ក្នុងយុគជាដំបូងនៃប្រជាវតារបស់លោក ក្នុងប្រទេសឥណ្ឌាភាគលើ មានក្សត្រិយ៍ទ្រង់ព្រះនាមថា សាន្តនុ ជាពូជពង្សវង្សព្រះចៅភរត ដែលជាឱរសរបស់ព្រះចៅ ទុសយន្ត និងនាង សកុន្តលា ជាបរមក្សត្រិយ៍ ដែលល្បីល្បាញព្រះកិត្តិនាមជាងព្រះចៅ សាន្តនុ ក្សត្រិយ៍អង្គនេះ ទ្រង់រក្សារាជប្រវេណី នៃប្រយូរវង្សរបស់ព្រះអង្គទុកដោយប្រពៃ យកព្រះហឫទ័យទុកដាក់ពេចពិលរមិលមើល សុខទុក្ខរបស់ប្រជារាស្ត្រ ដោយការុណ្យចិត្តជាយ៉ាងក្រៃពេក អ្នកនគរស្មោះសរស្រឡាញ់ព្រះអង្គ ហាក់បីដូចជាដួងហឫទ័យរបស់គេ រាប់អានតម្កុំកម្កើងលើកឡើងបូជាព្រះអង្គ បីដូចទេពតាក្នុងសួគ៌ាល័យ រាជសត្រូវស្ញប់ស្ញែងក្រែងព្រះតេជបារមី ដូចកលខ្លាចស្ដេចខ្មោចក៏ប្រហែលគ្នា ព្រះចរិយាវត្តដែលប្រព្រឹត្តទៅជាប្រក្រតីយ៉ាងរាស្ត្រអ្នកជា មិនបានប្រកាន់ព្រះអង្គ កាន់យកតែយុត្តិធម៌ គឺសេចក្ដីជាអ្នកបរិសុទ្ធប្រាសចាកមន្ទិល និងពាក្យដំនៀលនិន្ទាព្រះអាណាសោតក៏រឹងរឹតរុងរឿងបីដូចសូរ្យ័ង្សី ។
សេចក្ដីស្ងប់ក្នុងប្រទេស និរាសភ័យអរិរាជសត្រូវ និរាសសេចក្ដីរន្ធត់នេះឯង ជាអាការដ៏សំខាន់នៃការតាំងនៅបាននៃជាតិ និងពាណិជ្ជកម្មសព្វសារពើដែលជាលានធំ សម្រាប់ធ្វើឲ្យធនសម្បត្តិក្នុងប្រទេសដំណើរឡើងទៅកាន់សេចក្ដីចម្រើន ព្រះអង្គជាអ្នកគ្រងរាជនេះ ក៏បានយកព្រះហឫទ័យទុកដាក់មើលរាល់វេលា ទ្រព្យសម្បត្តិក៏សម្បូណ៌ឡើងក្នុងព្រះនគរ ទ្រង់ជ្រះថ្លាក្នុងសាសនកិច្ច សម្បូណ៌ដោយទស្សនៈ និងមតិ ទ្រង់ប្រើសេចក្ដីគិតអានកាញ់គ្នេ ដោយយោបល់តាមមតិរបស់ជាតិផ្សេង ៗ ឬរបស់គណៈ របស់បុគ្គលឯកជន ទ្រង់ចាត់តាំងរបៀបសមាគម និងទំនៀមជាប្រវេណីគតិទុករៀបរយ របស់អំបាលនេះជាធម្មតាប្រចាំនៅក្នុងរាជអាណាចក្រដ៏ធំនេះទួទៅ គ្មានអ្នកណា ១ ស្គាល់ឡើយថាគ្រប់គ្រងដូច្នេះ ៗ ខុសគន្លងធម៌ ទាំងទារុណកម្មក្ដី អធម្មិករាជក្ដី អយុត្តិធម៌ក្ដី គ្មានអ្នកណាស្គាល់ថាមុខមាត់វាយ៉ាងម៉េច ប្រជារាស្ត្ររាល់គ្នា មានសេចក្ដីភក្ដី និងពេញចិត្តណាស់ដែលបានម្ចាស់សមគួរ ជាប្រមុខមកសោយរាជ្យដូច្នេះ ។
