សណ្តែកដី ចាត់ចូលក្នុងអំបូរ Leguminosea ដែលមានឈ្មោះវិទ្យាសាស្ត្រ Aarachis hypogeae L. ។ សណ្តែកដីមានសារប្រយោជន៍ច្រើនយ៉ាង និងមានជាតិប្រេងខ្ពស់ជាងដំណាំក្នុងអំបូរសណ្តែកផ្សេងៗទៀតហើយដែលមានរហូតដល់ ៤០-៦០ ភាគរយ ។ នៅក្នុងប្រទេសកម្ពុជា ដំណាំសណ្តែកដីត្រូវបានកសិករដាំជាដំណាំរួមផ្សំតែប៉ុណ្ណោះ ដូចនេះផ្ទៃដីដាំដុះសណ្តែកដីប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យតាមតម្រូវការទីផ្សារ ។ ក្នុងឆ្នាំ ២០០៣-២០០៤ ផ្ទៃដីដាំដុះសរុបមានប្រហែល ១៥.០០០ ហិកតា ដែលមានទិន្នផលជាមធ្យម ០.៧៣ តោន/ហិកតា ។
១. ពេលវេលាដាំដុះ
ចំពោះការដាំដុះនៅដើមរដូវវស្សា គឺត្រូវលៃយ៉ាងណាឲ្យពេលប្រមូលផលផុតរដូវភ្លៀង ។ នៅតាមតំបន់ទន្លេគេច្រើនដាំចាប់ពីខែមេសា ឬខែឧសភានិងនៅពេលទឹកស្រកគឺចាប់ពីខែតុលា-វិចិ្ជកា ។ សម្រាប់តំបន់ខ្ពង់រាបគេអាចដាំនៅខែកក្កដា ។ ពេលវេលាដាំដុះអាចខុសគ្នាពីនេះ អាស្រ័យទៅតាមតំបន់និងប្រភេទពូជ ។
២. ការរៀបចំដី
ត្រូវរៀបចំដីឲ្យរួចរាល់សិនមុនពេលដាំហើយដីត្រូវមានសភាពសើមល្មម ។ យើងត្រូវជ្រើសរើសប្រភេទដីល្បាយខ្សាច់ដែលជាដីធូផុសល្អ ស្រស់ទឹកល្អនិងមិនជាំទឹក ដើម្បីឲ្យដំណាំចុះមើមបានល្អ និងមិនរលួយ ។ ការរៀបចំដី គឺត្រូវភ្ជួរដីឲ្យបាន ២-៣ ដង និងមានជម្រៅពី ១៥-២០ ស.ម ។ ចំពោះការដាំលើដីដែលជាប្រភេទដីឥដ្ឋ ទាមទារការរាស់ដីឲ្យបានហ្មត់ល្អ និងត្រូវមានប្រព័ន្ធរំដោះទឹកចេញពេលភ្លៀងខ្លាំង ។ ជាទូទៅ ការដាំលើដីឥដ្ឋមិនសូវបានផលល្អដូចការដាំលើដីល្បាយខ្សាច់ទេ ។
៣. ការជ្រើសរើសពូជ
ត្រូវជ្រើសរើសពូជសណ្តែកដីណាដែលមានទិន្នផលខ្ពស់ អាយុកាលខ្លីធន់នឹងជម្ងឺ និងមានតំលៃនៅលើទីផ្សារ ។ ចំណែកគ្រាប់ពូជត្រូវជ្រើសរើសគ្រាប់ពូជដែលមានភាពសុទ្ធល្អ អាត្រាដំណុះខ្ពស់ ថ្លោសល្អមិនស្វិត និងមិនមានការបំផ្លាញពីសត្វល្អិត ។
៤. វិធីដាំ
ក្នុងការដាំដុះសណ្តែកដី គេអាចអនុវត្តបានច្រើនរបៀបផ្សេងគ្នាអាស្រ័យទៅតាមប្រភេទពូជធ្ងន់ ឬស្រាល ដូចមានក្នុងតារាងខាងក្រោម ។
