រឿងស៊ឹមអ្នកបរឡាន (វគ្គទី១០៖ អស់ការធ្វើ)



បើកបិទៗ ច័ន្ទកន្លង អង្គារមកដល់…។អាទិត្យចាស់ឈាន អាទិត្យថ្មីរះ។មួយខែ ពីរខែ… ប្រាំមួយខែកន្លងផុតទៅ ហ្វូងគូលីបានគូរវាសលើដីវាលនូវគំនូរផ្សេងៗ។ដីក្រហេង ក្រហូងត្រូវបានចាក់រាបស្មើប្រកបដោយផ្លូវក្រឡាតូចៗខ្វាត់ខ្វែងព័ទ្ធជុំវិញសួនច្បារ ដែលមានផ្កាក្រហម ស រីកស្រស់ញញឹម។ផ្ទះពីរខ្នង ពីរជាន់ធំសម្បើមលាបពណ៌ថ្មីចែស បានផុសត្រដែតទន្ទឹមគ្នា។ផ្ទះទាបតូចពីរខ្នងទៀត បានអមជាបរិវារផង។
អ្នកដំណើរទៅមកលើផ្លូវជាតិលេខមួយ កាត់ចំមុខផ្ទះនេះ មានអ្នកជិះឡាន អ្នកដើរជើង អ្នកជិះកង់ អ្នកជិះស៊ឹក្លូ សុទ្ធតែបានលាន់មាត់គ្រប់គ្នាថា “ធ្វើរហ័សមែន ភូមិនេះបានចំជាសម្បើម ម្ចាស់គេរកស៊ីអ្វីហ្ន៎ គេបានលុយពីណា ច្រើនម៉្លេះ។ អ្នកដំណើរខ្លះបានជជែកឆ្លើយព្រាវៗ ខ្លះថាផ្ទះអាមេរិច ខ្លះថាផ្ទះបារាំង ខ្លះថាផ្ទះអុងប៉ាង… ខ្លះថាផ្ទះរដ្ឋមន្ត្រី ខ្លះថាផ្ទះរាជការ ខ្លះថាផ្ទះសំណាក់ ខ្លះថាផ្ទះចៅហ្វាយខេត្ត។
ផ្ទះដ៏ធំសម្បើមនេះ ក្រៅពីនាំសេចក្តីងឿងឆ្ងល់ដល់អ្នកដំណើរ បាននាំក្តីព្រួយសប្បាយទៅលើមនុស្សបីពួកច្រើនជាងគេ។ ថៅកែទទួលម៉ៅការធ្វើការបានញញឹមជាប់។គាត់ធ្វើបញ្ជីគិតលុយកាក់ទូទាត់ត្រូវឆ្វេង ស្តាំ ឃើញនៅចំណេញជិតមួយលានរៀលទៀត។
ម្ចាស់ផ្ទះបានជិះឡានម៉ាកអាអូប៉ែលចេញ ចូលភូមិ មុខរីកជាប់ មើលគេឯងបែបត្រង់ចង់បង្ហាញបា្រប់អ្នកជិតខាងថា ខ្លួននេះហើយជាអ្នកមកនៅក្នុងមហាផ្ទះទំនើបសម្បើមក្នុងអាទិត្យក្រោយ។
ឯចំណែកគូលី គេបានខ្វល់នឹងបញ្ហាផ្ទាល់ខ្លួនរបស់គេដែរ។ផ្ទះសង់ជិតរួច ការក៏កាន់តែមានស្តួចស្តើង ចំនួនគូលីក៏ចេះតែថយចុះជាលំដាប់។រាល់ថ្ងៃកន្លងទៅ គូលីច្រើននាក់ត្រូវបញ្ឈប់លែងឲ្យធ្វើការ។វាលសង់ផ្ទះដែលមានគូលីមីរដេរដាស ប្រញាប់ដៃ ញាប់ជើងរស់រវើក កាលប្រាំមួយខែមុនបានប្រែស្ថានភាពស្ងាត់ ទុកគូលីមិនដល់១០នាក់ផង។មីងប្រេម នាងប្រុញ ហ៊ី ម៉េង និងគូលីបីនាក់ទៀតបានមានការធ្វើនៅឡើយ។គូលីដែលនៅស្តួចស្តើង គ្មានជជែកអ្វីក្រៅពីក្តីព្រួយអត់ការធ្វើទេ។នៅជិតពេលបែកគ្នាទៅរកផ្លូវរស់ផ្សេងៗទៀត ម៉េងបានហៅស៊ឹមមកបាយថ្ងៃត្រង់ជាមួយ។នៅពេលជួបគ្នាក្រោយនេះ គេគ្មាននិយាយអ្វីក្រៅពីបញ្ហាផ្ទាល់ក្រុមឡើយ ម៉េងបានផ្តើមនិយាយ៖
  • អាទិត្យក្រោយអស់ការធ្វើនៅទីនេះ។ហាងប្រគល់ផ្ទះទៅម្ចាស់។យើងអស់មានច្បាប់ចេញចូលទៀតហើយ។
  • ខ្ញុំទាល់ច្រកហើយ មិនដឹងជាទៅធ្វើឯណាទៀតទេ។មីងប្រេមត្អូញ។
  • ឯចំណែកខ្ញុំ ខ្ញុំត្រឡប់ទៅភូមិបាត់ដឹងវិញ ទៅមើលកូន ប្រពន្ធចូលឆ្នាំថ្មីនេះ។ដល់ខែពិសាខ ខ្ញុំធ្វើស្រែវិញ។ហ៊ីបានប្រាប់។
  • គ្មានហាងឯងគេរកគូលីទេឬ? ពូជួយយើងផង។(នាងប្រុញបានសួរ)
  • មានដែរ។ស៊ឹមបានឆ្លើយ។កាលពីថ្ងៃព្រហស្បតិ៍មុន អាប្អូនខ្ញុំវាស្ម័គ្រចិត្តទៅសូមធ្វើផែកំពង់សោម។គេបានឆ្លើយប្រាប់វាថា គេមិនយកទាំងអស់គ្នាទេ ហើយគេថាចាំខែក្រោយបានគេឲ្យដំណឹង ព្រោះឥឡូវមិនទាន់មានម៉ាស៊ីនមកដល់…។អាប្អូនខ្ញុំវាថា វាមិនសង្ឃឹមបានទៅកំពង់សោមទេ ព្រោះមនុស្សច្រើនណាស់ គេបានទៅត្រសុលក្បាលទៅរករស់នៅកំពង់សោម ឯមេហាងបែបមិនចង់មើលមុខយើងផង។
  • មើលបងស៊ឹមឯងមានដឹងទេ តើស្រុកគេមនុស្សអត់ការធ្វើ ដោះស្រាយដូចម្តេច?
