ដំណាំហូបផ្លែ-ដាំស្វាយកែវល្មៀត


«ការដាំដុះវាទៅតាមប្រភេទរបស់ដីដែរ ។ កាលណាដីយើងដីគ្រោះ ដូចដីស្រុកស្រែអ៊ីចឹង គេហៅដីខ្សាច់អ៊ីចឹងទៅមិនសូវសំបូរជីជាតិអាហ្នឹងគេដាំ ៤ម៉ែត្រ ៤ជ្រុងអ៊ីចឹងទៅ ។ បើមកជួរមាត់ទន្លេយើងវិញ អាហ្នឹងគេដាំ ៥ម៉ែត្រ ៦ម៉ែត្រ អ៊ីចឹងទៅ មួយគុម្ពៗ ។ យើងដាំមិនពិបាកស្អីទេ គ្រាន់តែស្រាយកន្ទោងវាចេញ ជីកដីហ្នឹងជម្រៅវាដូចថា កន្លះម៉ែត្រ៤ជ្រុងអ៊ីចឹងទៅ ហើយបាតវាដាក់អាចម៍ប្រចៀវមួយត្រឡោកអ៊ីចឹងទៅ ហើយស្រាយស្បោងចេញដាក់វាចូលលុបដីស្រោចទឹកទៅបានហើយ» ។
លោក ម៉ឺត ម៉ិល ឲ្យដឹងថែមទៀតថា ដាំដីមិនសូវមានជីជាតិគេអាចដាំញឹកបាន ព្រោះដើមមិនសូវធំស្តុក តែបើដាំនៅដីមាត់ទន្លេដែលជាដីមានជីជាតិ ត្រូវដាំឲ្យរង្វើលដើម្បីឲ្យមានចន្លោះរវាងដើម ៖ «យើងនិយាយទៅប្រភេទដីនៅទន្លេយើងដីល្អ កាលណាវាញឹកយើងដាំ ៤ម៉ែត្រដូចស្រុកស្រែទៅអត់បានទេថ្លោស កាលណាថ្លោសមិនផ្លែទេអាហ្នឹង ត្រូវការធាតុអាកាសស្រលះ ខ្យល់ចេញចូលអ៊ីចឹងដែរ ហើយដល់វាញឹកស្អេកទៅវាមិនកើត ។
ហើយបើដីស្រុកស្រែមិនសូវសំបូរជីជាតិវាមិនអាចលាស់រហ័សដូចដីស្រុកទន្លេទេ ។ ស្វាយហ្នឹងកាលណាចាប់ផ្លែហើយមិនសូវជាលូតទៅមុខទេ ព្រោះផ្លែញឹកពេកមួយឆ្នាំ ២ដង រកពេលលាស់សឹងមិនឃើញ» ។
លក្ខណៈពិសេសមួយទៀតរបស់ស្វាយកែវល្មៀត គឺដាំតែ៣ឆ្នាំប៉ុណ្ណោះនឹងបានផ្លែហើយ។ ដាំពីគ្រាប់ឬពីកូនផ្សាំក៏មិនស៊ីពេលលើស៣ឆ្នាំដែរ ៖ «បើយើងបណ្ដុះភ្លាមដាំភ្លាមអាហ្នឹងក៏ ៣ឆ្នាំដែរ បើយើងបណ្ដុះថ្នាលហ្នឹងទុក មួយឆ្នាំកន្លះបានយើងយកទៅ ដើមវាក៏ធំដែរ ប៉ុនកដៃក្មងយកមកដាក់តែមួយឆ្នាំកន្លះផ្លែហើយ ។ អាហ្នឹងកំណត់ដែលខ្ញុំធ្លាប់ដាំមក ៣ឆ្នាំផ្លែហើយ»។
ចំពោះបងប្អូនកសិករដែលចង់ប្តូរដីស្រែជាចម្ការស្វាយកែវល្មៀត គប្បីលើកដីជាពំនូកដើម្បីដាំ ថ្វីបើស្វាយនេះមិនងាប់ព្រោះទឹកជន់លិច ។
