ព្រះក្រិស្ណ នាំសារទៅកាន់រាជសំណាក់កុរុ មិនសម្រេចផលដូចបំណងចរផ្គងត្រឡប់ទៅមិនយូរ ទុរយោជន៍ក៏បញ្ជូនរាជសារបបួលច្បាំងទៅដល់បាណ្ឌវក្សត្រិយ៍ ក្នុងរាជសារបបួលច្បាំងនោះ ពេញទៅដោយនូវពាក្យប្រមាទជាទីបំផុតចេតនាប្រុងតែប្រើអាវុធគឺការ មើលងាយ ជាងការប្រកាសសង្គ្រាម សេចក្ដីថា ទ្រង់ស្បថទុកថា ទ្រង់នឹងធ្វើសង្គ្រាមដណ្ដើមជ័យជម្នះគ្នានឹងយើង ក៏ឥឡូវដល់វេលានេះហើយ ដែលទ្រង់នឹងត្រូវបដិបត្តិតាមពាក្យសម្បថដ៏ពិតនោះ រាជអាណាចក្ររបស់ទ្រង់ត្រូវយើងអូសយក នាងទ្រៅបទីរបស់ទ្រង់ ក៏ត្រូវយើងធ្វើផ្ចាញ់ផ្ចាលឲ្យបាននូវសេចក្ដីអាម៉ាស់មុខ ស្ទើរដកដង្ហើមមិនរួច ព្រះអង្គទ្រង់ព្រមទាំងបងប្អូន ត្រូវយើងសង្កត់កនិរទេសឲ្យទៅនៅព្រៃដូចពានរ ភីមយក្ខធំមាត់រឹងអួតខ្ជោលតែមាត់នោះ គេមុខទៅពួនឯណា ភ្លេចហើយឬសម្ដីដែលអួតថានឹងផឹកឈាមទុហសាសន ទុហសាសនចាំមើលតែមាត់ឈ្លើងនឹងមកជ្ញជក់ឈាម អរេជុនអួតខ្លាំងពូកែណាស់នៅឯណា ឲ្យគេចេញមកអំពីទីពួនមុខ ហើយសម្ដែងសិល្បសរយ៉ាងក្មេងវត្តទើបហាត់ឲ្យយើងមើលផង នឹងជាអ្វីទៅ នឹងនិយាយអ្វីផ្សេង ៗ ជាច្រើន ។ ពួកបាណ្ឌវបានទទួលពាក្យបបួលច្បាំងនេះទុក ហើយបានបញ្ជូនពាក្យប្រកាសសង្គ្រាមតបទៅដល់ពួកកុរុវិញ តែប្រើសម្ដីរៀបរយតាមទំនៀមរាជការ ។ ថ្ងៃព្រឹកឡើងកងទ័ពទាំងពីរខាង គឺកងទ័ពគោរព និងបាណ្ឌពក៏មកតាំងនៅទីវាលធំ មិនឆ្ងាយអំពីក្រុងហស្តិនបុរប៉ុន្មាន អំពីនោះមកទីនោះក៏ប្រាកដនាមក្នុងពង្សាវតារថា (សង្គ្រាមកុរុក្សេត្រ) ភីស្មៈ ត្រូវរើសជាស្ដេចសឹកកំពូលទ័ព គឺមេទ័ពស្រួច ខាងទ័ពកុរុ ទោណអាចារ្យជាអ្នកបញ្ជាការស្លាបស្ដាំ (គឺជាមេទ័ពខាងស្ដាំ) មានសកុនីជាភូឈួយ និងកងទាហានគន្ធារីជិះសេះកាន់ទួន ទុហសាសនជាអ្នកបញ្ជាការខាងឆ្វេង (គឺមេទ័ពខាងឆ្វេង) ព្រះធ្ឫតរាស្ត្រជាអ្នកបញ្ជាកងទ័ពខាងក្រោយមានសញ្ជ័យ នាយសារថីរបស់ព្រះអង្គនៅជាមួយផង ចាំក្រាបទូលរាយការណ៍សេចក្ដីប្រព្រឹត្តទៅក្នុងទីចម្បាំងឲ្យទ្រង់ ជ្រាប ។ កងទ័ពបាណ្ឌពមាន ធ្ឫស្ដឡុម័ន ឱរសព្រះចៅទ្រុបទ បងប្អូនទ្រៅបទី ជាមេទ័ពស្រួច ជាអ្នកនាំទ័ពខាងបាណ្ឌព ក្នុងកងទ័ពបាណ្ឌពមានក្សត្រិយ៍កម្លាំង ៗ ច្រើន បណ្ដាក្សត្រិយ៍កម្លោះអម្បាលនោះអភិមន្យុ បុត្រអរជុន កើតនឹងនាងសុភទ្រាកនិដ្ឋកគិនីក្រិស្ណ ក្អេងក្អាងជាងគេទាំងអស់ កងទ័ពទុរយោជន៍ មានកម្លាំងរេហ៍ពលរឹងប៉ឹងជាងកងទ័ពយុធិស្ឋិរ ។ អ្នកនាំទ័ពទាំងសងខាងមានសេចក្ដីរីករាយសប្បាយចិត្ត ជាយ៉ាងក្រៃពេកបានចាត់ក្បួនទ័ពដោយរួសរាន់ ទង់ពណ៌ឥន្ទធនូរបស់កងទ័ព ទាំងសងខាងបោកបក់រវិចទៅតាមខ្យល់ ត្រែស័ង្ខក៏ផ្លុំសូរស៊ានរងំទាំងយុទ្ធមណ្ឌល ស្គរជ័យទួងទូង ៗ បណ្ដើរអន្លូងជាចង្វាក់សម្រាប់ប្រាប់ហេតុអ្វី ៗ ដំរីសឹកសោតក៏ស្រែកគឹក ៗ សន្ធឹកសូរសព្ទផ្កាប់ស្ទើរប្រថពី រថសឹកទឹមសេះពាជីគ្រឹក ៗ សន្ធឹកឮដូចផ្គរលាន់ គ្រឿងអាវុធយុទ្ធភណ្ឌបានត្រៀមមកស្រេចគ្រប់មុខគ្រប់យ៉ាង សេនាទាហានទាំងសងខាងសម្រឹងត្រចៀកស្ដាប់បញ្ជាការនាយកាយរបស់ខ្លួន ស្រែកឲ្យត្រៀមចូលវាយសឹក ។ ខណៈដែលកងទ័ពសងខាងកំពុងឈរទ្រឹង សម្លឹងគ្នានឹងគ្នាទៅវិញទៅមក ឃើញហេតុចម្លែក ១ យ៉ាងប្រាកដដល់ភ្នែកមនុស្សទាំងឡាយ គឺយុធិស្ឋិរចុះអំពីរថសឹកដោះគ្រឿងសឹកចេញអំពីព្រះអង្គ ហើយដើរត្រង់ទៅកាន់សំណាក់អ្នកបង្គាប់ការកងទ័ពខាងកុរុ ដែលឈរត្រៀបត្រានៅខាងមុខ តែទ្រង់គ្មានកាន់អាវុធនៅដៃសោះ នេះជាគ្រឿងសម្គាល់ឲ្យឃើញថាទ្រង់មក ដើម្បីសេចក្ដីស្ងប់សឹក ព្រោះតាមកតិកាអ្នកស្រុកឥណ្ឌាថា អ្នកចម្បាំងឯណាទៅប៉ះពាល់កាយបច្ចាមិត្រ ដែលមិនបានកាន់អាវុធក្នុងដៃនោះជាមិនបាន ពួកសេនាទាហានខាងយុធិស្ឋិរ ក៏នឹកឆ្ងល់តែរាល់គ្នាខាងពួកកុរុនាំគ្នារីករាយ ដោយសម្គាល់ថា យុធិស្ឋិរ ស្ញប់ស្ញែងខ្លាចក្រែងបារមី ទើបមកសុំធ្វើសន្យាស្ងប់សឹក ឈប់ច្បាំងប៉ុណ្ណឹងហើយ ក៏បង្អង់ចាំមើលមួយស្របក់គ្មានអ្នកណាហ៊ានធ្វើអ្វី តែភ្នែកមនុស្សរាល់ ៗ រូប ក៏សម្លឹងទៅតែងយុធិស្ឋិរ ខណៈដែលដើរទៅរកនាយទាហានធំខាងកុរុមើលទៅព្រះភ័ក្ដ្រយុធិស្ឋិរ ប្រាប់ថា មិនសប្បាយព្រះហឫទ័យ ។ យុធិស្ឋិរដើរសំដៅទៅរកភីស្មៈដែលកំពុងឈរនៅ ក្នុងកងទាហានជួរមុខសន្សឹម ៗ ចូលទៅស្ទាបព្រះបាទភីស្មៈ សុំខមាលទោសដើម្បីធ្វើសង្គ្រាមប្រឡងយកជ័យជម្នះ ព្រោះធម្មតាក្សត្រិយ៍អ្នកធ្ងន់ក្នុងអារ្យចិត្ត កាលទ្រង់ជ្រាបថា ព្រះអង្គនឹងកាន់អាវុធចូលធ្វើសង្គា្រមនឹងពួកព្រះញាតិអ្នកធំដ៏ ដ៏មេបាត្រកូល ដោយមិនបានខមាទោសជាមុនសិនមិនបាន សូម្បីជេដ្ឋបុគ្គលនោះកាន់អាវុធមកបម្រុងនឹងប្រហារខ្លួនក្ដី រួចហើយទ្រង់ចូលទៅរកទោណអាចារ្យ សុំខមាលទោសនឹងអាចារ្យ ដែលទ្រង់នឹងតោងហូតក្រប៊ីចូលតយុទ្ធនឹងកុរុ ទ្រង់គ្មានចេតនាគិតតស៊ូនិងអាចារ្យ និងប័ក្ខពួកអាចារ្យអ្នកស័ក្ដិសិទ្ធិ ដែលបានសិក្សាសិល្បសរអំពីលោកនោះក៏ទេ អ្នកចម្បាំងចាស់ទាំងពីរ ក៏អនុម័តិព្រមលើកទោសយុធិស្ឋិរដែលសុំបាណ្ឌវរាជាក៏ថយចូលទៅក្នុង កងទ័ពរបស់ព្រះអង្គវិញ លំដាប់នោះ កងទ័ពទាំងសងខាង បានស្រែកប្រកាសតាមទំនៀមថា ចូលទីសង្គ្រាមធំឥតមានសមនឹងអ្នកណា ។ អរជុនឲ្យក្រិស្ណរាជសម្ពន្ធមិត្ររបស់គេ ធ្វើនាទីបររថសឹកនាទីដទៃ មិនស្រួលដូចនាទីនេះ ព្រោះក្រិស្ណបានប្ដេជ្ញានឹងទុរយោជន៍ថា នឹងមិនកាន់អាវុធដើម្បីចូលជួយខាងពួកពាណ្ឌពខណៈកាល អេជុនឡើងលើរថសឹកដ៏ខ្ពស់ ក្រឡេកទៅត្រួតមើលថែវទាហានសឹកខាងមុខ សង្កេតឃើញពួកទាហានអម្បាលនោះពេញទៅដោយព្រះញាតិរបស់ខ្លួន ទាំងចាស់ទាំងក្មេង ក៏ទ្រង់ស្លុតព្រះហឫទ័យ ទើបប្រារព្ធនឹងក្រិស្ណថា ចិត្តខ្ញុំរសេះរសោះរួញរាក្នុងការធ្វើសង្គ្រាមកាប់សម្លាប់គ្នា ឈាមច្រាលទាំងប្រថពីក្នុងទីចំពោះមុខនេះខ្ញុំឥតបំណងស្វែងរក ជ័យជម្នះបៀតបៀនគ្នាដូច្នេះ មិនក្រហល់ក្រហាយរកអំណាច មិនប្រាថ្នារកសេចក្ដីចម្រើនក្នុងលោកនេះ អ្នកដែលយើងលោភដើម្បីប្រយោជន៍ដល់គេ គេក៏មកចូលក្បួនទ័ពច្បាំងនឹងយើង ប្រយោជន៍អ្វីដែលយើងនឹងគប្បីបានក្នុងលោកនេះ សុខអ្វីក្នុងលោកនេះនឹងមាន