ស៊ឹមមើលនាឡិកាដៃគាត់ រួចនិយាយ៖
  • យើងមានពេលខ្លីណាស់។ខ្ញុំត្រូវចេញពីនេះម៉ោងមួយ ដើម្បីទៅទទួលលោកខ្ញុំ…។ណ្ហើយ ខ្ញុំសូមនិយាយកាត់ៗបន្តិចចុះ។នៅប្រទេសគេ គូលីកម្មករសុទ្ធតែមានសមាគម សហជីព។សហជីពជាអង្គការរបស់អ្នកលក់កម្លាំងដូចយើង។សហជីពមានភារៈសំខាន់ប្រមូលផ្តុំក្រុមគូលីកម្មករដើម្បី ការពារក្រុមខ្លួនដូចជាទាមទារឲ្យបានប្រាក់ឈ្នួលគ្រប់គ្រាន់ និងតវ៉ាឲ្យមានការធ្វើគ្រប់គ្នា ហើយកុំឲ្យហាងរំលោភឲ្យធ្វើការហួសពេលកម្រិត។បើកម្មករណាគ្មានការធ្វើ កម្មករនោះត្រូវទៅស្នើសហជីព ឬមានសមាគមឲ្យចិញ្ចឹមខ្លួនបណ្តោះអាសន្ន ហើយនឹងទៅតវ៉ារាជការឲ្យរកការឲ្យធ្វើទាល់តែបាន។ឯចំណែកនៅស្រុកយើង មិនទាន់មានសហជីពនេះហើយ បានជាយើងនៅបែកខ្ញែកគ្នា ហើយស្រេចតែគេប្រើញក់ញីបានតាមចិត្ត។ដោយខ្វះអង្គការនេះហើយ បានជាយើងអណ្តែតអណ្តូង មិនដឹងទៅទីណាប្រាកដ ដល់គេដេញយើងអាទិត្យក្រោយ…។
  • បើដូចនេះ សហជីពសំខាន់ណាស់។សម្លេងមួយបានបញ្ជាក់។
  • វាជាថ្លើមបេះដូងរបស់អ្នកធ្វើការរាល់រូប ដើម្បីឲ្យមានសិទ្ធិតវ៉ាកុំឲ្យមានការអត់ឃ្លាន កុំឲ្យគេជិះជាន់បានតាមចិត្ត។
  • គ្រប់សហជីពមានគោលបំណងដូចគ្នាឬ? ម៉េងបានសួរបញ្ជាក់។
  • នៅស្រុកខ្លះដោយទប់មិនបាននឹងកម្លាំងប្រជាជន អ្នកកាន់អំណាចបានចាត់តាំងសហជីព ឬសមាគមរបស់គេ ដើម្បីគេស្រួលក្តាប់ប្រជាជនឲ្យនៅក្នុងស៊ងគេទៀត នៅប្រទេសបារាំងពួកនាយទុនបារាំងបានចាត់តាំងសហជីពមួយ ពីរ ដើម្បីឲ្យសហជីពនេះ ប្រឆាំងនឹងសហជីព ឬសមាគមប្រជាជនពិតប្រាកដ។ហេតុនេះហើយបានជាយើងឮជាញឹកថា មានសហជីពខ្លះមិនព្រមជួយតវ៉ាឲ្យប្រជាជនស៊ីឆ្អែតទេ ផ្ទុយទៅវិញ គេដាក់កំហុសទៅលើគូលី…។
  • បើដូចនេះយើងត្រូវប្រយ័ត្ន មិនស្រួលទេ។ម៉េងលាន់មាត់។
  • ដល់ម៉ោងហើយ។ស៊ឹមបាននិយាយត។ខ្ញុំល្មមទៅ…។សូមមីង បងហ៊ី និងម៉េងឲ្យដំណឹងខ្ញុំផង បើគង់តែទៅឯណាក៏ដោយ។ខ្ញុំលាហើយ។
ថារួច ស៊ឹមកន្ត្រាក់កង់កញ្ចាស់គាត់ជិះខ្មឺតសំដៅទៅផ្ទះលោក…។

ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