ទុរយោធន៍សំគាល់ខ្លួនថាជា បុរសចាតិយ៉ាងទេវតាមួយអង្គដែរគ្រានេះមកត្រូវអាវុធមិនសូវជាទម្ងន់ប៉ុន្មានទេ តែអាការដែលទ្រង់ថ្ងូរបំរះននៀល ឃើញជាការទុរនទុរា ដុចជានឹងដាច់ជីវិតទៅចាករាងកាយ ទាំងនេះមិនមែនដោយឈឺរបួសដែលត្រូវអាវុធនោះទេ ដោយឈឺចិត្តរឿងទ្រង់ក្រអឺតក្រអោងប៉ោងហួសប្រមាណទាល់តែត្រូវសររបស់គេ រឿងនោះមកប៉ះពាល់ព្រះហឫទ័យ ធ្វើឲ្យព្រះហឫទ័យព្រះអង្គមួហ្មងជាងខូចដៃឬជើងម្ខាងទៅបរិវារមួយពួកនោះបានហែហមអមអង្គ ក្នុងខណដែលស្ដេចទទ្រេតទទហរោតត្រឡប់បន្ទាយ កាលចូលដល់ព្រះពន្លាទីប្រថាប់ក៏ទម្លាក់អង្គលើកម្រាល ផ្ទំហាក់ដូចជាទ្រៀមទ្រមនឹងធ្វើកាលកិរិយា ទ្រង់រងចាំមើលផ្លូវភីស្មដោយសេចក្ដីក្រវល់ក្រវាយ ដើម្បីនឹងបាននិយាយការដែលសំខាន់មួយយ៉ាងៗ កាលលោកមេទ័ពចាស់នោះមកដល់ ទ្រង់ក៏ដកដង្ហើមធំហើយត្រាស់ថា ភីស្មខ្ញុំស្លាប់ហើយណាបង់គំនិតហើយណាយើង ពួកបាណ្ឌពយកប្រៀបយើងបានគ្រប់ផ្លូវ ។ ភីស្មតបសំដីផ្អែមល្ហែមដោយក្ដីស្រឡាញ់យ៉ាងណាបិតាថា កុំអាល កុំអាលសិន ទ្រង់កុំនិយាយយ៉ាងក្មេងដូច្នេះ របួសបន្តិចបន្តួច ប្រហែលនឹងរបួសកូនក្មេងដែលវារពឹសប៉ះនេះទង្គិចនោះប៉ុណ្ណឹង យកទឹកក្ដៅលាង ហើយរុំសំពត់ទៅ វាក៏សះជាទៅហើយ ។ ទុរយោធន៍តបថា ខ្ញុំឈឺចិត្តណាស់ដែលឃើញពួកបាណ្ឌពមានជ័យ ។ ភីស្មនិយាយថា នឹងជាសេចក្ដីឃើញយ៉ាងឆ្ងាយអំពីសេចក្ដីពិត ដូចគ្នានឹងសេចក្ដីឃើញខាងដើមនៃការសង្គ្រាម កាលពីរបីវេលាដែលកន្លងទៅហើយ ទ្រង់បានធ្វើការភ្លាំងភ្លាត់ខ្លួនឯង ដោយស្មានកម្លាំងពួកបាណ្ឌពទាបពេកទៅ ក៏ឥឡូវនេះទ្រង់ភ្លាំងភ្លាត់យ៉ាងប្រើការមិនបានទៀតដូចដែលហើយមកហើយ ស្មានការខូចខាតរបស់ទ្រង់ច្រើនហួសទៅ មិនទាន់ដល់ម្លះទេ តាមដែលពិនិត្យឃើញថា កងទ័ពយុធិស្ឋិរមានមេទ័ពដែលមានថ្វីដៃពូកែៗ ច្រើនមែន តែតាំងអំពីនោះ មកដល់ឥឡូវនេះ គេក៏មិនទាន់មានប្រៀបអ្វីជាដុំកំភួនធួនហេតុផលនឹងកើតទោសច្រើនជាងការខូតខាតមែនៗ ។ ទុរយោធន៍ស្ដេចចូលក្រឡាបន្ទំ តែព្រោះទ្រង់បានទទួលទុក្ខវេទនាឈឺចាប់ស្នាមរបួស ប្រកបទាំងព្រះហឫទ័យគិតអណ្ដែតអណ្ដូងរាយមាយទៅតែក្នុងរឿងសឹកសង្គ្រាមផង រាត្រីយប់នោះ ឥតបានផ្ទំស្កល់ដល់បន្តិចសោះ រាត្រីកាលដែលកន្លងទៅសន្សិមៗ ទំរាំតែគ្រប់ ៣ យាមឃើញយឺតយូរតអីម្លេះ ហាក់ដូចជាសេចក្ដីឈឺចាប់ប្រចាំនៅក្នុងខ្លួនតែដូច្នេះរហូតអាយុខ័យ ។ ផ្កាយព្រឹករឿងរះត្រចះឡើងកំចាត់យប់យាមរាត្រី សកុណជាតិយាសយំប្រចាំយាមទៀបភ្លឺ បីដូចជាតឿនអរុណឲ្យឧទ័យរឿងរះភ្លឺព្រាងស្វាងឡើង ទុរយោធន៍មានសំពត់រុំរបួសថ្មីៗ បានស្ដេចនាំទ័ពចូលកាន់ស្នាមយុទ្ធ ដោយមិនឃើញដល់អាការដែលឈឺចាប់ក្នុងព្រះអង្គ ។ ភីស្មទ្រង់ដំណែងជាមេទ័ពធំ ទ្រង់ចាត់ក្បួនទ័ពកុរុជាព្យូហយាត្រាយ៉ាងបែបថ្មី ដើម្បីយកជ័យជំនះដែលខូចខាតទៅក្នុងថ្ងៃមុន ចាត់ក្បួនដំរីក្រាលច្រើនស្រទាប់ច្រើនជាន់ជុំវិញកងទ័ព សណ្ឋានដូចជាកំផែងច្រើនជាន់ រៀបរថមេទ័ពមេកងផ្សេងៗ ទុកនៅក្រោយទ័ពដំរី យកទ័ពដំរីជារបាំងរាល់ៗ រថមានទាហ៊ានជិះសេះមួយពួក ៧ អ្នកៗ ចាំការពាររក្សា ទាហ៊ានសេះរាល់ៗ ទាហ៊ាន មានពលទាហ៊ានកាន់ធ្នូមួយពួកៗ ចាំការពារ ពួកទាហ៊ានធ្នូរាល់ៗ ទាហ៊ាន មានពួកទាហ៊ានកងលំពែង ៧ នាក់ៗ ជាពួកកាល់តាមក្រោយ ។ អរជុនក្រឡេកឃើញទ័ពមុខដុចកំផែងយាត្រាចូលមកក៏និយាយនឹងក្រិស្ណថា ទ្រង់ឃើញកងទ័ពកុរុឯណោះណោក្រាលច្រើនស្រទាប់ច្រើនជាន់ឬទេ ថែវទាហ៊ានរបស់របស់គេក្រាលក្រែលឡើងដ៏រាបណា ក៏រិតតែជាការងាយនឹងត្រាយឲ្យវាលទៅដ៏រាបនោះ ទ្រង់សង្កេតឃើញឬទេ ពួកមេទ័ពរបស់គេបន្លិមបាំអខ្លួនក្នុងរវាងថែវទាហ៊ាន ៣ ចាន់ មើលចុះមនុស្សជាតិអ្នកចម្បាំងខ្លាចអីម្លេះ វាប្រយ័ត្នតែលោហិតនឹងជីវិតខ្យល់ដង្ហើមរបស់វាប៉ុណ្ណោះ ។ លំដាប់នោះអរជុនក៏ដើរចូលទៅរកកងទ័ពមុខដែលកំពុងលើកចូលមក ទោណអាចារ្យក៏ចេញមកទទួលមុខអរជុនបបួលឲ្យច្បាំងតតួ ព្រោះជាក្សត្រិយ៍ជាតិអ្នកចម្បាំង ឮត្រង់ចម្បាំងឥតមានរុញរាប៉ុនសសៃរោមទេ អ្នកចម្បាំងទាំងពីរបានតស៊ូគ្នាក្នុងល្បិចយុទ្ធវិធី ទាំងពីរក៏សំដែងសេចក្ដីក្លា បញ្ញានឹងសេចក្ដីអំណត់អត់ធន់ រកអ្នកឯណាស្មើគ្មាន សង្គ្រាមគ្រាណាក៏គ្មានស្មើដូចគ្រានោះ គ្រានោះជាឱកាសល្អបំផុត ជាឱកាសឲ្យបានឃើញទាហ៊ានឯកស៊ូរគ្នា ។ ខណនោះកូនសរមួយទៅដោតខ្នងទោណអាចារ្យ ដោយមិនទាន់ដឹងខ្លួន ទោណអាចារ្យក្រឡេកមកឃើញព្រះរាជាសំខដ៏ជារាជសម្ពន្ធមិត្ររបស់យុធិស្ឋិរក៏ឆុលឆេះដោយទោសគ្គី បែផាងទៅបាញ់ព្រះរាជាសំខស្លាប់នៅនឹងកន្លែង ។ ព្រះចៅសំខរាជសុគតចំពោះមុខអរជុនដូច្នោះ ធ្វើឲ្យអរជុនឈឺចិត្តរកផ្លូវកែកំហឹងវិញ ទើបដកដៃចេញអំពីទោណអាចារ្យដែលទ្រង់ជ្រាបថា ជាអាចារ្យសម្លាប់មិនបាន ស្ទុះខ្មាញ់ទៅរកសុសរម័នដែលទ្រង់ចាំបានថា ធ្លាប់ធ្វើជាមេទ័ព លើកមកកំរ៉ាបព្រះចៅវិរាដជាគ្រាដំបូងម្ដង ឯចំណេះក្នុងផ្លូវយុទ្ធវិធីរបស់សុសរម័ន នោះមិនល្មមនឹងមកទប់ទល់កម្លាំងថ្វីដៃអរជុន ហេតុនោះការប្រឡងយុទ្ធគ្រានេះ អរជុនទើបមានប្រៀបមួយរំពេចវាត់ដាច់ក្បវាលសុសរម័ន ដោយក្រប៊ីមុតថ្លាធ្លាក់រមៀលទៅម្ខាងក្នុងលើកដំបូងដែលចូលរះអាវុធគ្នា ។ តែការមានជ័យនឹងអបរាជ័យអំបាលនេះ គ្រាន់តែជាភាគបន្តិចបន្តួចនៃសង្គ្រាម ជ័យជំនះភាគធំធ្លាក់នៅកណ្ដាលដៃនៃភីស្ម ក្នុងថ្ងៃទី ៧ គេធ្វើការយ៉ាងម៉ឺងមាត់ សឹងគ្មានអ្នកណានឹងទប់ទល់បាន ពួកបាណ្ឌពបែកខ្ចាយផាយថយទៅ សូម្បីភីមនឹងងរជុនដែលអ្នករាល់គ្នាដឹងហើយថារឹងរិទ្ធិបំផុត ក៏ទើតមិនបានមុនរាត្រីកាលនឹងមកដល់ ទង់ជ័យកំពូលពលរបស់យុធិស្ឋិរត្រូវពួគកោរពក្របែលរលំគ្រេងទៅ រាត្រីកាលក៏ងងឹតព្រាងព្រិលចូលដល់ ត្រែសញ្ញាភាក់ច្បាំងក៏បន្លឺសូរសព្ទដោយរួសរាន់នារាត្រីយប់នោះ មានការរីករាយសប្បាយជ្រួលជ្រើមក្នុងបន្ទាយកុរុ ដោយឃើញកងទ័ពទុរយោធន៍មានជ័យជំនះយ៉ាងសំខាន់ ។ លុះអរុណោទ័យបញ្ចេញរស្មីព្រឹកព្រាងស្វាងឡើង កងទ័ពទាំងសងខាងបានយាត្រាទៅកាន់យុទ្ធមណ្ឌល បានចូលប្រយុទ្ធគ្នាកាប់សម្លាប់ឈាមច្រាលស្រប់បថពីទៀត ។ ថ្ងៃនេះជាថ្ងៃដែលភីមនឹងសំដែងកម្លាំងជាពន្លឹករបស់កេជ័យជំនះបន្តិចបន្តួចរបស់ពួកកោរព រាល់គ្រាដែលមានឡើងធ្វើឲ្យពួកបាណ្ឌពក្ដៅក្រហាយ ជ័យជំនះរបស់ពួកបាណ្ឌពរាល់ដងក៏ដូចគ្នា ធ្វើឲ្យភស្មក្រោធឆេះឆុលឡើង ការដែលទឹកនៃសង្គ្រាមឡើងៗ ចុះៗ ដូច្នោះ ក៏ព្រោះមកពីភីស្ម និង ភីមទាំងពីរប្រាណ ផ្លាស់គ្នាសំដែងមហិទ្ធិឫទ្ធិ៍កម្លាំងក្លាហានក្នុងកណ្ដាលស្នាមយុទ្ធ ឯភីមនេះសូម្បីតែក្នុងវេលាមានអារម្មណ៍ស្ងប់ស្រួលក៏មើលទៅសម្បើមមុខគួរស្ញែងទៅហើយ កាលគេមានទោសបណ្ដាលឡើងហើយ ក៏ស្មើដូចជាមានពលទាំងម៉ឺនទាំងសែននៅក្នុងខ្លួន ថ្ងៃនេះគេក៏សំដែងកម្លាំងមហិទ្ធិឫទ្ធិ៍ដ៏ពន្លឹកនោះទៀត បានចូលវាយកងរយនៃកុរុខ្ចាត់ខ្ចាយអស់ទៅទាំងកងដោយចំពោះតែម្នាក់ឯង ។ ភីស្មតោងលួងលោមពួកទាហ៊ានដែលផាយរត់ទៅនោះស្ទើរបានពុំបាន ប្រឹងស្រែកងស់សម្រែកថា ឱកុរុ នេះឬសេចក្ដីក្លាហានដែលល្បីនាមរបស់កុរុ នេះឬប្រវេណីអ្នកចម្បាំង ដោយសេចក្ដីប្រព្រឹត្តយ៉ាងនេះឬ ឈ្មោះថានឹងរក្សាកេរ្តិ៍ឈ្មោះរបស់បុព្វបុរសរបស់អ្នក ចូលមើលចុះ ខ្លួនយើងបានជីវិតរបស់យើងតែម្នាក់ឯងទៅតស៊ូប្ដូរនឹងសឹក ដែលមានកម្លាំងច្រើនជាងទាំងពាន់ភាគម៉ឺនភាគ យើងតែម្នាក់ឯងក៏ងស់កម្លាំងកាយ ទោះបីនឹងវាយតម្លៃថា រោមរបស់យើងក្លាយទៅជាទាហ៊ានកាន់អាវុធចូលតស៊ូ ក៏គង់ជាលំបាក តែម្លឹងយើងក៏មិនរត់ ។ សំដីអម្បាលនេះ ចូលទៅខ្ទាំងខ្ទប់ហទយវត្ថុទាហ៊ានកុរុពួកក្សត្រិយ៍គន្ធារី ៦ អង្គឮសំដីលោកមេទ័ពដូច្នោះ ឲ្យមានមានះឡើងមក ក៏លាន់វាចារថា នឹងយកជីវិតឥរាវ័តឲ្យបានទាំង ៦ អង្គទ្រង់សម្បុរដូចទឹកដោះ បររហេចដូចហ្វូងហង្សហើយឆ្លងសមុទ្រ ចូលប្រយុទ្ធវាយទ័ពបាណ្ឌពបែកខ្ចាត់ខ្ចាយទៅ នៅសល់តែឥរាវ័ត ( បុត្រអរជុន កើតអំពីនាង ឧលុបី ដ៏ជានាគធិតា ) ទទួលតស៊ូតែម្នាក់ឯង ទាល់តែសម្លាប់គន្ធារីកុមារបាន ៥ អង្គ ដោយលំដាប់មក គន្ធារីកុមារអង្គទី ៦ ជាច្បង នៃកុមារទាំង ៥ ដែលសុគតទៅ រូបរាងមាំដំបង បានតយុទ្ធគ្នាតែតតួ មិនយូរប៉ុន្មានក៏ប្រហារឥរាវ័តបាន ។ អរជុនបានដឹងថា ឥរាវ័តត្រូវអាវុធស្លាប់ ក៏បណ្ដោលទោសឡើងដូចភ្លើងព្រៃត្រូវពាយុ ឡើងជិះពាលីលឿនស្លុងដូចព្រះកាលបរសំដៅទៅកងទ័ពកុរុ បង្រុសវាយត្រឡប់ត្រឡិនខ្ទេចខ្ទីរ ដូចផែនសិលាដ៏ធំធ្លាក់អំពីទីខ្ពស់ទៅទីទាប ធ្វើសេចក្ដីវិនាសដល់ពួកកុរុជុំវិញខ្លួន ។ ឃដោត្តច ជាបុត្រភីម កើតអំពីនាងហិឌិម្ពា ជារក្សសីមានទាហ៊ានរួមចិត្តមួយពួកតាមទៅផង រុកចូលទៅក្នុងកណ្ដាលហ្វូងទាហ៊ានសឹក ដើម្បីសងសឹកមរណនៃឥរាវ័ត ទុរយោធន៍ជាអ្នកនាំទ័ពខ្លោងដមរីចូលបញ្ជាន់ តែឃដោត្តចវាយបង្អើលខ្លោងដំរីផ្អើលរត់ប្រសាចទៅទាំងខ្លោងទៅ ទុរយោធន៍មិនរត់ ធ្លាក់ទៅកណ្ដាលសឹកតេងតោងតែម្នាក់ឯង តស៊ូដោះខ្លួនបណ្ដើរមិនឲ្យសឹកចាប់ខ្លួនបាន ទទួលខណនោះមានព្រះរាជា ១ អង្គជាសម្ព័ន្ធមិត្របរដំរីសឹកទៅជួយ វាយកាត់រវាងទុរយោធន៍នឹងសឹក គឺឃដោត្តចឲ្យគ្រាកចេញទៅ បន្តិចភីស្មនាំកងទ័ពធំស្រូតទៅជួយការពារទុរយោធន៍ទៀត ឃដោត្តចត្រឡប់ជាធ្លាក់នៅក្នុងទីចោមព័ទ្ធវិញ ពួកបញ្ចាលមិនប្រញាប់លើកកម្លាំងទៅជួយគង់ជាចាប់ខ្លួនបាន ការច្បាំងក្នុងថ្ងៃទី ៨ នេះ ក៏នៅមិនទាន់ដាច់ខាតជាខាងណាមានជ័យ ខាងណាអបរាជ័យ តាំអពីថ្ងៃដំបូងរហូតមកដល់ថ្ងៃនេះ បានប្រឹងប្រែងដណ្ដើមជ័យរៀងខ្លួន តែសឹកទាំងសងខាងមានកម្លាំងស្មើគ្នា មិនអាចនឹងផ្ដាច់ទីយកជ័យម្ខាងៗបាន តែទុរយោធន៍ទ្រង់ជ្រាបចំនួនទាហ៊ានរបស់ព្រះអង្គថា ស្លាប់បាត់ទៅជាច្រើន ដែលសេសសល់នៅឃើញស្ដើង ទុរយោធន៍ទ្រង់ទោមនស្សមួហ្មងព្រះហឫទ័យទៀត ដោយទ្រង់នឹករអាព្រះហឫទ័យក្នុងរឿងនឹងធ្វើការតទៅ ជាយូរឬឆាប់ដូចម្ដេចថាមិនត្រូវ ព្រះហឫទ័យរបស់ទ្រង់គ្រាំចម្បែងទៅដោយទុក្ខ ជញ្ជឹងរំពឹងដល់ថ្ងៃដែលកន្លងទៅហើយ ក៏មិនឃើញផលអ្វីមួយចំណិតដែលជាទីញាំងចិត្តឲ្យរីករាយសប្បាយបាន រំពឹងទៅថ្ងៃមុខ ក៏គ្មានឃើញផ្លូវនឹងសង្ឃឹមបាន ខនេះធ្វើឲ្យទ្រង់ធ្ងន់ក្នុងឱរា ។ ខណនោះកណ៌អ្នកមេបញ្ជាការឧបាយ ចូលទៅគាល់ក្នុងបារាំទីប្រថាប់របស់ទុរយោធន៍ តាំងដើមទូលញុះញង់បំផ្លើសច្រកព្រះកណ៌ទុរយោធន៍ ឲ្យទ្រង់សន្ធិះសង្ស័យថា ទូលព្រះបង្គន់គ្មានចេតនាបំណងនឹងលប់លាងសេចក្ដីសត្យសុចរិត របស់អ្នកឯណានិមួយ ដែលព្រះករុណាទ្រង់ទុកព្រះរាជហឫទ័យ យ៉ាងស្និទឥតរង្គៀសមកយូរហើយនោះទេ តែព្រះករុណាក៏ទ្រង់ជ្រាបច្បាស់ឥតសង្ស័យថា គ្មានកងទ័ពឯណា បើទោះបីជាខ្លាំងពូកែយ៉ាងម្ដេចក៏តាម អាចនឹងញាំងសេចក្ដីសមប្រាថ្នាឲ្យសម្រេចទៅបាន បើអ្នកមេទ័ពនោះៗ មកបង្អង់ការយកចិត្តទុកដាក់ក្នុងរាជការនាទីរបស់ខ្លួន អ្នកមេទ័ពប្រៀបដូចជាក្បាលរបស់រាងកាយសេនាទាហ៊ានប្រៀបដូចជាអវយវឯទៀត អ្នកជាមេទ័ពតោងសម្ដែងសេចក្ដីព្យាយាម រឹងប៉ឹងមាំមួនក្លាហាន ដោយកម្លាំងកាយនឹងចិត្ត ដះចិត្តទាហ៊ានគ្រប់កងក្នុងបន្ទុកបង្គាប់បញ្ជារបស់ខ្លួន ឲ្យមានចិត្តក្នុងការតស៊ូសឹកសត្រូវ ទូលព្រះបង្គន់គិតក្រែង ……….. ទូលព្រះបង្គន់អាចសារភាពក្រាបទូលថា ភីស្មមានសេចក្ដីគិតស្ងាត់កំបាំងក្នុងចិត្ត សេចក្ដីគ្មានសត្យសុចរិតក្នុងចិត្តរបស់មេទ័ពនោះឯងជាឈ្នួលអាវុធ ដែលអាចនឹងញាំងរាជអាណាចក្រឲ្យលិចលង់វិនាសបានក្នុងមួយវេលាជាមិនខាន ។ ទុរយោធន៍សំរឹងស្ដាប់ពាក្យឧបាយនេះ ព្រះហឫទ័យត្រឡប់វិបត្តិសារទៅក្នុងសេចក្ដីសង្ស័យដ៏ងងឹតឈឹង ដែលទ្រង់ក៏ធ្លាប់សន្ធិះមកហើយ ក្នុងរឿងភក្ដីនៃអ្នកកំពូលពលរបស់ព្រះអង្គហើយ កណ៌ មនុស្សសំខាន់ក្នុងរាជការទាហ៊ាន ក៏មកមានសេចក្ដីសន្ធិះឡើងដែរ ជាហេតុធ្វើសេចក្ដីងងឹតក្នុងរឿងភក្ដីនោះឲ្យភ្លឺឡើងបន្តិចទៀត ប្រការ ១ទៀត កណ៌ ជាភឿនគូរស់គូស្លាប់ ឬជាភឿនរួមចិត្តជីវិតមួយរបស់ទុរយោធន៍ ហេតុដូច្នោះពាក្យទូលណែនាំរបស់គេរមែងមានទម្ងន់ គួរឲ្យជឿបាន កណ៌ បង្អង់និយាយមួយស្រប់ ហើយក៏និយាយតទៅទៀតថា ។ ទូលព្រះបង្គន់ដឹងហើយថា ភីស្មជាមហាបិតុលារបស់ព្រះអង្គ ទំនៀមមហាបិតុលា មិនដែលធ្វើឲ្យកូនឲ្យក្មួយរបស់ខ្លួនវិនាសហិនហោច តែព្រះករុណាតោងទ្រង់ជ្រាបថា គេជាបុព្វបុរសទាំងខាងតួ ទាំងខាងបាណ្ឌព ហើយធម្មតាមនុស្សចាស់រមែងវង្វេងរអៀង សម្ដែងសេចក្ដីស្រឡាញ់អើពើដល់ម្ខាងច្រើនជាម្ខាង ត្បិតមនុស្សចាស់រាល់រូប រមែងមានកូន-ក្មួយជាទីស្រឡាញ់ពេញចិត្ត នឹងកល្យាណនារីជាទីសេ្នហារបស់គេ ភីស្មនឹងបានផុតអំណាចកិលេសអម្បាលនេះហើយក៏ទេ ដែលគេសំដែងសេចក្ដីលំអៀងទៅខាងបាណ្ឌពនោះ ដឹងកាលគ្រាប្រឹក្សាស្ងប់សឹកគេទូលធ្ឫតរាស្រ្តឲ្យលើកឥស្សរភាពប្រគល់ឲ្យបាណ្ឌពវិញតែខនេះមិនបាច់ព្រួយការ ទូលព្រះបង្គន់នឹងរំលឹកមកសំដែងឲ្យពិស្ដារ ។ អរគុណអ្នក កណ៌ យើងអរគុណអ្នកហើយ ទុរយោធន៍តបដូចមនុស្សល្មើយល់សប់រួចក៏ស្ដេចព្រុសប្រាស់ទៅឯបារាំទីភាក់ភីស្ម ស្រែកសួរថា ខ្ញុំចូលទៅបានឬទេ ។ អ្នកណាណឹងហ្ន មកទាំងយប់អាធាត្រខុសបេលវេលាដូច្នេះ សម្លេងភីស្មស្រែកសួរទៅវិញ ។ ខ្ញុំទុរយោធន៍ សុំអភ័យទោស អញ្ជើញស្ដេចចូលមកខាងក្នុង អ្វីវាដេញឲ្យទ្រង់ក្រោកចេញអំពីទីបន្ទំទាំងយប់ទាំង ទាំងអាធាត្រ ។ ខ្ញុំមានសេចក្តីតូចចិត្ត ដែលមកកំចោកអារោកទ្រង់ក្នុងវេលាចូលដំណេក សេចក្ដីគិតមួយខដ៏ធ្ងន់មកសង្កតហទយវត្ថុខ្ញុំៗមកនេះ ដើម្បីរំសាយឲ្យស្រាលទ្រូង ។ សេចក្ដីគិតផ្ដេសផ្ដាសចាស់ៗ របស់ទ្រង់ទៀតទេដឹង ។ ទេ មិនមែនសេចក្ដីគិតផ្ដេសផ្ដាស ខ្មោចអីវាចូល ពីព្រលប់ដល់ថ្មើនេះ ខ្ញុំដេកមិនលក់ សេចក្ដីខ្មោចៗ នេះឯងវាចូលគ្របសង្កត់ធ្វើទុកខ្ញុំ ។ ចូលមានបន្ទូលមកមើល តែអាណិតកុំតែបញ្ចេញសេចក្ដីគិតចាស់ៗមកទៀត ទូលបង្គន់នឹងរំងាប់ឲ្យផ្ទុំលក់បាន ។ ទុយោធន៍ថា ទ្រង់មិនឃើញឬវេលាល្ងាចយើងទន់ប្រៀបជាងកេរាល់ៗថ្ងៃ ភីស្មអឺយ សេចក្ដីបំណងប៉ងយកជ័យជំនះ អាស្រ័យកម្លាំងក្លាហានរបស់ទ្រង់ ដែលទ្រង់ដំណែងជាកំពូលទ័ពនៃកុរុ ពួកបាណ្ឌពគេក្លាហានក្នុងការសិកសង្គ្រាម គេចៀសផុតពីកណ្ដាប់ដៃទ្រង់ដែលប្រកបដោយប្រដិពល ហើយគេប្រហារកងទាហ៊ានរបស់ទ្រង់បែកព្រាត់រាល់អន្លើ ចូររលឹកដល់ពាក្យបដិញ្ញារបស់ទ្រង់ដែលថា នឹងគាំពារត្រកូលខត្តិរាជក្រុងហស្តិនបុរទុក សូមទ្រង់ឲ្យអភ័យក្នុងពាក្យដែលមិនគប្បីរបស់ខ្ញុំថាបើក្នុងហឫទ័យរបស់ទ្រង់ ត្រូវសេចក្ដីមេត្ដាក្នុងពួកបាណ្ឌពចូលទៅគ្របសង្កត់សោត ក៏ចូលឲ្យកណ៌ធ្វើនាទីជាអ្នកនាំទ័ពរបស់យើងជំនួសទ្រង់ចុះ នឹងបានធ្វើការឲ្យមានជ័យជំនះជាឆាប់ ឆាប់ទៅ ។ ភីស្មដកដង្ហើមធំហើយថា អនិច្ចា ទុរយោធន៍សេចក្ដីបំណងប៉ងសំគាល់របស់ទ្រង់ មិនជាផលប្រយោជន៍ ការសង្គ្រាមរបស់ទ្រង់ជាការតស៊ូដែលខ្សត់ផល សេនារេពលរបស់ទ្រង់ស្មើដូចរបស់លេង គ្មានតម្លៃក្នុងកណ្ដាប់ដៃនៃកម្មពៀរ ខ្ញុំបានទូលប៉ុន្មានដងមកហើយថា សេចក្ដីជាធម្មនឹងឈ្នះ ថា អ្នកដែលច្បាំងដើម្បីទ្រទ្រង់នៅធម៌ មានអាវុធជាពីរភាគ ចំណែកឯការចម្បាំងជាអធម៌មួលកម្លាំងខ្លួនឯងចូលមកទំលាយខ្លួនឯង