ប្រភេទពូជ (អាយុកាល)
|
របៀបដាំ
|
ចន្លោះជួរ x ចន្លោះគុម្ព (ស.ម)
|
គ្រាប់/គុម្ព
|
ជម្រៅដាំ (ស.ម)
|
ចំនួនដើម/ហ.ត (ដើម)
|
ស្រាល (៩០-១២០ ថ្ងៃ) |
បុករណ្តៅ
|
៨០x៣០ឬ៣៥x១៧ឬ៤០x១៥
|
២
|
៥-៦
|
៤១៦២៥-១៦៧៥៨០
|
ឆូតចង្អូរ
|
៤០x១០ឬ៣៥x៨ឬ៣០x១០
|
២៥០.០០០-៣៣៣.៣០០
| |||
ធ្ងន់ (១៥០-១៧០ ថ្ងៃ)
|
ឆូតចង្អូរ
|
៥០x២០ឬ៤០x៣០
|
៨៣.២៥០-១០០.០០០
|
៥. ការប្រើប្រាស់ជី
ការប្រើប្រាស់ជីគីមីរួមផ្សំជាមួយជីធម្មជាតិលើដំណាំសណ្តែកដី គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីល្បាយខ្សាច់ (ដីព្រៃខ្មែរ ដីប្រទះឡាង) ប្រើប្រាស់ជីអ៊ុយរ៉េ ១២៤ គ.ក ជី DAP ៩៥ គ.ក និងជី KCI ៣៧ គ.ក ក្នុងមួយហិកតា ។ ចំណែកដីល្បាប់ ឬដីឥដ្ឋ (ដីកំពង់សៀម ដីឡាបានសៀក ដីទួលសំរោង ដីកៀនស្វាយ) ប្រើប្រាស់ជីអ៊ុយរ៉េ ១៧៤ គ.ក ជី DAP ១០៧ គ.ក និងជី KCI ៤៥ គ.ក ក្នុងមួយហិកតា ។ ដោយប្រើប្រាស់ ១០០ ភាគរយនៃ P និង ៥០ ភាគរយនៃ N និង K សម្រាប់ទ្រាប់បាតពេលដាំចំណែក N និង K ដែលនៅសល់ ៥០ ភាគរយទៀតសម្រាប់បំប៉នពេលសណ្តែកដី មានអាយុ ៣-៤ សប្តាហ៍ ។
៦. ការថែទាំ និងការកំចាត់ស្មៅ
ការជម្រះស្មៅត្រូវធ្វើមុនពេលដាក់ជី ។ នៅមុនពេលសណ្តែកចេញផ្កា ត្រូវធ្វើស្មៅម្តងទៀត និងពូនគល់ផង ដើម្បីពន្លូញផ្កាចាក់ចូលក្នុងដីបានច្រើន និងធ្វើឲ្យមើមកកើតបានច្រើនផងដែរ ។ នៅពេលសណ្តែកអាយុបានបីខែ ត្រូវបញ្ឈប់ការធ្វើស្មៅ ព្រោះវានឹងនាំឲ្យប៉ះពាល់ដល់មើមក្នុងដី ។
៧. ជំងឺ និងសត្វល្អិតចង្រៃ
ជម្ងឺ: មានជម្ងឺជាច្រើនដែលកើតលើដំណាំសណ្តែកដី តែជម្ងឺដែលអាចធ្វើឲ្យមានការបាត់បង់ទិន្នផលខ្លាំង គឺជម្ងឺអុតស្លឹក និងច្រែះដែក ដែលបង្កឡើងដោយផ្សិត ជម្ងឺរលួយត្រួយ និងរលាកកូនដំណាំ ជម្ងឺវីរុសឆ្នូត និងណេក្រូស៊ីសលើត្រួយ ជាជម្ងឺបង្កឡើងដោយវីរុស ។ គេអាចបង្កាជម្ងឺវីរុសឆ្នូត ដោយការប្រើគ្រាប់ពូជដែលគ្មានជម្ងឺ ចំណែកជម្ងឺណេក្រូស៊ីសលើត្រួយ គេអាចបង្កាដោយប្រើការដាំដុះទាន់ពេលវេលា និងចន្លោះគុម្ពជិតគ្នា ។
