លោកពូ ភេ សារី មានអាយុ ៤៤ ឆ្នាំ ជាកសិកររស់នៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ គាត់មានបទពិសោធន៍ដាំសាលាដ៏ទុកពូជបានយ៉ាងល្អ ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ហើយគាត់បានអនុវត្តន៍អស់រយៈពេលបីឆ្នាំកន្លងមកហើយ ។ នៅពេលនេះ គាត់ពេលចិត្តនឹងចែករំលែកបទពិសោធន៍ទៅឲ្យកសិករផ្សេងទៀត ដើម្បីយកទៅសាកល្បងតាម :
១.ការរៀបចំដីសម្រាប់ដាំ
គាត់កាប់ ដីហាលចោល ១ អាទិត្យ ដើម្បីឲ្យដីឆ្អិន (ស្រស់ទឹកល្អ) បន្ទាប់មកលើកជារងដែលមានទទឹងប្រវែង ២ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ ។ នៅលើរង គាត់បានឆាយឲ្យអស់ស្មៅ និងជ្រុំដីឲ្យម៉ដ្ឋល្មម ដាក់ជីលាមកសត្វពុកផុយ ។
២.ការសាប និងការថែទាំ
មុនពេលសាប គាត់បានយកគ្រាប់សាលាដ៏លាយជាមួយផេះយកទៅសាបនៅលើថ្នាលដែលរៀបចំ រួច ។ ក្រោយពីសាបហើយ គាត់បានស្រោចទឹក ១ ថ្ងៃ ២ ដង ។ នៅពេលមានស្មៅគាត់ដកស្មៅបំផុសដី ដើម្បីឲ្យកូនសាលាដ៏លូតលាស់ល្អ ។
៣.ការស្ទូងកូន ឬការដាំ
ក្រោយពី សាបបានរយៈពេល ២០ ថ្ងៃ គាត់បានដកកូនយកទៅស្ទូងនៅលើរងដែលបានរៀបចំរួច ។ ការស្ទូងគឺធ្វើនៅពេលល្ងាច ឬពេលព្រឹកព្រលឹមដែលមានធាតុអាកាសត្រជាក់ និងស្ទូងនៅចន្លោះគុម្ព ១-១.៥ តឹក កុំឲ្យញឹកពេក ឲ្យមានពន្លឺចូលគ្រប់គ្រាន់ ដើម្បីឲ្យការលូតលាស់ និងផ្កាផ្លែល្អ ។ ក្រោយពីស្ទូងហើយយកចំបើងក្រាលនៅចន្លោះគុម្ពកូនសាលាដ៏ (ក្រាលស្តើង) ដើម្បីរក្សាសំណើមដី។ នៅពេលថ្ងៃក្តៅចាប់ពីម៉ោង ៩ ទៅ គាត់បានយកស្លឹកត្នោត ឬធាងដូងគ្របពីលើដើម្បីការពារកុំឲ្យស្លោកនៅពេលត្រូវកំដៅ ។ ការគ្របធ្វើឡើងរយៈពេល ៣-៤ ថ្ងៃ ទំរាំសាលាដ៏ចាប់ឫសរឹងមាំទើបលែងគ្រប ។
៤.ការថែទាំក្រោយពេលដាំ
ចំពោះសាលា ដ៏ ជាដំណាំមួយប្រភេទដែលត្រូវការទឹកជាចាំបាច់ ដូចនេះគាត់ត្រូវការស្រោចទឹក ២-៣ ដង ក្នុងមួយថ្ងៃ ។ ហើយនៅពេលសាលាដ៏មានអាយុ ១៥ ថ្ងៃ (ក្រោយពេលដាំ) គាត់ជ្រុំដី ពូនគល់ ដាក់ជីធម្មជាតិបន្ថែម ។
៥.ការប្រមូលផល
ក្រោយពេល ដាំបានរយៈពេល ២៥ ថ្ងៃ គាត់អាចដកយកទៅលក់បាន ។ ហើយចំពោះសាលាដ៏ ដែលគាត់ទុកពូជគាត់ជ្រើសរើសយកប្រភេទដើមណាដែលថ្លោសល្អច្រើន (មិនយកប្រភេទដើមណាដែលធំពេក តូចពេកហើយមានចំនួនតិចនោះទេ) មានស្លឹកធំៗល្មម ។ រាល់ ៣-៤ ថ្ងៃម្តងគាត់បានយកកូនកាំបិត ទៅកាត់ស្លឹកពីក្រោមជាបន្តបន្ទាប់ លុះសាលាដ៏ចេញផ្កាទើបឈប់កាត់ ។ ធ្វើដូចនេះគាត់អាចទទួលផលទាំងគ្រាប់ពូជ និងស្លឹកសាលាដ៏ សម្រាប់លក់ជាបណ្តើររហូតដល់សាលាដ៏ចេញផ្កា ។