ព្រះចៅ សាន្តនុ ស្ថិតនៅក្នុងរាជសម្បត្តិ ទាល់តែជរាភាពហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្ម វិចិត្រវិរយ ជា មកុដកុមាររជ្ជទាយាទ បានឡើងសោយរាជ្យសម្បត្តិមក ក្សត្រិយ៍នេះ មានឱរសពីរអង្គ នាម ធ្ឫតរាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាលព្រះអង្គទិវង្គតបង់ទៅហើយ ក៏កើតជាបញ្ហាចោទគ្នាឡើងថា នឹងលើកលោកអង្គណាសោយរាជ្យ នេះជារឿងដ៏ជ្រៅសុខុម កម្រនិងទម្លុះទម្លាយទៅបាន ព្រោះថា ធ្ឫតរាស្ត្រ ជារាជបុត្រច្បង បើតាមព្រះវេណីត្រូវបានរាជសម្បត្តិ តែខ្វាក់បង់អំពីកំណើត ហេតុដូច្នោះរាជសម្បត្តិ ទើបធ្លាក់ទៅលើ បណ្ឌុ ជាអនុជវិញ ព្រមគ្នាអញ្ជើញ បណ្ឌុ ឡើងគ្រងពិភព ។
កាល បណ្ឌុ ឡើងសោយរាជ្យមក មិនយូរប៉ុន្មានក៏ទ្រង់រាជតម្រិះនឹងស្ដេចចេញទៅនៅព្រៃ សព្វព្រះហឫទ័យគ្រងជីវិតនៅដោយសេចក្ដីវិវេគវិញប្រសើរ តែមិនមានបន្ទូលឲ្យអ្នកឯណានិមួយដឹង ព្រោះក្រែងរាជបរិពារទាំងឡាយមិនយល់ព្រម តែក្នុងព្រះហឫទ័យក៏នៅតែបំណងដូច្នេះខ្ជាប់មិនចេះអស់ មិនចេះហើយ ក្នុងទីបំផុត ក៏ឲ្យកើតនឿយណាយដោយតូរ្យតន្ត្រី ដែលចោមរោមជុំវិញរាជបល្លង្ករាល់វេលា ទើបស្ដេចដាក់រាជសម្បត្តិចេញចាកព្រះនគរ ពនេចរទៅនៅព្រៃ នាំយកទាំងមហេសីសម្លាញ់ទៅផង លុះកាលកន្លងយូរមក ព្រះរាជា បណ្ឌុ ក៏ទិវង្គតក្នុងដំណាក់ព្រៃ ឬ អាស្រមនោះឯង មានឱរស ៥ អង្គ ទ្រង់នាម យុធិស្ឋិរ ល្បីនាមជាអ្នកធ្ងន់ក្នុងសច្ចៈ និងសទ្ធាជ្រះថ្លា ភីម ល្បីនាមថាទ្រង់នៅព្រះកាយ ពលមហិមា ខុសនឹងមនុស្សធម្មតា មនុស្សញញើតទួទៅ អរជុន ល្បីនាមថា មានថ្វីដៃក្នុងយុទ្ធវិធី និងការប្រើអាវុធ នកុល និង សហទេព មួយគូនេះជាកូនភ្លោះប្ងូនបន្ទាប់និងអរជុន ។