ទ្រង់ភ្លេចហើយឬកាលយើងលើកទៅវាយប្លន់យកហ្វូងសត្វពាហនៈនៅទីវាលមច្ឆនគរក្នុងដែលវិរាឌ តែអំណាចកម្លាំងក្លាហានអរជុនម្នាក់ឯង រេពលរបស់ទ្រង់ទាំងទ័ព តោងរត់ព្រាតរបស់គេ ១ ទៀត ទ្រង់ភ្លេចហើយឬ ពីដើមពួកគេគន្ធារពចាប់ទ្រង់បានទៅបានអរជុនតែម្នាក់ឯង ចូលទៅកាច់គ្រឿងគន្ធារពដោះទ្រង់រួចមក អរជុននេះនៅមានជីវិតនៅក្នុងពួកបាណ្ឌពនៅឡើយគ្រានេះ គេបានក្រិណ្ណមកជួយ ធ្វើនាទីជានាយសារថិរបស់អរជុន ទាំងទ្រង់ក៏ជ្រាបហើយថាក្រិណ្ណ ជាបុរសជាត្រី មានទេវតា ១ អង្គ គ្រប់គ្រងខ្លួនគេ រឿងនេះវាក៏ប្រាកដដល់ភ្នែកយើងព្រិលៗខ្លះដែរទុរយោធន៍ ព្រះអង្គទ្រង់តោងដល់ព្រហ្មលិក្ខិតក្នុងការសង្គ្រាមគ្រានេះហើយ ភីស្មនៅមានជីវិតដ៏រាបណា គេនឹងធ្វើមុខងារនាទីរបស់គេដោយសត្យសុចរិត តែមរណរបស់កេចូលជិតនាស់មកហើយ កុំព្រួយឡើយការមរណមកដល់ហើយ សិមឲ្យអ្នកធំណាឯទៀត ចូលគ្រងទីជាអ្នកបញ្ជាការកងទ័ពកុរុតទៅចុះ តែខ្ញុំសុំពោលបញ្ជាក់ម្ដងទៀតឲ្យទ្រង់ជ្រាបថា ការកុរុក្សេត្រគ្រានេះនឹងឲ្យផលងល់អបរាជ័យរបស់បរប័ក្ស ។ លុះថ្ងៃព្រឹកឡើងមក ក៏ចេញធ្វើការតយុទ្ធគ្នាដូចថ្ងៃមុនៗ ព្រះភក្ត្រភីស្មក្រញូវក្រញឹងឡើងខឹងក្រោធ ព្រះនេត្រត្រលានក្រឡោតស្ទើស្រក់លោហិត ដោយគិតមកដល់ពាក្យកោសរូសរបស់ទុរយោធន៍ ហេតុនោះថ្ងៃនេះ គេទើបប្ដុរច្បាំងដោយកម្លាំងទោសមិនខ្លាចស្លាប់តាំងពីព្រឹកដល់ថ្ងៃត្រង់ ពីថ្ងៃត្រង់ដល់រសៀល គ្មានអ្នកណានឹងតទល់វិរបុរសនេះបាន ពួកបាណ្ឌពនាំគ្នារត់ប្រសាចទៅខាងមុខគេដូចហ្វូងម្រឹគ រថសឹកភីស្មដែលគ្មានអ្នកទប់ទល់បានក៏បរបង្រុសពុសបាសពទាហ៊ានដែលស្លាប់ នឹងដែលកំពុងត្រដាបត្រដួសទៀបស្លាប់ត្រៀបត្រាដូចគេហាល សំដៅទៅរកពួកដែលតាំងតស៊ូនឹងពួកដែលគេចរត់ទៅ គ្មាននរណាប៉ះមុខបាន រហូតដល់យប់យាមសន្ធនារាត្រីកាលចរមកដល់ ។ យុធិស្ឋិរអ្នកទ្រង់សីល ក៏ទោមមនស្សតូចព្រះហឫទ័យពន់ប្រមាណ ដោយបានទតព្រះនេត្រឃើញ ទីយុទ្ធភូមិដ៏ស្រប់ស្រោចដោយលោហិតខ្មោចទាហ៊ានដែលត្រូវអាវុធស្លាប់ នឹងរបួសទៀបស្លាប់ច្រាលក្រាលទាំងប្រថពី ព្រះហឫទ័យដ៏ទន់របស់ទ្រង់ស្ទើតែនឹងទ្រាំទ្រ នឹងរបស់ដែលប្រទះឃើញដោយព្រះនេត្រពុំបាន ព្រះហឫទ័យស្រពោន ស្ដេចទោរកក្រិណ្ណទាំងយប់ងងឹត ហើយត្រាស់ថា សង្គ្រាមដ៏ពន្លឹកមុខគួរព្រឺនេះ មិនជាផលប្រយោជន៍ ការលាងបំផ្លាញញាតិមិត្តរលំរលាយគ្មានទីបំផុតនេះ ជាកម៌របស់ខ្ញុំ មិត្តរបស់យើងជាសត្រូវនឹងយើង ឯការដែលយើងកាប់សម្លាប់គេនោះ ក៏ឈ្មោះថាយើងសម្លាប់ខ្លួនយើងណឹងឯង បានស៊ូច្បាំងកាប់សម្លាប់គ្នាឈាមជ័រហូរដាបទាំងម៉្លេះមើលទោយើងក៏មិនឃើញ ជានឹងជិតទៅតំរ៉ុយនៃជ័យជំនះនោះឡើយ ដឹងជាកាលណានឹងដល់ទីបំផុត ពួកកុរុក៏មិនណយថយត្រង់ណា គេនៅមានជ័យរហូតមក គ្មានអ្នកណានឹងអាចទប់ទល់កម្លាំងភីស្មអ្នកឈ្នះគ្រប់ទិសនេះបាន ការដ៏នឿយព្រួយទទេ បង់ជីវិតទៅទទេ តស៊ូនឹងកម៌និយមទទេ ទាហ៊ានរបស់យើងឈានជ័រហុរទទេ រាស្ត្ររបស់យើងលះជីវិតឲ្យយើងទទេជាតិទាំងលាយបានលះបង់ជីវិតនឹងលោហិតរបស់គេ ដើម្បីឃើញដល់យើងក៏ទេ ក្រិណ្ណអើយខ្ញុំទ្រាំមិនបានហើយ ចូលឈប់ការកាប់សម្លាប់គ្នាដោយមិនរើសមុខចុះណា ហើយក៏នឹងនាំគ្នាទៅនៅព្រៃម្ដងទៀតចុះ ។ កាលក្រោយប្រឹក្សានឹងក្រិណ្ណ យុធុស្ឋិរបានហៅប្រជុំវេលាអាធាត្រស្ងាត់ ដើម្បីនឹងចាត់ការរឿងនោះឲ្យសានត្រាន្ត ស្រេចការប្រជុំ ទើបត្រាស់ប្រើនាយទាហ៊ានអ្នកមុខអ្នកការខាងបាណ្ពពជាច្រើនអ្នកឲ្យទៅរកភីស្ម ទូលអង្វរសុំមេត្តាកុរុណាក្នុងការដែលនឹងស្លេះលើកលែងធ្វើសង្គ្រាមតទៅ លោកអ្នកចម្បាំងបូរាណ បានបដិសន្ថារទទាក់ទទួលដោយសេចក្ដីករុណាប្រាណីជាបំផុតតែត្រង់រឿងសុំសេចក្ដីមេត្តាករុណានោះ គេថ្លែងតបមកវិញថា គេនៅមានជីវិតរស់នៅដ៏រាបណា នឹងស៊ូច្បាំងដណញដើមយកជ័យឲ្យទុរយោធន៍ដរាបនោះ គេបានប្រណិធានទុករឿងនេះជាមាំមួន ជាសំដីអ្នកចម្បាំង គឺគេប្រណិធានទុកថានឹងមិនច្បាំងកាប់សម្លាប់សឹកដែលចាលចាញ់ ឬសឹកដែលញ?