហេតុដ៏គួរសម កណ៌ ជាអ្នកល្បីនាមបានចូលប្រឡងយុទ្ធនិងពួកព្រាហ្មណ៍អ្នកមានជ័យ តទល់គ្នាល្មួតអស់វេលាជាយូរ មួយចាក់ មួយកាប់ មួយកាប់ មួយកាត់ មួយកែង មួយគេច កែក្រាយរារង មួយរុកមួយរុញសង្ខុញចូលជិត សង្ឃករិរោមតរេរារាំខ្ញង់កលបីដូចខ្យល់កំបុតត្បូង ប្រហារត្រូវដៃជើងព្រាហ្មណ៍ដោយព្រួញធនូជាច្រើនអន្លើ រាប់ថាបាញ់ត្រង់គ្រាន់បើ ។
ទ្រៅបទី វេលានោះជាទុក្ខតឹងទ្រូងណាស់ណា នឹកប្រទេចផ្ដាសាមរត៌កនៃសេចក្ដីលំអឆោមរបស់នាងតែក្នុងចិត្ត ដែលជាហេតុឲ្យកើតកាប់សម្លាប់គ្នា លោហិតច្រាលពាសស្នាម តែតមកបន្តិច នាងក៏រម្ងាប់ទុក្ខនោះបាន ដោយឃើញថាខ្លួននាងគ្មានមន្ទិលសៅហ្មង ប្រការ ១ ទៀត ជីវិតរបស់ប្រុសដែលជាគូរបស់នាងសោត ក៏ប្រាសចាកអន្តរាយ ត្បិតវេលានេះ កណ៌ ឈប់តស៊ូហើយ ដោយឃើញថាបើពួកគេខំតស៊ូទៅ ក៏គង់ស្លាប់ក្នុងកណ្ដាលដៃព្រាហ្មណ៍កម្លោះនេះជាមិនខាន គិតដូច្នោះហើយគេក៏ស្រែកសួរព្រាហ្មណ៍នោះជាផ្លូវញ៉មខ្លាចថ្វីដៃថា ម្នាលលោក លោកជាត្រកូលព្រាហ្មណ៍មែន ឬ តែភាពនិងមានះរបស់លោកសម្ដែងឲ្យឃើញថា មិនមែនជាត្រកូលព្រាហ្មណ៍ឯណាមានថ្វីដៃ អាចនឹងមកតដៃនិងក្សត្រិយ៍បាន វៀរលែងតែបរសុរាម (រាមាសូរ) ដែលប្រាកដតាមបរម្បរាគតិថា បានប្រហារក្សត្រិយ៍ទួទៅ ទាំងលោក ឯយាចកអានាថា ធ្លាប់តែដើរសូមទានគេរាល់ផ្ទះរាល់រៀនផ្សារ និង ថាជាអ្នកស្ទាត់ចម្បាំងមិនបានពិតដូច្នេះ បណ្ដាអ្នកចម្បាំងដូចគ្នា គ្មានអ្នកណាមានថ្វីដៃច្បាំងល្អដូច អរជុន ក្នុងពពួកមនុស្សដែលគ្រងជីវិតរបស់នៅសព្វថ្ងៃនេះ និងតដៃនឹងយើងបាន ក៏តែមួយ អរជុន ប៉ុណ្ណោះ ក្រៅអំពីនោះគ្មាន ។
ព្រាហ្មណ៍កម្លោះញញឹមតប ហើយដើរចូលទៅកាន់ទីកន្លែងដើម ទ្រៅបទី ក៏លីលាតាមគូស្ងួនរបស់នាងទៅ ។
ដកស្រង់ចេញពី ស្នាដៃកូនខ្មែរ Website