ការចិញ្ចឹមសត្វ-ទា​ពីខាង​វៀតណាម​

ចិញ្ចឹម​ទា​តាមរយៈ​បទពិសោធន៍​អ្នកផ្សេង (​កសិករ​វៀតណាម​)
1
+ ជ្រើសរើស​កូន​ទា​សម្រាប់​ចិញ្ចឹម :
  • ​កូន​ទា​ទើប​ ញាស់​ថ្មី មាន​រោម​ស្ងួត​ជើង​រលោង រោម​កន្ទុយ​ត្រង់ ផ្ចិ​តរប​ស់វា​ស្ងួត​ស្រាល បញ្ជាក់ថា កូន​ទា​ញាស់​ត្រូវ​តាម​ថ្ងៃ​កំណត់​។​
  • ​ហាម​យក​កូន​មាន​ជើង​ស្ងួត​ស្រអាប់ ផ្ចិត​សើម វៀច​ចំពុះ លំបាក​ចិញ្ចឹម​បំផុត ការ​ងាប់​អន្តរាយ​ដោយ​រើស​ខុស​នេះ គឺ​ខ្ពស់បំផុត​។​
+ ការមើល​ថែទាំ​កូន​ទា :
  • ​ត្រូវ​ ព្រលែង​កូន​ទា​ភ្លាម​ឲ្យ​ចុះដី​ត្រង់​ទី​រោង ដែល​ត្រូវដាក់​វា មិនត្រូវ​ទុក​នៅក្នុង​កញ្ឆេ​យូរពេក​នោះឡើយ ព្រោះ​វា​នៅ​ផុតពី​កំដៅ​ដី​យូរពេក ធ្វើ​ឲ្យ​ស្បែក​បាត​របស់​ជើង​ទា​ងាយ​ស្ងួត ឈានជើងដើរ​រឹងៗ មិន​សកម្ម នាំ​ឲ្យ​លំបាក​ចិញ្ចឹម​។ បន្ទាប់ពី​បានដាក់​កូន​ទា​ចុះ រួចហើយ​ត្រូវ​រំលែក​វា​ដាក់​តាម​ប្រឡោះ​ដែលមាន​បាំង​របាំង​ក្នុង​មួយ​របាំង​ ដាក់​កូន​ទា​ចំនួន ១០០ ទៅ ១៥០​ក្បាល ត្រូវដាក់​កំដៅ​ឲ្យ​កូន​ទា​ជានិច្ច ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ សូមកុំ​ឲ្យ​កូន​ទារ​ការ​ត្រជាក់​ឲ្យ​សោះ បើ​មិន​ដូច​ច្នោះ​ទេ កូន​ទា​អាច​ងាប់​នៅពេល​ក្រោយ​បាន​។​
  • ​កូន​ទា​ដែល​ ញាស់​បាន ១០​ម៉ោង ហើយ​អាច​ឲ្យ​ស៊ី​ចុងអង្ករ​ត្រាំ​ទឹក​ច្របល់​ជាមួយ​មើម​ខ្ទឹមស​បុក​ឲ្យ​ល្អិត ដោយ​លាយ​មើម​ខ្ទឹម​មួយ​ភាគបី​នៃ​ចុងអង្ករ (​ខ្ទឹមស​មួយ​គីឡូ ចុងអង្ករ​បី​គីឡូ​)​។​
  • ​នៅ​ពេលយប់​ ត្រូវដាក់​ភ្លើង​កំដៅ​ឲ្យ​កូន​ទា មិនត្រូវ​ឲ្យ​វា​ដេក​សង្កត់​លើ​គ្នា ព្រោះ​អាចធ្វើ​ឲ្យ​កូន​ទា​ខ្សោយ ងាយ​ងាប់ ឬ​ត្រូវ​ពិការ​ជើង​។ គេ​អាច​ប្រើ​ចង្កៀង​អគ្គិសនី​អំពូល​ក្រហម ឬ​ចង្ក្រាន​ធ្យូង​ក៏បាន មិនត្រូវ​ទ្រាប់​ចំបើង​ច្រើនពេក​ទេ អាច​ទ្រាប់​ត្រឹម​តែមួយ​ស្រទាប់ ឬ​ប្រើកា​រ៉ុង​ចាស់​ទ្រាប់​ពីក្រោម​មួយ​ជាន់​ក៏បាន​។​
  • ​ថ្ងៃទី​ពីរ បន្ត​ឲ្យ​កូន​ទា​ស៊ី​ចំណី​លាយ​ដូច​រូបមន្ត​ខាងលើ​ដដែល តែ​ត្រូវ​ព្រលែង​កូន​ទា​ឲ្យ​ចេញ​ហាល​កម្តៅថ្ងៃ ដើម្បី​ឲ្យ​វា​ប្រើ​កម្លាំង​កំភួនជើង​វា​ដើរ​។ ដាក់​ទឹកស្អាត​នៅលើ​ទីទួល​ជាងគេ​ឲ្យ​វា​ផឹក​។​
  • ​ថ្ងៃទី​បី និង​ទី​បួន អាច​កៀង​កូន​ទា​ឲ្យ​ចុះ​ទឹក​អាង​រាក់ៗ ឬ​ទឹក​ស្រែ​រាក់ៗ​ចំនួន​ប្រហែល​៥​នាទី រួច​កៀង​វា​ឡើងគោក​វិញ ការធ្វើ​បែបនេះ គឺ​យើង​ទម្លាប់​ឲ្យ​វា​ចេះ​ផឹកទឹក​ផង និង​ឲ្យ​វាច​សិត​រោម​ឲ្យ​ស្អាត​ផង​។​
​ត្រូវ​ ព្យាយាម​ធ្វើ​ដូច្នេះ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ ការ​មិនបាន​បង្ហាត់​ឲ្យ​វា​ធ្វើ​ដូច្នេះ អាចធ្វើ​ឲ្យ​រោម​របស់​វា​សើម​ខ្លួន​ទា​ចុះ​កម្តៅ ត្រូវ​ខ្សោយ និង​អាច​ងាប់​នៅពេល​ណាមួយ​បាន ជួនកាល​ទា​ត្រូវ​ងាប់​រហូតដល់​ពីរភាគបី​ផង​ក៏មាន ដោយសារតែ​វា​មិនចេះ​សិត​រោម និង​កំដៅ​ខ្លួន​របស់​វា​ចុះ​ទាប​។​
  • ​ថ្ងៃទី​បី​ ដល់​ថ្ងៃទី​ប្រាំមួយ ត្រូវ​ព្រលែង​ទា​ចេញ​ក្រៅ​នៅពេល​មេឃ​ក្តៅ​ល្មម តែ​ត្រូវ​កៀង​ត្រឡប់មកវិញ​ពេល​មេឃ​ក្តៅ​ខ្លាំង​។ រហូតមកទល់​ពេលនេះ​ចំណី​របស់​វា​នៅតែ​ជា​ចុងអង្ករ​ដដែល តែ​ត្រូវ​លាយ​ជាមួយ​ម្សៅពោត​ច្របល់​ចូល​បន្ថែម ឯ​មើម​ខ្ទឹមស​ត្រូវ​លាយ​មួយ​ភាគបី​នៃ​បរិមាណ​ចំណី​ដូច​មុន ដើម្បី​រក្សា​កំដៅ​ក្នុង​ខ្លួន​ឲ្យ​កូន​ទា និង​ការពារ​វាពី​បាក់តេរី​ផ្សេងៗ​។ បើសិនជា​កូន​ទា​មាន​អត្រា​ងាប់​ខ្ពស់ ត្រូវ​បន្ថែម​មើម​ខ្ទឹមស​ស្មើ​៥០​ភាគរយ​នៃ​ចំណី​។​
