ពន្យល់ពាក្យ
- Jump up↑ តាមទម្លាប់ គេអានថា ប៉ុន-ណក់-យក្សា
- Jump up↑ គម្ដែង គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ( ន. ) (ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ.... ។
- Jump up↑ ព្រែ ( ន. ) សំពត់សូត្រដោយបែប : ព្រែលាត, ព្រែផ្កា ។ សំពត់អំបោះដោយបែបក៏ហៅ ព្រែ ខ្លះដែរ ព្រែអំបោះ ។
- Jump up↑ ក្រញឹង ( កិ. វិ. ) ពាក្យសម្រាប់ចម្រើនពាក្យខឹងឲ្យឃើញប្លែកឡើង : ខឹងក្រញឹង ។
- Jump up↑ ចំអែ ( កិ. ) បំពើងទ្រូងទៅមុខ : អង្គុយចំអែ, ឈរចំអែ ។ ចំអៀកចំអែ ចំអែដោយចំអៀក ។
- Jump up↑ សន្លាង សន់-ល៉ាង ( គុ. ) សជ្រះស្អាត: សសន្លាង ។ ថ្មីទែង, ថ្មីស្អាត : ថ្មីសន្លាង ។ ដែលល្អសមរម្យមិនឆ្គង : ល្អសន្លាង, រូបល្អសន្លាង ។
- Jump up↑ ចចាត ( ន. ) សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ : ចចាតធ្នាក់, ទាក់ចចាត, ហ្មចចាត ។
- Jump up↑ ក្រាយ ( ន. ) ឈ្មោះពស់មួយប្រភេទមានពិសខ្លាំងមានទ្រនុងខ្នងជាអាវុធ អាចច្រាសឲ្យមុតបាន : ពស់ក្រាយ ។
- Jump up↑ ពម ( កិ. ) ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង : ពមបាយ ។ ពមញាត់ៗ (ពមញាត់-ពមញាត់) ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឲ្យបានឆាប់ឆ្អែត : ស៊ីឆាប់ឡើងពមញាត់ៗទៅ ! (ព. សា., ព. ស្ន.) ។
ច្បាប់ស្រីត្រូវបានតែងនិពន្ធឡើងដោយបណ្ឌិត ម៉ឺន មៃ ជាបទភុជង្គលីលា។ ច្បាប់ប្រុសមានខ្លឹមសារទាំងស្រុងដូចតទៅ៖
| នេះបទកំណត់ចងជា | ភុជង្គលីលា | ចងជាច្បាប់ស្រី។ |
| កាលនាងឥរន្ទវតី | ចរចាកតាមប្ដី | គឺបុណ្យកយក្សា។ |
| នាងនឹងត្រាច់ត្រង់តាមប្ដី | ចេញចាកអំពី | ពិភពនាគនេះ។ |
| ទៅឋានមនុស្សលោកនាយអេះ | ចូរនាងចាំចេះ | បម្រើស្វាមី។ |
| ធ្វើវត្តប្រតិបត្តិប្រក្រតី | កុំឲ្យស្វាមី | អាក់អន់ចិន្ដា។ |
| នាងអើយគម្ដែង[១]ក្រឡា | ជាម្ចាស់សិរសា | កូនកុំមាក់ងាយ។ |
| ហៃកូនស្រីមាសម្ដាយ | ក្រណាស់នាងអាយ | តាមដោយច្បាប់ស្រី។ |
| ក្រមួយមិនបានសម្ដី | ពាក្យទន់តិចនៃ | ឲ្យញាតិចូលចិត្ត។ |
| ក្រមួយមិនចេះរិះគិត | ឃើញញាតិឆ្ងាយជិត | ហៅឡើងឆីស្លា។ |
| ទោះមានមិនមានក្ដីណា | ពាក្យផ្អែមចរចា | ទើបគេស្រឡាញ់។ |
| កុំជួចិត្តស្មូរកំណាញ់ | មិនមានអស់អញ | នឹងញាតិសន្ដាន។ |
| កើតយសរបស់ផងបាន | កើតសុខក្សេមក្សាន្ដ | ពីព្រោះកូនស្រី។ |
| ទោះនឹងនិយាយស្រដី | ការកេរជាស្រី | កុំស្ដីឡេះឡោះ។ |
| ថាលេងដូចក្មេងញ៉េះញ៉ោះ | ឃើញប្រុសកម្លោះ | សសៀរចូលជិត។ |
