ថ្ងៃរសៀលម៉ោងជាងបី ពូសនបើកឡានទៅដល់មន្ទីរធ្វើការ… ឃើញស៊ឹមកំពុងតែមើលសៀវភៅអង្គុយលើអាស៊ីបកញ្ចាស់គាត់។ពូសនចតឡានស្រួលបួលហើយ រួចក៏ដើរសំដៅទៅស៊ឹម សួរថា៖
- ស៊ឹមជក់រឿងណាស់ថ្ងៃនេះ មិនឮសូរឡានខ្ញុំទេឬ? សុខសប្បាយជាទេ។
ស៊ឹមឮសម្លេងក៏ងាកមើល បិទសៀវភៅហើយឆ្លើយតប៖
- ចុះពូសុខសប្បាយជាទេ? ទៅណាបាត់ជាងមួយអាទិត្យ? ខ្ញុំស្មានតែមិនមែនពូបើកឡាននេះ បានជាខ្ញុំមិនសូវគិត។
- លោកពឹងពូឲ្យជូនបងប្អូនលោកទៅលេងកែប…។
- ម៉េចសប្បាយទេ ទៅលេងកែប។ស៊ឹមបានសួរ។បានក្តាម ត្រីសមុទ្រយកមកផ្ញើខ្ញុំខ្លះទេ…។
- មិនបានទេស៊ឹមអើយ ឯងមិនសូវមានលុយនោះ។លើកនេះយ៉ាប់ណាស់ ឡានខូច បូមសាំងមិនសូវស្រួលសោះ។ម្យ៉ាងទៀតប្រើវក់វីតែម្តងហើយ បន្តិចកែប បន្តិចទឹកឈូ។ខ្ញុំនៅជាប់នឹងឡាន គ្មានហ៊ានឲ្យអ្នកណាកាន់ជួសទេ ម៉្លោះហើយស៊ឹមឯង គ្រាន់តែភ្លេចកន្សែងមួយទៅជូតខ្លួន ក៏ប្រើឯងទៅយកដែរ។
- ក្រែងបានរង្វាន់ខ្លះដែរ…។ស៊ឹមបានបញ្ជាក់។
- ឲ្យដែរតែតិចណាស់។គ្រាន់តែផឹកកម្តៅគ្រឿងក្នុង មិនចង់គ្រប់ផង។ពូត្រូវចាយលុយផ្ទាល់ខ្លួនអស់៥០រៀលទៀត។ម្យ៉ាងទៀត អាទិត្យមុននេះ នៅផ្ទះមានធុរៈ។មីងឯងគេមិនស្រួល ចេះតែចុកពោះ។ពូទៅកែបលើកនេះ ទាំងទើសទាល់ទេ កុំឲ្យតែលោក កុំអីមិនទៅទេ…។ចុះស៊ឹមឯងវិញ លោកស៊ឹមឯងមានថាអ្វីទៀតទេ?
- លោកគ្មានថាអ្វីទេ។គ្រាន់តែលោកមិនស្និទ្ធស្នាលដូចពេលមុនទៀត។
- ស៊ឹមឯងសូមទោសលោកទៅ។
- ខ្ញុំជម្រាបច្រើនលើកហើយថា ខ្ញុំមិនសូមទេ ព្រោះខ្ញុំគ្មានខុស។
- ស៊ឹមឯងនៅតែរឹងដដែល។
- ខ្ញុំការពារសិទ្ធិសេរីភាពរបស់យើងគ្រប់គ្នា។
- លោកមិនផ្លាស់ស៊ឹមឯងទេឬ មើលទៅ?