សត្វល្អិតចង្រៃ: គេសង្កេតឃើញមានពពួកស្រមោច ដែលពេលខ្លះអាចបំផ្លាញទិន្នផលសណ្តែកដីដោយផ្ទាល់តាមរយៈការស៊ីបំផ្លាញកូនរបស់សណ្តែក ។ គេអាចកំចាត់វាដោយបាញ់ថ្នាំក្លូពិរីយ៉ូស (Chlopirios) នៅរយៈពេល ១០ ថ្ងៃក្រោយចេញផ្កា ។ ពពួកដង្កូវស៊ីញ៉េ មមាច ទ្រីប និងចៃ បង្កការបំផ្លាញដោយប្រយោលលើដំណាំ ។ ឧទាហរណ៍ ទ្រីប និងចៃជាភ្នាក់ងារចម្លងជម្ងឺវីរុស ។ គេអាចកំចាត់វាបានដោយប្រើថ្នាំកាបូស៊ុលហ្វាន ២០ ភាគរយ EC (Carbosulfan 20% EC ) ក្នុងកម្រិត ៤០ ម.ល លាយទឹក ២០ លីត្រ ។
៨. ការប្រមូលផល
ដំណាំសណ្តែកដីដែលទុំល្មមអាចប្រមូលផលបាន គឺនៅពេលដែលដើមចាប់ផ្តើមស្រពោន ហើយស្លឹកប្រែពណ៌លឿងហើយជ្រុះ និងផ្នែកខាងក្នុងនៃសំបកមានពណ៌ត្នោត ។ ការប្រមូលផលមិនត្រូវយឺតយ៉ាវទេ ព្រោះវាធ្វើឲ្យបាត់បង់គុណភាព និងបរិមាណដោយដីរឹងពិបាកប្រមូលផល ។ ការប្រមូលផលឆាប់ពេកក៏មិនល្អដែរ ព្រោះវាបណ្តាលឲ្យផ្លែឆាប់ខូច កម្រិតជាតិប្រេងតិច និងទិន្នផលទាប ។ យើងអាចដកដោយដៃ ឬប្រើនង្គ័លភ្ជួរដើម្បីប្រមូលផល ។ ការប្រមូលផលដោយប្រើនង្គ័ល មានភាពឆាប់រហ័សហើយមើមដែលសល់ក្នុងដីក៏មានតិចតួចដែរ ។ ការប្រមូលផលដោយដៃ ចំណាយពេលយូរដែលនាំឲ្យដីចាប់ ផ្តើមរឹងមុនពេលប្រមូលផលចប់ ។
៩. ការទុកដាក់ក្រោយពេលប្រមូលផល
ត្រូវហាលសណ្តែកដីដែលទើបដកហើយដោយផ្ងារគល់ឡើងលើ ក្នុងរយៈពេល ៤-៥ ម៉ោង បើកម្តៅថ្ងៃខ្លាំង តែបើកកម្តៅខ្សោយត្រូវហាលពីមួយទៅពីរថ្ងៃ ។ បន្ទាប់មក ត្រូវគរជាពំនូកដើម្បីឲ្យស្ងួតយឺតៗ ។ នៅពេលស្ងួតល្មមហើយ ត្រូវដាក់គរលើរានខ្ពស់ផុតពីដី ។ មិនត្រូវទុកសណ្តែកដីក្រោមពន្លឺព្រះអាទិត្យយូរជាងពីរថ្ងៃបន្ទាប់ពីប្រមូលផលនោះទេ ។ បើនៅសើម ឬបន្ទាប់ពីត្រូវភ្លៀង មិនត្រូវគរទេ ព្រោះដើមនិងស្លឹករបស់វាអាចរលួយ ។ ត្រូវសម្អាតឃ្លាំង ឬជង្រុកឲ្យបានល្អ រួចហើយធ្វើការសម្លាប់មេរោគក្នុងឃ្លាំង ។ មើមសណ្តែកត្រូវទុកទាំងសំបក ដើម្បីការពារសត្វល្អិត ។
ប្រភព៖itcambo.com