រឿងផ្កាស្រពោនវគ្គទី៦



បួន ដប់ថ្ងៃ ក្រោយពីពេលដែលយាយនួន គាត់ទៅជួបនឹងយាយចាន់មកនោះ គេឃើញមានការរវល់ចម្លែកនៅផ្ទះមាតានាងវិធាវី។
ស្ត្រីនេះ តាំងក្រោកពីព្រឹកឡើងក៏ដេញឲ្យយាយផៃបោសសំបុកពីងពាងដែលត្រដាងសន្ធឹងជាសំណាញ់ ឬជាអន្ទាក់សម្រាប់ចាប់សត្វល្អិត តាមជញ្ជាំង និងតាមគ្រឿងដំបូល ព្រមទាំងបង្គាប់ឲ្យជូតលាងក្ដារកម្រាលឲ្យរលោងយង់។ ឯនាងវិធាវី នាងត្រូវវេនដុសខាត់គ្រឿងប្រាក់ស្លាបារី ជូតប៉ាន់តែ និងពែង ហើយមើលថែថួនកុំឲ្យរបស់ទាំងនោះខ្វះវត្ថុអ្វីឡើយ គឺរកកំបោរច្រក បំពេញអក រកស្លាជ្វា ស្លាចំណិត ម្លូយ៉ាងស្រស់ៗមកបម្រុងហិប ហើយដាំទឹកក្ដៅបញ្ចាំលើជើងច្រាន ដើម្បីទុកឆុងតែឲ្យទាន់តម្រូវការ។
យុវតីនេះគិតឆ្ងល់មមៃក្នុងចិត្តថា៖ ម៉ែអញ គាត់រៀបចំទទួលនរណាអេះ។ ចម្លែកណាស់!
យាយនួនគាត់រើសយកព្រំថ្មី ដែលតែងប្រើក្នុងឱកាសជាឧឡារិកម្ដងៗមកក្រាលលើក្ដាររៀបប្រដាប់ទទួលភ្ញៀវតាមនិយមប្រពៃណី។
មិនយូរប៉ុន្មាន គេក៏ឮសូររថយន្តមួយបើកមកឈប់នៅចំមុខផ្ទះ។ យាយនួនក៏មានចិត្តរីករាយសែនសោមនស្ស។
បន្តិចក្រោយមក គេឃើញស្ត្រីពីរនាក់ មួយធាត់ស្អីចដូចត្បាល់ មួយស្គមកញ្ជ្រឹងដូចត្រីឆ្អើរ មួយស្លៀកខៀនបៃតង មួយស្លៀកខៀនស៊ីធួ ដៃលំអដោយកងពេជ្រ ជើងដោយស្បែកបាទដាំឌិនភ្លឺរន្ទាល។ ស្ត្រីទាំងពីរនេះ ច្រានយាយចាន់ឲ្យដើរយោងមុខ ហើយក៏នាំគ្នាត្រាច់ពីក្រោយ ម្នាក់មានដំណើរអ៊‌ីកអ៊ាកដូចទាកាប៉ា ម្នាក់រយ៉េវរយ៉ាវដូចកុកចាំមុខរង្វះ។ លុះដល់ជិតហើយ យាយចាន់ក៏ស្រែកសួរចៅរ៉ៅទៅ៖
  • នួនអើយ! ទៅណាហើយ? នាងថូ និងនាងធិនគេមកលេង។
យាយនួន ដែលឃ្លាំចាំតែភ្ញៀវនោះ ក៏ធ្វើជាភ្ញាក់ស្ទុះមកក្រៅ ហើយចរចាយ៉ាងរាក់ទាក់៖
  • អញ្ជើញចាន់ អញ្ជើញនាង។ មកអញ្ជើញលើព្រំនេះមក។
ថាហើយ គាត់បែរទៅហៅម៉ៃផៃឲ្យយកទឹកក្ដៅមកចាក់តែ។ ចំណែកស្ត្រីធាត់ និងស្គម កាលបើបានដាក់ខ្លួនអង្គុយលើកម្រាលពិចិត្រនោះ ក៏លើកដៃសំពះ៖
  • ជម្រាបសួរចែ!
