ដូចយើងទាំងអស់បានដឹងរួចមកហើយថា ស្វាយមានផ្លែតែម្តងគត់ក្នុងមួយឆ្នាំ គឺវាចេញផ្កាចាប់ពីខែធ្នូ ដល់ខែកុម្ភៈ រហូតដល់ខែកុម្ភៈ រហូតចេញជាផ្លែអាចឲ្យយើងប្រមូលផលបានចាប់ពីខែមិនា រហូតដល់ខេមិថុនានោះ ទើបអស់ផ្លែ។
ជាច្រើនឆ្នាំកន្លងមកនេះ គេបានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ទៅលើវិធីសាស្ត្រដែល ងាយស្រួលមួយ ដើម្បីជួយធ្វើឲ្យដំណាំស្វាយអាចចេញផ្លែដោយមិនគិតពីរដូវការរបស់ វា ដោយលៃធ្វើយ៉ាងណារុញដំណាំមួយនេះឲ្យមានមុខនៅលើទីផ្សារគ្រប់ពេលវេលា ។ មួយវិញទៀតនោះ គឺវានឹងជួយឲ្យកសិករ ដែលជាម្ចាស់ចំការស្វាយទទួលបានប្រាក់កម្រៃពីដំណាំស្វាយច្រើនជាមុន តែអ្វីដែលសំខាន់ជាងគេ គឺមានស្វាយដាក់លក់នៅលើទីផ្សារដូចក្រូចឆ្មារដែរ។
ដើម្បីធ្វើដូច្នេះបាន, គេបានប្រើ Potassium Nitrate ដើម្បីជម្រុញឲ្យស្វាយចេញផ្លែ តែមិនមែនរបៀបបង្ខំដូចដែលយើងធ្លាប់បានឮអ្នកខ្លះយកមកប្រើនោះឡើយ។ វាគ្រាន់តែជាការរំញោចឲ្យស្វាយចេញផ្លែតាមបែបធម្មជាតិ តែអាចចេញផ្លែជាបន្តបន្ទាប់ មិនមែនរង់ចាំចូលដល់រដូវកាលរបស់វាទើបចេញផ្លែនោះឡើយ។
Potassium Nitrate គឺជាវត្ថុ ដែលមានតម្លៃថោក តែមិនដឹងថា នៅស្រុកខ្មែរយើងអាចរកទិញនៅកន្លែងណាបាននោះទេ។
លោក Barba ពេលនេះអាយុ ៧២ឆ្នាំ ទៅហើយនោះ គឺជាអ្នកដែលបានធ្វើការសិក្សាលើដំណាំស្វាយ និងដំណាំផ្សេងទៀត ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ តែដោយឡែកចំពោះដំណាំស្វាយត្រូវបានលោក Barba យកចិត្តទុកដាក់ស្រាវជ្រាវច្រើនជាងគេ រហូតបានទទួលពានរង្វាន់ជាមនុស្សឆ្នើម ផ្នែកកសិកម្មសម្រាប់តំបន់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ ២០១១ កន្លងទៅនេះ។
តាមរយៈការលើកឡើងរបស់លោក Barba បានឲ្យដឹងថា បច្ចេកទេសសាមញ្ញមួយ ធ្លាប់ត្រូវបានគេយកមកប្រើនោះ គឺផ្សែង ដោយដុតបង្ហុយវានៅក្បែរដើមឈើ ឬនៅពីលើខ្យល់ឲ្យបានច្រើនកន្លែងក្នុងចំការស្វាយ អាចជួយជម្រុញឲ្យស្វាយចេញផ្កាផ្លែបានញឹកញាប់ដែរ ប៉ុន្តែវាយកជាការមិនបានទេ ព្រោះជួនកាលក៏បានទទួលផលល្អ តែជួនកាលក៏មិនបានទទួលផលអ្វីសោះក៏មាន។
ស្វាយ គឺជាដំណាំមួយប្រភេទដែលផ្តល់ផលមិនទៀងទាត់ឡើយ បើក្នុងឆ្នាំនេះវាផ្តល់ផលល្អ ឆ្នាំក្រោយវាអាចមិនមែនមានផលក៏មាន ដូច្នេះការផ្តល់ផលរបស់ស្វាយ គឺជារឿងមួយមិនអាចកំណត់បានឡើយ។ ទៅតាមអ្វីដែលលោក Barba បានស្រាវជ្រាវរកឃើញ វិធីដែលល្អបំផុត និងងាយបំផុតនោះ គឺការប្រើ Potassium Nitrate លាយជាមួយទឹក រួចបាញ់ទៅដើមស្វាយ (ដោយយក Potassium Nitrate ចំនួនមួយគីឡូក្រាម លាយជាមួយទឹកចំនួន ១០០លីត្រ)
ការប្រើវិធីនេះធ្វើឲ្យស្វាយចេញ ត្រួយថ្មី រួចចេញផ្ការហូតបានជាផ្លែទៅតាមការចង់បានរបស់យើង។ ម្ចាស់ស្វាយចង់ឲ្យស្វាយចេញផ្លែនៅពេលណា ខែណា ត្រូវបាញ់វាឲ្យបានមុនពេលកំណត់នោះចំនួនពីរទៅបីខែ ដើម្បីបានទទួលផលនៅក្នុងខែដែលយើងចង់បាន។ វិធីសាស្ត្រដែលយកមកប្រើនេះមិនបានធ្វើឲ្យស្វាយខូចដើមនោះឡើយ តែការលូតលាស់របស់វាអន់ថយជាងស្វាយធម្មតាចំនួន ១៥ភាគរយ។
ស្វាយដែលបាញ់ Potassium Nitrate អស់រយៈពេល ៣០ឆ្នាំមកហើយនោះ នៅតែបន្តចេញផ្លែជាធម្មតា វាមិនបានងាប់ដើម ឬខូចដើមដូចការសន្និដ្ឋានខ្លះនោះឡើយ។
ដូច្នេះសម្រាប់អ្នកដែលចង់បានឲ្យ ស្វាយផ្លែខុសរដូវ ឬចង់ឲ្យវាផ្លែពេលណាក៏បាន សូមប្រើ Potassium Nitrate ចុះ ពិតជានឹងទទួលបានផលសមតាមបំណងមិនខានឡើយ៕
(ឯកសារក្រសួងកសិកម្មរបស់ប្រទេសហ្វីលីពីន)
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITCambo.com