មចុះចាញ់ ឬអស់កម្លាំង ឬត្រូវអាវុធ ឬមានជាតិកំណើតជាភេទស្ត្រី ។ ពួកអ្នកមុខអ្នកការអំបាលនោះ នាំគ្នាត្រឡប់ទីបន្ទាយវិញ ដោយសេចក្ដីរីករាយសមប្រាថ្នា ប្រាប់អរជុនថា ឥឡូវនេះមានផ្លូវសង្ឃឹមនឹងមានជ័យហើយ ត្បិតភីស្មបានប្រណិធានទុកថា គេនឹងមិនច្បាំងនឹងបុគ្គលភេទជាស្រ្តី យើងមានមនុស្សយ៉ាងដែលថានេះម្នាក់ នៅក្នុងកងទាហ៊ានរបស់យើង លោកយល់ដូចម្ដេចសិខណ្ឌិន សិខណ្ឌិនគេកើតមកជាភេទស្ត្រី តែកាលនៅឡើយ បានប្ដូរភេទនឹងយក្សមួយ ខ្លួនគេក៏ក្លាយជាភេទបុរស ដូច្នេះចូលឲ្យសិខណ្ឌិននៅមុខនៃកងទ័ពយើង ភីស្មឃើញក៏គង់ជាថយទៅ ចោលយើងទុកនៅឲ្យជាម្ចាស់ទីយុទ្ធភូមិដោយមិនតាំងតោងសង្ស័យ ។ អរជុនកាលបានស្ដាប់ពាក្យប្រឹក្សានេះ ក៏ក្រោធហើយស្រែកចេញមកខ្លាំងៗថា អាម៉ាស់មុខលោកអឺយ អ្នកចម្បាំងដ៏សុចរិតឯណាគេនឹងបន្ទាបខ្លួនទៅ ធ្វើការលួចល្បក់ស្ងាត់កំបាំងដុច្នេះឬលាក់សេចក្ដីក្លាហានទុកក្រោយស្ត្រី ឬកូនក្មេង យើងម្នាក់ហើយជាមិនព្រមច្បាំងដោយអាការកំឡាចយ៉ាងនេះ យកឧបាយយ៉ាងមុខគួរអាម៉ាស់មុខ ទៅទំលាយភីស្មអ្នករកមន្ទិលគ្មាន វិធីកោងនេះធ្វើឲ្យខុចកេរ្តិ៍ឈ្មោះកិត្តិយសរបស់យើង ។ ក្រិស្ណក្រោកឈរ តបអរជុនថា វាដល់មិគសញ្ញីដោយព្រហ្មលិខិតហើយ ថាថ្ងៃស្ងែកនេះភីស្មនឹងដួល កាលបើគេបានច្បាំងតស៊ូនឹងអ្នកដែលកេស្រឡាញ់ ដុចម្ដេច អរជុនអើយ ទ្រង់ក៏តោងច្បាំងតស៊ូនឹងញាតិរបស់ខ្លួនដូច្នោះ គេបានសំដែងឲ្យទ្រង់ឃើញហើយតើ ក្សត្រអ្នកចម្បាំងត្រូវគ្រប់មុខសព្វទិស មិនថាសត្រូវដែលខ្លួនស្រឡាញ់ ឬសត្រូវដែលខ្លួនស្អប់ តែលរមកតោងលេចសងទៅវិញ ខ្ញុំសូមប្រាប់ទ្រង់ វាគ្មានបាបកម្មអ្វីត្រង់ដែលឲ្យសិខណ្ឌិននាំកងទាហ៊ានរបស់យើង វេលាដែលកើត គេកើតជាអ្វីក៏មកតាម ឥឡូវនេះជាអ្នកចម្បាំងដូចគ្នានឹងទ្រង់ ត្រូវតែធ្វើឲ្យនាទីនោះបាន គ្មានឧបាយកលយោបល់កោង យ៉ាងដែលទ្រង់នឹកក្រែងនោះសោះ ។ កាលបានស្ដាប់ពាក្យរំឭកសតិដុច្នោះហើយ អរជុនក៏ចេញច្បាំងក្នុងថ្ងៃទី ១០ មានសិខណ្ឌិនជាអ្នកនាំទ័ពនៃបាណ្ឌពទុរយោធន៍កាលឃើញមេទ័ពថ្មីនាំទ័ពយុធិស្ឋិរ ក៏ព្យាយាមអង្វរភីស្មម្ដងទៀត ដើម្បីឲ្យលះដំណែងមេទ័ពឲ្យកណ៌ ដោយទ្រង់យល់ឃើញថា ក្នុងរាជការទាហ៊ានត្រូវតែផ្លាស់មេទ័ពជាដ៏រាប ទ្រង់យល់ឃើញថា មេទ័ពតែម្នាក់នាំទាហ៊ានចេញច្បាំងរាល់ៗ ថ្ងៃ មិនផ្លាស់ខ្លះដូច្នោះ ជាការប្រាប់សេចក្ដីខាតខ្វះមេទ័ព ដែលខ្លាំងពូកែក្នុងកងទ័ពកុរុ ទ្រង់ឃើញថា ការផ្លាស់មេទ័ពមិនត្រឹមតែធ្វើឲ្យសម្រើបចិត្តពលទាហ៊ានប៉ុណ្ណោះ នៅធ្វើពួកសឹកញញើតថ្វីដៃមេទ័ពថ្មីនោះផង កាលទ្រង់ឃើញពួកបាណ្ឌពរើសមេទ័ពថ្មី ទ្រង់ក៏ចងដំណើរតាមយ៉ាងគេ ទ្រង់ឃើញថា ដែលធ្វើដូច្នោះ ជាអាការសំដែងថា ទ្រង់នៅមាន សេចក្ដីមុខនឹងសឹក ទើបទ្រង់អង្វរភីស្មម្ដងទៀត ឲ្យប្រគល់ដំណែងនោះឲ្យកណ៌ តែភីស្មដាច់អហំការថាថ្ងៃនេះ នឹងកម្រាបពួកបាណ្ឌពឲ្យរាបទាល់តែបាន ឬមិនទេក៏ស្លាប់ក្នុងទីយុទ្ធភូមិប៉ុណ្ណោះ កុំបាច់រំខានព្រះហឫទ័យទៅឡើយ ការសមប្រាថ្នា របស់ព្រះអង្គនោះនៅមិនឆ្ងាយទេ ។ ពោលពាក្យអំបាលនេះហើយ វីរបុរសជារាក៏បររថស្ដាចេញទៅពោលឡកឡឺយឲ្យអរជុន អ្នកចម្បាំងទាំងពីរប្រាណក៏ចាប់តស៊ូគ្នាដូចបាយុ ក្បួនសង្គ្រាមពីកាលណាមកមិនដែលមានដូចយ៉ាងនេះ ភីស្មនឹងងរជុន ១ គូនេះ ជាអ្នកចម្បាំងឯក រកបុគ្គលប្រៀបគ្មាន គេតស៊ូគ្នាគ្រានេះបានបញ្ចេញស្នៀតគ្រប់យ៉ាង មុខគួរមើលជាបំផុត