រឿងមហាភារតយុទ្ធ ភាគទី៤៖ទីប្រជុំរដ្ឋមន្ត្រី

កាល ទ្រៅបទី អភិសេក​សម​រស និង​អរជុន​កុមារ​សម្រេច​ហើយ បាណ្ឌវ​ក្សត្រិយ៍​ក៏​នៅ​ជា​សុខ​ក្នុង​អំណាច​រក្ខា​នៃ​បញ្ចាល​រាជ ការ​គ្រប់គ្រង​រក្សា​ដូច​នេះ ជាទី​ត្រូវ​ហឫទ័យ​បាណ្ឌវ​ក្សត្រិយ៍​ណាស់ នឹង​ប្លម​អង្គ​ដើរ​ហើរ​ទៅ​ឯ​ណា​ដូច​អំពី​ដើម​ទៀត​ពុំ​បាន​ឡើយ ព្រោះ​ទុយោជន៍​បាន​ឃើញ​ហើយ​ចាំ​បាន​ជា​ប្រាកដ​ថា រាជ​កុមារ​អម្បាល​នេះ​នៅ​មាន​ជីវិត​រស់​នៅ ទុយោជន៍​គង់​ជា​ភ្ញាក់​ខ្លួន​មិន​តិច​ដែរ មក​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​លោក ហើយ​គង់​នឹង​ឆ្ងល់​ក្នុង​ហឫទ័យ​ជា​បំផុត ដែល​មក​ឃើញ​អរជុន​មាន​ជ័យ បាន​នាង​ក្សត្រិយ៍​បញ្ចាល ជា​បាទ​បរិចារិការ នោះ​ចិត្ត​ឫស្យា​របស់​ទុយោជន៍​គង់​ឈួល​ឡើង​រក​ទី​បំផុត​គ្មាន ដែល​មក​ឃើញ​ព្រះ​ញាតិ ដែល​ព្រះ​អង្គ​ធ្វើ​ឧបាយ​នឹង​បំផ្លាញ​ឲ្យ​វិនាស​ក្នុង​អគ្រនី​នោះ មក​ចង​ស្ពាន​មេត្រី​នឹង​ព្រះ​ចៅ ទ្រុបទ ដែល​ជា​សត្រូវ​នឹង​ព្រះ​អង្គ​តាំង​ពី​កាល​ណា​មក​ហើយ ។
មាន​ការ​ប្រជុំ​ធំ​នៅ​ក្រុង​ហស្ថិនបូរ ធ្ឫតរាស្ត្រ​ប្រថាប់​លើ​រាជ​បល្លង្ក​មាន​រាជ​បរិពារ​ឈរ​ព័ទ្ធ​ជុំវិញ​ត្រៀប បី​ដូច​ជា​ផ្កាយ​ហេម​រោម​ព្រះ​ចន្ទ​ស្ងាត់​សម្លេង​ច្រៀប ប្រុង​ស្ដាប់​សព្ទ​ព្រះ​រាជ​តម្រាស់ ព្រះ​រាជា​ក៏​ទ្រង់​ក្រោក​ឡើង​ឈរ មាន​ព្រះ​រាជ​ឱង្ការ​សីហនាទ​ត្រាស់​ថា ។
ម្នាល​មន្ត្រី​ទី​ប្រឹក្សា​ទាំង​សម្ចាយ​ដែល​មក​សន្និបាត​ក្នុង​ទី​នេះ សុទ្ធ​តែ​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​ក្នុង​រាជការ​ផែនដី អ្នក​ទាំងឡាយ​ជា​គោល​សិលា​របស់​ប្រទេស អាណា​ចក្រ​របស់​យើង​ដែល​នឹង​តាំង​នៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ​ជា​ភ្នែក ជា​ច្រមុះ​សេចក្ដី​ចម្រើន​រុងរឿង​ថ្កើង​កេរ្តិ៍ នឹង​សេចក្ដី​សុខ​សម្រាន្ត​របស់​រាស្ត្រ​ដែល​នឹង​វឌ្ឍនា​តទៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ សេចក្ដី​សត្យ​សុចរិត​នឹង​ផែនដី​នៃ​អ្នក​រាល់​គ្នា ក៏​គ្មាន​ផ្លូវ​ឲ្យ​រង្គៀស សេចក្ដី​ដែល​អ្នក​ទាំងឡាយ​ភក្ដី​នឹង​យើង ក៏​គ្មាន​បន្ទិល​មួហ្មង​សូម្បី​ប៉ុន​ល្អង​ធូលី របស់​មោះហ្មង​ឆ្គង​រាគី​ក៏​គ្មាន​ចូល​មក​លាយ​ឡំ​ក្នុង​សេចធាតុ​ពោល​គឺ​សេចក្ដី​ភក្ដី​នេះ​ឡើយ យើង​ឲ្យ​ហៅ​អ្នក​ទាំងឡាយ​មក​ប្រជុំ​ក្នុង​គ្រា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​ពិគ្រោះ​បញ្ហា​មួយ ៗ ដែល​តែ​អំពី​វិចារណញ្ញាណ​របស់​យើង​តែ​ម្នាក់​ឯង មិន​អាច​នឹង​ទំពា​ឲ្យ​បែក​ទៅ​បាន សូម​ប្រើ​ជា​ញាណ​អ្នក​រាល់​គ្នា​ចូល​ជួយ​ទំពា​យើង សូម​ឲ្យ​អ្នក​ទាំងអស់​ចូល​សម្ដែង​សេចក្ដី​ភក្ដី​ដល់​យើង នឹង​ចូល​បំពេញ​ចំពោះ​ដល់​ផែនដី​ក្នុង​គ្រា​នេះ​ម្ដង​ទៀត អ្នក​ទាំងឡាយ​ក៏​ជ្រាប​ហើយ​ថា ពួក​បាណ្ឌព​បាន​ចង​សម្ពន្ធ​មេត្រី​នឹង​ព្រះ​រាជា ទ្រុបទ ដែល​ជា​សឹក​សត្រូវ​នឹង​យើង ដើម្បី​នឹង​រំលាយ​លាង​អមិត្រ​អ្នក​គិត​ប្រទូស្តរាយ ឲ្យ​ចេញ​ចាក​មាគ៌ា​ពោល​គឺ ភយន្តរាយ អ្នក​ទាំងឡាយ​នឹង​គិត​ធ្វើ​ដូចម្ដេច​ស្រួល ។
ទុយោជន៍​ក្រោក​ឡើង​ឈរ ពោល​កែ​បញ្ហា​ជា​ដំបូង​ថា សេចក្ដី​យល់​របស់​ទូល​បង្គំ​ជា​ខ្ញុំ​ក្នុង​រឿង​នេះ គឺ​ត្រូវ​ឲ្យ​សូក​ពួក​សេនាបតី​ព្រះ​ចៅ ទ្រុបទ ធ្វើ​ឲ្យ​បែក​សាមគ្គី​ក្នុង​រវាង​ពួក​គេ​ឡើង​នេះ​ជា​ឧបាយ ១ ខ ទូល​បង្គំ​ជា​ខ្ញុំ​នៅ​មាន​ឧបាយ​ក្នុង​ចិត្ត​មួយ​យ៉ាង​ទៀត ដែល​នឹង​ឲ្យ​ផល​វិសេស​ជាង​ខ​មុន គឺ​ត្រូវ​រិះ​រក​ទោស​ដ៏​លាមក មក​បាច​ប្រឡាក់​នាង ទ្រៅបទី ឲ្យ​នាង​និយាយ​មិន​ចេញ​កែ​ខ្លួន​មិន​រួច ខ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​បាណ្ឌវ​ក្រោធ​មួហ្មង​ហើយ លះ​លែង​នាង​ចោល អំពី​នោះ​មិត្រ​ភ័ក្ដិ​រវាង​ពួក​បាណ្ឌវ និង​បញ្ចាល​រាជ​ក៏​នឹង​ដាច់​អំពី​គ្នា​ទៅ​ឯង ការ​ដែល​ត្រូវ​ធ្វើ​ត​អំពី​នោះ​ទៀត គឺ​ដាក់​ថ្នាំ​បំពុល ភីម យក្ស​ធំ​ឲ្យ​ស្លាប់​បង់ ប៉ុណ្ណេះ​ក៏​អស់​រឿង​អំពល់​ចិត្ត​យើង​ទៅ​ហើយ ទុយោជន៍​អង្គុយ​ចុះ កណ៌​ក្រោក​ឡើង​ឈរ​ថ្លែង​មតិ ។
