រឿងឳពុកក្មេករើសកូនប្រសារ

ដំនើររឿង

កាល​ពីព្រេងនាយ​ មាន​តា​ចាស់​ម្នាក់​ និង​ដូន​ចាស់​ម្នាក់​ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ​ មាន​កូន​ក្រមុំ​ម្នាក់​ រូប​ល្អ​ណាស់​ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា << អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន​ ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ >> ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ មាន​កម្លោះ​ម្នាក់​ រូបរាង​ស្អាត​បាត​ ចូល​ទៅ​ដណ្ដឹង​កូន​គាត់ៗ​ថា << អើ​ អញ​ឲ្យ​ឯងៗ​ កុំ​ព្រួយ​ចិត្ត​ ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ​ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ​ ទើប​បាន​អញ​ឲ្យ​ឯង​ បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ​ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ​ ឯង​កុំ​ថា​អញ​កាច​ណា >> ។ ម្លោះ​នោះ​ថា << ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន​ ហើយ​ធ្វើ​ការ​អ្វីៗ​ ក៏​បាន​ទាំងអស់​ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ​ តាម​ប្រសាសន៍​លោក​ឪពុក >> ។តា​នោះ​ថា << អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន​ ឯង​ទៅ​សិន​ចុះ​ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម >> ។ កម្លោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។ ព្រឹក​ឡើង​ កម្លោះ​នោះ​មក​វិញ​ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេកៗ​នោះ​ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក​ ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួច​ហើយ​តា​នោះ​ ក៏​ប្រាប់​ទៅ​កូន​ប្រសារ​ថា << នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ​ ហើយ​សឹម​ឯង​ដោះ​ក្របី >> ។ អ្នក​កម្លោះ​ទៅ​ចាប់​ក្របី​មក​ទឹម​ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កម្លោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា <<ម្ដាយ​អា​ថ្ម​នេះ​កាលណា​នឹង​យំ​ឡើង>>។កម្លោះ​នោះ​ជេរ​តែ​ ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា << ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​ អញ​ផ្ដាច់​កូន​ហើយ​ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន >> ។ កម្លោះ​នោះ​ក៏​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​មក​ មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត​ គាត់​ក៏​បង្គាប់​ដូច​កម្លោះ​មុន, តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា​ គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង​ លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ​ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ​ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កម្លោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា << ឱ ! លោក​ថ្ម​អើយ​ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ​ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ​ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ >> ។ កម្លោះ​នោះ​អង្វរ​ដូចម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កម្លោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម​ លុះ​និយាយ​យូរៗ​ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន​ គាត់​នឹក​អាណិត​ក្របី​គាត់​ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តែវៗ, អ្នក​កម្លោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា << កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ >> ។ កម្លោះ​នោះ​ក៏​លា​ទៅ​ផ្ទះ​ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍​ នៅ​ក្រោម​ដំណេក​តា​នោះ​ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក​ ក៏​និយាយ​នឹង​យាយ​ថា << ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន​ ប៉ុន្តែ​រូប​រាង​វា​អាក្រក់​ មិន​សម​នឹង​កូន​យើង​ដូច្នេះ​ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ​ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? ។ ដូន​ឆ្លើយ​ថា << ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា​តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន​ ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់​ វា​ខឹង​វា​ជេរ​នោះ​ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ​ ហើយ​មក​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ >> ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ​ ក៏​ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ​ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា << កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ​ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ ឡើង​ទៅ​តាម​ឲ្យ​ឆាប់​ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក​ មិន​ទាន់​ទាំង​ហូប​បាយ​ផង​ មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់​ និង​អាល​ដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប >> ។ កម្លោះ​នោះ​ទទួល​អម្រែក​ហើយ​ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់​ ក៏​រែក​ចុះ​មក​វិញ​ ហើយ​ស្ដី​ថា​ ឱ ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់​ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ​ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច​ បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល >> ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ​ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ​ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ​ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ​ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង​ ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់​ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា << ជើរ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់​ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន​ បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ​ ចូល​មិន​ចុះ​ទេ >> ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា​តា​ចាស់​ក្ដៅ​ណាស់​ហើយ​ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង​ រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង​ លោក​តា​ចាស់​បម្រះ​ញ័រៗ​ ទើប​អ្នក​កម្លោះ​ស្រាយ​ការុង​ចេញ​ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង​ ឆេះ​ទាំង​សក់​ក្បាល​ក៏​ជំរាប​ថា << ជើ​ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន​ កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ >> ។ តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច​ ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ ទ្រម​ខ្លួន​មួយ​ថ្ងៃ​ ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ ណា​មួយ​ដោយ​រលាក​ភ្លើង ។ មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសារ​ថា<< ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក >> ។ ឯ​កូន​ប្រសារ​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។ លុះ​យប់​ តា​ចាស់​ដូន​ចាស់​ ចូល​ដេក​ ក៏​និយាយ​គិត​គ្នា​ទៀត ។ តា​ថា​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? អា​នេះ​មាន​ប្រាជ្ញា​ណាស់​ តែ​បើ​ឲ្យ​កូន​យើង​ទៅ​វា​ វា​មិន​សម​នឹង​កូន​យើង, ពី​ថ្ងៃ​មិញ​វា​ដឹង​ថា​ឯង​នៅ​ក្នុង​ការុង​ វា​រែក​ទៅ​ដល់​កណ្ដាល​ផ្លូវ​វា​ថា​ធ្ងន់​ណាស់​ តែ​វា​មិន​ជេរ​ម្ដាយ​ទេ​ វា​រក​ទី​ណា​មាន​ស្បូវ​ស្ងួត​ វា​រែក​អម្រែក​ទៅ​ដាក់​កណ្ដាល​ស្បូវ​ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ, លុះ​ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែក​ថា << នរណា​ ដុត​ភ្លើង​នេះ​ឆេះ​អម្រែក​វា​អស់ >> ។ ហើយ​វា​ឈរ​ស្រែក​មិន​ចូល​យក​ទុក​ទាល់​តែ​ភ្លើង​ឆេះ​ ដល់​ក្ដៅ​រលាក​ឯង​ ទៅ​ហើយ​ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញ​មក, អញ​ភ័យ​ណាស់​ ប៉ុន្តែ​ចេញ​មិន​រួច​ព្រោះ​វា​ចង​មាត់​ការុង​ជាប់​ អញ​រលាក​អស់​ទាំង​ខ្លួន, ឥឡូវ​នេះ​យើង​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? ។ យាយ​ថា << ឥឡូវ​នេះ​ យើង​គិត​ថា​ តា​ឯង​ធ្វើ​ម្ចាស់​ឲ្យ​វា​ធ្វើ​ឆ្កែ​នាំ​ទៅ​បណ្ដើរ​រក​អណ្ដើក​ ឲ្យ​វា​វារ​ដូច​ឆ្កែ, បើ​វា​រក​អណ្ដើក​មិន​បាន​ ឬ​វា​បោល​មិន​ទាន់​ទេ​ នោះ​យើង​ផ្ដាច់​វា​បាន >> ។ តា​ចាស់​ថា << អើ ! តា​ចាស់​ថា << អើ ! ដូន​គិត​ដូច្នេះ​ត្រូវ, ព្រឹក​អញ​ធ្វើ​ដូច​ជា​ឯង​ថា >> ។ តា​យាយ​គិត​គ្នា​ហើយ​ ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​នោះ​ ស្ដាប់​ដឹង​ការណ៍​អស់​ហើយ​ វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ , ដល់​មាន់​រងាវ​ទើប​ពុន​អណ្ដើក​យក​ទៅ​ចង​ទុក​ក្នុង​គម្ពោត​ស្មៅ​វាល​ ឯ​នេះ​ ឯ​នោះ​ ពាស​ពេញ​តែ​វាល​ ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្ដើក​នោះ​ ហើយ​វិល​មក​ផ្ទះ​ ដេក​ធ្វើ​ព្រងើយ​ទៀត។ លុះ​ព្រឹក​ព្រហាម​ឡើង​ ចៅ​នោះ​ទៅ​ដល់​ផ្ទះ​ឪពុក​ក្មេក​ម្ដាយ​ក្មេកៗ​ ក៏​ឲ្យ​កូន​ក្រមុំ​គាត់​រៀប​បាយ​ លើក​យក​មក​ឲ្យ​ស៊ីៗ​ រួច​ហើយ​ក៏​ប្រាប់​ថា << កូន ! ឥឡូវ​នេះ​ យើង​ទៅ​បណ្ដើរ​អណ្ដើក​ ប៉ុន្តែ​យើង​គ្មាន​ឆ្កែ​ កូន​ឯង​ធ្វើ​ឆ្កែ​ ឪ​ធ្វើ​ម្ចាស់​ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យក​មក​ស៊ី >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​តា​ចាស់​ពុន​បាយ​សំណុំ​ ទឹក​បំពង់​ ដើរ​ចេញ​ពី​ផ្ទះ​ទៅ។ ចៅ​នោះ​ក៏​បោល​ជើង​៤​តាម​ក្រោយ​ ទៅ​ដល់​វាល​កន្លែង​វា​ចង​អណ្ដើក​នោះ​ វា​ក៏​បោល​ទៅ​មុខ​ចូល​គុម្ពោត​ស្មៅ​មួយ​ ធ្វើ​ជា​កោះ​ង៉ុងៗ។ តា​ចាស់​រត់​ទៅ​ដល់​វា​ខាំ​បាន​អណ្ដើក​មួយ​ ហើយ​ទៅ​ទៀត​ ខាំ​បាន​អណ្ដើក​ប្រាំមួយ​ប្រាំពីរ, ដល់​ថ្ងៃ​ត្រង់​តា​ចាស់​ឃ្លាន​ពេក​ណាស់​ ក៏​អង្គុយ​គិត​នឹង​ស្រាយ​បាយ​ស៊ី។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង​ ក៏​បោល​ទៅ​ដេញ​ខាំ​ក្របីៗ​ បោល​ចូល​ស៊ី​ស្រូវ​ស្រែ​អ្នក​ស្រុក។ តា​ចាស់​ឃើញ​ហើយ​ រត់​ទៅ​ដញ​ក្របី​ចេញ​ពី​ស្រែ, ឆ្កែ​បោល​មក​ស៊ី​បាយ​អស់​ ហើយ​បោល​ទៅ​បាត់ ។ ឯ​ឪពុក​ក្មេក​ជា​ម្ចាស់​ឆ្កែ​វិល​មក​វិញ​ រក​បាយ​ស៊ី​គ្មាន​ព្រោះ​ឆ្កែ​ស៊ី​អស់​ខឹង​ណាស់​ ដេញ​វាយ​វា​ពុំ​ទាន់​ ណា​អស់​កម្លាំង​ឃ្លាន​បាយ​ ណា​ផ្លូវ​ឆ្ងាយ​ ក៏​ខំ​ដើរ​មក​ផ្ទះ​វិញ​ទាំង​អត់​បាយ​ ដើរ​ពុំ​ចង់​រួច​ បន្ទោស​ឆ្កែ​មិន​បាន​ ត្បិត​វា​ចំណាំ​អីចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ​ ប្រាប់​កូន​ប្រសារ​ថា << ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ >> ដល់​យប់កូន​ប្រសារ​មក​ស្ដាប់​តា​យាយ​គិត​គ្នា​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក, តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសារ​នោះ​ធ្វើ​សព្វគ្រប់​ ហើយ​តា​ឲ្យ​យាយ​ជួយ​គិត​ទៀត។ ដូន​ចាស់​ប្រាប់​ថា << ពី​មុន​វា​ធ្វើ​ឆ្កែ​ តា​ឯង​ធ្វើ​ម្ចាស់​ បាន​ជា​វា​ធ្វើ​បាប​តា​ឯង​បាន​ ដូច្នោះ​ព្រឹក​នេះ​ តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​ម្ដង​ ឯ​តា​ឯង​ធ្វើ​ឆ្កែ​វិញ >> ។ តា​យាយ​គិត​គ្នា​ ហើយ​ដេក​ទៅ។ ចៅ​នោះ​លប​ស្ដាប់​បាន​ការណ៍​ហើយ​ ក៏​ទៅ​ដេក​ឯ​ផ្ទះ​វា​ហី។ ព្រឹក​ឡើង​ចៅ​នោះ​ ទៅ​បម្រើ​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទៀត។ តា​យាយ​ឲ្យ​កូន​ក្រមុំ​លើក​បាយ​មក​ឲ្យ​វា​ស៊ី។ រួច​ហើយ​តា​ក៏​ប្រាប់​ថា << កូន​អើយ ! ពី​ម្សិល​មិញ​ឯង​ធ្វើ​ឆ្កែ, ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញ​ម្ដង​ អញ​ធ្វើ​ឆ្កែ​វិញ >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​ពុន​បាយ​និង​ទឹក​ទៅ​ ឯ​តា​វារ​ធ្វើ​ជា​ឆ្កែ​បោល​តាម​ក្រោយ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​ទៅ​ វា​ខំ​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​ឪពុក​ក្មេក​វា​បោល​ទាន់។ តា​បោល​ពុំ​ទាន់​ ត្បិត​ខ្លួន​ចាស់​ ដើរ​ត្រុកៗ​តាម​ក្រោយ​វា, ឯ​វា​ក៏​បែរ​មក​ថា << ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់​ ទៅ​មុខ​មិន​ទៅ​ ដើរ​តែ​ក្រោយ​ម្ចាស់​ រក​អណ្ដើក​ម្ដេច​បាន ? ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅ​មុខ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ​ រក​អណ្ដើក​ក៏​មិន​បាន, កូន​ប្រសារ​វាយ​ស្ទើរ​ស្លាប់​ ហត់​ស្ទើរ​ដាច់​ខ្យល់​ តែ​ពុំ​ហាន​ស្ដី​ ព្រោះ​ខ្មាស់​កូន​ប្រសារ។ លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃ​ត្រង់​ វា​ស្រាយ​បាយ​ស៊ី​ ហើយ​វា​ថា << ឆ្កែ​អី​រក​អណ្ដើក​មិន​បាន​ដើរ​តែ​ក្រោយ​មនុស្ស​ ស៊ី​តែ​បាយ​អង្អស់ >> ហើយ​វា​បង្អត់​មិន​ឲ្យ​បាយ​ស៊ី​ វា​ឲ្យ​តែ​ឆ្អឹងឆ្អែង, ឆ្កែ​ចាស់​អង្គៀម​ក៏​មិន​បែក​ ត្បិត​គ្មាន​ធ្មេញ​ ឃ្លាន​ណាស់​អង្គុយ​មើល​តែ​មុខ​វា​ ទាល់​តែ​វា​ស៊ី​ហើយ​វា​វាយ​មួយ​ព្រនង់​ទៀត​ វា​ថា << ណ្ហើយ ! ទៅ​ផ្ទះ​ចុះ​ បើ​មិន​ផេះ​ទេ​ ឆ្កែ​អី​ឆ្នែង​យ៉ាង​ហ្នឹង >> ហើយ​វា​ឡើង​ដើរ​វិល​ទៅ​ផ្ទះ​វិញ ។ តា​ចាស់​ហត់​ណាស់​ វារ​មិន​រួច​​ឡើង​ដើរ​ទៅ​តាម​ក្រោយ​កូន​ប្រសារ​ ធ្វើ​មុខ​ស្រមេះ ។ លុះ​ទៅ​ដល់​ចៅ​កម្លោះ​ប្រាប់​ម្ដាយ​ក្មេក​ថា << ម៉ែ ! រក​អណ្ដើក​មិន​បាន​ទេ​ ព្រោះ​ឆ្កែ​មិន​ស្វាក់ >> ។ តា​ចាស់​ខឹង​ណាស់​ប្រាប់​កូន​ប្រសារ​ថា << ឯង​ទៅ​ផ្ទះ​ចុះ​ ព្រឹក​សឹម​មក​វិញ >> ។ ចៅ​នោះ​ក៏​លា​ទៅ, ដល់​យប់​មក​ពួន​លប​ស្ដាប់​ក្រោម​ផ្ទះ​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក, តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូន​ប្រសារ​បាប​ ហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា << ណ្ហើយ ! ឲ្យ​កូន​ទៅ​វា​ទៅ​ ផ្ដាច់​វា​មិន​បាន​ទេ, អា​នេះ​មាន​ប្រាជ្ញា​ណាស់​ ឯង​គិត​អី​ក៏​វា​ដឹង​មុន​ទាំងអស់, វា​ធ្វើ​បាប​ស្ទើរ​តែ​ស្លាប់​ ម្ដេច​ក៏​មិន​រាង >>។ តា​ចាស់​ឆ្លើយ​ថា << នឹង​ឲ្យ​វា​ទៅ​មើល​ទៅ​រូបរាង​វា​ មិន​សម​នឹង​កូន​យើង​សោះ, ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង​ ឲ្យ​វា​ជេរ​ម្ដាយ​ វា​មិន​ជេរ​ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្ដង​ទៀត​ បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្ដាច់​វា >> ។ ដូន​ចាស់​ថា << អើ ! ឥឡូវ​នេះ​ មាន​តែ​ដល់​ពេល​មាន់​រងាវ​ តា​ឯង​លុប​មុខ​ ស៊ី​ស្លា​ ហូប​បាយ​ ចូល​ទៅ​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ច្រក​អង្ករ​ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​នឹង​ប្រាប់​វា​ថា​ តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់, ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​វា​រែក​ទៅ​តាម​ឲ្យ​ទាន់​ នៅ​វេលា​ស៊ី​បាយ​ព្រឹក​ ត្បិត​ផ្លូវ​ផ្សារ​ ក៏​ឆ្ងាយ​ដែរ, បើ​វា​រែក​ទៅ​មិន​ទាន់​ទេ​នោះ​ លុះ​មក​វិញ​នឹង​ផ្ដាច់​កូន​ពី​វា​បាន​ងាយ​ មួយ​ទៀត​តែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​មុខ​ជា​ធ្ងន់​ វា​ប្រហែល​ជា​វា​គិត​ឃើញ​ថា​ស្ងាត់​ហើយ​ វា​ជេរ​មិន​ខាន >> ។ តា​ចាស់​និង​យាយ​គិត​គ្នា​ហើយ​ ក៏​ដេក​ទៅ ។ ឯ​កូន​ប្រសារ​លប​ស្ដាប់​នៅ​ក្រោម​ផ្ទះ​ដឹង​ការណ៍​ហើយ​ ក៏​ទៅ​ដេក​ផ្ទះ ។ លុះ​ព្រឹក​ឡើង​ ចៅ​នោះ​រៀប​ខ្លួន​ ដើរ​ចេញ​ទៅ​បម្រើ​ឪពុក​ក្មេក​ទៀត, ដល់​ហើយ​ម្ដាយ​ក្មេក​ឲ្យ​កូន​ក្រមុំ​លើក​បាយ​ យក​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត, ស៊ិ​ហើយ​ក៏​ប្រគល់​អម្រែក​ឲ្យ​កូន​ប្រសារ​ រែក​ទៅ​តាម​ឪពុក​ក្មេក​ឯ​ផ្សារ​ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិត​ថា << ម្ដង​នេះ​អញ​ធ្វើ​ឲ្យ​ឪពុក​ក្មេក​អញ​នេះ​ ឲ្យ​កូន​មក​អញ​ កុំ​ឲ្យ​គាត់​រក​កល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត >> ។ ហើយ​គិត​តែ​រែក​ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​ ដាក់​អម្រែក​ចុះ​ ហើយ​ថា​ ការុង​នេះ​ចង​មាត់​មិន​ជាប់ >> ។ វា​យក​ខ្សែ​ចង​ថែម​ទៀត, លុះ​រែក​ទៅ​ដល់​កន្លែង​មាន​ព្រែក​ មាន​ស្ពាន​ ក៏​ដាក់​អម្រែក​លើ​ស្ពាន​ ឲ្យ​ប្របេះ​ត្រង់​ចុង​ក្ដារ​ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន​ ហើយ​ថា << អញ​អើយ​ ថ្ងៃ​ណាស់​ហើយ​ ម្ល៉េះ​សម​ឪ​អញ​ជេរ​មិន​ខាន​ អម្រែក​ធ្ងន់​ រែក​ម្ដេច​ឲ្យ​ទាន់ ! ណ្ហើយ​ ឪ​ជេរ​ក៏​ជេរ​ចុះ​ អញ​ដាក់​នៅ​នេះ​ ទៅ​វាល​សិន​រួច​សឹម​ទៅ​ទៀត >> ។ និយាយ​បណ្ដើរ​ដើរ​បណ្ដើរ ។ មួយ​ស្របក់​ក៏​កាន់​ឈើ​មួយ​ធំ​ដើរ​មក​ពី​នាយ​បុក​ក្ដារ​ស្ពាន​ឮ​គ្រាំៗ​ ធ្វើ​ហាក់​ដូច​ជា​ដំរី​ឆ្លង​ស្ពាន​ ហើយ​ស្រែក​ថា << នរណា​ដាក់​អម្រែក​នៅ​លើ​ស្ពាន​ ដំរី​អញ​វា​ជាន់​ខូច​អស់​ហើយ​ យក​ចេញ​ឲ្យ​ឆាប់​ ស្រែក​ហើយ​បុក​ក្ដារ​គ្រាំងៗ​ដើរ​ចូល​មក ។ ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិត​ស្មាន​ថា​ដំរី​មែន​ ភ័យ​ក្រែង​ជាន់​ស្លាប់​ក៏​ខំ​បម្រះ​ជៀស​ផ្លូវ​ដំរី​ហួស​ពី​ក្ដារ​ធ្លាក់​ទៅ​ ក្នុង​ទឹកៗ​ ចូល​ការុង​គាត់​ឈ្លក់​ទឹក​ត្រដរ​ញ័រ​ទាំង​ការុង​ស្ទើរ​តែ​នឹង​ស្លាប់ ។ ឯ​កូន​ប្រសារ​ឃើញ​ដូច្នោះ​ ក៏​ទុក​ឲ្យ​ផឹក​ទឹក​បន្តិច​ ឲ្យ​អស់​ខូច​ទៀត​ ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែក​ថា << នរណា​ហ៊ាន​បរ​ដំរី​ឆាយ​អម្រែក​អញ​ ឲ្យ​ធ្លាក់​ក្នុង​ទឹក​ ទទឹក​អង្ករ​អញ​អស់ ! ឱ​អញ​អើយ ! ឱ​ជេរ​ថែម​ទៀត​ហើយ​ ថ្ងៃ​ក៏​កាន់​តែ​ខ្ពស់​ហើយ​ អង្ករ​ទទឹក​ថែម​ទៀត >> ។ អ្នក​កម្លោះ​ឃើញ​ឪពុក​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង​ក៏​ថា << ឱ ! មាន​ត្រី​មក​ប្របេះ​ផង, ណ្ហើយ ! អញ​ចុះ​ទៅ​ស្រង់​មក​មើល >> ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង​មក​មើល​ ហើយ​ថា << អើយ ! បើ​វា​ទទឹក​នឹង​ស្រាយ​ហាល​ថ្ងៃ​ ហើយ​រែក​យក​ទៅ​ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ទុក​ឲ្យ​ឪ >>។ ថា​ហើយ​ស្រាយ​មើល​ឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា ​ ឪ​អើយ ! ម្ដេច​មិន​ស្រែក​ប្រាប់​ខ្ញុំ​ កុំ​អី​ស្លាប់​ទៅ​ហើយ​ គេ​បរ​ដំរី​មក​ពី​ណា​មិន​ដឹង​ គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅ​ក្នុង​ទឹក>>។ តា​ឮ​ហើយ​ឡើង​ឈរ​ ដើរ​វិល​មក​ផ្ទះ​វិញ​មិន​មាន​ស្ដី​មួយ​ម៉ាត់​ ដល់​ទៅ​ផ្ទះ​អស់​ចំណេះ​ ពុំ​ហាន​គិត​ទៀត​ក៏​រៀប​ការ​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​កម្លោះ​នោះ​ទៅ ។
និយាយ​យប់​ ផ្ទប់​ព្រៃ​ និយាយ​ថ្ងៃ​ ព្រៃ​មាន​ត្រចៀក​

ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