ការដាំដុះ- ដំណាំសាលាដ​


លោកពូ ចំណាន មាន​អាយុ ៥៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កា​ចាប់ជើង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​គ្រួសារ​គាត់ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការធ្វើ​ស្រែ ។ ក្រោយមក​ឪពុក​របស់គាត់​បានផ្តល់​នូវ​ប​ចេ្ច​ក​ទេស ក្នុង​ការដាំ​បន្លែ​ឲ្យ​គាត់​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​ក្នុង​ គ្រួសារ ។ បន្ទាប់មក​គាត់​ក៏បាន​ដាំ​បន្លែ​ជាច្រើន​មុខ ដូចជា​ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ សាលាដ ត្រសក់​ជាដើម ។ ក្រោយៗ​មក គាត់​បានធ្វើ​ការកែច្នៃ​នូវ​បច្ចេកទេស​ខ្លះៗ​ដើម្បី​ឲ្យ​ការដាំ​របស់គាត់ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង ។ ក្នុងចំណោម​បន្លែ​ទាំងអស់​ដែល​គាត់​បាន​ដាំ ខ្ញុំ​បាន​សង្កេតឃើញថា ដំណាំ​សាលាដ​របស់គាត់​មាន​លក្ខណៈ​ប្រសើរ​ជាងគេ ហើយ​គាត់​ដាំ​បាន​ច្រើនជាង​ដំណាំ​ផ្សេងទៀត ។ ដូច្នេះ ខ្ញុំ​សូម​លើកយក​បទពិសោធន៍ ក្នុង​ការដាំ​សាលាដ មក​បង្ហាញជូន ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម :
១-​ការត្រៀម​ពូជ​សាប និង​ការ​សាប​គ្រាប់​
គាត់​ដាំ​សាលាដ​គ្រប់​រដូវ ពេញ​មួយឆ្នាំ ដោយសារ​គាត់​មាន​ប្រភពទឹក​ស្រោចស្រព និង​ដាំ​នៅលើ​ដី​ទួល ។ គាត់​បានជ្រើសរើស​ពូជ ដោយ​ទិញ​ពី​ផ្សារ ។ ក្នុងការ​ត្រៀម​ពូជ​សាប គាត់​បាន​យក​គ្រាប់​ទៅ​ខ្ចប់​ក្រណាត់ ដែល​ងាយ​ជក់ទឹក ហើយ​ត្រាំ​ទុក ១​យប់ ដើម្បី​គ្រាប់​ស្រូបយក​ទឹកឆា​ប់​ដុះ​ពន្លក ។ នៅលើ​រង​សាប គាត់​បានរៀបចំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត​ទ្រាប់​បាត ។ ក្រោយពី​សាប​គ្រាប់​ហើយ គាត់​កាប់​ចិញ្ច្រាំ​កំទេច​ចំបើង​គ្របពីលើ ការពារ​ការ​ខ្ទាត​គ្រាប់​នៅពេល​ស្រោច​ទឹក និង​ជួយ​ថែរក្សា​សំណើម ។ ចំពោះ​ការថែទាំ​ក្នុងពេល​សាប​គាត់​បាន​ស្រោច​ទឹក ១​ថ្ងៃ ២​ដង​នៅ​រដូវប្រាំង និង​ដក​រំ​លោះ​កូន​ចេញ​ខ្លះ​នៅ​កន្លែង ដែល​ដុះ​ញឹក​ពេក ។​គាត់​រក្សាទុក​ដើម​ដែល​ថ្លោស​ល្អ​សំរាប់​យកទៅ​ស្ទូង​លើ​រង ។ ក្រោយពី​សាប​គ្រាប់​បាន​រយៈពេល ពី ១០-១៥​ថ្ងៃ គាត់​បាន​ដក​កូន​សាលាដ​យកទៅ​ដាំ​នៅលើ​រង ។​
២-​ការរៀបចំ​ដី​
លោកពូ​បានរៀបចំ​រង​ដាំ​សាលាដ ដោយ​ភ្ជួរ​ហាល​ដី​រយៈពេល ១៥​ថ្ងៃ បន្ទាប់មក​ភ្ជួរ​ត្រឡប់​ដី​រួច​រាស់​ឲ្យ​រាបស្មើ ទើប​លើក​ជា​រង ដែលមាន​ទទឹង ១,២ ម៉ែត្រ​បណ្តោយ ២០​ម៉ែត្រ និង​កំពស់​១,៥​តឹក ។​នៅលើ​រង​នីមួយៗ គាត់​បានដាក់​ជីលា​មក​គោ​ពុកផុយ​ចំនួន ២៥​បង្គី បន្ទាប់មក​គាត់​ជ្រុំដី​បញ្ចូល​ទៅក្នុង​ដី​ឲ្យ​សព្វ រួច​ទុក​រយៈពេល ៣​ថ្ងៃ​ទើប​ដក​កូន​មក​ដាំ ។​
៣-​ការដាំ​និង​ថែទាំ​