ពួកទាហ៊ានទាំងសង្ខាងជាច្រើនពាន់ នាំគ្នាមកឈរដំកង់ជុំវិញទីនោះ ដើម្បីមើលការតស៊ូរវាងវីរបុរសទាំងពីរ ។ កាលការតស៊ូគ្នាដល់កម្រិតជាន់ខ្ពស់បំផុតហើយ ខណនោះសិខណ្ឌិនលេចធ្លោចូលមកព្រួតវាយភីស្មពីខាងក្រោយដោយមិនដឹងខ្លួន លុះភីស្មក្រឡេកទៅឃើញ ក៏រឮកឃើញដល់ពាក្យបដិញ្ញាដែលថា នឹងមិនច្បាំងតស៊ូ អ្នកដែលកើតមកជាភេទស្ត្រី កាលរឭកដល់សំដីនោះហើយ ដៃរបស់គេក៏សម្របចុះដងធ្នូក៏ធ្លាក់ចុះអំពីដៃ ភីស្មវេលានោះបើ់នឹងប្រៀបទៅ វិស័យដូចដំបូក ខណនោះស្រាប់តែកូនសររបស់អរជុន ក៏រត់ប្រសាចមកចាក់ដោតរាងកាយភីស្មមុតសុះសព្វអន្លើរ ទោះបីដូច្នោះក្ដីវីរបុរសជរា សក់ស្កូវសរព្រោងទាំងសិរ ក៏ឈរចង្គ្រឹងរឹងក្រអឺតលើរថបីដូចបព្វតា លោហិតហូរស្រោចអាត្មា ឥតមានសំដែងអាការទុរុនទុរា យូរបន្តិចក៏មានអាការឲ្យងងឹតមុខ តែសម្លឹងក៏ឈរខ្ជាប់នឹងកន្លែង ក្នុងទីបំផុតគេដឹងខ្លួនថា ការប្រឹងរបស់គេឈ្មោះថា បានប្រឹងប្រែងហើយ ការប្រឹងប្រែងយកកេរ្តិ៍ឈ្មោះជាតិអ្នកយុទ្ធនាទុករបស់គេ ដល់ទីបំផុតប៉ុណ្ណោះហើយ គេក៏ដួលចុះកណ្ដាលស្នាមយុទ្ធនា ដួលយ៉ាហក្សត្រិយ៍ជាតិអ្នកចម្បាំងតាំងតែចូលកាន់ស្នាមយុទ្ធតស៊ូសឹកសង្គ្រាមគ្មានល្ហែរ រហូតដល់ទីបំផុតនេះ ឥតមានថ្ងូរឥតមានដកដណ្ហើមធំ ទាំងមិនព្រមឲ្យអ្នកណាដកព្រួញធ្នូដែលដោយនឹងខ្លួនច្រុងច្រាងនោះចេញ ថ្មមទុកតោងពូកគ្រែរងកាយគ្រាដេក ។ ភីស្មកំពូលពល ដេកទាំងព្រួញធ្នូស្កះយ៉ាងនេះ ក្នុងទីយុទ្ធភូមិ ព្រះសុរិយនក៏ទន់ទាបបិទបាំងបព្វតា ដួងតារាក៏រឿងរះព្រាងព្រាយក្នុងអម្ពរ បញ្ចេញរស្មីត្រជាក់ទន់ៗ មកសម្ផស្សមុខ ដ៏ស្រស់របស់លោកមេទ័ពដែលដួលនោះ ។ អ្នកចម្បាំងជរាដេកយ៉ាងសង្ហារ ព្រមដោយយសនឹងបរិវារគ្មានយកចិត្តទៅចាប់នឹងសេចក្ដីឈឺ រោលរាលក្នុងកាយជាអារម្មណ៍សោះ បានសន្ធនាប្រាស្រ័យរីករាយនឹងអ្នកទាំងពួងដែលទៅចោមរោមជុំខ្លួន ដើម្បីសំដែងសេចក្ដីសោកស្រណោះអ្នកកាន់ទុក្ខទាំងពួង រួមទាំងអរជុននិងយុធិស្ឋិរ ក៏រាប់ចូលក្នុងចំនួននោះដែរ ទុរយោធន៍ព្រមទាំងបងប្អូនរបស់ព្រះអង្គ បានស្ដេចប្រញាប់មកកាន់ទីនោះ សន្សិមៗចូលទៅប្រថាប់ខាងអ្នកចម្បាំងដែលដួល ដួលតែមិនទាន់ស្លាប់ ។ ភីស្មប្រាស្រ័យរីករាយនឹងទុរយោធន៍មុន ព្រោះព្រះហឫទ័យកង្វល់បលិពោធនឹកតែទុរយោធន៍ប៉ុណ្ណោះជាងគេ ទ្រង់ឲ្យឱវាទទុរយោធន៍ជាច្រើនយ៉ាងដោយតម្រិះថា បច្ឆិមវាចាររបស់គេក្នុងបំផុតនេះ ប្រហែលជាធ្វើឲ្យចាប់ចិត្តចាប់ថ្លើមដ៏រឹងរុសរបស់ទុរយោធន៍ ជាងដែលហើយមកហើយ ទើបថ្លែងសុន្ទរកថាថា ចុរស្ដាប់ពាក្យខ្ញុំក្នុងកាលឥឡូវនេះ ទុរយោធន៍អឺយ ចូលស្ដាប់ពាក្យបណ្ដាំមុនស្លាប់របស់ញាតិអ្នកភក្ដី ថាបើទ្រង់នៅមានព្រះហឫទ័យសំវេគវេទនាខ្លះដែរសោត ក៏ចូលឲ្យលើកលែងកាប់សម្លាប់ពពួកញាតិដោយដៃរបស់ខ្លួនខ្លួននេះចេញ កុរុខត្តិរាជអឺយ ចូរទុកជីវិតបណ្ដាក្សត្រិយ៍អ្នកក្លាហានដែលជាប់តាមព្រះអង្គមកក្នុងរាជការកម្រាលសិកសង្គ្រាម ក្នុងយាមសុខនិងយាមទុក្ខ កុំឲ្យជាតិកុរុដ៏ក្លាហាននេះសាបសូន្យទៅឡើយ ចូរបង្វឹលអាណាចក្រឥន្ទ្របថដ៏ជារបស់ដ៏ជារបស់គេដោយយុត្តិធម៌នោះ ឲ្យដល់យុធិស្ឋិរអ្នកទ្រង់សីលបរិសុទ្ធ នឹងទ្រង់ស័ត្យរកទីទំនៀលមិនបានវិញទៅ សុំឲ្យពួកកុរុនឹងបាណ្ឌុវនៅជាសុខ នឹងជាមិត្រភាពផងគ្នាមួយគ្រាទៀតចុះ នេះជាពាក្យសុំគ្រាទីបំផុតរបស់ខ្ញុំ ។ ទុរយោធន៍មានសេចក្ដីសំវេគវេទនាអាណិតលោកមេទ័ពអ្នកទៀបមរណនេះណាស់ណាតែបច្ឆិមវាចាររបស់លោកមេទ័ពនោះជាអសារឥតការ ក្នុងកមហឫទ័យទុរយោធន៍មិនទទួលអើឲ្យផង ព្រះហឫទ័យទ្រង់បង្អោនទៅ តែក្នុងការលាងពួកបាណ្ឌពឲ្យរលីងទៅ ហើយនឹងកោងរិបយកអាណាចក្ររបស់គេហេតុដូច្នោះ ទ្រង់តាំងព្រះហឫទ័យនឹងធ្វើសង្គ្រាមតទៅ ស៊ូទាល់សល់ទាហ៊ានតែម្នាក់កាន់ធ្នូស៊ូអរិរាជសត្រូវទើបឈប់ ។ ខណនោះ កណ៌ក៏ចុរមករកវិរបុរសអ្នកទៀបមរណ កណ៌មិនចូលចិត្តនឹងភិស្ម នឹកឫស្យាតម្រិះវិជ្ជាដ៏វិសេសរបស់គេនឹងតំណែងយសសក្តិដ៏ខ្បស់ដែលគេស្ដីក្នុងវេលានេះ ខណដែលលោកមេទ័ពជរាដេកចាំទទួលមច្ចុរាជ គូសត្រូវចាស់ក៏ភ្លេចរឿងប្រកួតអួតឫទ្ធិ៍គ្នា បានមកសំដែងពាក្យលានឹងមេត្តាចិត្ត សន្សិមៗចូលមកដើម្បីមិនឲ្យខ្ទាំងខ្ទប់ចិត្តលោកមេទ័ព ភីស្មបានឮសូរជើងដើរក៏ហៅឲ្យចូលមកជិតខ្លួន និយាយយ៉ាងផ្អែមល្ហែមទឹកសំដីពេញទៅដោយស្នេហាប្រាណីថា ” យើងធ្លាប់ជាអ្នកប្រកួតគ្នាតាំងតែកាលណាៗ មកហើយ ឫស្យាសតិបញ្ញា នឹងកិត្តិយសកេរ្តិ៍ឈ្មោះរបស់គ្នានៅគ្នា នឹងបំណងតែយកជីវិតគ្នាជានិច្ច ក្នុងវេលានេះ សុំអហោសិកម្មឈប់ឫស្យាព្យាបាទអាឃាតគ្នាចុះណា យើងមានសេចក្ដី ១ខរ ដែលនឹងបច្ចេញឲ្យអ្នកស្ដាប់ តែយើងក្រែងជីវិតរបស់យើងផុតទៅមុនសេចក្ដីចប់ តែទោះបីម្ដេចក្ដី ក៏និយាយសេចក្ដីស្ងាត់កំបាំងរបស់អ្នក ដែលខ្ញុំបិទបាំងមកយូរហើយ អរជុននេះមិនមែនអ្នកខ្លាំងពូកែជាងអ្នក តែយ៉ាងឯងណានិមួយទេ គេមិនទន់ជាងអ្នកក្នុងវិជ្ជាចម្បាំង ឬសក្តិត្រកូលក៏មិនខ្ពង់ខ្ពស់ជាងអ្នក ព្រោះអ្នកក៏ជាជារិក្សត្រិយ៍ជាប់ខ្សែហោហិតជាមួយគ្នានឹងគេ អ្នកឯងឱរសព្រះនាងកុន្តី នឹងសូរ្យទេព កាលព្រះនាងប្រសូត្រអ្នកមក ខណព្រះនាងនៅក្រមុំ សូរ្យទេពជាជនកររបស់អ្នក កាលនៅជាកុមារនោះគេយកអ្នកទៅចោលលើផែនថ្ម ដើម្បីឲ្យស្លាប់បង់ ដើម្បីនឹងចៀសចាកសេចក្ដីអាម៉ាស់មុខនៃមាតារបស់អ្នកគ្រានោះមាននាយសារថិម្នាក់បានទៅប្រទះក៏រើសយកខ្លួនទៅផ្ទះចិញ្ចឹមជាបុត្ររបស់គេមកដូច្នេះ អរជុនក៏ជាបងប្អូនរបស់អ្នកឯង ឯសង្គ្រាមដែលធ្វើវេលានេះ ជាសង្គ្រាមរវាងវង្សញាតិយើងនឹងឯង នេះជាការមិនគប្បី អំពីនេះទៅធុររបស់អ្នកដែលនឹងគប្បីនាំសង្គ្រាមទៅកាន់សេចក្ដីចប់ស្រេចអស់ទៅដោយឆាប់ ” ។ កណ៌ភ្ញាក់ខ្លួន ដោយដែលភីស្មបើកសេចក្ដីស្ងាត់កំបាំងនៃជាតិកំណើតរបស់ខ្លួន តែមានសេចក្ដីអំណរក្នុងត្រង់ខរដែលថា គេជាកូននាយសាថិត្រកូលថោកទាបនោះ មិនពិតទៅហើយសំឡេងដំនៀលអស់នេះ នឹងគ្មានតទៅ តែអន់ចិត្តត្រង់ដែលតោងរាប់អរជុនជាបងប្អូនក្នុងពពួកមនុស្សក្នុងសកលលោកនេះអរជុនជាអ្នកចម្បាំងដែលគេកន្រ្ទិសឫស្យាស្អប់បំផុត អរជុនជាសឹកសត្រូវនឹងគ្នា ដែលគេចង់តែក្រញិចឲ្យខ្តេចបាត់ទៅ តាំងតែនៅកុមារតូច ចូលប្រលងរះអាវុធគ្នា គេមានសេចក្ដីឫស្យាអរជុនច្រើន ទើបកើតចាសេចក្ដីបំណងដោយចំពោះ នឹងកាច់គូសត្រូវនេះ ឲ្យរាបទាល់តែបាន ព្រោះហេតុនោះពាក្យភីស្មដែលសុំឲ្យគេនាំសង្គ្រាមទៅកាន់សេចក្ដីចប់ស្រេចអស់ទៅ នោះចូលទៅសម្ផស្សហឫទ័យកណ៌តិចណាស់ ស្មើនឹងដែលសម្ផស្សហឫទ័យទុរយោធន៍ដូច្នោះ ។ ភីស្មផ្ទំទាំងព្រួញធ្នូស្កះខ្លួនយ៉ាងព្រងើយ មានអ្នកយាមរក្សាការជុំវិញ រង់ចាំដល់វេលារបស់គេនឹងដំណើរទៅតាមយថាកម្ម ។ អាស្រ័យការបង្វឹកបង្ហាត់ចិត្តរបស់គេ បានយ៉ាងអស្ចារ្យលោកមេទ័ពអ្នកគ្មានបាន បានរងវេលាស្លាប់ឲ្យយូរទៅដល់ថ្ងៃពេញបូរណ៌មីខាងមុខ កាលដល់អភិលក្ខិតកាលនោះ លោកមេទ័ពសម្ងមសម្ងាត់ បង្អោនចិត្តដ៏ក្លាហានរបស់គេថ្វាយព្រះជាម្ចាស់អ្នកទ្រង់សាងមក ។ ខាងពួកកោរព បានហៅប្រជុំប្រឹក្សាការសង្គ្រាមម្ដងទៀតក្នុងប្រជុំគ្រានេះ គេបានរើសយកលោកអាចារ្យ ទោណ ជាមេទ័ពកុរុជំនួសភីស្ម ពួកបាណ្ឌពបានដឹងដំណឹងនេះ ក៏ភ័យហេតុថា ទោណជាអាចារ្យរបស់គេ គេឃើញបាបកម្មក្នុងការដែលធ្វើសង្គ្រាមតស៊ូនឹងគ្រូ ព្រោះរាងកាយរបស់គ្រូនោះ ក្នុងសម័យឥណ្ឌាបូរាណ រាប់អានថាជារបស់សក្តិសិទ្ធិ៍ធ្វើប្រទុស្តមិនបាន ។
ដកស្រង់ចេញពី ស្នាដៃកូនខ្មែរ Website