កាលដំណឹងទិវង្គតនៃព្រះចៅ បណ្ឌុ ឮទៅដល់ព្រះនគរ អ្នកនគរបានពាក់គ្រឿងកាន់ទុក្ខថ្វាយតាមប្រវេណី នឹងនាំគ្នាយំសោកសម្ដែងអាការស្ដាយព្រះអង្គ ហាក់បីដូចជាញាតិរបស់គេម្នាក់ស្លាប់ទៅដូច្នោះ ព្រះញាតិវង្សព្រមដោយរាជបរិពារបាននាំគ្នាទៅអញ្ជើញព្រះនាងដ៏ជាវិធរា និង បាណ្ឌពកុមារ ទាំង ៥ អង្គ ត្រឡប់ចូលមកកាន់ក្រុងហស្ដិនបុរវិញ ឲ្យសំណាក់នៅក្នុងវាំងព្រះចៅ ធ្ឫតរាស្ត្រ (ក្សត្រិយ៍ខ្វាក់) ចំណែកឯឱរសទាំង ៥ របស់ព្រះនាង ធ្ឫតរាស្ត្រ ជាបិតុលា ក៏ទ្រង់ឧបត្ថម្ភឲ្យរៀនសូត្រសិល្បសាស្ត្រផ្សេង ៗ ជាមួយនឹងឱរសរបស់ព្រះអង្គ មាន ទុរយោធន៍ ជាដើម ។
កាលរាជកុមារបងប្អូនទាំង ៥ អង្គ ចម្រើនវ័យធំឡើង រូបរាងសក្ដិសម ទ្រូងសាយ អវៈយវៈ ទាំងពួងបានលក្ខណៈគ្រប់យ៉ាងទាំងដំណើរយាត្រា និងកិរិយាមារយាទក៏ល្អមានរាសី ជាហេតុធ្វើឲ្យអ្នកនគរនឹកសង្ឃឹមក្នុងព្រះរាជកុមារទាំង ៥ ទ្វេរចំនួនច្រើនឡើងដោយលំដាប់ គុណសម្បត្តិជាទីនិយមនៃប្រជុំអនេកនិករជន ក្នុងព្រះរាជបិតា បានឆ្លាក់មកជាមត៌កដល់ព្រះរាជកុមារទាំង ៥ ពេញបន្ទុក យ៉ាងព្រះវររាជបិតា តែគុណសម្បត្តិទាំងនេះត្រឡប់ទៅជារបស់ស្លែង ធ្វើឲ្យ ទុរយោជន៍ ព្រមទាំងបងប្អូន និងបក្សពួករបស់ ទុរយោជន៍ នាំគ្នាឫស្យាក្នុង បាណ្ឌពកុមារ ដែលជាបងប្អូនជីដូនមួយផងគ្នាជាយ៉ាងក្រៃពេក ។
ព្រះកុមារទាំង ៥ បានសិក្សាការប្រើអាវុធផ្សេង ៗ រាល់ថ្ងៃក្នុងរាជសេដ្ឋាវិជ្ជា គឺការប្រើធ្នូសរ ការប្រើរថសឹក ការកាប់ដាវនិងដាវ ពួយ លំពែង គុន ដាល់ និងហាត់វិជ្ជាយ៉ាងដទៃទៀតជាច្រើនយ៉ាង ដែលជាភាគនៃរាជវត្ត ឬការហាត់សម្រាប់ ក្សត្រិយ៍ជាតិអ្នកចម្បាំងក្នុងសម័យនោះយ៉ាងស្ទាត់ គ្រូអ្នកបង្វឹកបង្ហាត់រាជកុមារ អំបាល ជាព្រាហ្មណ៍មានត្រកូលនាម ទោណ អាចារ្យជាប្រាជ្ញមានគុណគួររាប់អាន មានមុខងារជាអ្នកប្រិតប្រៀនវិជ្ជាទាហាន ដល់ក្សត្រិយ៍គ្រប់អង្គក្នុងត្រកូលនោះ ។
ទោណអាចារ្យ ត្រូវជាមាព្រះ ធ្ឫតរាស្ត្រ កំណត់ទុកថា កាលរាជកុមារ អំបាល នេះ រៀនយុទ្ធវិទ្យាចេះស្ទាត់ហើយ នឹងបានជាកម្លាំងជួយធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ព្រះចៅផែនដីបញ្ចាលនគរ ដែលជារាជសត្រូវនឹងព្រះអង្គមកអំពីថ្ងៃមុន ។
