ការ ដាំដំណាំមិនមែនជាការងារលំបាកទេ កសិករគ្រប់រូបចេះដាំបានគ្រប់ៗ គ្នា ។ ប៉ុន្តែ ការដែលលំបាក គឺដាំយ៉ាង ណាឲ្យទទួលបានផលខ្ពស់ ។ ដូចជាការដាំដូងនេះ មានបទពិសោធន៍ជាច្រើនកន្លងមកហើយ ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រលេខ ០៤ ឆ្នាំ ២០០១ ។ ហើយនៅក្នុងលេខនេះ យើងមានបទពិសោធន៍ប្លែកមួយទៀត របស់លោកពូ ជួប ជា រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្តីពីការកាប់ឫសខ្យល់របស់ដូង ដែលអាចជួយឲ្យដូងមានផ្លែច្រើន បង្ហាញជូនកសិករទុកជាគំនិតសំរាប់សាកល្បង ។
លោកពូ ជួប ជា មានដើមដូងក្បែរៗផ្ទះជាច្រើន តែពុំសូវមានផ្លែផ្កាទេ ព្រោះដូងទាំងនោះមានអាយុច្រើនឆ្នាំ (១០ ឆ្នាំឡើងទៅ) ។ ជាទូទៅ ដូងដែលមានអាយុច្រើន វាតែងតែមានឫសខ្យល់ដុះចេញមកច្រើន ជាពិសេស នៅគល់ (ភាសាកសិករហៅថាឡើងគល់) ។
លោកពូ បានយកកាំបិត ឬពូថៅមុតមកកាប់ឫស ខ្យល់ចេញក្រឡឹងជុំវិញគល់ ។ ការកាប់នេះចេះតែបន្តរហូតនៅពេលដែលយើងឃើញឫសខ្យល់ដុះចេញ មកក្រៅ ។ ក្រោយពីការសាកល្បងធ្វើបែបនេះមក គាត់សង្កេតឃើញថាដូងរបស់គាត់មានផ្លែផ្កាបន្តចាប់រហូតពេញ មួយឆ្នាំ ទៅមួយឆ្នាំ ។ សរុបមក ដើមដូងចាស់ៗដែលមានអាយុច្រើនពុំសូវមានផ្លែ គេអាចកែប្រែវាឲ្យមានផ្លែបានដោយការកាប់ឫសខ្យល់ចេញ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITcambo.com