បើយើងសម្លាប់បងប្អូនឯងអស់ទៅហើយ ។ ក្រិស្ណទ្រង់ដាស់តឿនថា អ្នកចម្បាំងដែលស៊ូច្បាំងគ្នា ក៏មិនមែនស្វែងរកសេចក្ដីល្អ ឬកិត្តិយស មិនមែនសម្រាប់លោកឬសម្រាប់ធម៌ មិនមែនសម្រាប់អ្នកជិតដិត ឬអ្នកឆ្ងាយទីទៃ គេច្បាំង ឬមិនច្បាំងដើម្បីបដិប័ត្តិការតាមនាទី ដោយមិនតោងនឹកដល់ផលក្នុងបំផុត តែយ៉ាងឯណានីមួយយកជាអារម្មណ៍ទ្រង់ជាក្សត្រិយ៍ អ្នកច្បាំង ហើយការនេះជានាទីរបស់ទ្រង់ នឹងតោងច្បាំងជំនួសព្រះរាជារបស់ទ្រង់ ដោយពេញសតិកម្លាំងផលជាយ៉ាងដូចម្ដេចក៏តាមតែការ ជាការសម្រាប់ខ្លួន ឬសម្រាប់អ្នកដទៃក្ដី មិនតោងយកមកគិតនឹកជាអារម្មណ៍ តែសូមកុំបីកាន់យកសម្ដីរបស់ខ្ញុំជាគ្រឿងសន្ធាប់ឲ្យខ្លាច ហើយធ្វើការទៅដោយគេចវេះមិនរួចដែលទ្រង់និយាយអំពីកិត្តិយសសោត កិត្តិយសរបស់អ្នកច្បាំងក៏គឺការច្បាំង បើទ្រង់និយាយដល់រឿងមរណៈ ក៏គ្មានមរណៈឯណានឹងល្បីកេរ្តិ៍ឈ្មោះជាងមរណៈក្នុងសង្គ្រាម ខ្ញុំសូមប្រការសិតក្នុងទីនេះថា មិនសម្លាញ់នឹងគណញាតិរបស់ទ្រង់កាន់អាវុធចូលតស៊ូនឹងទ្រង់ហើយ តែនឹងមករំលោភលើទ្រង់ម្នាក់ឯងក៏មិនបាន ឯទ្រង់សោតនឹងកែខៃដោះដៃយ៉ាងម្ដេចក្នុងរឿងនេះក៏មិនបានដែរ ចូររឭកដល់ព្រះធម៌ពាក្យប្រដៅដ៏សក្ដិសិទ្ធិរបស់អ្នកច្បាំងហើយ ដំណើរតាមនោះ ធ្វើជាមនុស្សចិត្តទន់ហួសក្នុងទីច្បាំងដូច្នេះនឹងជាកូនប្រុស បានឬ តែណ្ហើយចុះ ខ្ញុំឈប់និយាយសង្កត់សង្កិនទ្រង់ប៉ុណ្ណេះហើយ សេចក្ដីស្រឡាញ់អធ្យោគអធ្យាស្រ័យយល់មុខយល់មាត់នេះឯង រមែងធ្វើឲ្យខូចការទាំងអស់ ។ អរជុនសំរឹងសោត្រស្ដាប់ក្រិស្ណរៀបរាប់រំឭកសព្វ ៗ ទៅ ក៏កើតមានចិត្តគិតនឹងច្បាំងតទៅ ។ ខណៈនោះឮសម្លេងស្ដេចសឹកម្នាក់ ស្រែកដោយសម្លេងធ្ងន់ក្រអួនថា ច្បាំង ក្នុងមួយរំពេចនោះ ក៏កើតលោកាហល ដូចខ្យល់កំបុតត្បូងបោកបក់មកអំពីទិស ៨ ត្រែចម្បាំងក៏បន្លឺសូរស័ព្ទរំពងទាំងដងព្រៃ ស្គរជ័យ ក៏បញ្ចេញសព្ទញាប់រន្ថើនហាក់ដូចជាក្រើនទាហានឲ្យចូលច្បាំងសម្លេង ស័ង្ខក៏ប្រឆាំងគ្នានឹងសម្លេងស្គរធំឮសូរវូ ៗ ទំ ៗ រងំទៅ ពួកកោរពលើកមកចូលវាយដោះពលសេះ ពលដើរជើងនិងពលដំរីសឹក សូរសព្ទគគ្រឹកគគ្រាំចូលមក ស្ទើរកក្រើករបើកផែនពសុធា ពួកបាណ្ឌពទទួលទប់ដោយពលយោធា រៀបជាថែវជិតមមីមាំដូចផែនសិលាទាហានតែម្នាក់ក៏មិនបានថយចាកទី របស់ខ្លួន សូម្បីតែមួយជំហាន រំយោលស្លាបសត្វដែលដោតនឹងមួក ក៏មិនខ្ទេចរេចខុសប្រក្រតី សូម្បីតែមួយសសៃពួកបាណ្ឌពរុកចូលពព្រិចបីដូចជាខ្យល់កំបុតត្បូង ធ្វើឲ្យថែវទាហានកុរុធន់មិនបានតោងថយចាកទី ទាំងពីរពួកក៏សង្ខុញសង្ឃករុករោមមរាតតស៊ូគ្នាជាយូរ យ៉ាងមិនគិតជីវិត ផងធូលីហើរហុយទ្រលោមត្រឡប់អាប់ផ្សែងទួទាំងសមរភូមិ ។ ខណៈនោះ ក៏បណ្ដាលឲ្យឃើញអាភេទហេតុអាក្រក់មានមកគ្រប់ទិស ភ្លៀងលោហិតក៏ធ្លាក់ចុះមកអំពីអាកាសក្រហមច្រាល ដូចទឹកល័ក្ខ ឆ្កែព្រៃក៏លូរទ្រហឹងទាំងកណ្ដាលថ្ងៃ ខ្លែង និងត្មាតក៏ហិចហើរឆ្វែលឆ្វាត់លើនភាកាស ផ្ទៃពសុធាដែលក្រាស់ក្រៃលែង ក៏រំភើបញាប់ញ័រខុសប្រក្រតី