  • ថ្វាយព្រះនាង!
យាយនួនឆ្លើយដោយលើកដៃប្រណម្យសងវិញ។ យាយចាន់ដែលអង្គុយនៅដើមអាសន៍គេនោះ ចាប់និយាយ៖
  • យីហ្ន៎ យប់មិញនេះ វារងាតិមធីតែម្ដងហើយ។ ដណ្ដប់ភួយពីរបីជាន់ហើយ នៅតែមិនបាត់។
ស្ត្រីធាត់ដែលឈ្មោះថូនោះ ឆ្លើយឡើង៖
  • រងានៅផ្ទះគ្រាន់បើទេ។ កាលពីល្ងាចថ្ងៃសៅរ៍មុននោះ ខ្ញុំបានជិះកាណូតទៅទារប្រាក់ពីចិនម្នាក់នៅឯបាក់ព្រា។ យប់នោះចំជារងា ហើយស្ទើរកកឈាមក្នុងខ្លួនតែម្ដង។
យាយនួនគាត់សួរ៖
  • ចុះណៃស៊ត គេទៅណាទៅ បានជាគេបណ្ដោយឲ្យនាងពិបាកយ៉ាងនេះ?
  • ចាស៎ចែ គេរវល់ទៅមើលកូនគូលីច្រូវស្រូវឯជណ្ដើរស្វា។
នាងថូដែលចង់ឆ្លៀតយកឱកាស ដើម្បីអួតពីកូនខ្លួន ក៏ប្រញាប់បន្ថែមសេចក្ដី៖
  • ឯកូនខ្ញុំ អាណៃស៊តនោះ វាទៅត្រួតគេបាញ់ថ្មឯភ្នំសំពៅ ដែលគេវាយបំបែក ដឹកយកទៅចាក់ធ្វើផ្លូវរទេះភ្លើងទៅមង្គលបុរី។
ថាហើយ អ្នកនិយាយនេះ ក៏ទាញកន្ថោរមកស្ដោះទឹកមាត់ច្រោកៗ។
យាយនួនតបដោយតម្អូញ៖
  • ថូ គេរវល់គ្រប់គ្នាតែម្ដង ប្រពន្ធដោយប្រពន្ធ ប្ដីដោយប្ដី កូនដោយកូន។ ឯខ្ញុំហើយ នៅតែផ្ទះ និងទៅសមាទានសីលប៉ុណ្ណោះ គ្មានបានរកអ្វីនឹងគេសោះ។
  • ចែគិតទៅបរលោកចំជាល្អហើ។ តាមអីខ្ញុំមានកូនច្រើន បើមិនខំ ទៅបានអីចែកឲ្យវា។ ដូចចែនេះ ចំមហាសប្បាយហើយ ធ្វើតែទាន ហើយមានកូនតែមួយ មិនមានព្រួយអីច្រើន។ យីកូនចែធំប៉ុណ្ណាហើយ? ខ្ញុំមិនដែលឃើញសោះ។
យាយនួនគាត់ស្រែកហៅ៖
  • អាវី អើយអាវី ទៅណាហើយ? មីងឯងគេចង់ស្គាល់ឯង?
