១.១. ការជ្រើសរើសទីកន្លែង
- រកទីតាំងខ្ពស់មិនលិចទឹក ឬជាំទឹក ដើម្បីការពារនៅពេលភ្លៀងខ្លាំង ឬទឹកជំនន់ ដែលធ្វើឲ្យលិច ឬប៉ះពាល់ដល់រងផ្សិត
- នៅរដូវប្រាំងរកកន្លែងមានម្លប់ខ្លះថ្ងៃខ្លះ (ក្រោមដើមឈើ) និងនៅរដូវវស្សារកកន្លែងមានពន្លឺគ្រប់គ្រាន់
- បើអាចរកបានគួររកកន្លែងដែលនៅជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព
- នៅជិតលំនៅដ្ឋាន ងាយស្រួលក្នុងការថែទាំ
១.២. ការជ្រើសរើសសម្ភារៈ និងវត្ថុធាតុដើម
ក. សម្ភារៈ : មុននឹងបណ្តុះផ្សិតយើងត្រូវត្រៀមសម្ភារៈចាំបាច់មួយចំនួនដូចខាងក្រោមនេះ:
- កាំបិត ឬពូថៅ ចបកាប់ ចបជីក សម្រាប់ ជីកដី ឬកាប់បង្គោល ពង្រាយដីរងផ្សិត កាត់ចំណងកណ្តាប់…..។ល។
- ប៉ោតចំពួយផ្កាឈូក សម្រាប់ស្រោចរងផ្សិត
- អាចរកឆ្នាំងធំ ឬធុងសាំង ពាង ខ្លះត្នោត សម្រាប់ជ្រលក់ចំបើង ដើម្បីបណ្តុះផ្សិត
- កញ្ជើ ល្អី ឬចានដែលសម្រាប់ដាក់មេផ្សិត
- ក្រណាត់កៅស៊ូ ស្លឹកកណ្តប ស្លឹកត្នោតដែលនៅជាប់ធាង សំបកបាវ ឬកន្ទេលចាស់ៗ សម្រាប់គ្របរងផ្សិត
ខ. វត្ថុធាតុដើម:
- ចំបើង ឬគល់ជញ្ជ្រាំង ឬកំប្លោកស្ងួត ដើមចេកកាប់ចិញ្ច្រាំស្ងួត
- ទឹក
- មេផ្សិត
- ជីធម្មជាតិ (លាមកជ្រូក ឬមាន់) ឬម្សៅអង្ករដំណើប
១.៣. ការកំចាត់សត្វល្អិតនៅក្នុងដី
នៅពេលបណ្តុះផ្សិតយើងតែងតែជួបនូវបញ្ហាខ្លះៗដូចជា ស្រមោច កណ្តៀរ ជន្លេន ដង្កូវឌួង ស្លែ ផ្សិត ចង្រៃឬស្នឹមដែលបណ្តាលឲ្យដីមានមេរោគ ។ ដើម្បីការពារនូវបញ្ហាទាំងនេះ យើងគួរភ្ជួរហាលចោលពី ២ទៅ ៣ ថ្ងៃ ហើយបញ្ចូលទឹកទុកចោលពី ៣ទៅ ៤ ថ្ងៃទើបបង្ហូរចេញវិញធ្វើរបៀបនេះទើបដី ពុំមានពពួកសត្វល្អិតរស់ នៅបាន។ ម្យ៉ាងទៀតយើងអាចប្រើប្រាស់ កំបោរស ឬ ផេះចង្ក្រានបាចពាស ផ្លាល់នឹងដី មុននឹងរៀបចំធ្វើរង ផ្សិត ។
១.៤. ទឹកដែលត្រូវប្រើក្នុងការបណ្តុះផ្សិត
ជាទូទៅ ទឹកដែលប្រើស្រោចបន្លែបានគឺយើងអាចប្រើសំរាប់បណ្តុះផ្សិតបានហើយ ។ វិធីពិសោធន៍មើលទឹកអាចប្រើកើតឬមិនកើត យើងដងទឹកដាក់ធុងចំនួន ១០-១៥លីត្រ ដាក់អាចម៍សត្វស្ងួត ២ ខាំ ចំបើងស្ងួត២ ខាំទុកចោល ៣-៥ថ្ងៃ យើងសង្កេតមើលបផទឹកនោះមានក្លិនស្អុយឬមានស្លែចាស់ពណ៌ខៀវបានសេចក្តីថាទឹកនោះអាចប្រើបាន។ យើងអាចបន្ថែមអាហារឲ្យផ្សិតបានខ្លះដូចជាដាក់អាមច៍ជ្រូកឬអាចម៍មាន់ ចូលក្នុងទឹក ទុកចោល ២ ថ្ងៃទើបយកចំបើងទៅត្រាំ ធ្វើយ៉ាងនេះ ផ្សិតអាចកើនផលបាន ២០ ភាគរយទៀត ។
១.៥. ចំបើង ឬគល់ជញ្ជ្រាំងសម្រាប់បណ្តុះផ្សិត
ចំបើង ឬជញ្ជ្រាំងជាវត្ថុធាតុដើមសំរាប់បណ្តុះផ្សិត ដូច្នេះយើងត្រូវសំរាំងចំបើង ឬគល់ជញ្ជ្រាំងទុកឲ្យបានល្អ។ យើងត្រូវចាំថា គល់ជញ្ជ្រាំងធ្វើឲ្យផលផ្សិតយើងបានច្រើនជាង ចំបើង។ ជញ្ជ្រាំងស្រូវវស្សាល្អជាងជញ្ជ្រាំងស្រូវប្រាំង ជញ្ជ្រាំងស្រូវដំណើប ល្អជាងជញ្ជ្រាំងស្រូវខ្សាយ ដោយសារជញ្ជ្រាំង ឬចំបើងស្រូវដំណើបមានជាតិអាមីដុង និងជាតិគ្លុយកូសច្រើនជាងជញ្ជ្រាំង ឬចំបើងខ្សាយ (គ្លុយកូស គឺជាជាតិស្ករ រីឯអាមីដុងជាជាតិម្សៅ ដែលជាអាហារចាំបាច់ និងសំខាន់សម្រាប់ផ្សិតលូតលាស់) ។ គល់ជញ្ជ្រាំងដែលមានសល់ដីតិចៗ វារួមចំណែកធ្វើឲ្យផ្សិតយើងដុះកាន់តែច្រើន។ ពេលច្រូតឬដករួចគួរហាលថ្ងៃឲ្យស្ងួតល្អ ។ កណ្តាប់ដែលគេនិយមប្រើបាន ទំងន់ពី ០.៥-១ គីឡូក្រាម និងមានប្រវែងពី ៤-៦ គឹក ។
១.៦. របៀបជ្រើសើរើសមេផ្សិតមកបណ្តុះ
មេផ្សិតដែលល្អមានលក្ខណៈដូចខាងក្រោម
- ពណ៌ស ថ្លា ទៅ ថ្លាល្អក់
- មានក្លិនដូចផ្សិតចំបើង
- មេផ្សិតចំបើងវាចាប់គ្នាជាដុំ ដែលមានសរសៃពណ៌សៗ សៃពណ៌ៗ ដូចសំបុកពីងពាងនៅពាសពេញ
- មេផ្សិតដែលមិនគួរយកទៅបណ្តុះ:
- មេផ្សិតដែលមានពណ៌ខៀវចាស់ ឬខៀវក្រម៉ៅ
- មានក្លិនឆ្អាប
- មានលក្ខណៈស្ងួត ហុយ
យើងមិនគួរយកមេផ្សិតដែលខូចយកទៅបណ្តុះទេ ពីព្រោះវាធ្វើឲ្យខាតបង់ដល់ ថវិកា សម្ភារៈនិងវត្ថុធាតុដើម កំលាំងពលកម្មនិងពេលវេលាអត់ប្រយោជន៍ ។ ចំណុចដែលគួរឲ្យកត់សំគាល់មួយទៀតគឺ ពេលទិញមេផ្សិតត្រូវសួរអ្នកលក់ឲ្យច្បាស់ ពីរយៈពេលមេផ្សិតដែលអាចយកទៅបណ្តុះបាន និងការថែទាំមេផ្សិតមុននឹង ដល់ថ្ងៃយកទៅបណ្តុះ។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនកសិករយើង ដែលទើបចាប់ផ្តើមបណ្តុះផ្សិតដំបូងពីព្រោះមានតែអ្នកលក់ឬអ្នកផលិតមេផ្សិតទេ ដែលដឹងរឿងនេះច្បាស់ ។ ប្រសិនបើយើងមិនអាចដឹងពីពេលវេលា មេផ្សិតដុះ និងការថែរក្សា មេផ្សិតឲ្យល្អទេ នោះផលផ្សិតរបស់យើងនឹងមិនបានផលច្រើនឡើយ ។
២. បច្ចេកទេស និងគំនិតសំខាន់ៗ សម្រាប់អនុវត្តក្នុងពេលដំណើរការបណ្តុះផ្សិតចំបើង
ការចាប់ផ្តើមរៀបកណ្តាប់ចំបើងជាន់ទី១
មុននឹងចាប់ផ្តើមរៀបចំរងដំបូលយើងត្រូវបោះបង្គោល នៅក្បាលរងម្ខាង២ ដើម្បីទប់រងផ្សិត និងងាយស្រួលក្នុងការទាញរៀបរងឲ្យហាប់ បន្ទាប់មកយើងយកកំបោរស ឬផេះចង្ក្រានមកព្រាច ឬបាចសើរៗ កន្លែងដែលត្រូវរៀបចំរងបណ្តុះផ្សិត ដើម្បីការពារសត្វល្អិតផ្សេងៗដូចជា ស្រមោច កណ្តៀរ ជន្លេន ជាដើម បន្ទាប់មកយកកណ្តាប់ចំបើង ឬជញ្ជ្រាំងដែលសំរាំងទុករួចហើយជ្រលក់ទឹក នឹងយកជើងជាន់ឲ្យជោកទឹកល្អ ឬដាក់ត្រាំក្នុងទឹកមួយយប់បន្ទាប់មកយកចំបើង ឬជញ្ជ្រាំងនោះមកតំរៀប ផ្ទុយក្បាលគ្នារៀបឲ្យហាប់ណែន ទទឹងពី ៥ តឹក ទៅ ៧ តឹក កំពស់១ តឹកកន្លះ ។
របៀបកាត់ចំណងកណ្តាប់
ពេលរៀបចំបើងជាន់ទី១រួចរាល់ហើយ យើងត្រូវយកកាំបិត ឬកណ្តៀវ ឬកន្ត្រៃកាត់ចំណងកណ្តាប់ចេញ ដើម្បីឲ្យរងផ្សិតស្មើល្អ ងាយស្រួលក្នុងការដាក់មេផ្សិតបណ្តុះ ។
ការដើរជាន់រងមុននឹងដាក់មេផ្សិត
នៅជាន់ទី១ បន្ទាប់ពីកាត់ចំណងកណ្តាប់ហើយយើងត្រូវដើរជាន់រងឲ្យបានច្រើនសារ ដើម្បីឲ្យរងហាប់ស្មើល្អ ជាពិសេសតាមចំហៀងសងខាងរង កណ្តាលរង និងក្បាលរង ។ បន្ទាប់មកយើងចាប់ផ្តើមស្រោចទឹក យកល្អត្រូវយកទឹកដែលយើងបានត្រាំ ឬជ្រលក់ចំបើងមកស្រោចពីព្រោះវាសំបូរដោយអាហាររបស់ផ្សិត ។
របៀបស្រោចទឹកលើរងផ្សិត
ពេលជាន់រងផ្សិតស្មើល្អហើយ យើងត្រូវយកទឹកដែលដាក់ក្នុងធុងដែលមានចំពួយផ្កាឈូកមកស្រោចលើរងឲ្យបានសព្វល្អ ជៀសវាងការស្រោចទឹកច្រើនពេក ឬជោកពេកដែលធ្វើឲ្យហៀរ ឬហូរមកខាងក្រៅរងនូវសារធាតុចិញ្ចឹម ដែលមាននៅក្នុង ចំបើងអាហារដ៏សំខាន់សម្រាប់ការដុះលូតលាស់របស់ផ្សិត ។ មុននឹងដាក់បណ្តុះត្រូវច្របាច់ញី ដុំមេផ្សត ឲ្យរាយសព្វជាមុនសិន ដើម្បីកុំឲ្យមេផ្សិត កកដុំៗ បណ្តាលឲ្យផ្សិត ដុះមិនស្រុះគ្នា ។
ការរៀបកណ្តាប់ និងរបៀបដាក់មេផ្សិត
ពេលជាន់បង្ហាប់ និងស្រោចទឹករួច យើងយកមេផ្សិតដែលអាចបណ្តុះបាន រួចហែកថង់ចេញ ដាក់ចូលក្នុងថាស ឬកញ្ចើ រួចញីឲ្យរាយទាំងអស់ បន្ទាប់មក យកមេផ្សិតនោះ មកដាក់ជាកញ្ចុបៗ ឲ្យស្មើដៃ (សូមមើលរូបភាព) ។
- មេ១ កញ្ចប់អាចរោយបានប្រវែង ១ ម៉ែត្រកន្លះ ទៅ ២ម៉ែត្រ (១កញ្ចប់ ទម្ងន់ ២ ខាំ)
- ការរោយនេះ គេគិតឃ្លាតពីគែមរងសងខាងពី ៨ ហ៊ុន ទៅ ១ តឹក (០.៨-១០ ស.ម) មិនត្រូវរោយមេផ្សិតនៅកណ្តាលរងទេ ធ្វើឲ្យផ្សិតមិនអាចដុះបាន ។
របៀបរាយចំបើងលើមេផ្សិតរងជាន់ទី១:
ពេលរាយមេផ្សិតដោយដាក់ជាកញ្ចុបៗរួចហើយ យើងត្រូវយកចំបើង ស្ងួតមករាយៗតាមទទឹងរង សើរៗលើរង ដើម្បីការពារមេផ្សិតកុំឲ្យធ្លាក់មកក្រៅរង ពេលយើងរៀបចំបើងជាន់ទី២ ។
របៀបរៀបចំបើងជាន់ទី២
- យើងធ្វើរបៀបដូច លើកទី១ដែរ ប៉ុន្តែត្រូវបន្ថយក្បាលកណ្តាប់ ចូលក្នុងបន្តិចប្រមាណ ១ តឹក ពីគែមកណ្តាប់ជាន់ទី ១