សូម​ទ្រង់​អភ័យ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្នុង​ការ​ដែល​មាន​សេចក្ដី​ឃើញ​មិន​ដូច​ទ្រង់​ទុយោជន៍ ដែល​ជាទី​សំឡាញ់​របស់​យើង ទូល​ព្រះ​បង្គំ​ឃើញ​មាន​ថ្នាំ​កែ​តែ​មួយ​មុខ គឺ​អាស្រ័យ​កម្លាំង​ទាហាន​ដ៏​រឹង​រិទ្ធិ​របស់​យើង ឲ្យ​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ជា​យ៉ាង​ឆាប់ ទូល​ព្រះ​បង្គំ​ជឿ​ថា កងទ័ព​របស់​គេ​ទុពល​ភាព គង់​នឹង​ទប់ទល់​កម្លាំង​ទាហាន​របស់​យើង​មិន​បាន ដែល​នឹង​លើក​កម្លាំង​ទៅ​យាយី​គ្រា​នេះ ត្រូវ​ចាត់​ការ​ដោយ​រួស​រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ​ក្រិស្ណ ព្រះ​រាជា​គុជរាត មាន​ឱកាស​លើក​កម្លាំង​មក​ជួយ​គេ​បាន ។
លំដាប់​នោះ ព្រះ​ចៅ ធ្ឫត​រាស្ត្រ​ត្រាស់​សួរ ភីស្ម ក្សត្រិយ៍​ជរា​តើ​នឹង​មាន​យោបល់​យល់​ឃើញ​ដូចម្ដេច ភីស្ម ថ្លែង​ថា កាល​បើ​ព្រះ​ករុណា​សុំ​សេចក្ដី​ឃើញ​របស់​ទូល​ព្រះ​បង្គំ ក៏​ត្រូវ​ពោល​តែ​ពាក្យ​ពិត តែ​បុរាណ​លោក​ថា (ពាក្យ​ពិត​រែង​ស្លែង) ទូល​ព្រះ​បង្គំ​យល់​ឃើញ​ថា តាម​សិទ្ធិ​នៃ​រាជ​ប្រវេណី យូធិស្និរ​ជា​រជ្ជ​ទាយាទ តាម​ច្បាប់​ត្រូវ​បាន​រាជ​សម្បត្តិ បើ​ព្រះ​ករុណា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​លះ​រាជ​សម្បត្តិ​ទាំង​មូល​ឲ្យ​គេ​សោត ក៏​គួរ​បែង​ផែនដី​ឲ្យ​គេ​ពាក់​កណ្ដាល យុត្តិធម៌​នឹង​សេចក្ដី​ពិត​ត្រូវ​ឲ្យ​ទ្រង់​ប្រតិបត្តិ​ការ​ក្នុង​រឿង​នេះ​ដូច​នេះ បើ​ទ្រង់​កើប​កោយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​ភាគ​ដែល​គេ​ត្រូវ​បាន​មក​សោត ទូល​បង្គំ​ព្យាករណ៍​ទុក​វេលា​នេះ​ថា សេចក្ដី​វិនាស​លិច​លង់​អាណា​ចក្រ​របស់​ទ្រង់ នឹង​មក​ដល់​ក្នុង​មិន​យូរ សេចក្ដី​លោភ​លន់​ហួស​ប្រមាណ នឹង​នាំ​នូវ​សេចក្ដី​វិនាស​យ៉ាង​ធំ​មក​ឲ្យ​ដល់​ប្រយូរ​វង្ស​របស់​ទ្រង់ ដំណឹង​ដែល​ឧរស​ព្រះ​ករុណា​គិត​ប្រទុស្ត​នឹង​ដុត​បង​ប្អូន​ទាំង​រស់​នោះ ល្បី​រហូត​ទៅ​ក្រៅ​អាណា​ចក្រ​រុកុ អ្នក​ស្រុក​ខាង​ក្នុង​ខាង​ក្រៅ​រាជ​អាណា​ចក្រ​ពោល​ខ្ទាំងខ្ទប់​ថា ទុយោជន៍​គិត​ប្រទុស្តរាយ​ទំលាយ​ព្រះ​ញាតិ ។