លោក ម៉ឺត ម៉ឹល ពន្យល់ពីហេតុផលដែលត្រូវលើកដីជាកំពូកៗនេះដូច្នេះ ៖ «គេដាំលើកដីកំពូកៗ ចៀសវាងកាលណាយើងដាំទៅ ទឹកលិចមកខ្យលមកវាអាចរលំ ដូច្នេះគេលើកឲ្យខ្ពស់ផុតពីទឹកទៅ ខ្យល់មកវាអត់អីទេ បើកាលណាយើងដាំលិចទឹកក៏វាអត់ងាប់ដែរ ប៉ុន្តែដល់ពេលខ្យល់មកវាអាចរលើងអាហ្នឹង រលើងងាប់ ។
អ៊ីចឹងបានយើងដល់ពេលលិចទឹកអ៊ីចឹងទៅ យើងបោះបង្គោលអីអ៊ីចឹងទៅ ចងឲ្យជាប់ថាកុំដើរកាត់ដំណាំលិចទឹក ដើរកាត់របស់ហ្នឹងមិនងាប់មែន ប៉ុន្តែដល់យើងដើរកាត់ចុះដើរកាត់ឡើងក្នុងពេលលិចទឹកងាប់ វាអាចអ៊ីចឹងដែរ» ។
ចំពោះបងប្អូនកសិករដែលចង់ដាំស្វាយពីគ្រាប់ គឺយកគ្រាប់ទៅដាំតែម្តងនោះ លោក ម៉ឺត ម៉ឹល មានប្រសាសន៍ថា វាជាការពិបាកដាំ ៖ «ពិបាកអ៊ីចេះ កាលណាយើងរៀបដីយើងរូចហើយស្រេច យកគ្រាប់ទៅដាំតាមជួរមួយដែលយើងកំណត់ ឧទាហរណ៍ថា ដីស្រុកទន្លេយើង ៥-៦ម៉ែត្រពីមួយទៅមួយអ៊ីចឹង ហើយយើងយកគ្រាប់ទៅដាក់តែម្ដងវាពិបាកស្រោចទឹកយូរ បើយើងធ្វើស្បោងវាច្រកទៅយើងស្រោចតែម្ដុំហ្នឹងតែម្ដង វាងាយអ៊ីចឹងទេ» ។
តទៅនេះ លោក ម៉ឺត ម៉ឹល អធិប្បាយពីវិធីបណ្តុះគ្រាប់ស្វាយកែវល្មៀត ៖ «យើងយកគ្រាប់ស្វាយហ្នឹង ដែលយើងត្រូវទុកពូជហ្នឹង យើងញ៉ាំហើយភ្លាមអ៊ីចឹង អត់ទុកយូរទេ កាលណាទុកយូរបណ្តាលឲ្យគ្រាប់ហ្នឹងស្អុយ ហូបភ្លាមយើងយកមកវះយកសំបកក្រៅរឹងៗហ្នឹង ចេញទៅវានៅសល់បណ្ដូលវានោះ យើងយកមកដល់ដាក់ឧទាហរណ៍ យើងធ្វើកន្ទោងស្បោង ប្លាស្ទិកញាត់ដីឲ្យពេញហើយ យើងយកគ្រាប់ដែលយើងបកហើយហ្នឹងដាក់ពីលើអ៊ីចឹងទៅ ហើយរោយដីថែមបន្តិចទៀត ស្រោចទឹកទៅ ទុកវាម្ដុំ ។ នេះបើកាលណាយើងចង់ល្អ ដូចស្រុកខ្ញុំមិនបាច់ដាក់ជីទេ ដាក់តែដីល្បាប់ហ្នឹងល្អពេកហើយ បើថាដីយើងអន់ទេ យើងដាក់ក៏លាយជាមួយអាចម៍គោអីអ៊ីចឹង ប្រហែលជា ១០ថ្ងៃដុះហើយ» ។
លោកក្រុមប្រឹក្សាឃុំកោះខែល ប្រាប់ពីលក្ខណៈខុសប្លែកពីស្វាយដទៃរបស់ពូជស្វាយកែវល្មៀត ដែលគ្រាប់មួយគ្រាប់បណ្តុះបានកូនស្វាយច្រើនដើម ៖ «វាអត់គ្រាប់យើងពិបាករកវាថ្លៃ យើងបកមកយកវាមកដាក់លើដីអ៊ីចឹងទៅ ធ្វើថ្នាលវាហើយបាចដីសង្កត់ពីលើទៅទុកឲ្យដុះ ដល់ពេលដុះវាមិនដូចស្វាយដទៃទេ កាលណាដុះ ដុះ ៥-៦ឯណោះ 4-5-6 ហើយយើងឆ្កឹះដល់វាដុះបានមួយចំអាមអ៊ីចឹងយើងចាប់ឆ្កឹះដើម ឆ្កឹះថ្នមៗយកឫស ដោយឡែកៗយកដាំទៅ អាហ្នឹងពេលយើងក្រ ដល់ពេលយើងសំបូរអត់ធ្វើអ៊ីចឹងទេ ដាក់ក្នុងកន្ទោងហើយបើដុះច្រើនកាត់ចោលទុកមួយៗ» ។