- កាត់ចំណងកណ្តាប់ និងជាន់ឲ្យស្មើធ្វើដូចករណី តម្រៀបចំបើងនៅជាន់ទី១ដែរបន្ទាប់មកស្រោចទឹក ។
- ដាក់ ឬរៀបមេផ្សិតដូចនៅជាន់ទី១ដែរ ។
របៀបរាយមេផ្សិត នៅជាន់ទី៣
- ការរៀបចំបើងនៅជាន់ទី ៣ ជាតំណាក់កាលចុងក្រោយ ដោយតំរៀប ដូចជាន់ទី១ និងទី២ ដែរ
- តម្រៀបចំបើងដោយក្បាលកណ្តាប់ចូលក្នុង ១ តឹក ធៀបនឹងក្បាលកណ្តាប់ ជាន់ទី ២
- ក្រោយពីដើរជាន់រង និងស្រោចទឹកជោកល្មមហើយ យើងដាក់មេផ្សិតដោយ រោយឲ្យចំកណ្តាលតែម្តង ដោយទុកចម្ងាយពីតែសងខាងរង ១ តឹក ។
របៀបក្រាលចំបើង គ្របមេផ្សិតនៅជាន់ចុងក្រោយ
ការរៀបគម្របចំបើងរងផ្សិតជាន់ចុងក្រោយ (ព្រំ) យើងត្រូវរៀបដាក់ចំបើង ឬ កណ្តាប់តាមបណ្តោយរងដោយគង តៗគ្នា ស្របក្បាលគ្នា (មើលរូបភាព) ។ ការរៀបព្រំ នេះគឺជាការរៀបលើកចុងក្រោយដែលមានកម្រាស់ប្រមាណ ២ ហ៊ុនកន្លះទៅ ៣ហ៊ុន ។
របៀបជាន់រងនៅដំណាក់កាលចុងក្រោយ
ពេលយើងរៀបចំគ្របរងនៅដំណាក់កាលចុងក្រោយហើយ យើងឡើងលើរង ហើយជាន់ដោយយកកែងជើងទល់គ្នា ដើម្បីឲ្យមានទម្ងន់ខ្លាំង ធ្វើឲ្យរងហាប់ល្អ ។ ម្យ៉ាងទៀត យើងត្រូវប្រយ័ត្នឲ្យមែនទែនពេលកំពុងជាន់នៅលើរង គឺត្រូវជាន់នឹងរំកឹលជើងដោយសន្សឹមៗ ប្រយ័ត្នក្រែងក្រឡាប់រងដែលធ្វើឲ្យខាតបង់អ្វីដែលយើងបានប្រឹងប្រែង ។
ពេលជាន់រួចចាប់ផ្តើមស្រោចទឹកឲ្យជោកល្មម មួយសារទៀត ហើយធ្វើរបងព័ទ្ធជុំវិញ ការពារសត្វចូលមកបំផ្លាញ ។
របៀបរៀបចំគរចំបើងជុំវិញរងសម្រាប់ដុត
រងផ្សិតដែលរៀបហើយ ត្រូវទុកមួយយប់ ដោយមិនចាំបាច់គ្របអ្វីទេ ប៉ុន្តែត្រូវប្រយ័ត្នក្រែងមានភ្លៀង បើមានហេតុដូចអញ្ចឹងមែន ត្រូវប្រញ៉ាប់ប្រញ៉ាល់គ្របឲ្យជិត ពីព្រោះបើយើងមិនបានប្រយ័ត្នទេ រងផ្សិតរបស់យើងនឹងត្រូវខូច អសារបង់ជាមិនខានយើងត្រូវផ្អាប់រងផ្សិតរហូតដល់ល្ងាចថ្ងៃបន្ទាប់ ។ បន្ទាប់មកត្រូវយកចំបើងស្ងួត រាយជុំវិញរងផ្សិតឲ្យជិត រួចចាប់ផ្តើមដុត ។ នៅរដូវប្រាំងជាពិសេសចាប់ពីខែ មីនា មេសា កំដៅព្រះអាទិត្យក្តៅខ្លាំងគេមិនគួររាយចំបើងក្រាស់ទេ សម្រាប់ដុត ពីព្រោះកាលណាកំដៅខ្លាំងពេកបណ្តាលឲ្យឆេះមេផ្សិត ។
ការដុតរងផ្សិត
យកល្អត្រូវដុតរងផ្សិតពីក្រោមខ្យល់ដើម្បីចំបើងឆេះសន្សឹមៗ ជួយផ្តល់កំដៅបានល្អដល់រងផ្សិត និងឆេះចុងចំបើងដែលយើងមិនត្រូវការ ។ ពេលដុតត្រូវចាំមើលក្រែង ឆេះដល់ស្រទាប់ចំបើងដែលយើងតំរៀប ។ ពេលមានហេតុការណ៍ដូច្នេះកើតឡើង ត្រូវយកទឹកមកពន្លត់ភ្លាមដើម្បីកុំឲ្យឆេះដល់មេផ្សិតទាន់ ។ ហេតុផលនៃការដុត