ទោណអាចារ្យ យកចិត្តទុកដាក់ប្រៀនប្រដៅ ហើយស្រឡាញ់ប្រណី បាណ្ឌកុមារ ទាំង ៥ ជាសិស្សច្រើន ការរៀនគ្រានោះ អរជុនមានចំរឿនលឿនទៅមុខបងប្អូនពោះមួយ និងបងប្អូនជីដូនមួយទាំងអស់ ក្នុងផ្លូវវិទ្យាអ្នកចម្បាំង មានសតិបញ្ញាស្រួចជាងគេ ហើយជាអ្នកធ្ងន់ក្នុងហិរិឱត្តប្ប ប្រដៅជឿស្ដាប់ងាយជាងបងប្អូនទាំងពួង ការុណ្យចិត្តដែល ទោណអាចារ្យ សម្ដែងចេញមកខាងក្រៅដូច្នេះ ធ្វើឲ្យ ទុរយោជន៍ ទ្វេរសេចក្ដីឫស្យាក្នុងកុមារទាំង ៥ ថែមឡើងទៀតជាច្រើនហើយនិងឫស្យាស្អប់ អរជុន ដែលមានថ្វីដៃពូកែជាបំផុត ។
លុះកុមារ អំបាល នោះ រៀនវិជ្ជាទាហានចេះចប់បរិបូណ៌ហើយ បានមានការប្រឡងថ្វីដៃកុមារអ្នកចម្បាំងអំបាលនោះ មានបណ្ដាជនជាច្រើននាំគ្នាមកកាន់ទីប្រជុំ ដើម្បីមើលការប្រឡង បានទះដៃសម្ដែងសេចក្ដីត្រេកអរ ឮ សូរសព្ទទ្រហឹងអឺងកង ពួកអ្នកប្រឡង ក៏ចូលប្រឡង តាំងចិត្តប្រឹងប្រែងសម្ដែងថ្វីដៃយ៉ាងពេញកម្លាំង តែមិនយូរប៉ុន្មានការប្រឡងនោះ មិនត្រឹមតែសាកចំណេះវិជ្ជា ឬ សម្ដែងឲ្យល្អមើល ទាំងសងខាងបណ្ដាលទោសខ្លាំងឡើង ក៏ស៊ូគ្នាតែមែនទែន ទុរយោជន៍ ចាប់តស៊ូគ្នានឹង ភិម គូបដិបក្សទាំងពីរនេះ បានចូលប្រឡូកតយុទ្ធគ្នាយ៉ាងពេញថ្វីដៃទាំងសងខាងក៏រឹតតែបណ្ដាលទោសខ្លាំងឡើង ៗ ស្ទើរតែនឹងហុតឈាមទៅវិញទៅមក គ្រានោះមានមនុស្សចូលទៅ ហាមដោយទទួលបញ្ជាពីព្រះរាជា និង ទោណអាចារ្យ ជាគ្រូធំ ទើបក្រោកចេញទៅ វេលារសៀលថ្ងៃនោះ មានអ្នកចម្បាំងប្លែកមុខ ចូលមកក្នុងទីប្រឡងម្នាក់ទៀតឈ្មោះថា កណ៌ តែជាត្រកូលដូចម្ដេចគ្មានអ្នកណាដឹងស្គាល់ បានចូលមកចាប់គូរតស៊ូគ្នានិង អរជុន ដែលជាអ្នកក្លៀវក្លាសំខាន់សម្ដែងស្នាដៃឲ្យអ្នកមើលទាំងឡាយឃើញថា ខ្លួនគេជាគូគួរគ្នានឹង អរជុន ទុរយោជន៍ ឃើញកម្លាំងស្នាដៃ កណ៌ ហើយក៏សព្វព្រះហឫទ័យណាស់ ឲ្យនាំខ្លួនចូលទៅគាល់ឯវាំង ប្រទានរង្វាន់ជាច្រើន ហើយទ្រង់ជប់លៀងទុកជាទាហានរបស់ព្រះអង្គ ។
ការប្រឡងថ្វីដៃគ្រានេះជាហេតុរុករុញ ទុរយោជន៍ ឲ្យកើតសេចក្ដីឫស្យាក្នុង បោណ្ឌកុមារ ណាស់ឡើង ដោយហេតុដែលទទាក់ទទួលមនុស្សមានជាតិដ៏ថោកទាប ដូចយ៉ាង កណ៌ ទុកនេះក៏ស្មើដូចជាយកឲ្យមកបង់ចុះក្នុងគំនរភ្លើង ឬថែមចំណីឲ្យភ្លើងក៏ប្រហែលគ្នា រមែងពោលអួតខ្លួន ហើយញុះញង់បងប្អូន ឬ មិត្តសម្លាញ់របស់គេឲ្យបែកគ្នា ។
កុមារទាំង ៥ បងប្អូនជាអ្នកកំព្រាបិតា បានសេចក្ដីចង្អៀតចង្អល់ក្ដៅក្រហាយជារាល់ថ្ងៃ តែក៏ទ្រាំអត់សង្កត់សេចក្ដីប្រមាទ និងសេចក្ដីមើលងាយគ្រប់ប្រការ ទាំងក្នុងព្រះរាជស្ថាន ទាំងក្នុងទីប្រជុំ មានកណ្ដាលថ្នល់ជាដើមមិនតតបវិញ មើលទៅមិនខុសអីនឹងឆ្កែ ឬ ឆ្មា ដែលជាសត្វតិរច្ឆាននោះឡើយ ធ្ឫតរាស្ត្រ ទ្រង់ជ្រាបការប្រមាទព្យាបាទ មើលងាយរបស់ ទុរយោជន៍ ដោយប្រាជ្ញាញាណ ដ៏ជាអ្នកឆ្លាសក្នុងរដ្ឋប្រសាសនោបាយ ហើយទ្រង់ក៏ឲ្យបន្លែងឋានក្មួយទាំង ៥ ឲ្យទៅនៅឯវារណាវ័ត ទោះបីម្លឹងហើយ ទុរយោជន៍ ជាមនុស្សប្រកបដោយ ប្រទុស្តចិត្តជាប្រក្រតី ក៏មិនបណ្ដាលឲ្យកុមារទាំង ៥ នៅជាសុខបានឡើយ នៅតាមទៅបៀតបៀនទៀត គឺទ្រង់ឲ្យសាងវាំង ១ ធំ ប្រកបដោយក្រមួនជ័រស្រល់ ជ័រទឹក និងវត្ថុដទៃទៀតដ៏ជាចំណីភ្លើង ហើយយកកំបោរបូកពីក្រៅយ៉ាងស្និទ្ធ ឲ្យមើលឃើញដូចយ៉ាងឥដ្ឋនិងសិលា ដើម្បីអញ្ជើញកុមារទាំង ៥ ឲ្យទៅនៅ ដេលសាងឡើងដូច្នេះ ដោយចេតនាបំណងនឹងបំផ្លាញ បោណ្ឌកុមារ ដោយអគ្រនី តែនៅមានអ្នកអាណិតគឺវិទូរ (ជាឱរសនៃគុរុ) ជាអ្នកមានសតិបញ្ញាវាងវៃ បានខ្សឹបប្រាប់ដំណឹងនេះឲ្យកុមារទាំង ៥ ដឹងខ្លួនជាមុន លុះសាងមន្ទីរស្រេច ទុរយោជន៍ ក៏អញ្ជើញកុមារទាំង ៥ ភាតា ឲ្យទៅអាស្រ័យនៅក្នុងវាំងថ្មីនោះ ដោយអាងហេតុថា ក្នុងព្រះមហារាជវាំងគ្មានដំណាក់នឹងនៅឲ្យគ្រប់គ្នា ។
វេលាគ្រោះអាក្រក់មកដល់ ក្នុងរាត្រីកាល ១ នោះយប់ងងឹតពពកខ្មៅមីរដេរដាស បិទបាំងអាកាសមើលមិនយល់អ្វី អ្នកស្រុកកំពុងដេកលក់សព្វរាល់ផ្ទះសម្បែងស្ងាត់ច្រៀប គ្មានមនុស្សដើរទៅមក តាមថ្នល់ហ្វូងដល់ម្នាក់ឡើយ ខណៈនោះវាំងធំដែលសាងឡើងថ្មី ក៏ស្រាប់តែលេចអណ្ដាតភ្លើងភ្លឺសន្ធោឡើង ឮ សន្ធឹកផូងផាំង ៗ មួយស្របក់ វាំងថ្មីនោះ ក៏ទ្រោមទៅជាផះអស់ បោណ្ឌកុមារ ក៏មិនឥតគំនិត ឬ ធ្វេសប្រហែសក្នុងរឿងនេះ បានទ្រង់ជ្រាបរហស្សកម្មមកយូរថ្ងៃជាមុនហើយ ទើបបលាយនាការគេចវះ អំពីអគ្គីភ័យទៅតាមផ្លូវក្នុងដី ផុតភ្នែក ទុរយោជន៍ និងអ្នកដទៃ គ្មានអ្នកណាដឹងយល់គ្រានោះ ទុរយោជន៍ ក៏រីករាយសប្បាយក្នុងចិត្តណាស់ ដែលបានទម្លាយគូសត្រូវបានសម្រេចដូចប្រាថ្នា ទំនងដូចគ្នានឹងពាលរាជា ១ អង្គទៀត ក្នុងបុរាណសម័យបានទ្រុងខ្លុយឆ្វេក ៗ ក្រសាលលេងជាទីរីករាយកោមលហឫទ័យក្នុងខណៈដែលភ្លើងកំពុងឆេះផូងផាំងនោះឯង ។
កម៌ មុខគួរស្ញែង ដែរ ទុរយោជន៍ បានធ្វើទៅដោយប្រទុស្តចិត្តគ្រានេះ ជាគ្រឿងសម្ដែងបំភ្លឺឲ្យបណ្ដារាស្ត្រទួទៅដឹងបានយ៉ាងច្បាស់ថា គិតនឹងដុត បោណ្ឌកុមារ ច្បង គឺ យុធិស្ឋិរ ដើម្បីយករាជសម្បត្តិជាសិទ្ធិដាច់ខាត មកជារបស់ខ្លួនទាំងមូល ទុរយោជន៍ បានគិតបិទបាំងរហស្សកម៌ ការសម្ងាត់នេះទុកយ៉ាងសំខាន់ តែបុរាណលោកតែងថា សេចក្ដីសម្ងាត់ដែលប្រឹងបិទបាំងណាស់ រមែងលេចចេញបាន សូម្បីកំបាំងនៅក្នុងដួងហឫទ័យរបស់បរមក្សត្រិយ៍ ព្រោះធម្មតាអណ្ដាតមិនចេះស្ងៀម រមែងរលាស់បញ្ចេញសូរសព្ទជាដំណឹងទៅខាងក្រៅជាអាចិនដំបូង ក៏គញរាន់តែខ្សឹបខ្សៀវគ្នា លុះកន្លងទៅបន្តិចមិនយូរប៉ុន្មាន ក៏លាន់ ឮ ចេញមកខ្លាំង ៗ យ៉ាងដែលសន្ទនាគ្នាធម្មតា គ្រប់ផ្ទះសម្បែង គ្រប់កន្លែងថ្នល់ផ្សារ ឥតមានកោតក្រែងស្ដេច ឬ ចៅហ្វាយនាយណាឡើយ ហេតុដែលកើតមកទាំងនេះ ជារឿងមុខគួរខ្ពើមរអើមណាស់ ហេតុនោះកាលកន្លងមកមិនយូរប៉ុន្មាន រហស្សកម៌នោះ ក៏លេចជ្រួតជ្រាបទួទៅ សម្លេងនិន្ទានិងផរុសវាទក៏ធ្លាក់មកត្រូវ ទុរយោជន៍ កលបីដូចជាគ្រាប់ភ្លៀងដែលធ្លាក់អំពីនភាកាស ។
ចំណែកឯកុមារទាំង ៥ ភាតា ព្រមដោយព្រះជននីក៏នាំគ្នាលីលាចាកព្រះនគរ បែរមុខឆ្ពោះសំដៅអារញ្ញប្រទេស យកព្រៃព្រឹក្សាជាទីពឹង ក្នុងរវាងដែលពនេចរទៅ បានត្រូវកំដៅថ្ងៃត្រូវភ្លៀង និងសេចក្ដីនឿយលំបាកស្រេកឃ្លានសព្វទិវារាត្រី មានតែសេចក្ដីអំណត់អត់ធន់ គឺអធុវាសនខន្តីនេះឯង ជាគ្រឿងការពារក្ដៅរងារ និងសេចក្ដីស្រេកឃ្លាន ជួនកាលម្ដាយនិងកូនអស់កម្លាំងណាស់ ក៏នាំគ្នាឈប់សម្រាកកាយខាងមាគ៌ា កាលល្ហែហើយក៏នាំគ្នា ត្រេចពនេចរតទៅ ជួនកាលក៏ត្រូវឆ្លងគង្គា នាំគ្នាព្យាយាមហែលទៅកាន់ត្រើយនាយ ខ្សែទឹកផាត់ផាយផ្កាប់ផ្ងារទំរាំតែដល់ត្រើយជលសារ ដែលឆ្ងាយលន្លឹមលន្លោច ក៏អស់កម្លាំងទៀបដាច់ខ្យល់ បានរួចអំពីគ្រោះថ្នាក់ទៅម្ដង ៗ ហាក់ដូចបានកើតឡើងជាថ្មី កាលរួចទៅហើយនឹងរកទីសំណាក់អាស្រ័យក៏មិនបាន តោងនាំគ្នាដើរកាត់ភូមិប្រទេសដ៏ដាច់សង្វែងនោះសង្សឹម ៗ ទៅ ទាល់តែមាតាស្ងួតកស្រេកទឹកខ្លាំងណាស់ ក៏ប្រះប្រាណលើប្រថពី ភីម អាណិតម្ដាយក៏ខំត្រេចរកវារី តែក៏គ្មានអ្វីនឹងដួសដង ទើបដោះសំពត់ឆ្នួតមកជ្រលក់ទឹក ឲ្យជោកហើយ ក៏ម្នីម្នាយកមកពូតបន្តក់សម្រក់ចូលក្នុងមាត់មាតា ជួយជីវិតមាតាឲ្យរួចបានទៅ ១ គ្រា តែទឹកក្នុងសំពត់នោះតិច មិនល្មមនឹងរំលេមបំពង់កបងប្អូន ៤ នាក់ទៀតដែលនឿយលំបាកមកជាមួយគ្នាទាំងឃ្លានអាហារក៏សែនឃ្លាន គ្មានប្រទះផលាផលឯណានីមួយ ដែលគួរនឹងបរិភោគក្នុងថ្ងៃនោះ ម្ដាយនិងកូនមិនអាចនិងដើរផ្លូវទៅបាន ក៏ឈប់សម្រាកកាយក្រោមដើមព្រៃព្រឹក្សា តែកាយនិងចិត្ត ភីម មិនបានសម្រាកសម្រាន្តឡើយ ដោយអំណាចឈឺចាប់ក្ដួលក្ដៅក្នុងចិត្ត និយាយរអ៊ូតែម្នាក់ឯងថា អ្នកណាមួយ នឹងជៀសវាងលិខិតព្រះជាម្ចាស់លើស្ថានសួគ៌បាន ឱកម្មអើយកម្ម កម្មដែលបងប្អូនយើង មកទ្រាំរងវេទនាគ្រានេះ ចិត្តយើងក្ដៅអីក្ដៅម្ល៉េះ ទៅខាងមុខគ្រោះកាច នឹងមានមកដល់យើងជាច្រើនទៀត ឬ យុធិស្ឋិរ ជាអ្នកគួរបានរាជសម្បត្តិ ក្នុងប្រទេសកុរុរដ្ឋ ឥឡូវនេះមកដេក នៅកណ្ដាលដី កណ្ដាលខ្សាច់ នឹងរកកម្រាលក្រាលដេកប៉ុនបាតដៃក៏គ្មាន ចំណែកឯ ទុរយោជន៍ អ្នកដណ្ដើមរាជសម្បត្តិ គេដេកអង្គុយលើកម្រាល ក្រាលលាតស្អាតព្រមពាសពេញដោយគ្រឿងតម្កើងកិត្តិយសនិងអានុភាព ព្រះរៀមរបស់យើង ជាមនុស្សចិត្តទន់ មិនសូវចេះប្រកាន់ទោស ក្រោធខឹងនឹងអ្នកឯណា ចេះតែឲ្យអភ័យដល់គេងាយ ៗ កុំអី ….. ម្ល៉េះគេសោយសុខសម្បត្តិត្រេកត្រអាល ចិត្តគេរីករាយស្ទើរនឹងអណ្ដែតទៅជាប់នឹងស្ថានសួគ៌ ។