នាងវិធាវី កាលដែលនាងឃើញភ្ញៀវចម្លែកឡើងផ្ទះ នាងក៏ចូលលាក់ខ្លួននៅក្នុងបន្ទប់។ លុះនាងឮមាត់ម្ដាយស្រែកហៅដូច្នោះ នាងក៏ស្ទុះមកទាំងក្រៀមក្រំ ចេញមកក្រៅ។ នាងខំទប់ កុំឲ្យក្ដីហ្មងសៅចោលស្រមោលទៅ លើភ័ក្ត្រនាងបាន។ ក្នុងគ្រានោះ នាងវិធាវីពាក់អាវទំនើបថ្មីពណ៌កុលាបខ្ចី លំអដោយជរស នៅសុរងក និងស្លៀកសម្លុយត្រួយចេក។ នាងដើរចេញមក មានទឹកមុខញញឹមស្ងួត។
នាងថូ និងនាងធិនជាប្អូន កាលបើឃើញរូបឆោមលោមពណ៌នាងវិធាវីស្រស់ប្រិមប្រិយដូច្នោះហើយ ក៏ចាប់ចិត្តស្រឡាញ់មហិមា។ នាងថូលាន់មាត់ថា៖
  • យីក្មួយអញនេះ ល្អណាស់តើ? ឯងអាយុប៉ុន្មានហើយ?
នាងក្រមុំក៏លើកហត្ថសំពះហើយតប៖
  • ខ្ញុំអាយុ១៧ឆ្នាំហើយ។
  • អើ ក្មួយនេះនឹងធឹងណាស់តើ!
នាងវិធាវី កើតសេចក្ដីអៀន ក៏ងប់មុខចុះពុំចេញស្ដី។
យាយនួន គាត់ក៏និយាយឡើង៖
  • នាងអញ្ជើញនៅពិសាបាយនឹងខ្ញុំនេះហើយ។
  • ចាស៎ចែ កុំព្រួយ ខ្ញុំមានការបន្ទាន់បន្តិច។
ស្ត្រីម្ចាស់ផ្ទះ ឈ្វេងយល់ចិត្តនាងភ្ញៀវ ដែលប្រាថ្នានិយាយការកំបាំងពីមុខស្វាមីខ្លួននោះ ក៏ចរចាទៅកាន់បុត្រីគាត់៖
  • អាវី ឯងទៅមើលកំផៃតើវាធ្វើអី? បណ្ដោយវាម្នាក់ឯងមិនបានទេ…។
លុះនាងវិធាវីចេញដើរផុតទៅ ទើបនាងថូបែរមុខសម្លឹងទៅយាយចាន់។ ស្រីនោះ ក៏និយាយខ្សឹបៗ៖
  • នួន នាងថូនេះគេរកខ្ញុំជូនមកជាចាស់ជាទុំ ដើម្បីមកសុំចងស្ពានមេត្រីនឹងឯង។ គេចង់ដណ្ដឹងកូនឯង ឲ្យជាគូនឹងកូនច្បងគេ ឈ្មោះណៃស៊ត តើឯងនឹងថាដូចម្ដេច?
សម្ដីនេះ ធ្វើឲ្យទឹកជំនោរនៃសេចក្ដីត្រេកអរ ឡើងតឹងដល់បំពង់កយាយនួន។ គាត់ខំប្រឹងស្មារតីទប់កុំឲ្យភ្លាត់មាត់ថា៖ យកចុះ! យកចុះ!ហើយទើបគាត់មានវាចាដោយសម្រួល៖
  • នាងថូ នាងចង់បានជាសាច់សាលោហិតនឹងខ្ញុំនេះ ជាការគាប់ប្រសើរណាស់ តែកូនខ្ញុំវាខ្ចី គំនិតមិនសូវដឹងកិច្ចការរាក់ជ្រៅនៅឡើយទេ។
នាងថូឆ្លើយ៖
  • មិនមែនទេចែ។ ខ្ញុំស្គាល់មនុស្សណាស់។ កូនចែនេះ កិរិយាមារយាទក្រអូបប្រពៃណាស់។
  • បើនាងថាដូច្នោះហើយ ខ្ញុំក៏មិនថាអីដែរ តែត្រូវនាងរកគេមើលលេខជតាកូននាងនិងកូនខ្ញុំ តើសមនឹងគ្នាឬទេ។ បើលេខឆ្លើយថាល្អ ទើបខ្ញុំដាច់ជាលើជូននាងបាន។
យាយនួន ដោយភ័យក្រែងនាងថូគេទៅរកហោរណាផ្សេងគន់គូរ ហើយនិងមានទំនាយពុំប្រកប នាំមកជាការជំទាស់ ដល់សេចក្តីគាប់ចិត្តរបស់គាត់នោះ គាត់ក៏រហ័សបន្លុយពាក្យទៅរកលោកគ្រូអានជាប្រញាប់៖
  • នាង រឿងខាងមើលប្ដីប្រពន្ធ ខ្ញុំថានៅដែនបាត់ដំបងនេះ គ្មានអ្នកណាឆុតជាងលោកគ្រូអានវត្តពោធិ៍ក្នុងទេ។ បើលោកថាល្អហើយ មិនដែលប្រែទៅជាអភ័ព្វបានទេ នៅសុខនឹងគ្នាដល់ស្លាប់រៀងខ្លួន។
  • ចាស៎ចែ ចាំខ្ញុំទៅរកលោកគ្រូអានមើល។ តើនាងនោះឆ្នាំអី?
  • នាងសួរចាន់ចុះ ចាន់គេដឹងស្រាប់ហើយ។
យាយចាន់ឆ្លើយ៖
  • ខ្ញុំចាំហើយនាងថូ។ ម្ដេច យើងល្មមលាគេទៅហើយឬដឹង?
  • ច៎ាះ។
ថាហើយ ស្ត្រីធាត់ និងស្គមក៏លើកដៃសំពះ លាយាយនួនប្រុងនឹងចុះទៅ។ នាងធិន ដែលអំបាញ់មិញ មិនបាននិយាយថាអ្វីសោះ ក៏និយាយទៅកាន់នាងថូ៖
  • កូននេះត្រូវហើយ សមនឹងអាស៊ត មុខជាវាពេញចិត្តវាហើយ។ បើបានគ្នាជាប្ដីប្រពន្ធទៅ អាស៊តលែងដើរលេងយប់ពាសវាលពាសកាលទៀតហើយ មើលទៅ។
នាងថូ ដែលនឹងភ័យក្រែងយាយនួនគាត់ឮសម្ដីនេះ នាំឲ្យខូចការផ្សេងៗនោះ ក៏និយាយបន្ទោសទាំងក្នាញ់៖
  • មេគន្ធិន កុំនិយាយយ៉ាងនេះ ហង!
តែខណៈនោះ យាយនួនដែលមានព្រលឹងអណ្ដែតទៅលើអាកាស មិនបានជាចាប់ចិត្តស្ដាប់សម្ដីលើកក្រោយនេះទេ។ បើប្រសិនជាគាត់កុំរវល់តែអរហួសពេក ប្រហែលជាត្រចៀកគាត់នៅចំហខ្លះ ហើយប្រហែលជាគាត់មានសង្ស័យកើត និងស៊ើបសួរដល់កិរិយាមារយាទ ចៅណៃស៊តផងពុំខាន ហើយប្រហែលជាគ្មានរឿងនេះ និទានទៅទៀតឡើយ។
លុះឮសូរឡានបើកទៅផុតហើយ នាងវិធាវីក៏ចេញមកសួរម្ដាយ៖
  • ម៉ែ អ្នកណាហ្នឹងហ្ន៎? មើលតែស្រីអ្នកមានស្រុកព្រៃតែម្ដងហើយ។ ចំណាស់ប៉ុណ្ណឹងហើយ នៅតែស្លៀកខៀនពណ៌ ពាក់មាសរាប់គីឡូ។ មនុស្សមានសម្បត្តិយ៉ាងនេះ ខ្ញុំមិនចង់ជួបមុខទេ។
យាយនួន ដែលស្មារតីនៅតែរវល់តែត្រេកអរនោះ ក៏មិនបានឮពាក្យកូនចរចាទេ។ គាត់ស្ដាប់បានតែចុងកន្ទុយសម្ដី គាត់សម្លឹងមុខកូនគាត់ ហើយគាត់ធ្វើ ហ៊ឹសៗ! ប៉ុណ្ណោះ ក៏ដើរចេញទៅ៕

ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