+ដើម្បីបំផ្លាញកំទេចចំបើងដែលយើងមិនត្រូវការ
ព្រោះចំបើងដែលលូតចេញមកឲ្យពិបាកក្នុងការបេះផ្សិត
+ផេះដែលនៅសល់ខ្លះៗអាចជួយទប់សំណើមនិងផ្តល់កំដៅដល់ផ្សិត ។
របៀបបោសផេះចេញពីរងផ្សិត
ពេលដែលដុតរងផ្សិតរួចហើយយើងត្រូវបោសផេះចេញពីរងផ្សិតដោយថ្នមៗ ។ ការបោសផេះចេញវាជួយឲ្យផ្សិតដុះមកពណ៌ល្អ ។ ប៉ុន្តែបើយើងទុកផេះច្រើនពេក ធ្វើឲ្យផ្សិតដុះមកមានពណ៌ខ្មៅបណ្តាលឲ្យមានតម្លៃថោក នៅលើផ្សារ ។
របៀបស្រោចទឹកបោសផេះហើយ
ពេលបោសរងផ្សិតហើយយើងត្រូវស្រោចទឹកឲ្យជោកល្មមលើរងផ្សិតទាំងមូល ហើយមក កណ្តាប់ចំបើងឬសំបកបាវ កន្ទេលចាស់ៗ ស្លឹកកណ្តប ថែប ឬស្លឹកត្នោតមកគ្របរងផ្សិតឲ្យជិត ។ បន្ទាប់មកធ្វើរបងការពារឲ្យបានត្រឹមត្រូវ ជៀសវាង ដាច់ខាតកុំឲ្យមាន់ជ្រូក គោ ផ្កែ… ចូលមកជិតឲ្យសោះ បើមកជិតឲ្យសោះ បើយើងប្រហែល គឺយើងនឹងខាតបង់យ៉ាងច្រើនដូចជាពេលវេលា កំលាំងពលកម្ម ធនធាន…។
ការរៀបចំគ្របរងផ្សិតពេលដុតហើយ
ពេលដែលយើងរៀបរងរួចរាល់ហើយយើងត្រូវធ្វើយ៉ាងណាការពារ រងផ្សិតឲ្យបានពីការបំផ្លាញផ្សេងៗ… ។ យើងអាចរក សម្ភារៈធ្វើរបងបាននៅតាមមូលដ្ឋាន ឬអាស្រ័យលើ ធនធាន ដែលយើងមានដូចជា សំរាស់ឫស្សី ធាងត្នោត ស្លឹកត្នោត ធាងដូង បន្លាល្ពាក់…ធ្វើជារបងការពារផ្សិតឲ្យបាន ប្រសិនបើយើងប្រហែសបន្តិច
ឬថែរក្សាមិនបានដិតដល់អ្វីៗនឹងបាត់បង់…. ។
ការប្រមូលផលផ្សិត
ត្រូវប្រមូលផលផ្សិត ពីព្រឹកព្រលឹមថ្ងៃមិនទាន់រះ ដើម្បីយើងអាចដកយកតែផ្សិតក្រពុំៗ ដែលមានតម្លៃនៅលើទីផ្សារ បើយើងក្រដកផ្សិតឬទុករហូតថ្ងៃរះ ផ្សិតយើងនឹងរីកអស់ឆាប់ស្រពោនទីផ្សារមិនសូវត្រូវការ ។ លក់បានតម្លៃថោក ។
ផលផ្សិតដែលបានមកពីការបណ្តុះរយៈពេល ១៤ ថ្ងៃ
ផ្សិតដែលយើងបណ្តុះចាប់ពីថ្ងៃទី ១២ (អាស្រ័យលើមេផ្សិត និងការថែទាំ) ទៅយើងអាចប្រមូលផលបានជាបណ្តើរៗហើយ ។ យើងអាចប្រមូលផលផ្សិតរហូតដល់ថ្ងៃទី ១៣- ១៤-១៥ ។
៣. ការសង្ខេប ពីការងារដែលត្រូវធ្វើប្រចាំថ្ងៃ ក្នុងការបណ្តុះផ្សិតចំបើង
- ថ្ងៃទី១ :រៀបរងបណ្តុះផ្សិត រួចទុករយៈពេល ១ យប់ ១ ថ្ងៃ អត់គ្របអ្វីទេ ។
- ថ្ងៃទី២ : ពេលល្ងាច រាយចំបើងស្ងួតលើរងសើរៗ រួចផុត ហើយបោសផេះចេញរួចស្រោចទឹក
- ឲ្យសព្វល្អ បន្ទាប់មកយកចំបើង សំបកបាវ ឬកន្ទេលចាស់ៗគ្របលើ និងជុំវិញរងផ្សិត ។
- ថ្ងៃទី៣ : ស្រោចទឹកទាំងព្រឹកទាំងល្ងាច បរិមាណទឹកអាស្រ័យលើសំណើមបើសើមខ្លាំងត្រូវបន្ថយទឹកឬផ្អាក តែបើឃើញរងស្ងួតត្រូវ បន្ថែមទឹក ។