  • ​ថ្ងៃទី​ ប្រាំពីរ​ដល់​ថ្ងៃទី​ដប់​ប្រាំ បន្ទាប់ពី​កូន​ទា​មាន​អាយុ​បាន​ប្រាំពីរ​ថ្ងៃ ពេលនេះ​កូន​ទា​មាន​ភាពរហ័សរហួន​ជាង​មុន វា​ចេះ​ដេញចាប់​សត្វល្អិត យើង​អាច​ដេញ​ទា​ឲ្យ​ចូលក្នុង​ស្រែ​ក្បែរៗ​នោះ ឬ​ជា​ស្រះ​ទឹក​នៅ​រៀងរាល់​ពេល​មេឃ​មានកំ​ដៅ​មធ្យម និង​មាន​កន្លែង​សម្រាប់​ឲ្យ​ទា​ជ្រក​ពេល​មេឃ​ក្តៅ​ខ្លាំង ដើម្បី​ឲ្យ​វា​ឡើង​មាន​សិត​រោម​ឲ្យ​ស្ងួត​។ នៅត្រឹម​អាយុ​ប៉ុណ្ណឹង គេ​អាច​លាយ​ចំណី​វា មាន​ចុងអង្ករ ម្សៅពោត (​កិន​ឲ្យ​ម៉ដ្ឋ​) ដោយមាន​លាយ​កន្ទក់​បន្ថែម និង​មាន​លាយ​មើម​ខ្ទឹមស​ជា​បន្ថែម (​បុក​ឲ្យ​ម៉ដ្ឋ​) បើ​មេឃ​ត្រជាក់ ឬ​នៅពេល​ឃើញ​កូន​ទា​ដកដង្ហើម​ដង្ហក់​នៅពេល​យប់​។ (​បរិមាណ​សម្រាប់​លាយ ចុងអង្ករ ៥០ ពោត ២៥ កន្ទក់ ២៥ បន្ថែម​ខ្ទឹមស ៥​ភាគ​ទៀត​) សូម​បង្កើន​បន្ថែម​បរិមាណ​ខ្ទឹមស​ចូលក្នុង​ចំណី​ឲ្យ​ឡើង​រហូតដល់ ១០​ភាគរយ ឬ​លើស​នេះ បើ​ឃើញ​កូន​ទា​មិនសូវ​សកម្ម​។ មិនត្រូវ​ឲ្យ​ទា​ស៊ីក្នុង​ស្នូក​ចង្អៀត​ទេ ត្រូវដាក់​ចំណី​វា​ទៅលើ​កន្ទេល ឬ​កា​រ៉ុង​ក្រាល​នៅលើ​ដី បើ​ជាទី​ក្រាល​ស៊ីម៉ង់ត៍​ត្រូវដាក់​សំពត់​តង់​ក្រាល​ឲ្យ​វា​ស៊ី ឬ​អាច​ប្រើ​អ្វីដែល​ក្រាស​ដូចជា​កន្ទេលកក់​ជាដើម ធ្វើបែបនេះ ដើម្បី​ការពារ​កុំ​ឲ្យ​ទារ​លាត់​ចំពុះ ណាមួយ​ដើម្បី​បញ្ចៀស​ទា​ដែល​ខ្លាំង​ជាង​ដណ្តើម​ស៊ី ជាហេតុ​ធ្វើ​ឲ្យ​ទា​ធំ​មិន​ស្មើគ្នា​។ នៅ​ពេលយប់​មិនចាំបាច់​ដាក់​កំដៅ​ឲ្យ​ក៏បាន ដោយ​គ្រាន់តែ​បាំង​ឲ្យ​ង​ងិ​ត