បើយើងពឹងផ្អែកលើបទភ្លេង និងទំនុកច្រៀងនៃវង់ភ្លេងអារក្សដែលក្រុមអ្នកស្រាវជ្រាវតន្រ្តីខ្មែរយល់ថា ជាវង់ភ្លេងខ្សែដែលកើតមុនគេ ដូចគ្នានឹងគ្រឿង ដំគងកាប់ក្របីរបស់បងប្អូនជនជាតិ ដែរនោះ ជាតន្ត្រីសម្រាប់បម្រើពិធីផ្សេងៗ ៖ បូជាអារក្សអ្នកតា ដែលជាជំនឿរបស់ខ្មែរដើម ហើយដែលកើតមានតាំងពីមុនសម័យព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតចូលមកកម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….
ម្យ៉ាងទៀត បើយើងពឹងផ្អែកលើទំនុកច្រៀង បទភ្លេងនៃវង់ភ្លេងប្រពៃណី(ភ្លេងការ) ដែលក្រុមអ្នកស្រាវជ្រាវយល់ថាកើតមានតាំងពីសតវត្សរ៍ទី១ នៃគ្រឹស្តសករាជ គឺក្នុងពេលដែលរៀបអាពាហ៍ពិពាហ៍ មង្គលការ ព្រះថោងនិងនាងនាគ (ហ៊ុនទៀន និងនាងលីវយី ឬព្រះនាងសោមាកូនព្រះច័ន្ទ្រ) ហើយដែលមានបទមួយចំនួនទាក់ទងនឹងប្រវត្តិសាស្រ្ត ដូចជា បទព្រះថោងនាងនាគ នាគព័ន្ធ ជាដើម យើងឃើញថាកំនាព្យខ្មែរដែលកើតមានមុនគេ គឺបទពាក្យ៤ ដែលក្នុងមួយល្បះខណ្ឌមាន ៤ឃ្លា និងក្នុងមួយឃ្លាមាន ៤ព្យាង្គ ស្មើគ្នា។
រហូតមកដល់ចុងសតវត្សទី៦ ដើមសម័យចេនឡា ទើបយើងឃើញមាន៤ទម្រង់កំណាព្យមួយបទទៀត កើតឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺក្នុង១ល្បះមាន៤ឃ្លា និងក្នុង១ឃ្លាមាន៨ព្យាង្គ… ប៉ុន្តែការចាប់ចុងចួន មិនដូចបទពាក្យ៨ ដែលកើតសម័យក្រោយទេ។
នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ១ ដល់ខ្សែ១០ ដែលកើតមាននៅសម័យអង្គរ គេឃើញមានទម្រង់កំណាព្យ ៥បទទៀត កើតឡើងគឺ ៖
- បទកាកគតិ ៖ ដែលក្នុង១ល្បះខណ្ឌ មាន៧ឃ្លា និងក្នុង១ឃ្លាមាន៤ព្យាង្គស្មើគ្នា។
- បទព្រហ្មគីតិ ៖ ១ល្បះមាន៤ឃ្លា – ឃ្លាទី១មាន៥ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៥ព្យាង្គ និងឃ្លាទី៤មាន៦ព្យាង្គ។
- បទពំនោល ៖ ១ល្បះមាន២ឃ្លា – ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២មាន៤ព្យាង្គ និងឃ្លាទី៣មាន៦ព្យាង្គ។
- បទបន្ទោលកាក ៖ ១ល្បះមាន៤ឃ្លា – ឃ្លាទី១មាន៤ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៤ព្យាង្គ ឃ្លាទី៤មាន៦ព្យាង្គ។
- បទភុជង្គលីលា ៖ ១ល្បះមាន៣ឃ្លា – ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២និងទី៣មាន៤ព្យាង្គ។
ទម្រង់កំណាព្យទាំង៥ខាងលើមានតាំងពីសម័យអង្គរមកម្ល៉េះ ប៉ុន្តែគេពុំទាន់ឃើញប្រើឈ្មោះនៅឡើយ។ រហូតមកដល់សតវត្សទី១៥ ឆ្នាំ១៤៩៨ ក្នុងល្បើកអង្គររបស់អ្នកប៉ាង ទើបកំណាព្យដដែលនេះមានប្រើឈ្មោះជា កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោលកាក និងភុជង្គលីលា។
នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ៧៥ ដល់៨០ ដែលជាស្នាដៃបន្ត ហើយដែលអ្នកស្រាវជ្រាវអក្សរសាស្ត្រជាតិយល់ថាជាស្នាដៃកើតក្រោយសម័យអង្គរ ឬក៏ក្រោយពេលជ្រួលច្របល់ចលាចល ព្រោះសៀមលុកលុយក្រុងអង្គរនោះ គេឃើញមានកំណាព្យថ្មីមួយទៀត គឺបទពាក្យ៦ ដែលក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៦ព្យាង្គស្មើគ្នា។
មកដល់សម័យចតុមុខ ចាប់ពីពេលដែលព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកតាំងនៅ ស្រីសន្ធរ រួចមកភ្នំពេញ និងការផ្លាស់ប្តូរទីក្រុងចុះឡើង ពីភ្នំពេញទៅលង្វែក ពីលង្វែកទៅឧត្តុង្គ និងកន្លែងដទៃជាច្រើនទៀត រហូតដល់សម័យនរោត្តមប្តូរទីក្រុងពីឧត្តុង្គមកភ្នំពេញ… ដល់សព្វថ្ងៃនេះ គេឃើញមានកំណាព្យជាច្រើនទៀតបានកើតឡើង។
- បទពាក្យ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ
- បទពាក្យ៨ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ
- បទពាក្យ៩ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ
- បទពាក្យ១០ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ
- បទពាក្យ១១ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ
ហើយ មានបទជាច្រើនទៀតដែលជារបៀបសរសេរបំភ្លៃចេញពីបទទាំងឡាយខាងក្រោយនេះ ដូចជា ៖ បទនមោ បទកខ បទអក្សរលូន បទអក្សរសង្វាសបទកង្កែបលោតកណ្តាលស្រះបទកង្កែបលោតលើគោក បទកង្កែបលោតស្លាក់ពេជ្រ បទកង្កែបលោតផាត់ខ្ចៅ បទនាគបរិព័ទ្ធ បទនាគគៀវក្រវាត់បទនាគរាជប្លែងឫទ្ធិ បទគោព័ទ្ធស្នឹង បទសឹង្ហតោលេងកន្ទុយ បទរមាំងដើរព្រៃបទផ្កាឈូករីក បទក្របចក្រវាឡ បទម្ករខ្ជាក់កែវ បទឆ័ត្របីជាន់បទរលកយោលយាវ បទរលកខ្ទប់ជ្រាំង បទសហរា បទវិវិធមាលី បទពស់លេបកន្ទុយ បទថយក្រោយចូលព្រែក បទសត្វកាងស្លាបបទរមាំងបើកបាសបទទន្សាយទីសទាស បទមាន់ទឹកបណ្ដើរកូន បទសរថីទាញរថ បទអើយរ៉ា បទត្រឡាចឡើងទ្រើង បទសុក្រទិនវិសាល បទសៅរ៍ទិនវិសាល បទយត្តិភ័ង្គបទសបាត់សប៉ឹងបទជាប់ទង បទត្រីពិធព័ន្ធ បទសឡាបលូន បទវង្សវិចិត្រ និង បទព្រះចន្ទ្របាំងឆ័ត្រ។
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