- ត្រង់ផ្លាស់ខ្ញុំមិនដឹងសោះ ហើយខ្ញុំក៏មិនដែលនិយាយពីរឿងនេះផង។តែតាមខ្ញុំសង្កេតឃើញតាំងពីក្រោយថ្ងៃដែលខ្ញុំបើកឡានទៅមុននោះ លោកមិនបានរំលោភលើខ្ញុំទៀតទេ។ខ្ញុំឈប់ជូតឡានផ្ទាល់ខ្លួនលោកទៀតហើយ។ម្តងមួយកាលទេដែលខ្ញុំជូនកូនលោក ឬទៅទទួលកូនលោកពីសាលារៀន ហើយថ្ងៃសម្រាកអាទិត្យ ខ្ញុំបានទៅផ្ទះជាមួយកូនប្រពន្ធខ្ញុំស្រួលជាងលើកមុន។ឥឡូវខ្ញុំមានឱកាសថែទាំគ្រួសារខ្ញុំច្រើន ហើយមិនសូវហត់នឿយវក់វីដូចមុនទៀតទេ លោកស្រីក៏ប្រែនិយាយមករកខ្ញុំ ពឹងខ្ញុំដោយសម្តីស្រួល លែងពាក្យធំៗដូចមុនទៀតហើយ។
- ពូខំតែជួយព្រួយ ជួយភ័យស្មានតែត្រឡប់ពីកែបមកវិញនេះ ខានឃើញមុខឯងហើយ។ឯងត្រឡប់ជាគ្រាន់បើទៅវិញ។មនុស្សឥឡូវប្រែច្រើនណាស់។ជាន់ដើម របៀបស៊ឹមឯងនេះ មិនគ្រាន់តែផ្លាស់ ឬដេញចោលទេ ប្រហែលជាត្រូវឃុំខ្លះផងមើលទៅ។ពូសរសើរលោកស៊ឹមឯងណាស់ ដែលមានចិត្តល្អដូចនេះ មិនងាយរកទេ ចៅហ្វាយរបៀបនេះ…។
- ចុះពូឯង ចង់បានចៅហ្វាយនាយរបៀបនេះទេ?
- ម៉េចមិនចង់?
- បើដូចនេះ ត្រូវខំផ្លាស់របៀបចាស់ចោល គឺត្រូវខំរៀនអានសៀវភៅ អានកាសែតដូចខ្ញុំអីចឹង ហើយតែចង់ដល់យើងចេះដឹងដូចគ្នាទៅ យើងហ៊ានរកខុសត្រូវ ហើយមនុស្សធ្លាប់រំលោភជិះជាន់យើង ក៏បែរជាចិត្តល្អវិញ…។
- មែន ស៊ឹមឯងនិយាយចំជាត្រូវ។តែមានអ្នកបរឡានតិចណាស់ ដែលមានគំនិត ដែលមើលឃើញដូចស៊ឹមឯង។ស៊ឹមឯងមានដឹងទេ ពួកអាសៀង ពួកអាយ៉ែម ពួកពីរនាក់នោះវាចង់ញោសជាងពូទៅទៀត។វាគិតតែលេងបៀ គិតតែផឹក…។បើវាជួបពូ វាគិតតែបបួលពូចូលតៀមចិនដាក់មួយកែវសិន។ហើយអាហេងវិញ ពិបាករកលេខដាក់ណាស់។ក្រោមពូកឡានវា មានមួយដបជានិច្ច អានោះគ្មានគិតអ្វីក្រៅពីឱបដបស្រាទេ ពេលចាំលោក…។
- គ្នាមិនទាន់យល់។ហេតុដូចនេះ យើងត្រូវតែខំកែប្រែខ្លួនយើងសិន។ក្រោយដែលយើងភ្ញាក់រលឹក កែប្រែដុសខាត់គំនិតយើងបានហើយ យើងត្រូវជួយអ្នកដទៃទៀត។ជាដំបូងនេះ ពូត្រូវខំរៀនមើលសៀវភៅ បើខ្វះខ្ញុំឲ្យខ្ចីខ្លះ។កុំទុកពេលចោលទទេ ជាងទំនេរ រៀនសូត្រទៅ។
- ចុះស៊ឹមឯងមើលសៀវភៅអីថ្ងៃនេះ ក៏ជក់មិនឮឡានពូ…។
- ខ្ញុំមើលទំនៀមទម្លាប់ និងច្បាប់ខ្មែរ។ពូត្រូវការមើល ខ្ញុំឲ្យខ្ចី ព្រោះខ្ញុំមានយកសៀវភៅប្រវត្តិអាចារ្យហែមចៀវ មកជាមួយដែរថ្ងៃនេះ។
ថាហើយ ស៊ឹមបានហុចសៀវភៅឲ្យពូសន។ពូសនយកទៅមើល។ស៊ឹមដើរឆ្ងាយពីពូសនទៅអង្គុយលើគល់ឈើ។ពូសនមើលជក់ស្លុង ប្រហែលបានមួយសន្លឹកលោកលាន់មាត់ថា៖ “បណ្តាំអាចារ្យហែមចៀវ ចំជាត្រូវ” រួចគាត់និយាយទៅកាន់ស៊ឹម៖ “ថ្ងៃក្រោយឲ្យពូខ្ចីសៀវភៅមើលទៀត…៕
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