រឿងគោញី

ដំនើររឿង
មាន​និយាយ​ថា កាល​ណោះ​មាន​ស្ដេច ១​អង្គ​មាន​គោ​ញី​១ ដែល​ទ្រង់​ស្រឡាញ់​អស់​ពី​ព្រះ​រាជ​ហឫទ័យ នោះ​ព្រះ​ករុណា​ទ្រង់​ជ្រាប​ថា នឹង​ចិញ្ចឹម​គោ​ញី​នោះ​ឲ្យ​បាន​ល្អ គួរ​ផ្ញើ​នឹង​អ្នក​ស្រែ​ស្រុក​ក្រៅ នៅ​ទីណា​ដែល​មាន​ស្មៅ​ច្រើន​ល្អ ឲ្យ​គោ​នោះ​វា​បាន​ស៊ី​ឆ្អែត​ផង ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅហ្វាយ​ស្រុក​១​នាក់​ឈ្មោះ​អ៊ុក មាន​ងារ​នៅ​ខែត្រ​ដែល​មាន​វាល​ធំ​ល្អ​មក​ទទួល​គោ​ញី​នោះ​នាំ​ទៅ​ឃ្វាល​ឯ​ស្រុក​ស្រែ ចៅហ្វាយ​ស្រុក​ចូល​មក​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដ្បិត​អញ​ផ្ញើ​មេ​គោ​អញ ១ នេះ​ឲ្យ​រាស្រ្ត​ខែត្រ​ចៅហ្វាយ​ស្រុក​ឯង​ឃ្វាល​រក្សា តែ​សត្វ​នេះ​យ៉ាង​ល្អ​ចំឡែក​ប្លែក ហើយ​អញ​ស្រឡាញ់​ណាស់​ផង ដូច្នេះ​ឲ្យ​គេ​ចិញ្ចឹម​ថែទាំ​ឲ្យ​ល្អ ឲ្យ​ប្រយ័ត្ន​បើ​មាន​ឈ្មោះ​ណា​១​មក​ប្រាប់​ថា​មេ​គោ​អញ​នោះ​វា​ស្លាប់ អញ​នឹង​កាប់​ក្បាល​អា​នោះ​ឥត​ឡើយ ឮ​ដូច្នេះ​ហើយ​ចៅងឮហ្វាយ​ស្រុក​ក្រាប​ទូល​ទទួល​ថា ព្រះ​ករុណា​វិសេស ហើយ​នាំ​គោ​ញី​នោះ​ចេញ​ទៅ​ខែត្រ​វិញ មក​ដល់​ហើយ​ចៅហ្វាយ​ស្រុក​ប្រមូល​អស់ នាហ្មឺន មេ​ស្រុក ជំទព់​រាស្ត្រ​ទាំង​អស់​ផ្ដាំ​ថា គោ​ញី ១ នេះ​របស់​លួង​ជាអំម្ចាស់ ទ្រង់​បាន​ផ្ញើ​ឲ្យ​យើង​ឃ្វាល​រក្សា​ថែទាំ​ឲ្យ​ស្រួល​សប្បាយ​ត​ទៅ​មុខ សេចក្ដី​នេះ​ឲ្យ​នាហ្មឺន​ក្រម្ការ រាស្រ្ត យក​ចិត្ត​ទុក​ចិត្ត​ជួយ​ទាំង​អស់​គ្នា ឲ្យ​មេគោ​នេះ​ចំរើន​កុំ​ខាន​ឡើយ តែ​មិន​ឈឺ​ឆ្អាល​រក្សា​ទេ​ឲ្យ​ទៅ​ជា​ស្លាប់​នោះ ព្រះ​ករុណា​នឹង​ឲ្យ​កាប់​ក្បាល​យើង​ទាំង​អស់​គ្មាន​ប្រណី​ឡើយ ។ នោះ​នាហ្មឺន​ក៏​រក​រើស​ភូមិ​ណា​ដែរ​មាន​ស្មៅ​ច្រើន​ល្អ​យ៉ាង​ឯក​ឲ្យ​រាស្រ្ត​ភូមិ​នោះ យក​មេ​គោ​របស់​លួង​ទៅ​ឃ្វាល​ឲ្យ​សំខាន់ ឯ​រាស្រ្ត​ក៏​ចេះ​តែ​ខំ​ប្រឹង​យក​ចំណី​ឲ្យ​មេ​គោ​នោះ​ស៊ី​តែ​រាល់​គ្នា សព្វ​ថ្ងៃ​វេលា​នោះ​មេ​គោ​នោះ​វា​ឡើង​ជា​ធាត់​ណាស់ ពុំ​ចេះ​ដើរ​រក​ស្មៅ​ស៊ី​ទេ ចាំ​តែ​ក្នុង​រោង​ឲ្យ​រាស្រ្ត​យក​អ្វី​ឲ្យ​វា​ស៊ី ក៏​រាស្រ្ត​ចេះ​តែ​យក​ចំណី​ជា​ច្រើន​ពេញ​កញ្ជើ​ការុង ជា​រាល់​វេលា យក​ស្មៅ​ខ្ចី​ខ្លះ សំណាប​ខ្លះ ទំពាំង​ឫស្សី​ខ្លះ ស្រូវ​ខ្លះ កួ​ពោត​ខ្ចី ៗ ខ្លះ ឯ​គោ​នោះ​វា​ស៊ី​ក្រៃ​ពេក ទាល់​តែ​ស្លាប់​ទៅ​ដោយ​តែ​វា​ស៊ី​ហួស ឃើញ​ដូច្នេះ​រាស្រ្ត​តូច​ចិត្ត ទៅ​ប្ដឹង​ជំទព់ ៗ រត់​ទាំង​ខ្លាច​ទៅ​ប្ដឹង​មេ​ស្រុក ៗ ភ័យ​ណាស់​ពុំ​ហ៊ាន​ទៅ​ជំរាប​លោក​ចៅហ្វាយ ទៅ​ប្ដឹង​ត្រឹម​ស្មៀន ៗ ភ័យ​ពន្លឹក​ទៅ​ជំរាប​បាឡាត់ ៗ ឮ​តាម​សេចក្ដី​ក៏​ញ័រ​ទាំង​ដៃ​ទាំង​ជើង ចូល​ទៅ​ឯ​លោក​ចៅហ្វាយ ៗ ឃើញ​បាឡាត់​ដូច្នេះ​ក៏​សួរ​ថា កើត​គ្រោះ​អ្វី​ក៏​លោក​បាឡាត់​ញ័រ​ទាំង​ដៃ​ទាំង​ជើង​យ៉ាង​ម្ល៉េះ នោះ​បាឡាត់​ឆ្លើយ​ទៅ​វិញ​ថា ខ្ញុំ​ប្របាទ​ពុំ​ហ៊ាន​និយាយ​ទេ ឯ​ចៅហ្វាយ​ប្រាប់​ថា​មិន​ឥ​ទេ ឲ្យ​លោក​បាឡាត់​និយាយ​ចុះ នោះ​បាឡាត់​និយាយា​ថា សូម​មេត្តា​ប្រោស ដ្បិត​មេ​គោ​ព្រះ​ករុណា​វា​ស្លាប់​ទៅ​ហើយ ឮ​ដូច្នេះ​ចៅហ្វាយ​ស្រុក​ក៏​ស្លុត​ញ័រ​សព្វ​សាច់ ស្រែក​ថា ខ្ញុំ​អើយ​ម្ដង​នេះ​ឃើញ​ជា​ផុត​ជីវិត​ហើយ ដ្បិត​លួង​ជា​ម្ចាស់​ជីវិត​មាន​ព្រះ​បន្ទូល​ផ្ដាំ​ថា បើ​នរណា​ទៅ​ទូល​ថា​មេគោ​នោះ​ស្លាប់ នឹង​ឲ្យ​កាប់​ក្បាល យី​ខ្ញុំ​ពុំ​ព្រម​ទៅ​ថ្វាយ​បង្គំ​ក្រាប​ទូល​តាម​ដំណើរ​ទេ ឲ្យ​លោក​បាឡាត់​ទៅ​ចុះ ឯ​បាឡាត់​ប្រកែក ឯ​ការ​ដែល​ចូល​ទៅ​ក្រាប​ទូល​ព្រះ​ករុណា​ក្នុង​វេលា​នេះ ជា​ក្រសួង​របស់​ចៅហ្វាយ​ស្រុក ពុំ​គួរ​ប្រើ​នាហ្មឺន​ណា​ទៅ​ជួស​ឡើយ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យូរ​ខ្លាំង​ណាស់ ។ កាល​ណោះ​ជួន​ជា​កូន​ក្រមុំ​ចៅហ្វាយ​ស្រុក​ដើរ​លេង​ក្នុង​ច្បារ​ជិត​ខាង​សាលា​ខែត្រ ឮ​ចៅហ្វាយ​ស្រុក​ជា​អាពុក​ក្សឹក​ក្សួល​ដូច្នេះ ក៏​នាង​ឡើង​ទៅ​លើ​សាលា​សួរ​ថា ឪ​អើយ​មាន​ការ​អ្វី​ឲ្យ​បារមណ៍​ចិត្ត​ម្ល៉េះ នោះ​ចៅហ្វាយ​ស្រុក​ប្រាប់​មក​វិញ​ថា កូន្នើយ​អាពុក​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​គោ​ញី​របស់​លួង​វា​ស្លាប់​ទៅ​ហើយ ឯ​ព្រះ​ករុណា​បាន​ផ្ដាំ​ថា បើ​អ្នក​ណា​ចូល​ទៅ​ក្រាប​ទូល​ថា​មេគោ​នោះ​ស្លាប់ ព្រះ​ករុណា​នឹង​កាប់​ក្បាល​អ្នក​នោះ​ឥត​ប្រណី ហេតុ​នេះ​បាន​ជា​អាពុក​មាន​ធុរៈ​ជា​ខ្លាំង​ណាស់ ពុំ​ព្រម​ចូល​ចូល​ទៅ​ក្រាប​ទូល​តាម​សេចក្ដី​ទេ ឮ​ដូច្នេះ​ហើយ​នាង​ឆ្លើយ​មក​វិញ​ថា កុំ​ឲ្យ​អាពុក​ព្រួយ​ចិត្ត បើ​ឪ​ពុំ​ហ៊ាន​ទៅ​មិន​ឥ​ទេ ខ្ញុំ​សូម​ទៅ​ជួស ចៅហ្វាយ​ស្រុក​ឃាត់ ពុំ​ព្រម​ឲ្យ​នាង​ទៅ ក្រែង​ស្ដេច​កាប់​ក្បាល​នាង​តាម​ព្រះ​បន្ទូល ឯ​ចៅហ្វាយ​ឃាត់​យ៉ាង​ណា​ក៏​នាង​ក៏​ព្រម​ស្ដាប់ ចេះ​តែ​អង្វរ​ឲ្យ​អាពុក​បើក​ច្បាប់​ឲ្យ​ទៅ ដល់​ចៅហ្វាយ​ទាល់​គំនិត​បើក​កូន​ទៅ​តាម​ប្រាថ្នា​ចិត្ត​ទៅ នោះ​នាង​រៀប​ដំណើរ​ស្លៀក​សំពត់​ហូល​ល្អ បង់​ក​កំាម៉ា​ព្រែ​យ៉ាង​ល្អ ចូល​ទៅ​គាល់​នៅ​អង្គុយ​ស្ងៀម​នឹង​គេ នោះ​ស្ដេច​ទត​ឃើញ​នាង​ក្រមុំ​នោះ​មាន​រូប​ល្អ​ណាស់​មាន​ព្រះ​បន្ទូល​សួរ​ថា នាង​មក​ពី​ណា​អញ​ពុំ​ដែល​ស្គាល់​មុខ​សោះ នោះ​នាង​ក្រាប​ទូល​ថា ពរ​ម្ចាស់​ខ្ញុំ​ម្ចាស់​មិន​មែន​នៅ ៗ ក្រុង​ទេ ខ្ញុំ​ម្ចាស់​នៅ​ស្រុក​ក្រៅ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​ឈ្មោះ អ៊ុក នោះ​ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​ថា ចៅហ្វាយ​ស្រុក​អ៊ុក​ដែល​ចិញ្ចឹម​មេ​គោ​អញ​នោះ​ឬ​ឥ នាង​ក៏​ក្រាប​ក្រាប​ទូល​ថា​ពរ​ម្ចាស់ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​នេះ​ឯង នោះ​ព្រះ​ករុណា​ក៏​ទ្រង់​ព្រះ​សោមនស្ស​ណាស់ សួរ​ថា​ឯ​មេ​គោ​អញ​សព្វ​ថ្ងៃ​នេះ មេ​គោ​ព្រះ​ករុណា​វា​ពុំ​ចេះ​ផឹក​ទឹក​ទេ ស្ដេច​ឮ​ដូច្នេះ​ឆ្ងល់​ណាស់​សួរ​ទៀត​ថា វា​ស៊ី​ស្មៅ​ស្រួល​ទេ នោះ​នាង​ឆ្លើយ​ឡើង​វិញ វា​ពុំ​ចេះ​ស៊ី​ស្មៅ​ទេ ស្ដេច​សួរ​ថា បើ​ដូច្នេះ​មេ​គោ​អញ​វា​ធ្វើ​អ្វី នាង​ទូល​ថា​វា​ពុំ​ចេះ​បន្ទោរ​មូត្រ​ទេ នោះ​ស្ដេច​ក៏​ឆ្ងល់​រឹត​តែ​ខ្លាំង​ឡើង សួរ​ថា​អ្វី​ទៀត ឯ​នាង​ក្រាប​ទូល​ថា មេ​គោ​នោះ​វា​លែង​បន្ទោរ​ល្មក់​ផង ស្ដេច​ក៏​ស្រែក​ថា ណ្ហើយ​មេគោ​អញ​វា​ពុំ​ចេះ​ផឹក​ទឹក ពុំ​ចេះ​ស៊ី​ស្មៅ​លែង​នោម លែង​ជុស​អាចម៍ នោះ​ដូច​ជា​មេ​គោ​អញ​វា​ស្លាប់​ទៅ​ហើយ នាង​ក៏​ក្រាប​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​ករុណា​មាន​ព្រះ​បន្ទូល​ថា មេ​គោ​នោះ​វា​ស្លាប់​ហើយ ឯ​ខ្ញុំ​ម្ចាស់​មិន​បាន​ក្រាប​ទូល​ថា​ដូច្នេះ​សោះ ហេតុ​នេះ​មិន​មែន​ជា​ក្បាល​ខ្ញុំ​ម្ចាស់​ទេ​ដែល​គួរ​កាប់​នោះ ឮ​ដូច្នេះ​ហើយ​ស្ដេច​ក៏​ទ្រង់​ព្រះ​សំរួល​ពុំ​មាន​ខ្ញាល់​ឡើយ ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់​ទៅ​នាង​វិញ​ផង ហើយ​មាន​ព្រះ​បន្ទូល​ត្រាស់​បង្គាប់​ឲ្យ​ទិម​ព្រះ​រាជ​រថ ១ នាំ​នាង​វិល​ទៅ​ផ្ទះ​វិញ ទ្រង់​អភ័យ​ទោស​ទាំង​អស់ ។

ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