៦.បច្ចេកទេសទុកពូជសាលាដ៏
ក្នុងការទុក ពូជ គាត់ជ្រើសរើសដើមដែលមានសុខភាពល្អ គ្មានការបំផ្លាញពីសត្វល្អិត និងជំងឺ ហើយដាំរហូតដល់រយៈពេល ៩០ ថ្ងៃ ទើបគ្រាប់ទុំល្អ ។ ប៉ុន្តែក្នុងកំឡុងពេលចេញផ្កា ត្រូវបន្ថយការស្រោចទឹកត្រឹម ១ ដងក្នុងមួយថ្ងៃ និងនៅពេលសាលាដ៏មានស្លឹកពណ៌លឿង ត្រូវស្រោចទឹក ២ ថ្ងៃម្តង ធ្វើដូចនេះរហូតដល់គ្រាប់សាលាដ៏ទុំល្អ ។
៧.បច្ចេកទេសក្នុងការរក្សាទុកពូជ
នៅលើស្លឹក សាលាដ៏មានពណ៌លឿង (ពណ៌ចំបើង) គ្រាប់ទុំ គាត់បានដកដើមទៅហាលរយៈពេល ២-៣ ថ្ងៃ ។ បន្ទាប់ពីហាលស្ងួតហើយ បេះយកតែគ្រាប់ដាក់ក្នុងចាន ឬថាសហាលទុករយៈពេល ២ ម៉ោង ឲ្យគ្រាប់ស្ងួតល្អ ទើបច្រកទុកក្នុងដបចុកឆ្នុកឲ្យជិតកុំឲ្យខ្មូតចូលមកស៊ី ។ ជាទូទៅគាត់តែងតែទុកពូជនៅរដូវរំហើយ ឬ រដូវប្រាំង ធ្វើឲ្យគ្រាប់ស្ងួតល្អអាចរក្សាទុកបានយូរ ។
៨.ចំណាប់អារម្មណ៍
ចំពោះការដាំ សាលាដ៏ទុកពូជនេះ លោកពូមានចំណាប់អារម្មណ៍ថា មានលក្ខណៈងាយស្រួលមិនលំបាកទេ ។ ហើយម្យ៉ាងយើងមិនចំណាយទៅលើប្រាក់កាសក្នុងការទិញពូជ ។ ប្រមូលផលស្លឹកបានបណ្តើរៗ ហើយទទួលបានគ្រាប់ពូជសម្រាប់ដាំ និងអាចចែកចាយឲ្យញាតិមិត្តជិតខាងបានដាំផងដែរ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំសាលាដ៏ទុកពូជមាន:
- កាប់ដីហាលចោលឲ្យឆ្អិនល្អ និងជ្រុំជីលាមកសត្វពុកផុយដាក់បញ្ចូលក្នុងរង
- សាបគ្រាប់ឲ្យបានស្តើង និងដករំដោះកូនចេញខ្លះដោយទុកតែដើមណាដែលថ្លោសល្អ
- ស្ទូងនៅពេលអាកាសធាតុត្រជាក់ (ព្រឹកព្រលឹម ឬល្ងាច) នៅចន្លោះគុម្ព ១-១.៥ តឹក
- ស្ទូងរួច ប្រើគំរបធាងដូងគ្របកុំឲ្យអន់ដើមនៅពេលត្រូវកំដៅថ្ងៃ
- ឧស្សាហ៍ដកស្មៅបំផុសដី និងជ្រុំគល់ដាក់ជីនៅពេលសាលាដ៏មានអាយុ ១៥ ថ្ងៃ
- នៅពេលសាលា ដ៏ចេញផ្កា ត្រូវបន្ថយការស្រោចទឹក ១ ថ្ងៃ ម្តង និងក្រោយចេញផ្កា ២ ថ្ងៃម្តង បន្តរហូតដល់គ្រាប់សាលាដ៏ទុំល្អ
- នៅពេលគ្រាប់សាលាដ៏ទុំ ដកដើមហាលថ្ងៃរយៈពេល ២-៣ ថ្ងៃ ឲ្យស្ងួតល្អ
- ច្របាច់ និងអុំរោយយកគ្រាប់ហាលថ្ងៃឲ្យស្ងួតច្រកទុកក្នុងដបបិតជិតកុំឲ្យខ្មូតស៊ី៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព៖itcambo.com