បន្តិចមេឃក៏ទូទឹមអាប់អស់អាកាសអន្ធការងងឹតសូន្យសុង ឃើញតែផ្លេកបន្ទោរផ្លេក ៗ ភ្លាម ៗ សូរផ្គរគ្រហឹមគ្រឹកគ្រាក់គំរាមលើអាកាស ស្ទើរហាក់នឹងធ្លាក់មកលើក្បាល មុខគួរឲ្យសម្បើម មុខគួរឲ្យស្ញែង ។ តែចិត្តអ្នកចម្បាំងទាំងអស់គ្នា មិនរួញរាញាប់ញ័ររន្ធត់នឹងហេតុភេទអាក្រក់អំបាលនេះ នៅលេងសម្ដីឡកឡឺយនៅក្នានិងគ្នា ឥតមានរួញរាក្រាកញាកដល់តិច ចេះតែរុករានឈ្លានចូលប្រឡូកកាប់ចាក់គ្មានស្រាកស្រាន្ត គិតតែយកជ័យជម្នះឲ្យបាន ឬលះជីវិតជាបំណាច់ផែនដីប៉ុណ្ណោះក្រប៊ី និងក្រប៊ីប៉ះគ្នាឮសូរឆោត ៗ ឆាប់ ៗ ខ្លះក៏ឮតែញាំង ៗ កាលត្រូវខ្លាំងក៏ខ្ទាតទៅដោយសព្វខ្លួន កូនសរតវឺ ៗ ប្រសាចលើអាកាស កល់បីដូចជាគ្រាប់ភ្លៀងបង្អុរចុះមក ស្នរលំពែងសោតក៏ពួយទៅមកច្រវាត់ កាលអាកាសភ្លឺព្រាងស្វាងឡើង ការច្បាំងក៏បណ្ដើរក្បាច់ញឹកឡោះង ៗ ដោយទោសៈ ភីស្មៈអ្នកចម្បាំងចាស់ ក៏ចេញមុខទន្ទេងមកសម្ដែងឫទ្ធិ ទុរយោជន៍នាំពលចូលតទល់នឹងកងពលភីម ទុហសាសន លើកចូលប្រយុទ្ធគ្នានឹងកុល យុធិស្ឋិរ លើកចូលវាយសល្យរាជានៃប្រទេសមទ្រ ធ្ឫស្ដឡុម័ន ចូលវាយទោណ ព្រះចៅទ្រុបទចូលតស៊ូគ្នានឹងជ័យរថរាជានៃប្រទេសសិន្ធ តស៊ូគ្នាជាគូរ ៗ ទួទៅទាំងទីច្បាំង តែវេលានោះនៅពុំទាន់ឃើញផលជាខាងណាមានប្រៀបជាង កងទ័ពទាំងពីរបានតយុទ្ធគ្នាដោយមានមួយថ្ងៃវាល់ល្ងាច លុះធ្លាក់វេលាល្ងាចទៀបយប់សន្ធយាអភិមន្យុឃើញថា ពួកគោរពបានប្រៀបជាងក្នុងជើងចម្បាំង ក៏ហិចចូលទៅវាយភីស្មៈ ប្រហារទង់ជ័យនាំពលដែលជោតលើរថភីស្មៈដោយក្រប៊ីដ៏មុតថ្លា ដាច់ធ្លាក់ស្រយ៉ាលទៅលើផែនធរណីអំពីកាលណាមក វីរបុរសភីស្មៈអាយុរវាង ៨០-៩០ ឆ្នាំមកនេះហើយ ពុំដែលឃើញមានអ្នកចម្បាំងកម្លោះណាធ្វើការក្លាហានក្នុងសង្គ្រាម ដល់ម៉្លេះ ភីស្មៈលើកចូលវាយទ័ពបាណ្ឌពជាគម្រប់ពីរដង ដោយមានរឹងរិទ្ធិ កាប់សម្លាប់កងទ័ពទាហានបាណ្ឌពឈាមច្រាល មានរបួស និងស្លាប់ជាច្រើន អរជុនឃើញពួកបាណ្ឌពទន់ ក៏បររថសឹកខ្មាញ់ចូលទៅជួយទ័ពកម្លាំងបាណ្ឌពបាន វេលានេះព្រះអាទិត្យក៏គោចរទន់ទាបបិទបាំងភ្នំព្រះសុមេរុបាត់ រស្មី រាត្រីសម័យក៏ចូលមកដល់ តែសញ្ញាឈប់ច្បាំងក៏បន្លឺសូរសព្វតែត ៗ ឡើង ការច្បាំងក្នុងថ្ងៃដំបូងក៏ចប់ចុះតែប៉ុណ្ណោះ ផលនៃការសង្គ្រាមមិនទាន់ដាច់ខាតចុះទៅ ទាហានសឹកទាំងពីរប្រទេសក៏នាំគ្នាចូលសម្រាកក្នុងបន្ទាយ ។ រហូតរាត្រីនោះ យុធិស្ឋិរទ្រង់ខ្វល់អំពល់ព្រះហឫទ័យ គ្មានបានសម្រាកសម្រាន្តកាយ-ចិត្តសោះ ព្រោះជោគជ័យនៃការសង្គ្រាម ប្រាកដនឹងព្រះនេត្ររបស់ទ្រង់ហើយថា ឃើញទាស់ ៗ ធ្វើទៅមិនស្រួល យប់នោះ ទ្រង់រំពឹងសព្វ ៗ ទៅ ក៏កើតសង្វេគក្នុងហឫទ័យ ទើបស្ដេចទៅរកក្រិស្ណ អភិប្រាយហេតុផលតាមដែលប្រាកដនឹងចិត្តឲ្យក្រិស្ណស្ដាប់ ក្រិស្ណក៏ដាស់តឿនទ្រង់ កុំឲ្យញញើតឬភកលឹកនឹងរឿងសឹកសង្គ្រាមនេះឡើយ ។ ស្រេចសន្ទនា អរុណក៏រះឡើងត្រចះចែងអំពីភាគបូព៌ា លុះបានវេលាឧសាយោគ តាលធ្វ័ល គឺទង់ជ័យនាំទ័ពរូបដើមត្នោតរបស់ភីស្មៈ ក៏តាំងឡើងជាថ្មីយ៉ាងចិញ្ចែង