នៅពេល​ដាំ គាត់​បាន​ដក​កូន​សាលាដ ដែលមាន​សុខភាព​ល្អ ថ្លោសៗ យកទៅ​ស្ទូង ។​គាត់​ស្ទូង​ដោយ​ទុកចន្លោះ​ពី​គុម្ព​មួយ​ទៅមួយ ១,៥​តឹក ។ ក្រោយពី​ស្ទូង​កូន​ហើយ គាត់​កាត់​ចំបើង​គ្រប រួច​ស្រោច​ទឹក​មួយថ្ងៃ ២​ដង ។ គាត់​ឧស្សាហ៍​ជ្រុំ​ជ្រោយ​ដកស្មៅ និង​ស្រោច​ទឹក​ជី (​ជី​ផ្សំ​ពី​ទឹកនោម​មនុស្ស និង​សត្វ ) ។ ការ​ស្រោច​ជី​បំប៉ន​នេះ​ធ្វើ​នៅពេល​សាលាដ​អាយុ​បាន ១២​ថ្ងៃ ហើយ​ស្រោច​ក្នុង​រយៈពេល ១​អាទិត្យ​ម្តង ។ ក្រៅពី​ធ្វើ​ស្មៅ និង​ដាក់​ជី គាត់​បាន​ពិនិត្យ​ទៅលើ​ការបំផ្លាញ​របស់​សត្វល្អិត ប៉ុន្តែ​គាត់​សង្កេតឃើញថា ដំណាំ​សាលាដ​ពុំមាន​សត្វល្អិត​បំផ្លាញ​ទេ ព្រោះ​ស្លឹក​របស់​សាលាដ​រលោង និង​មាន​ជាតិ​ជ័រ ហើយ​ម្យ៉ាងទៀត​គាត់​បាន​ស្រោច​ទឹកនោម​ធ្វើ​ឲ្យ​ធុំក្លិន​ដល់​សត្វល្អិត​មិន​ ហ៊ាន​មក​ជិត ។​
៤-​ការប្រមូល​ផល​
លោកពូ​ចាប់​ប្រមូល​នៅពេល​សាលាដ​មាន​អាយុ ៣៥​ថ្ងៃ ក្រោយពី​ដាំ ។ គាត់​ផ្អាក​ស្រោច​ទឹក ១​ថ្ងៃ មុន​ប្រមូល​ផល ។ នៅពេល​ប្រមូល​ផល​គាត់​ប្រើ​ចបចក់ (​ចប​តូច​មុខ​ស្តើង​)​ដក​ផ្តាច់​ឫស​ពី ២-៣​ផឹង ពី​គល់​ការប្រមូល​ផល​ធ្វើ​នៅពេល​ព្រឹក​ព្រលឹម ។ នៅលើ​ផ្ទៃដី​ទំហំ ២០០​ម៉ែត្រ​ការេ គាត់​ទទួលបាន​ប្រាក់ ១១២.៥០០​រៀល ។​
​ ​ក្រោយពី​ប្រមូល​ផល​រួច​គាត់​បានធ្វើ​ការសំអាត​លាង​ទឹក (​លាង​គល់​ដែល​ប្រឡាក់​ដី​) ការលាង​ទឹក​ទាំង​ស្លឹក​ធ្វើ​ឲ្យ​សាលាដ​ឆាប់​រលួយ ។ ក្រោយពី​សំអាត​រួច​គាត់​បានរៀបចំ​ដាក់​ក្នុង​កញ្ឆេ (​កញ្ឆេ​មាន​ទ្រាប់​ស្លឹក​ចេញ ឬ​ស្លឹក​ឈូក ) ដោយ​ត្រៀម​ជា​ជួរ​រក្សា​ឲ្យ​មាន​ចន្លោះ​ខ្យល់​ចេញចូល​ល្អ ដើម្បី​ជៀសវាង​ការ​ឆាប់​រលួយ ។​
៥-​ចំណាប់អារម្មណ៍​របស់​កសិករ​
ក្នុង​ការដាំ​សាលាដ​នេះ លោកពូ​មាន​ចំណាប់អារម្មណ៍​ថា​សាលាដ​ត្រូវ​ការថែទាំ ដកស្មៅ​ច្រើន​ហើយ​ម្យ៉ាងទៀត​ការ​ស្រោច​ទឹក​ជី (​ទឹកនោមគោ​លាយ​ទឹក​) ធ្វើ​ឲ្យ​សាលាដ​លូតលាស់​ល្អ ។ ប៉ុន្តែ​ក្រោយពី​ស្រោច​ទឹក​ជី​ហើយ ត្រូវ​ស្រោច​ទឹក​លាង​ស្លឹក​ចេញ ដើម្បី​ការពារ​ការ​ស្រពោន​ស្លឹក​នៅពេល​ត្រូវ​កំដៅថ្ងៃ ។ យក​ល្អ​គួរ​ស្រោច​នៅពេល​ល្ងាច​ត្រជាក់​ទុក ១​យប់ ទើប​ស្រោច​ទឹក​នៅពេល​ព្រឹក​ព្រលឹម។ ការដាំ​សាលាដ​ឆាប់​ទទួលបាន​ផល និង​មានតម្លៃ​ថ្លៃ​ពិសេស​នៅ​រដូវវស្សា​ដែល​មិនសូវមាន​អ្នក​ដាំ។​
​សរុប​ប​ចេ្ច​ក​ទេស​សំខាន់ៗ ក្នុង​ការដាំ​សាលាដ​មាន :
  • ត្រៀម​គ្រាប់​ដាំ​ដោយ​យក​គ្រាប់​ខ្ចប់​ក្រណាត់​រួច​ដាក់​ត្រាំ​ទឹក ១​យប់​ឲ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក​
  • ​ថែទាំ​ស្រោច​ទឹក​សាលាដ​នៅលើ​ថ្នាល​សាប​
  • ដក​រំ​លោះ​ដើម​តូចៗ​ចោល ទុក​ដើម​ធំ​ថ្លោសៗ នៅលើ​ថ្នាល​សំរាប់​ដាំ​
  • រៀបចំ​រង​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ពុកផុយ​ទ្រាប់​បាត​រង​
  • ស្ទូ​វ​កូន​សាលាដ​លើ​រង​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ១.៥​តឹក
  • ថែទាំ​ស្រោច​ទឹក ដកស្មៅ និង​កាត់​ចំបើង​ខ្លីៗ​គ្រប​លើ​រង៕​
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
ប្រភព៖itcambo.com