កណ៌​ក្រោក​ឈរ​ឡើង​ជា​គម្រប់​ពីរ​ដង ដើម្បី​បរិយាយ​វចន​វោហារ​របស់ ភីស្ម គេ​និយាយ​ថា ចិត្ត​របស់ ភីស្ម ប្រកប​ដោយ​ឆន្ទា​គតិ ភ្នែក​របស់ ភីស្ម ងងឹត​ក្នុង​យុត្តិធម៌ វិចរណញាណ​របស់ ភីស្ម ឃើញ​ឆេវ​ទៅ​ក្នុង​ផ្លូវ​ខុស ភីស្ម មាន​រោគាពាធ​ឯ​ណា​និមួយ​មក​បិទ​បាង ញ៉ាំង​ទស្សន​ញាណ​របស់​គេ​ឲ្យ​វិកល​ទៅ រឿង​នេះ​ជា​មុខ​ក្រសួង​របស់​ទី​ប្រឹក្សា ទី​ប្រឹក្សា​តោង​តប​បញ្ហា​ឲ្យ​ឆិត​ជិត​ទៅ​តែ​ម្ដង ដោយ​ទឹក​ចិត្ត​ដ៏​ត្រជាក់ មិន​ត្រូវ​ញញើត​នឹង​គ្រឿង​ខ្ទាំងខ្ទប់​ឯ​ណា​និមួយ សម្ដី​ទី​ប្រឹក្សា​អ្នក​ប្រកប​ដោយ​សេចក្ដី​ប្រហែស​ធ្វេស និយាយ​ចេញ​មក​ឃើញ​ថា ខ្សត់​វិចរណញាណ​មិន​គិត​ឲ្យ​ជុំ​ជិត​ជ្រុងជ្រោយ​សិន រមែង​នាំ​សេចក្ដី​វិនាស​មក​ឲ្យ​ប្រទេស ។
ទោណ​អាចារ្យ​ឃាត់​កណ៌​ថា ឈប់​សិន​ទៅ​កណ៌​អើយ ឈប់​រលាស់​អណ្ដាត ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​អួត​ទៅ​សិន​ទៅ អ្នក​មិន​បង្អង់​និយាយ ទាល់​តែ​សេចក្ដី​វិនាស​ធ្លាក់​មក​លើ​ខត្តិយ​ចង្ស​របស់​យើង​ទៅ​ឬ អាការ​ធ្ងន់​ណាស់​ព្រះ​គុណ​អើយ កុំ​ម៉្លោះ​ពេក វិទូរ​ក្រោក​ឈរ​ឡើង​ពោល​ទទឹង​ទាស់​នឹង​មតិ​ទុយោជន៍​ថា ។
មុខងារ​នាទី​របស់​ខ្ញុំ បង្គាប់​ខ្ញុំ​ឲ្យ​ពោល​ចេញ​មក​តាម​សេចក្ដី​ពិត​ត្រង់​ក្នុង​ចិត្ត ផល​ក្នុង​ទី​បំផុត​នឹង​បង្កើត​ឡើង​ដូចម្ដេច ទុក ១ អន្លើ ថា​បើ​បណ្ដោយ​ឲ្យ​ករណី​ហេតុ​ដំណើរ​ទៅ​ដូច​នេះ ក្នុង​ពេល​មិន​យូរ គង់​នឹង​ប្រទះ​អានិដ្ឋារម្មណ៍​ជា​មិន​ខាន ព្រះ​នាមាភិធ័យ​នៃ​វង្ស​ក្សត្រិយ៍​របស់​យើង​នឹង​សាបសូន្យ​ទៅ ព្រោះ​ហេតុ​នោះ​គំនិត​របស់​យើង​ខ្ញុំ ក៏​គឺ​នឹង​ឲ្យ​ផ្សះ​ផ្សា​សេចក្ដី​បែក​សាមគ្គី​រវាង​ព្រះ​ញាតិវង្ស ដោយ​ឧបាយ​ឯ​ណា​និមួយ​ដ៏​ប្រពៃ តាម​ផ្លូវ​យុត្តិធម៌ ។