- ថ្ងៃទី៤ : យកចំបើងស្ងួតរាយលើរងផ្សិតស្តើងៗ រួចស្រោចទឹក បន្ទាប់មកយកកណ្តាប់ចំបើងឬកណ្តាប់ជញ្ជ្រាំង ឬថែម ឬស្លឹកកណ្តប យកមកគ្របពីលើ និងជុំវិញរងផ្សិត ។
- ថ្ងៃទី៥និងទី៦ : ពិនិត្យមើលផ្សិតចង្រៃ រួចដកវាចេញ ពួកវាចាប់ផ្តើមដុះនៅថ្ងៃទី ៥ ថ្ងៃទី ៦ ។ ស្រោចទឹកទាំងព្រឹកទាំងល្ងាចជាធម្មតា ។
- ថ្ងៃទី៧ និងទី៨ : ស្រោចទឹកទាំងព្រឹកទាំងល្ងាចជាធម្មតា
- ថ្ងៃទី ៩ និងទី ១០ : ស្រោចទឹកថ្នមៗ កុំឲ្យទឹកធ្លាក់ខ្លាំងពេក បន្ថយទឹក ព្រោះចាប់ពីថ្ងៃទី ៩ ទៅផ្សិតចាប់ផ្តើមចេញដែលមានរាងដូចពងត្រីតូចៗជាច្រើន
- ថ្ងៃទី ១១-១៥ : ត្រូវបន្ថយស្រទាប់ចំបើង ពីលើរងចេញខ្លះៗ ដើម្បីឲ្យផ្សិតលូតលាស់បានល្អ។ ស្រោចទឹកធម្មតា នៅពេលចាប់ផ្តើមប្រមូលផលផ្សិត តែកុំស្រោចច្រើនពេកជាទូទៅ ចាប់ពីថ្ងៃទី ១២ ទៅយើងអាចប្រមូលផល ផ្សិតបានខ្លះហើយ ។ ពេលប្រមូលផលហើយ ត្រូវគ្របចំបើងវិញហើយតាមដានថែទាំរៀងរាល់ថ្ងៃ ។
៤. បទពិសោធន៍ជាក់ស្តែងក្នុងការបណ្តុះផ្សិតចំបើងរបស់កសិករ គាំផេន នៅភូមិថ្នល់បំបែក ខេត្តកំពង់ស្ពឺ
៤.១. ប្រវត្តិ
អ៊ំ ស្រីគាំផេន ជាកសិកររស់នៅក្នុងភូមិថ្នល់បំបែក ឃុំស្វាយក្រវ៉ាន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។ លោកអ៊ំ មានបទពិសោធន៍ក្នុងការបណ្តុះផ្សិតនេះ មានរយៈពេលជិត ៣ឆ្នាំ មកហើយ (ពីឆ្នាំ ២០០១-២០០៣) ។ ការចេះបណ្តុះផ្សិតចំបើងនេះតាមរយៈអ្នកភូមិ ព្រៃក្តីដែលនៅជិតភូមិរបស់គាត់។ មូលហេតុដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍លើការបណ្តុះផ្សិតនេះ ព្រោះគាត់គិតថា ជាពេលវេលាមួយទំនេរពីការធ្វើស្រែ មិនសូវប្រើកម្លាំងពលកម្មច្រើន ឆាប់ទទួលបានផល និងប្រាក់ចំណូលសមរម្យ ។
ខាងក្រោមនេះជាបទពិសោធន៍ជាក់ស្តែង របស់អ៊ំស្រី ដែលបានអនុវត្តកន្លងមក សម្រាប់ចែករំលែកដល់លោក អ្នក ដែលចាប់អារម្មណ៍ចង់ចេះឬចង់ប្រកបរបរនេះ ។
៤.២. បទពិសោធន៍ស្តែងពេលបណ្តុះផ្សិតចំបើង
ដើម្បីឲ្យការបណ្តុះផ្សិតចំបើងបានល្អ យើងត្រូវគិតពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម នេះដូចជា:
+ការត្រៀមលក្ខណ:មុននឹងបណ្តុះផ្សិត:
- ត្រូវធ្វើយ៉ាងណាប្រមូល ចំបើង ឬគល់ជញ្ជ្រាំង ទុកដាក់កន្លែងសមរម្យ ដើម្បីឲ្យចំណេញពេលវេលា
- បើយើងជាអ្នកចាប់ផ្តើមបណ្តុះផ្សិតដំបងយើងត្រូវស៊ើបរកកន្លែងដែលមានលក់មេផ្សិត ល្អ