«មួយថ្ងៃស្រោចតែម្ដងបានហើយ ឲ្យតែស្រោចវាជោកតែម្ដងហើយ ២-៣ថ្ងៃទៀតចាំស្រោចទៀត» ។
បាទលោក ម៉ឹត ម៉ិល បញ្ជាក់ថាបើស្រោចជោកជាំហើយ ២-៣ថ្ងៃស្រោចម្តងក៏បាន ។
សូមជម្រាបថាតាមក្បួនដាំស្វាយខ្លះ គេឲ្យស្រោចទឹកឲ្យមានត្រឹមសំណើមល្មមសម្រាប់កូនស្វាយ ដែលបណ្តុះក្នុងស្បោងឬថង់ប៉្លាស្ទិក ដើម្បីឲ្យទឹកក្នុងស្បោងឆាប់ហួតដែលនឹងធ្វើឲ្យដើមកូនស្វាយ រឹងលឿនជាងការស្រោចទាល់តែជោកជាំ ។
បើបណ្តុះផ្ទាល់ក្នុងរងបណ្តុះអស់លោកអ្នកចាំបាច់ត្រូវត្រួតពិនិត្យមើលជានិច្ចកុំទុកឲ្យដីស្ងួតហែង ។ កូនស្វាយដែលដាក់ដាំក្នុងចម្ការហើយត្រូវមានការស្រោចទឹកជាប្រចាំ ព្រោះស្វាយដែលទើបដាំថ្មីៗ ឫសរបស់វានៅមិនទាន់រឹងមាំតែគួរប្រយ័ត្នកុំស្រោចឲ្យជោកពេក ព្រោះការនេះនឹងធ្វើឲ្យកូនស្វាយចាក់ឫសយឺត ។
ចាំដល់ស្វាយចាប់ផ្តើមចេញស្លឹកថ្មីមានទាំងស្លឹកខ្ចី-ស្លឹកចាស់ទើបវាត្រូវការទឹកច្រើន ។
ទោះជាយ៉ាងណាក៏ដោយតាមការសង្កេតរបស់លោក ម៉ឺត ម៉ឹល នៃក្រុមប្រឹក្សាឃុំកោះខែល ស្វាយកែវល្មៀត ជាពូជស្វាយដែលមិនរលាំទឹក អាចដាំបានតាមទីទំនាប ៖ «ស្វាយហ្នឹងអត់ចេះរលាំ ខ្ញុំដាំនៅលើដីទួលទេ ដីលើក ប៉ុន្តែមានពេលខ្លះគេដាំដីលិចទឹក លិចត្រឹមជង្គង់អី ដល់ពេលអ៊ីចឹងកុំដើរកាត់វា បើបង្គោលបោះឲ្យត្រឹមត្រូវអត់អីទេ លិចត្រឹមជង្គង់ មិនអីទេ អត់រលាំទេ»។
កាលពីសប្តាហ៍កន្លងទៅលោក ម៉ឺត ម៉ឹល បានជម្រាបថាស្វាយកែវល្មៀតល្អ អាចផ្តល់ផលមួយឆ្នាំ បាន២ដង ៖ «ឥឡូវគេកំពុងពេញនិយមកែវល្មៀត ព្រោះអាហ្នឹងមួយរដូវបានពីរដង តែថ្លៃមិន ប្រហែលកែវចិនទេ ប៉ុន្តែលទ្ធផលរបស់វាបានទទួលផលពីរដង ក្នុងមួយឆ្នាំវាផ្លែជាង» ។ ក៏ប៉ុន្តែ ការចេញផ្លែបាន២ដងក្នុង១ឆ្នាំនេះពុំមែនជាធម្មជាតិឬលក្ខណៈពិសេសអ្វីរបស់ស្វាយល្មៀត នេះឡើយ។