ការ​ប្រឹក្សា​គ្នា​ក​ឈប់​ស្លេះ​តែ​ប៉ុណ្ណេះ ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ប្រកាស​កាត់​សំនួន ជា​ពាក្យ​ដាច់​ខាត​ចេញ​មក​ថា ត្រូវ​ទៅ​ទទួល​បាណ្ឌវ​ក្សត្រិយ៍​ដែល​ត្រូវ​និរទេស ត្រឡប់​មក​កាន់​ព្រះ​នគរ​វិញ យើង​នឹង​ប្រគល់​ផែនដី​ហស្ថិន​បូរ​ឲ្យ​ពាក់​កណ្ដាល ឲ្យ​បង​ប្អូន​ទាំង ៥ សេព​សោយ​សម្បត្តិ​តាម​ខត្តិយ​ប្រវេណី ។
លំដាប់​នោះ ទើប​ទ្រង់​ចាត់​ឲ្យ​រាជ​ទូត​នាំ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​បញ្ចាល ដើម្បី​នឹង​អញ្ជើញ យុធិស្ឋិរ ព្រម​ទាំង​ប្អូន​បួន​នាក់​ត្រឡប់​មក​ព្រះ​នគរ កាល​រាជ​ទូល​អម្បាត​នេះ​ទៅ​ដល់​ក្រុង​បញ្ចាល នាំ​គ្នា​ចូល​គាល់​ក៏​ប្រទះ​គ្នា​នឹង​បាណ្ឌវ​កុមារ កំពុង​គាល់​សន្ទនា​រីករាយ ជា​មួយ​ព្រះ​ចៅ ទ្រុបទ ។
ព្រះ​រាជ ទ្រុបទ ត្រាស់​ព្រះ​សូរ​សៀង​យ៉ាង​អាណោច​អាធម​ថា យុធិស្ឋិរ គ្មាន​រឿង​អ្វី​ក្នុង​ពង្សាវតារ​របស់​លោក នឹង​ដូច​រឿង​របស់​អ្នក​ទេ មុខ​គួរ​វេទនា​អ្វី​ម៉្លេះ ដែល​ព្រះ​ញាតិ​របស់​អ្នក​ត្រឡប់​ទៅ​ជា​សត្រូវ ជា​គូ​ចង​ពៀរ​វេរា​នឹង​គ្នា​ដូច​នេះ ។
យុធិស្ឋិរ ពោល អារឿង​លាភ រឿង​អំណាច ទូល​ព្រះ​បង្គំ​មិន​ចង់​ឃើញ​មុខ​វា វា​ធ្វើ​ឲ្យ​បង​ប្អូន​ទាស់​ទែង​គ្នា ឪពុក​និង​កូន​ទាស់​គ្នា ទ្រព្យ​សម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខ​នេះ ជា​មារ​សម្រាប់​ផ្ចាញ់​មនុស្ស​យើង​ឲ្យ​វិនាស​ហីនហោច​ទៅ ។
ព្រះ​រាជា ទ្រុបទ ឡើង​ព្រះ​ភ័ក្ដ្រ​ច្រាល​ដោយ​លោហិត ត្រាស់​ថា យើង​សុំ​ធ្វើ​ពាក្យ​ផ្ដេជ្ញា​ប្រកាស​ទុក​ក្នុង​ទី​នេះ ថា​បើ​អ្នក​ឯង​មិន​បាន​ចំណែក​ព្រះ​នគរ​ដោយ​ស្រួល​សោត យើង​នឹង​ជួយ​អ្នក​ឯង​ដោយ​កម្លាំង​អាវុធ ។
ខណៈ​នោះ​អ្នក​ភ្នាក់ងារ​មុខ​ក្រសួង​នាំ​ទូត​ចូល​ទៅ​គាល់ ទូត​អម្បាល​នោះ​ចូល​ទៅ​ក្រាប​ចំពោះ​ព្រះ​ភ័ក្ដ្រ​ក្រាប​ទូល​ថា ខត្តិយា​ធិបតី​ដ៏​ជា​ម្ចាស់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ត្រាស់​បញ្ជា​ឲ្យ​នាំ​ពារ​ដ៏​មាន​ដ៏​ជា​មង្គល​មក​ក្រាប​ទូល​ព្រះ​អង្គ​ឲ្យ​ទ្រង់​ជ្រាប