- ត្រៀមឧបករណ៍ផ្សេងៗដូចជា ប៉ោតផ្កាឈូក ចបជីក កាំបិត ល្អី ចានដែក សម្ភារៈសម្រាប់ដាក់ទឹក ត្រាំចំបើង សម្ភារៈសម្រាប់គ្របដូចជា សំបកបាវ កន្ទេលចាស់ៗ ថែប ស្លឹកកណ្តប ស្លឹកត្នោត…។
- កម្លាំងពលកម្ម សម្រាប់បណ្តុះ (ជាន់រងផ្សិត រៀបចំរង ជ្រលក់ចំបើង ស្រោចទឹក ដាក់មេ ថែទាំ) ទីកន្លែងសម្រាប់បណ្តុះ
ស៊ើបតម្លៃទីផ្សារ (ពេលវេលាបុណ្យទាន ពេលផ្សិតលក់បានតម្លៃថ្លៃ)
+មេផ្សិត:
ត្រូវរកមេផ្សិតណាដែលល្អ អាចទុចចិត្តបាន (អ្នកលក់អាចផ្តល់ព័ត៌មានពិតដូចជា ពេលវេលាអាចបណ្តុះបាន ការទុកដាក់មេផ្សិតជាដើម) ករណីជាក់ស្តែងនៅក្នុងឆ្នាំនេះ អ៊ំស្រី មានការខកចិត្តដោយបានទៅទិញមេផ្សិតខ្លួនឯង នៅកន្លែងមួយឯទីក្រុងភ្នំពេញដោយសារតែមេផ្សិតនោះហួសថ្ងៃត្រូវបណ្តុះ ។ ពេលគាត់យកមកបណ្តុះចំនួន ១២ កញ្ចប់ គឺបានផ្សិតតែ ៣គ.ក ប៉ុណ្ណោះ ដែលតាមភាពជាក់ស្តែងត្រូវបានផល ជាង ១០គ.ក ហេតុដូចនេះ ធ្វើឲ្យគាត់ខាតបង់នូវកម្លាំងពលកម្ម ចំណាយលើការដឹកជញ្ជូន ចំណាយលើពេលវេលា សោហ៊ុយធ្វើដំណើរ និងវត្ថុធាតុដើមមួយចំនួនធំទៀត ។
+ទីកន្លែងបណ្តុះផ្សិត:
ត្រូវរកទីកន្លែងដែលមានពន្លឺថ្ងៃខ្លះ និងម្លប់ខ្លះ ជាពិសេសនៅក្បែរផ្ទះ ដើម្បីងាយស្រួលក្នុងការថែរក្សា ។ គាត់មានបទពិសោធន៍មួយ កាលពីមុនគាត់បណ្តុះផ្សិតនៅវាលស្រែ ឆ្ងាយពីផ្ទះដោយសារ អាកាសធាតុក្តៅខ្លាំង គួបផ្សំនឹង ការស្រោចទឹកមិនបានដិតដល់ ធ្វើឲ្យផ្សិតរបស់គាត់ ដុះបានតិចតួចបំផុត ។
ម្យ៉ាងទៀតត្រូវចំណាយពេលវេលាច្រើនក្នុងការថែទាំ ដោយសារតែកន្លែងបណ្តុះនៅ ឆ្ងាយពីផ្ទះមានពេលខ្លះ ប្រហែស ត្រូវគោចូលមកបំផ្លាញ ។ ម្យ៉ាងទៀតពេលផ្សិតផ្តល់ផលត្រូវយាម ក្រែងគេមកលួច ។
ម្យ៉ាងទៀតត្រូវចំណាយពេលវេលាច្រើនក្នុងការថែទាំ ដោយសារតែកន្លែងបណ្តុះនៅ ឆ្ងាយពីផ្ទះមានពេលខ្លះ ប្រហែស ត្រូវគោចូលមកបំផ្លាញ ។ ម្យ៉ាងទៀតពេលផ្សិតផ្តល់ផលត្រូវយាម ក្រែងគេមកលួច ។
+ ការស្រោចទឹកនិងជាន់រងផ្សិត:
ត្រូវស្រោចទឹករងផ្សិតឲ្យសើមល្មមដើម្បីការពារមេផ្សិតកុំឲ្យហូរចេញក្រៅរង ។ ម្យ៉ាងទៀតត្រូវជន់រងផ្សិតថ្នមៗប្រយ័ត្ន ក្រឡាប់រងដែលធ្វើឲ្យខូចរង ធ្វើឲ្យផលផ្សិតចុះថយ ។ នេះជាករណីជាក់ស្តែងដែលអ៊ំស្រីជួបដោយផ្ទាល់ខ្លួនឯង ពេលមួយគាត់បានស្រោចទឹកច្រើនជ្រុល រហូតហៀរចេញក្រៅរង នៅពេលដែលផ្សិតចាប់ផ្តើម គាត់សង្កេតឃើញ ដុំ សៗតូចៗ យ៉ាងច្រើនដុះនៅនឹងដីក្បែរៗរងពេលប្រមូលផល គឺបានតិចមែនទែន ។