លោក ម៉ឹក ម៉ឺត ប្រាប់ថាផ្លែ២ដងព្រោះប្រើថ្នាំ ៖ «ស្វាយដាំទៅដែលវាផ្លែពីរដងទៅ មិនមែនថាកំណើតវាផ្លែអ៊ីចឹងទេ អានេះបាញ់ថ្នាំវិទ្យាសាស្រ្តគេ គេធ្វើវាឲ្យផ្លែបានពីរដងក៏ប៉ុន្តែ ការផ្លែច្រើនហ្នឹងឆាប់ងាប់ ម៉េចក៏អត់ទាន់មានដឹងព្រោះអត់ទាន់មានឃើញងាប់» ។
ស្តីពីការដាំស្វាយហើយចេញផ្លែច្រើនដងក្នុងមួយឆ្នាំ មានពូជស្វាយមួយប្រភេទដែលបង្កាត់ ដោយអ្នកជំនាញខាងកសិកម្មថៃ ឈ្មោះថា ណាមដកម៉ាយថៈវ៉ាយលេខ៤ ដែលហៅកាត់ ខ្លីៗថាស្វាយណាមដកម៉ាយ ។ ស្វាយនេះអាចចេញផ្កាហើយជាប់ផ្លែបាន៣ដងក្នុងមួយឆ្នាំ ។
ក្នុងរយៈពេលដែលដើមវាលូតលាស់ពេញទីហើយនោះ ស្វាយណាមដកម៉ាយ មានការលូតលាស់ខុសប្លែកពីការលូតលាស់របស់ស្វាយទូទៅ គឺផ្កាលើកទី១នៅដើមរដូវភ្លៀង គឺផ្កាខុសរដូវ ផ្កាលើកទី២ នៅចុងរដូវភ្លៀង ហើយលើកទី៣នៅក្នុងរដូវរងាដែលជាពេលចេញផ្កា ធម្មតារបស់ស្វាយទូទៅដែលចេញផ្កាតែម្តងគត់ក្នុងអំឡុងពេលមួយឆ្នាំ គឺនៅក្នុងរដូវរងានេះ ដោយនៅរដូវភ្លៀងស្វាយទូទៅតែងតែលូតលាស់ផ្នែកមែកធាងត្រួយស្លឹក។ ក៏ប៉ុន្តែសម្រាប់ស្វាយណាមដកម៉ាយ ទន្ទឹមនឹងបែកមែកធាងត្រួយស្លឹក វាក៏បែកទងផ្កាផងដែរ ។
សម្រាប់ពូជស្វាយណាមដកម៉ាយថៈវ៉ាយនេះ រយៈកាលផ្តល់ផលដូចតទៅលើកទី១ ៖ ស្វាយនេះចេញផ្កាក្នុងរដូវរងា គឺប្រមាណខែធ្នូ លុះដល់ខែមករាស្វាយណាមដកម៉ាយនេះនឹង ជាប់ផ្លែបានល្អបំផុត ។ លើកទី២ ៖ ជាការចេញផ្កាខុសរដូវកាលដែលថៃហៅថាថៈវ៉ាយ នៅខែកញ្ញាដល់តុលាលើកទី៣ ជាការចេញផ្កាខុសរដូវម្តងទៀត នៅដើមខែឧសភា ដល់ខែមិថុនា។ក្នុងអំឡុងពេលចុងក្រោយនេះ ស្វាយណាមដកម៉ាយ ផ្តល់ផលតិចបំផុត ។
ខ្ញុំគិតថាពូជស្វាយនេះប្រហែលជាអាចរកទិញបានពីកសិករខ្មែរនៅបាត់ដំបង និងបន្ទាយមានជ័យ តែសូមអភ័យទោសដែលខ្ញុំមិនស្គាល់អាសយដ្ឋានចម្ការដែលមានលក់កូនពូជស្វាយណាមដកម៉ាយ ថៈវ៉ាយលេខ៤នេះ៕
(ដកស្រង់ចេញពី ព្រុំ សុភាព ប្លុក) ITCambo