ដ្បិត​ព្រះ​រាជា​មាន​ព្រះ​ហឫទ័យ​សោមនស្ស​ណាស់ ដែល​មក​ឃើញ​សេចក្ដី​រួបរួម​គ្នា​រវាង​រាជ​ត្រកូល​ទាំង​ពីរ គឺ បណ្ឌុ និង បញ្ចាល តែ​ព្រះ​រាជា​ដ៏​ជា​ប្រធាន​នៃ​កុរុរដ្ឋ​មាន​ព្រះ​រាជ​ហឫទ័យ​បំណង​នឹង​ឃើញ​វិមល​ភ័ក្ដ្រ​ព្រះ​ភាគិណៃ​ទាំង​ប្រាំ ព្រះ​រាជ​ជននី​សោត​ក៏​ចង់​យល់​ព្រះ​ភ័ក្ដ្រ​យុវតី​ស្រី​សុណិសា ប្រជាជន​ត្រៀម​ព្រម​គ្នា​ហើយ ដើម្បី​នឹង​ទទួល​ស្ដេច ។
ព្រះ​រាជា ទ្រុបទ មិន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​រឿង​ដែល​បាណ្ឌវ​កុមារ​នឹង​គ្នា​ត្រឡប់​ទៅ​ក្រុង​ហស្ថិនបូរ​វិញ តែ​នឹង​ទ្រង់​ហាម​ឃាត់​សោត មើល​ទៅ​ជា​ការ​មិន​គួរ ក្នុង​ទី​បំផុត​ក៏​ទ្រង់​អនុញ្ញាត​តាម​សុំ ។
បាណ្ឌព​កុមារ ព្រម​ដោយ​ព្រះ​ជននី នឹង​នាង ទ្រៅបទី ក៏​រៀបចំ​រាជ​ដំណើរ ស្ដេច​ដើរ​ផ្លូវ​ទៅ​ថ្កាន​ក្រុង​ហស្ថិនបូរ មាន​ទាហាន​នឹង​រាជ​បរិពារ​ជា​ក្បួន​ហែហម នឹង​មាន​ភ្លេង​ត្រែ​សង្ខ​តូរ្យតន្ត្រី​ប្រគំ​សូរ​សព្ទ​ទ្រហឹង​អឺងអាប់​ទៅ​តាម​មគ្គ​វិថី ។
កាល​មក​ដល់​ក្រុង​ហស្ថិបូរ មន្ត្រី​ខ្ញុំ​រាជការ​អ្នក​ធំ​ចេញ​មក​ទទួល​នៅ​ទ្វារ​ព្រះ​នគរ រាស្ត្រ​និករ​ទាំង​ពួង​ក៏​ជ្រើមជ្រួល​បបួល​គ្នា​មក​ទទួល​ស្ដេច​ជាទី​ស្រឡាញ់​របស់​គេ ដោយ​បីតិ​ដ៏​មាន​កម្លាំង​សឹង​ពុំ​អាច​នឹង​ទប់​ជើង​ឲ្យ​នឹង លុះ​ឮ​សូរ​កាំភ្លើង ទឹង ទឹង ដែល​គេ​បាញ់​ថ្វាយ​គំនាប់​ខ្ទរ​ទាំង​ពសុធា អ្នក​នគរ​ក៏​ចូល​ចិត្ត​បាន​ថា បិយ​ក្សត្រិយ៍​របស់​គេ​ចូល​មក​ក្នុង​​ខេត្ត​ព្រះ​នគរ​ហើយ សេចក្ដី​រីករាយ​របស់​រាស្ត្រ​ទប់​ជើង​មកន​នឹង បណ្ដា​ស្រី​ប្រុស ចាស់​ក្មេង តូច​ធំ ស្រោក​ស្ររ​ហូរហៀរ​ចេញ​មក ដើម្បី​ឃើញ​បាណ្ឌវ​ក្សត្រិយ៍ ។ នៅ​ទី​ព្រះ​រាជ​វាំង និង​តាម​ផ្លូវ​ថ្នល់ ដោត​រាជវ័ត ឆ័ត្រ​ទ្រង់​ព្រោងព្រាត នៅ​មាត់​ទ្វារ​និមួយ ៗ ក៏​សុទ្ធ​តែ​ប្រដាប់​ដោយ​គ្រឿង​សម្ដែង​សេចក្ដី​បដិសណ្ឋារ​ត្រេកអរ​ទទួល នឹង​ជា​ទី​ប្រដាប់​កិត្តិយស​នៃ​ខត្តិយ​រាជ លុះ​បាណ្ឌវ​កុមារ​ចូល​មក​ដល់​ទី​គាល់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ស្ដេច​ចុះ​ចាក​រាជ​បល្ល័ង្ក ត្រង់​មក​ឱប​ក្មួយ​រាល់​អង្គ​តាម​លំដាប់ បាណ្ឌវ​កុមារ​ក៏​ក្រាប​ទៀប​បាទ​យុគល​ទទួល​ពរ ព្រះ​រាជជិនី នឹង​ពួក​នារី​ដែល​មាន​បណ្ដា​ស័ក្ដិ​ខ្ពស់​ក្នុង​រាជ​សំណាក់​ក៏​ដូច​គ្នា នាំ​គ្នា​ទៅ​ទទួល ទ្រៅបទី ទ្រៅបទី​ក៏​ក្រាប​ចុះ​ទៀប​បាទ សម្ដែង​សេចក្ដី​គោរព​តាម​បែប​សុភាព​ស្ត្រី មើល​ទៅ​កិរិយា​មារយាទ និង​រូប​ឆោម​របស់​នាង​ជាទី​ត្រូវ​ព្រះ​ហឫទ័យ ព្រះ​រាជ​វង្សានុវង្ស​ក្សត្រី​ជា​យ៉ាង​ក្រៃពេក ពួក​ប្រយូររវង្ស​គ្រប់​ព្រះ​អង្គ ក៏​ស្រឡាញ់​ពេញ​ហឫទ័យ និង​សរសើរ​គុណ​សម្បត្តិ​របស់​នាង​ជា​អនេក​ប្រការ ។ ការ​ផ្សះផ្សារ​រវាង​ព្រះ​ញាតិ​ដែល​ឃ្លាត​គ្នា​ទៅ បាន​សះ​ជា​ព្រម​ព្រៀង​ឡើង​វិញ​ដោយ​ប្រការ​ដូច​នេះ មធុរ​កថា​របស់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ត្រាស់​ប្រលោម​លួង​ឲ្យ​សាមគ្គី​គ្នា​ទៅ​វិញ​ជា​ច្រើន​ប្រការ ទោះបី​មិនស្និទ្ធ​គ្នា​ដូច​អំពី​ដើម​ក៏​អង្គឺ​ក្ដី ទ្រង់​ប្រាស្រ័យ​នឹង​យុធិស្ឋិរ​ជា​ក្មួយ​ច្បង​ថា សេចក្ដី​អារិ​ចិត្ត​រវាង​ក្មួយ​និង​មា វេលា​នេះ រាប់​ថា​គ្មាន​ហើយ តទៅ​ខាង​មុខ​សុំ​ឲ្យ​មេត្រី​រវាង​រាជ​ត្រកូល​កុរុ និង​បណ្ឌុ​គប្បី​មាន​ដល់​គ្នា ដែល​ជា​ព្រះ​ញាតិ​ជីដូន​មួយ​គ្នា មា​សុខ​ចិត្ត​បែង​ផែនដី​ឲ្យ​ក្មួយ​ពាក់​កណ្ដាល ក្មួយ​នឹង​តាំង​រាជធានី​ឡើង​ថ្មី​ទៀត​នៅ​ខណ្ឌ​វបថ ឬ​នៅ​ទី​ដទៃ​ក៏​បាន ហើយ​ចូរ​គ្រប់គ្រង​អាណា​ចក្រ​របស់​ក្មួយ​ឲ្យ​ជា​សុខ​សម្រាន្ត​ភិយ្យោយស​ចុះ ។
អាស្រ័យ​ហេតុ​នេះ រាជ​អាណា​ចក្រ​ក្រហស្ដិនបូរ ទើប​ត្រូវ​ញែក​ជា​ពីរ​ភាគ ទុយោជន៍​រើស​យក​ខេត្រ​ផ្សេង ៗ ក្នុង​ទិស​បូព៌ ដែល​សម្បូណ៌​ទៅ​ដោយ​ផលា​ផល​ជា​សិទ្ធិ​របស់​ខ្លួន យុធិស្ឋិរ​បាន​ភាគ​ខាង​លើ ដែល​ជា​ទី​អរញ្ញ​ប្រទេស តោង​កាប់​គាស់​រាន​សាង​ជា​រាជធានី​ទីក្រុង​ឡើង ។
ដកស្រង់ចេញពី ស្នាដៃកូនខ្មែរ Website