លេងកន្ទុយរវិចលើស្នាមយុទ្ធ កងទ័ពទាំងសងខាងក៏យាត្រាមកកាន់យុទ្ធមណ្ឌល ផ្ដើមតស៊ូគ្នាជាថ្មី ឱរសព្រះចៅទ្រុបទចូលតយុទ្ធនឹងទោណ ភីមក៏សម្ដែងសេចក្ដីក្លាហាន ចូលវែកហ្វូងដំរីសឹកដែលពួកគោរពលែងមកបញ្ជាន់រេហ៍ពលរបស់គេឲ្យ បែកខ្ចាត់ខ្ចាយទៅ ទាំងហ្វូង ទុរយោជន៍ ឃើញរេហ៍ពលរបស់ទ្រង់ដែលគង់ជីវិតខ្លះផាយព្រាត់ព្រាយទៅក៏ត្រាស់ ពាក្យស៊កសៀតឲ្យភីស្មៈថា ភីស្មៈទ្រង់សម្គាល់ព្រះអង្គ ទ្រង់ថាជាអ្នកនាំទ័ពកុរុនេះឬ សម្គាល់ថាទោណជាកម្លាំងរបស់ទ្រង់ ឬម្ដេចទ្រង់មកបង្អែបង្អង់រារង់ដោយសេចក្ដីមេត្តាប្រណីពួកបាណ្ឌព បើដូច្នោះសូមឲ្យកណ៌ទទួលដំណែងជាមេទ័ពរបស់យើងវិញចុះ ភីស្មៈឮពាក្យកោសរួសដូច្នោះ ក៏បណ្ដាលទោសព្រះភក្ដ្រឡើងក្រញូវ ព្រះហឫទ័យទុរយោជន៍កំពុងពេញពាល មានសេចក្ដីរូតរះរហ័សចង់បានជ័យជម្នះ ឲ្យដាច់ស្រេចទាន់ចិត្តតែក្នុង ១ ថ្ងៃ មកឃើញការមិនសម្រេចដូចព្រះហឫទ័យ ក៏ដាលវ៉ាលកោសរួសទម្លាក់ទោសឲ្យភីស្មៈតែម្នាក់ឯង តែភីស្មៈជាមនុស្សមានចិត្ត មានថ្វីដៃមកជាយូរណាស់ហើយ មិនមែនជាមកទ្រាំឲ្យនិយាយស៊កសៀតលេងទទេ ៗ ភីស្មៈ ឬទោណ ឬកណ៌ មិនអាចនឹងលប់លាងមន្ទិលនៃយុត្តិធម៌ដែលធ្វើរំលោភលើច្បាប់ ដោយគ្មានខ្មាសបាបដូច្នេះទេ ទ្រង់អាចនឹងឈ្នះហេតុដែលត្រូវតាមគន្លងធម៌ ដោយសេចក្ដីឆ្លាត លាយទៅដោយកលកោងរបស់ទ្រង់ ឬខ្ញុំនឹងតស៊ូសឹកសត្រូវរបស់ទ្រង់យ៉ាងអ្នចម្បាំងប្រកបដោយសត្យ តាមសតិកម្លាំងនៃខ្លួនដែលនឹងគប្បីបាន ។ និយាយដូច្នោះហើយ ក៏ទ្រង់ចូលទៅច្បាំងវាយស្ដាំវាត់ឆ្វេងត្រឡប់ត្រឡិនបែកខ្ចាយ ព្រាយទៅខាងមុខ រថសឹកបាក់ខ្ទេចខ្ទី ហ្វូងដំរីសឹកក៏ភ្លូកបោលព្រាត់ព្រាយ សេះសឹកក៏បោលខ្ចាត់ខ្ចាយពុំហ៊ានតទល់រេហ៍ពលទាហានស្លាប់ត្រៀបត្រា ប្រគងប្រគរលើគ្នា ដែលរស់នៅក៏ជ្រួលច្របល់រត់ទៅផ្ដុំគ្នាពីជ្រុងខាងនេះទៅជ្រុង ខាងនោះ ពីជ្រុងខាងនោះមកជ្រុងខាងនេះ ទប់ទល់កម្លាំងភីស្មៈស្ទើរពុំបាន សូម្បីតែចិត្តអរជុនអ្នកធ្លាប់ក្លាហានក៏តោងរួញរាញញើតទៅមួយ ស្របក់ តែមកមានមានឡើងដោយពាក្យក្រើនរបស់ក្រិស្ណ ទើបដេញពលសេះឲ្យចូលពាំងរាំងសឹកដែលរុកចូលមកនោះ ហើយវាយកាត់ថែវទាហានសឹកដាច់ជាពីរភាគ ដេញតាមប្រហារបែកខ្ញែកទៅឆ្វេងទៅស្ដាំអស់ទៅ ។ ធ្លាក់វេលារសៀល បានឃើញការតស៊ូគ្នារវាងក្សត្រិយ៍កំឡោះអ្នកចម្បាំងឯកពីរអង្គ គឺអភិមន្យុបុត្រអរជុន និងម្ខាងលក្សណម័នបុត្រទុរយោជន៍ម្ខាង តែដល់ចុងដៃឃើញលក្សណម័នទន់ជាងក្នុងក្បួនពិជ័យសង្គ្រាមវិសនឹង អប្បរាជ័យ តែបានព្រះរាជបិតាទៅជួយរួចមក ហើយពួកកុរុក៏ព្រួតគ្នាចោមរោមអភិមន្យុ បានទទួលតស៊ូរាជសត្រូវគ្នាច្រើនតែម្នាក់ឯង មួយស្របក់ ពួកទាហានបាណ្ឌពឃើញអភិមន្យុ ធ្លាក់នៅក្នុងរវាងសឹក ក៏ស្រែកហៅអរជុន អរជុនក៏រលះរលាំងទៅជួយបុត្រទាន់ការ គ្រាន់តែឃើញរថសឹកអរជុនបរត្រង់ចូលមក ពួកទាហានកុរុក៏ស្រែកថា អរជុន អរជុនហើយ ហើយក៏នាំគ្នារត់ព្រាត់ទៅ ក៏ទទួលវេលាអស្ដង្គត មានអាណត្តិសញ្ញាសម្រាកចងតាមទំនៀម ។ យុទ្ធវារថ្ងៃ ១ ទៀត ព្រឹកព្រាងស្វាងឡើងមក ពន្លឺអរុណឆ្លុះទៅចាប់នឹងផ្ទៃមេឃខាងទិសបូព៌ា ត្រូវគ្នានឹងផ្ទៃស្នាមយុទ្ធ ដែលច្រាលទៅដោយលោហិត ក៏រឹតតែធ្វើទីនោះឲ្យក្រហមណាស់ឡើង ។ លុះបានវេលា អ្នកចម្បាំងទាំងពីរប្រទេស ក៏រៀបចំក្បួនទ័ព ហើយយាត្រាក្បួនទ័ពចូលទៅកាន់ទីសមរភូមិ ម្ដងនេះខាងពួកបាណ្ឌពជាអ្នករុកចាត់ក្បួនជារូបព្រះចន្ទ លើកពុះពារចូលទៅវាយទ័ពកុរុ ដោយទាំងខ្មាំង កាប់សម្លាប់ស្លាប់រពាយ ឈាមហូរដក់ដូចទឹក សេះសឹកដួលដេកដាច់ខ្យល់ងាប់រពីង ដោយអស់ជើងនឹងត្រូវអាវុធ ឮតែសំឡេងថ្ងូរនឹងសូរយំទ្រហឹងដូចហ៊ីងត្រូវភ្លៀងដើមឆ្នាំ គ្រានោះមានអាភេទហេតុអាក្រក់ បណ្ដាលឲ្យឃើញប្រាកដមកម្ដងទៀត មើលទៅទាហានឃើញកំបុតក្បាលអស់មានតែខ្លួន ពពកត្រឡប់ក្លាយទៅជារូបបិសាចមាយាសម្ដែងអាការជាទាហានកំពុងច្បាំង តស៊ូគ្នាគគ្រឹកលើអាកាសមុខគួរស្ញែង មួយស្របក់ឃើញរថបាក់ខ្ទេចខ្ទី ទងជ័យកំពូលពល ក៏ធ្លាក់ស្រយាកមកដល់ដី រេហ៍ពលស្លាប់ត្រៀបត្រា ជាការអស្ចារ្យ ឃើញច្បាស់ដោយចក្ខុ ។ ទុរយោជន៍កាលឃើញហេតុដូច្នោះ ឲ្យមានព្រះហឫទ័យរន្ធត់ស្ញប់ស្ញែង មិនទុកចិត្តក្នុងរឿងការសង្គ្រាមថានឹងមានជ័យ ទើបទ្រង់ប្រាស្រ័យនឹងភីស្មៈម្ដងទៀត ទ្រង់តោងទុកដាក់ដំណែងរបស់ទ្រង់ ឬដៃជើងរបស់ទ្រង់ វាដូចម្ដេចទៅហើយ ។ ភីស្មៈតបដោយសូរសៀងក្រោធទៀតថា ទុរយោជន៍អឺយសឹនានុភាពរបស់ទ្រង់ ឬនឹងស៊ូធម្មានុភាពរបស់បាណ្ឌពបានការមានជ័យក្នុងសង្គ្រាម មិនមែននៅត្រង់មានរេហ៍ពលច្រើន មានទាហាមកឡោះកម្លាំងកាយមាំមួន ឬប្រាជ្ញាឆ្លាតលាយដោយឧបាយកោងនោះទេ របស់អំបាលនេះនឹងយកមកស៊ូអានុភាពនៃធម៌ មិនបានទាំងអស់ មនុស្សយ៉ាងកណ៌តឲ្យទាំងម៉ឺន ក៏មិនអាចនឹងយកជ័យជម្នះនៃធម្មបាន ។ និយាយតែប៉ុណ្ណោះហើយ ភីស្មៈក៏បររថសឹកចូលវាយសឹកម្ដងទៀត បានចូលសម្រុកលុយលប់កងទ័ពធំនៃបាណ្ឌពដែលមកតយុទ្ធ វាយត្រឡប់ត្រឡិនព្រាត់ព្រាយ រត់ជ្រកដោយកៀនកោះមិនជាកងជាក្បួន ដែលស្លាប់ក៏ច្រើនឥតបីបើគណនា ពួកបាណ្ឌពទប់ទល់នឹងថ្វីដៃភីស្មៈមិនបានក៏តោងថយក្រោកចេញទៅសិន តែផលនៃការសង្គ្រាម ក៏នៅមិនទាន់ដាច់ ក៏នៅមិនទាន់ដាច់ស្រេច ក៏ទទួលដល់រត្តិសម័យ កងទ័ពទាំងពីរក៏ផ្លុំតែសញ្ញា នាំគ្នាទៅសម្រាកក្នុងបន្ទាយ ។ ថ្ងៃទី ៤ នៃការសង្គ្រាមមកដល់ ទាំងពីរពួកក៏រៀបក្បួនទ័ពចេញកាន់ទីយុទ្ធភូមិដូចជាថ្ងៃមុខ បានស៊ូច្បាំងគ្នាមក ៣ ថ្ងៃហើយ នៅមិនទាន់ឃើញខាងណាមានប្រៀបជាងខាងណានូវឡើយ គ្រាន់តែវាយទៅវាយមកពូនចុះពូនឡើង ឲ្យផលត្រឹមតែធ្វើឲ្យរេហ៍ពលស្លាប់ ប្រពាក់ប្រពូនលើគ្នាដូចគេហាល ក្បាលដាច់រមាលដូចដុំដីដុំថ្មប៉ុណ្ណោះ ។ ថ្ងៃនេះស៊ូគ្នារវាង វីរបុរស ភីស្មៈ និងអរជុន អ្នកចម្បាំងឯកទាំងពីរបានចូលប្រយុទ្ធគ្នាហើយប្រយុទ្ធទៀត ម្ខាងថយទៅម្ខាងសង្ខុញជិតចូលមក តែក្រឺមទៅក្រឺតមក ដូច្នេះជាយូរ មើលទៅអ្នកទាំងពីរ ឃើញហាក់ដូចជាម្ចាស់ប្រទានចំណែកកម្លាំងឲ្យស្មើ ៗ គ្នា មានកម្លាំងប៉ុនគ្នា ល្មមប្រឡងគ្នា