+ធនធានដែលមានស្រាប់:
ពេលបណ្តុះផ្សិតត្រូវស្វែងរក សម្ភារៈផ្សេងៗដែលមានតាមមូលដ្ឋានញ ដូចជាចំបើង ឬគល់ជញ្ជ្រាំង យើងអាចច្នៃ កៀបធ្វើជា ថែប ឬប្រើស្លឹកស្លឹកកណ្តបឬ ស្លឹកត្នោត ឬសំបកបាវ ឬកន្ទេលចាស់ៗ ប្រើសម្រាប់ គ្របរងផ្សិតជំនួសឲ្យក្រណាត់កៅស៊ូ ឬតង់ដែលចំណាយអស់ថវិកាច្រើន ។
+ការប្រមូលផលផ្សិត:
ត្រូវប្រមូលផលផ្សិតពីព្រឹកព្រលឹម (ថ្ងៃមិនទាន់រះ) ដើម្បី កុំឲ្យវារីក (នៅក្រពុំ) កាត់បន្ថយ ការស្វិតស្រពោន បានតម្លៃថ្លៃលើទីផ្សារ ម្យ៉ាងទៀត គាត់អាចមានឱកាសឬពេលវេលាច្រើន ធ្វើការងារផ្សេងទៀត ។
+វិភាគសេដ្ឋកិច្ចការបណ្តុះផ្សិតចំបើង អ៊ំស្រី គាំ ផេន
ក. ការចំណាយ
ល.រ
|
ឈ្មោះចំណាយ
|
បរិមាណ
|
ឯកតា
|
តំលៃ/ឯកតា
|
តំលៃសរុប
|
១
| មេផ្សិត |
១៣
|
កញ្ចប់
|
៥០០
|
៦៥០០
|
២
| គល់ជញ្ជាំង |
៥០
|
គ.ក
|
រកខ្លួនឯងពេញ១ថ្ងៃ
| |
៣
| បន្ទះឬស្សីសម្រាប់ធ្វើថែបគ្រប |
៨
|
បន្ទះ
|
១០០រ
|
៨០០រ
|
៤
| ចំបើងគ្រប គាបធ្វើថែប |
៣០
|
កណ្តាប់
|
រកខ្លួនឯង
| |
៥
| ទឹក |
២
|
ធុងសាំង
|
ខ្លួនឯង
| |
៦
| កំបោរ |
០.២៥
|
គីឡូក្រាម
|
១០០០រ
|
២៥០រ
|
៧
| កំលាំងពលកម្មថ្ងៃដំបូង |
២
|
នាក់/ព្រឹក
|
ខ្លួនឯង
| |
៨
| ថែទាំ |
១៦
|
ថ្ងៃ
|
ខ្លួនឯង
| |
សរុប |
៧ ៥៥០
|
សំគាល់: ៤កណ្តាប់ ស្មើនឹង ១គ.ក.១ធុងសាំង ស្នើនឹង ២០០ លីត្រ
ខ. ចំណូល
ក្រោយ បណ្តុះផ្សិតចំបើងរយៈ ១៦ ថ្ងៃ យើងបានផលសរុបចំនួន ១២.៨ គ.ក តំលៃក្នុង ១គ.ក ជាមធ្យម ស្មើ ៣៤០០ រៀល សរុបចំណូលស្មើ ៤៣ ៥២០ រៀល ។
គ. ចំណេញ = ចំណូល ៤៣៥២០ រ-ចំណាយ ៧៥៥០ រ= ចំណេញ ៣៥ ៩៧០ រៀល
តាមរយៈលទ្ធផលខាងលើបង្ហាញថា កសិករចំណាយពេល ១៦ ថ្ងៃ ដើម្បីរៀបចំ ត្រៀមសម្ភារៈវត្ថុធាតុដើម កម្លាំងពលកម្ម គាត់អាចរកប្រាក់ចំណេញ បាន ៣៥ ៩៧០ រៀល ដោយអាចធ្វើការផ្សេងៗបានទៀតផង ជាពិសេស ការបង្កើនការងារដល់សមាជិក និងការជួបជុំគ្នាក្នុងគ្រួសារ ។
៥. សន្និដា្ឋន
តាមរយៈបច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងដែលបានបង្ហាញមកហើយនេះ យើងសង្ឃឹមថា បងប្អូនកសិករអាចរកប្រាក់ចំណូលបានបន្ថែមទៀត តាមរយៈការបណ្តុះផ្សិតចំបើង ដែលជាទូទៅចំណាយអស់ថវិកាតិចប្រើប្រាស់ផ្ទៃដីសម្រាប់បណ្តុះតូច រយៈពេលប្រមូលផលខ្លី តម្លៃសមរម្យ ដោយគ្រាន់តែចំណាយពេលខ្លះក្នុងការថែទាំប៉ុណ្ណោះ ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព៖itcambo.com