បើ​មាន​ផ្ទៃ​ទូលាយ​ពេក​ត្រូវ​បាំង​ឲ្យ​ជិត​កុំ​ឲ្យ​ខ្យល់​ចូល​បាន តែ​ផ្នែក​បាត​ត្រូវ​ទ្រាប់​ចំបើង ឬ​ស្មៅ​ស្ងួត​មួយ​ស្រទាប់​។ បើ​អាចធ្វើ​ទៅបាន​ត្រូវដាក់​ចង្កៀង​បំភ្លឺ ដើម្បី​ឲ្យ​ទា​មើលផ្លូវ​ឃើញច្បាស់ ចៀសវៀង​វា​ដើរ​ជាន់គ្នា​។​
​ក្នុង​អាយុ​ នេះ​ត្រូវ​ផ្តល់​ជា​បន្ថែម​កូន​ត្រី​ស្រស់ កំពឹស ក្តាម ខ្យង ចិញ្ច្រាំ​ឲ្យ​ម៉ត់​ច្របល់​ចូល​ជាមួយ​ចំណី ប្រកូក​ហៅ​វា​ឲ្យ​មក​ស៊ី​បួន​ទៅ​ប្រាំ​ដង​ក្នុង​មួយថ្ងៃ ត្រូវ​ប្រើ​សម្លេង​អ្វីមួយ​ជាស​ញ្ញា​សំគាល់​ឲ្យ​ទា​វា​ចំណាំបាន​។​
  • ​ចាប់ពី​ដប់​ ប្រាំ​ថ្ងៃ​ឡើងទៅ គេ​អាច​បង្ហាត់​ឲ្យ​កូន​ទា​ស៊ី​ស្រូវ​បាន​ខ្លះ ដោយ​លាយ​ស្រូវ​ត្រាំ​ទឹក​ឲ្យ​ទន់​ជាមួយ​អង្ករ (​អង្ករ​បី ស្រូវ​មួយ​) ដោយ​ដាក់ពង្រាយ​លើ​អ្វីមួយ​ឲ្យ​ទា​ស៊ី ឬ​ឲ្យ​ទា​ស៊ី​អង្ករ​ត្រាំ​ទឹក​មុន ទើប​ឲ្យ​ស៊ី​ស្រូវ​តាម​ក្រោយ (​ទាំង​ស្រូវ និង​អង្ករ​មិនបាច់​ចំអិន​ទេ​)​។​
​​បន្ទាប់ពី​ ទា​មាន​អាយុ​មួយខែ​កន្លះ យើង​អាច​ឲ្យ​វា​ស៊ី​ស្រូវ​តាម​ស្រែ ឬ​ទិញស្រូវ​មក​ពង្រាយ​ដាក់​ឲ្យ​វា​ស៊ី​ត្រង់​ទី​ដែល​ចិញ្ចឹម​វា​ក៏បាន​។ តែ​ខណៈ​ទា​មាន​អាយុ​ពី​ម្ភៃ​ប្រាំ​ថ្ងៃ​ដល់​សាមសិប​ថ្ងៃ ពេលនេះ​ទា​មាន​ដុះ​រោម​ហើយ​។ នៅពេល​វា​ធំ ទា​កាន់តែ​ត្រូវការ​ទីកន្លែង​ធំ​ទូលាយ​ជាង​មុន មាន​ខ្យល់​ចេញចូល​ល្អ ស្ងប់ស្ងាត់​ព្រោះ​ក្នុង​អាយុ​នោះ ទា​វា​អៀនខ្មាស់​បំផុត និង​ចូលចិត្ត​ភាព​ទូលាយ​នៅពេល​យប់​។​
​បន្ត​ឲ្យ​វា​ស៊ី​ត្រូវ​លាយ​ជាមួយ​ក្តាម ខ្យង និង​ត្រី រហូតដល់​វា​ធំ​អាច​លក់បាន ឬ​ទុក​សម្រាប់​ឲ្យ​វា​ពង​ក៏បាន​៕​
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)ITCambo