បន្តិចភីស្មៈថយមួយជំហាន បន្តិចអរជុនថយមួយជំហាន តមកម្ដងឃើញដូចជាភីស្មៈឈ្នះ រួចពីនោះឃើញដូចជាអរជុននឹងឈ្នះ ផ្លាស់គ្នាមានប្រៀបម្ដងម្នាក់រហូតវេលា ក្នុងថ្ងៃនេះឃើញមុខមាត់នៃការចម្បាំងតាំងពីព្រឹកដល់ថ្ងៃត្រង់ ដូចពោលមកនេះ ។ លុះដល់វេលារសៀល ភីម សម្ដែងមហិទ្ធិឫទ្ធិដ៏មហិមា ដូចខ្យល់ព្យូវកួចមក បោកសម្រុកកណ្ដាលទ័ពកុរុ ម្ដងទៀតដើម្បីកាច់កម្លាំងកុរុ តែក៏មិនសម្រេចដូចបំណង គ្រាន់តែបានផ្ញើរបួសទុកឲ្យទុរយោជន៍ និងសល្យរាជទាំងពីរអង្គបន្តិចម្នាក់ អនុជរបស់ទុរយោជន៍ ១៤ អង្គរួមកម្លាំងគ្នាត្រង់ចូលមកជួយព្រះជេដ្ឋា ដើម្បីកាច់កម្លាំងភីមតែម្នាក់ឯង តែក៏គ្រាន់តែមករោម ៗ ហើយក៏ថយទៅ ភីមប្រហារបង់ ៨ អង្គ ក្រៅពីនោះក៏គេចមុខបាត់អស់ទៅ ។ ក្នុងភាពម្ខាងនៃស្នាមយុទ្ធ អ្នកចម្បាំងបីនាក់ គឺក្រិបាចារ្យទោណ និងសាលី ព្រួតគ្នាចូលវាយអរជុនតែម្នាក់ឯង ព្យាយាមនឹងគ្រញេចអរជុនឲ្យខ្ទេចទៅនឹងដៃ តែអរជុនគេចរួចអំពីអន្ទាក់នៃអ្នកទាំងបី ហើយចូលធ្វើការដណ្ដើមជ័យ តែក៏ត្រូវវាយទំលាយកងនោះ ៗ បែកខ្ចាយទៅទាំងពីរពួក ថ្ងៃនេះពួកបាណ្ឌពសូម្បីត្រូវវាយច្រង៉ាប់ច្រងឹលម៉្លោះក្ដី ក៏គង់ការពាររក្សាខ្លួនបាន មិនដល់ទៅអប្បរាជ័យ ដល់ពេលហើយត្រូវបិទឆាក រាត្រីសម័យក៏ចោលស្រមោលមកដល់ តោងសម្រាកច្បាំងតាមទំនៀម ។ យុទ្ធវារទី ៥ នៃការសង្គ្រាមបានភ្លឺឡើង ទាហានក្រុមភ្លេងក៏ផ្លុំត្រែស័ង្ខជាអណត្តិសញ្ញារៀបក្បួនទ័ពនឹង លើកព្យូហទៅកាន់ទីយុទ្ធភូមិ ទាំងពីរពួកបានលើកចេញចាកបន្ទាយដោយក្បួនយ៉ាងស្រស់ ទៅកាន់ស្នាមយុទ្ធ បីដូចជាយាត្រាទៅលេងក្នុងការល្បែងសប្បាយឯណានិមួយ ។ របៀបច្បាំងដោយរួមកម្លាំងដែលពួកកោរពផ្ដើមធ្វើឡើងកាលថ្ងៃមុន ថ្ងៃនេះពួកបាណ្ឌពក៏គិតយកបែបនេះមកប្រើ ភីម និងអរជុនរួមកម្លាំង ជាមួយកងចូលវាយសឹកទុរយោជន៍ដឹងទាន់ក៏ដោះដៃចេញអំពីមុខ ពីរបងប្អូនទោណជាគ្រូរបស់ភីម និងអរជុន សិស្សទាំងពីរនេះនិងលាងត្រូវដោយក្រប៊ីនោះមិនបាន សូម្បីចូលកាន់សង្គ្រាមប្រើច្បាប់អាជ្ញាសឹក ហើយក៏ធ្វើមិនបានជាឧបាយកលយ៉ាងឯករបស់ពួកកោរព ដែលចាត់លោកគ្រូឲ្យមកតស៊ូនិងកូនសិស្ស ។ ទើបឯអ្នកកំឡោះ ១ គូ ដែលតស៊ូគ្នាពីថ្ងៃម្សិលមិញ ថ្ងៃនេះក៏បានមកប្រទះគ្នាម្ដងទៀត គឺអភិមន្យុ និងលក្សណ៍ម័នបានច្បាំងគ្នាតួតតួជាច្រើនម៉ោង រហូតវេលានោះមិនអាចនឹងទំនាយបានថា អ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់ តែក្នុងទីបំផុតទុរយោជន៍ឈោងចូលមកជួយលក្សណ៍ម័ន មិនយូរប៉ុន្មានទុរយោជន៍ត្រូវអាវុធរបស់អភិមន្យុមានស្លាកស្នាមជា ដំណំតោងដាក់អង្រឹងសែងចេញអំពីទីចម្បាំង អភិមន្យុកាលមានជ័យដូច្នេះហើយ ក៏ទៅគាល់យុធិស្ឋិរ ។ រួចពីនោះអភិមន្យុ កំរើបឫទ្ធិក្អេងក្អាង ដោយមានជ័យជម្នះបោលសម្រុកទៅរកភីស្មៈទៀត ដោយបំណងនឹងកាច់សឹកកុរុឲ្យអប្បរាជ័យរលីងទៅ ភីស្មៈបានឃើញអភិមន្យុចូលមកក៏ញញឹមហើយនិយាយថា កូនក្មេងអើយយើងស្ដាយណាស់ ដែលទារកតូចតោងប្រាសអំពីទ្រូងម្ដាយទៅជាឆាប់ តែណ្ហើយចុះយើងឲ្យអភ័យទុកជីវិតឲ្យវាម្ដងចុះ និយាយតែប៉ុណ្ណេះក៏ដល់វេលាសម្រាកសម្បាំង ត្រែស័ង្ខក៏ផ្លុំជាសញ្ញាឲ្យថយទ័ព ទីចម្បាំងក៏ស្ងាត់ច្រៀបបាត់ឮសូរសន្ធឹកពាយុនៃការច្បាំង ។ កាលអរុណរឿងរះមកម្ដងទៀត កងទ័ពទាំងពីរបានចេញទៅប្រទះគ្នានៅទីដដែល តស៊ូយ៉ាងម៉ឺងម៉ាត់ ដោយមិនគិតជីវិតនឹងមរណា អ្នកច្បាំងសំខាន់សម្រាប់ថ្ងៃនេះ មានភីមម្ខាង នឹងអស្វត្ថាម័ន សុសរម័ន ម្ខាងទៀត ចេញប្រយុទ្ធគ្នាកណ្ដាលរណរង្គ ការសង្គ្រាមបានប្រព្រឹត្តទៅយ៉ាងខ្លាំងនឹងគ្នាប្រឹងដណ្ដើមជ័យដោយ សព្វខ្លួន តែការជោគជ័យនៅជាពាក់កណ្ដាលនៅឡើយ ។ តអំពិនោះមានរឿងប្លែក ១ យ៉ាង ដោយជឿកម្លាំងរបស់ខ្លួនភីមបានរុករានចូលទៅក្នុងកងទាហានថែវមុខ ដ៏ក្រាស់រស់កោរព ពួកកោរពចោមរោមជុំវិញ ព្រួតគ្នាវាយទៀបនឹងអប្បរាជ័យរបស់គេទៅហើយ តែកម្លាំងកាយចិត្តរបស់ភីមមិនបានរន្ធត់ដល់បន្តិច គេថ្លែងសររះទៅជុំវិញខ្លួន ត្រូវបច្ចាមិត្រស្លាប់ទៅខ្លះចេះតែតស៊ូរឿយមកយ៉ាងមិនគិតជីវិត ត្បិតមកធ្លាក់នៅក្នុងទីចង្អៀតចង្អល់ កម្លាំងរបស់គេស្មើនឹងកម្លាំងមនុស្សដប់នាក់កគ្រានេះក៏ទ្វេឡើង ទៀតដប់ភាគ មុខគួរសម្បើមមាល្បាយ សេចក្ដីបំណងរបស់គេ ក៏គឺនឹងសម្លាប់ឬនឹងចាប់ទុរយោជន៍ឲ្យបាន តាមប្ដេជ្ញាក្នុងកាលមុន គេបានសមប្រាថ្នាបន្តិចបន្តួច ត្រឹមតែផ្ញើស្នាមទុកនៅរាងកាយទុរយោជន៍ ព្រោះហេតុនោះកុរុអ្នកអហង្ការ ទើបមិនអាចនឹងមកធ្វើការដណ្ដើមជ័យក្នុងពេលនេះបាន ។ គ្រានោះភីមបាត់មុខអំពីថែវទាហានពាណ្ឌពទៅ យុធិស្ឋិរកាលមិនឃើញប្អូននៅក្នុងស្នាមយុធិភាគខាងខ្លួន ក៏ឲ្យរសាប់រសល់ខ្វល់ក្នុងព្រះហឫទ័យ ទើបត្រាស់បញ្ជាឲ្យធ្ឫស្តទ្យុម័នទៅតាមរកធទ្យុម័នទៅមិនឆ្ងាយ ប៉ុន្មាន ក៏ឃើញរថសឹករបស់ភីមចតនៅកណ្ដាលស្នាមយុទ្ធខាងដានម្ខាងគ្មាន មនុស្សនៅលើរថនោះ ធ្ឫស្តទ្យុម័ននឹកព្រួយ តែកាលណាចូលទៅជិតរថ នាយសារថីទូលថា ភីមនៅមានជីវិតនៅឡើយ ឥឡូវកំពុងតស៊ូកណ្ដាលពពួកទាហានកុរុ នាយសារថីបានទាំងទូលប្រព្រឹត្តហេតុទៀតថា ទាហានសេះមួយពួកមកចោមព័ទ្ធរថភីម ភីមលោតចុះពីរថ ដើម្បីនឹងប្រើដៃជើងឲ្យស្រួល បានក្រហែលទាហានម្នាក់ធ្លាក់អំពីខ្នងសេះ ហើយភីមក៏លោតឡើងសេះនោះ បំផាយចូលទៅវាយចុងទ័ពកុរុ ក្រៅអំពីនេះ ធ្ឫស្តទ្យុម័នបានឃើញដោយភ្នែកខ្លួនឯងគឺនៅឆ្ងាយ អំពីដែលទ្រង់ឈរនោះទ្រង់មើលទៅឃើញដៃភីមកំពុងវាត់ឆ្វេងគ្រវាស ស្ដាំ នឹងខាងមុខខាងក្រោយច្របល់ឥតមានសម្រាក តែគេប្រហែលជាមិនដឹងជាខ្លួនគេមកធ្លាក់នៅក្នុងទីប្រជុំភ័យ អន្តរាយ ដល់ម៉្លេះទេ ដើម្បីនឹងជួយរុញចិត្តរបស់គេឲ្យស្ទុះឡើងធ្ឫស្តទ្យុម័ន ក៏ស្រែកបង្ខៅអំពីចម្ងាយទៅថា ចូលប្រឹងច្បាំងតទៅអ្នកចិត្តក្លា យើងមកនៅជិត ៗ នេះហើយ ភីមបានឮដែរឬមិនបានឮមិនប្រាកដ តែងទទួលកងទ័ព ១ កង លើកតាមធ្ឫស្តទ្យុម័នទៅដល់ បានចូលទៅជួយឲ្យគេមានប្រៀបឡើងមួយរំពេច វាយកងសឹកដែលកំពុងចោមរោមភីមនោះបែកខ្ចាយទៅ ។
ដកស្រង់ចេញពី ស្នាដៃកូនខ្មែរ Website