ត្រសក់ផ្អែម ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ យ៉ាងណាម៉ិញបងស្រី យឿប សុខា អាយុ ៤៤ ឆ្នាំ ជាកសិកររស់នៅភូមិអង្គ ឃុំអូរចារ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្រសក់ផ្អែម ។ បច្ចេកទេសដាំនេះ គាត់បានចេះពីអ្នកជិតខាង និងបានសាកល្បងដាំរយៈពេល ១ ឆ្នាំកន្លងមកហើយ ។ រហូតមកដល់ពេលនេះ មានកសិករចំនួន ៥គ្រួសារ ដែលនៅជិតផ្ទះគាត់បាននាំគ្នាដាំដែរ ។ ចំពោះបទពិសោធន៍នៃការដាំនេះសូមបង្ហាញជូនដូចខាងក្រោម ‘
១-ការជ្រើសរើសដីដាំ និងការរៀបចំដី
ដីដែលត្រូវដាំត្រសក់ផ្អែម គាត់បានជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព ។ មុនដាំគាត់បានភ្ជួរដីហាលចោល ១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។
២-ការជ្រើសរើសពូជ
ពូជត្រសក់ដែលគាត់ដាំមាន ៣ ប្រភេទ :
- ពូជសាច់ពណ៌លឿង(សូវ៉ិត) នាំមកពីប្រទេសថៃ
- ពូជសំបកលឿង សាច់ពណ៌ខៀវ(ពូជស៊ីថង) នាំមកពីប្រទេសថៃ
- ពូជសំបកខៀវ សាច់ខៀវ(ពូជតាខាយ) នាំមកពីប្រទេសចិន។ គាត់ដាំត្រសក់ទាំង ៣ពូជនេះ តម្រូវទៅតាមទីផ្សារ។
៣-ការបណ្តុះកូន
មុនដាំ គាត់បានយកគ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក ។ គាត់បានលាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់ ។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុង រណ្តៅ ។
៤-ការដាំ
មុនដាំ គាត់បានរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះ ចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើមនិងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។
៦-ការថែទាំ
ក្នុងមួយថ្ងៃគាត់ស្រោចទឹក ១ ដង ។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត(ដាក់ជីបំប៉ននៅចន្លោះរង) ។ ត្រសក់ដុះបាន ៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង ។ នៅពេលកូនត្រសក់មានស្លឹក ១៤ គាត់បេះខ្នែង ដែលមានក្រោមស្លឹកទី៤ នោះចោល ។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ ។ ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល ។ តាមការសង្កេតរបស់គាត់ ត្រសក់ផ្លែល្អ នៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ ។ លើខ្នែងទាំងបីនេះមានផ្លែ ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។ ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម :
+ធាតុផ្សំមាន :
- គ្រាប់ប៉ិកួៈ ៥គីឡូក្រាម គ្រាប់ស្លាក់ ៥ គីឡូក្រាម គ្រាប់ស្លែង ៥ គីឡូក្រាម បណ្តូលពេជ្រ ១០គីឡូក្រាម ។
+វិធីធ្វើ :
- យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំ ចំនួន ២៤០ លីត្រ ទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន ។ ក្នុងរយៈពេលរក្សាទុក គាត់បើកគម្របពាងកូរ ១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់ ។
+វិធីប្រើប្រាស
- នៅពេលប្រើ គាត់បានយកទឹកថ្នាំ ៣លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០ លីត្រស្រោចទៅលើត្រសក់ (ស្រោចនៅពេលល្ងាច) ។ ថ្នាំនេះ អាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម ។
៧-ការប្រមូលផល
ត្រសក់ផ្អែម អាចប្រមូលផលបាន នៅអាយុ ៦០-៧០ថ្ងៃក្រោយពីដាំ ។ នៅលើផ្ទៃដី ២អារ គាត់ដាំគ្រាប់អស់ ៦កំប៉ុង អស់ទឹកប្រាក់ ៧២០.០០០រៀល ។ ចំណែកប្រាក់ចំណូលគាត់ ទទួលបានគិតជាមធ្យម ៧០០ ដុល្លារ ក្នុងមួយរដូវនៃការដាំរយៈពេល ៦០ថ្ងៃ ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំត្រសក់ផ្អែមមាន :
- ដាំលើដីខ្ពស់ ជៀសវាងការជាំទឹកនៅរដូវវស្សា
- ភ្ជួរដីហាលឲ្យស្ងួត និងប្រើជីលាមកសត្វពុកផុយទ្រាប់បាត ។
- កាប់រណ្តៅដោយទុកចន្លោះពីរណ្តៅមួយទៅមួយ ៣តឹក
- លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងកូនថង់សំរាប់បណ្តុះ
- ជីករណ្តៅដាំដោយដាក់ជីកំប៉ុស្ត ១ បង្គី ក្នុងមួយរណ្តៅ
- ជ្រើសរើសកូនត្រសក់ថ្លោសៗមកដាក់ដាំក្នុងរណ្តៅ
- ក្រាលកៅស៊ូប្លាស្ទិកលើរងក្រោយពីដាំរួច ដើម្បីការពារកុំឲ្យហួតសំណើម និងដុះស្មៅ
- ទុកត្រសក់ឲ្យផ្លែនៅចន្លោះខ្នែងទី១៥ និងទី១៦ ដោយទុកតែមួយផ្លែ
- ថែទាំស្រោចទឹក និងដាក់ជីបំប៉ន ព្រមទាំងបេះខ្នែងខ្លះចោល
- ប្រើថ្នាំផ្សំពីរុក្ខជាតិ គ្រាប់ប៉ិកួៈ ស្លាក់ ស្លែង និងបណ្តូលពេជ្រនៅពេលមានសត្វល្អិតបំផ្លាញ ។
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក) ITCambo