| សើចព្រៀងកញ្ឆៀងមិនគិត | ប្រុសព្រើលបានចិត្ត | វាហ៊ានដោយសារ។ |
| ហៅស្រីអប្រិយឥតការ | ឥតមានឥរិយា | មារយាទក្នុងខ្លួន។ |
| សើរើពុំធ្វើនឹងនួន | ស្រដីមិនមួន | មិនមានអៀនអន់។ |
| ឃើញគេបៀតបែរគយគន់ | សើចសួរចំអន់ | ចំអកឲ្យប្រុស។ |
| ហៅស្រីអប្រិយទុយ៌ស | មិនខ្លាចខ្លួនខុស | មារយាទក្រឹត្យក្រម។ |
| ធ្វើការអង្គុយច្រឡំ | នឹងសមពុំសម | ថាឯងជាស្រី។ |
| មិនកោតមិនខ្លាចចិត្តប្ដី | ឲ្យប្រុសដទៃ | មាក់ងាយប្ដីណា។ |
| ហៅស្រីឥតលក្ខណា | ឥតមានកិរិយា | មារយាទពុំសម។ |
| ធ្វើការផងណាប្រើខំ | ទោះត្បាញចាក់ដំ | នាងខំឲ្យហើយ។ |
| កុំទុកទៅមុខទៀតឡើយ | ថាចាំបង្ហើយ | កម្រណាស់ណា។ |
| ទោះធ្វើហូលគោមព្រែ[២]ផ្កា | ដាក់ត្បាញហើយណា | បានស្រេចសឹមធ្វើ។ |
| ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ | ហើយកុំឲ្យដើរ | លេងផ្ទះគេណា។ |
| ឱស្ងួនខ្លឹមខ្លួនរក្សា | នាងខំធ្វើការ | ទាន់ខ្លួនក្រមុំ។ |
| មានប្ដីបានអ្វីជាខំ | រវល់កូនយំ | កម្រចេះឆ្លាត។ |
| ព្រួយចិត្តគំនិតចង្អៀត | មួយហើយមួយទៀត | យំទារតែឆី។ |
| រីងព្រួយទាំងមួយទាំងពីរ | រកបានឲ្យឆី | ទើបបានបាត់មាត់។ |
| ទៅកាន់ការធ្វើឲ្យស្ទាត់ | ហូលគោមគាត់កាត់ | អន្ទងត្បាញទៅ។ |
| កុំទុកក្នុងស្មុគស្មាញនូវ | ក្រែងដល់យូរទៅ | ខាតខូចអសារ។ |
| ហៃកូនស្រីស្ងួនមាតា | ចូរចាំរក្សា | កុំភ្លេចស្មារតី។ |
| ចូររករៀនយកច្បាប់ស្រី | ឲ្យកោតខ្លាចប្ដី | គម្ដែងក្រឡា។ |
| ធ្វើវត្តប្រតិបត្តិសោតណា | ឲ្យនាងរក្សា | ភ្នក់ភ្លើងទាំងបី។ |
| ឲ្យកាត់ឲ្យគង់ប្រក្រតី | សព្វថ្ងៃកុំឲ្យបី | ភ្លេចផ្លុំឲ្យឆេះ។ |
| ក្រែងរាលដូចដាលព្រាយប្រេះ | កើតក្ដៅរលេះ | រលាយអស់អង្គ។ |
| ភ្លើងក្រៅកុំនាំទៅក្នុង | ឲ្យឆេះបំផ្លុង | ឬផ្លុំបង្កាត់។ |
| ភ្លើងក្នុងមិនប្រុងប្រយ័ត្ន | នាំមកបង្កាត់ | ឲ្យឆេះឯក្រៅ។ |
| អុជអាលបណ្ដាលឲ្យក្ដៅ | ដាលដល់កូនចៅ | អសោចអប្រិយ។ |
| ឲ្យនាងខំប្រុងស្មារតី | មើលភ្លើងទាំងបី | រក្សាឲ្យគង់។ |
| ភ្លើងនោះឲ្យកូនពុំលង់ | នឹងឲ្យឧត្ដុង | ឧត្ដមកន្លង។ |
| កើតយសរបស់ទ្រព្យផង | បរិបូរឥតហ្មង | ប្រសើរក្ដាត់ណា។ |
| ភ្លើងមួយនោះឲ្យរក្សា | គឺគុណមាតា | បិតាស្ងូនគ្រង។ |
| ឲ្យនាងធ្វើដោយគន្លង | ប្រណិប័តន៍កុំឆ្គង | នឹងម្ដាយឪពុក។ |
| ឲ្យខំថែទាំញ៉ឹកញ៉ុក | ចំណីចំណុក | ចំណង់អាត្មា។ |
| កុំឃ្លានទុកឆីឡើយណា | ឆ្ងាញ់ឈ្ងុយពិសា | ជូនជាប្រក្រតី។ |
| ពាក្យពេចន៍ការកិច្ចអ្វីៗ | អត់ឱនកុំបី | ឲ្យអាក់ចិន្ដា។ |
| ភ្លើងមួយគម្ដែងក្រឡា | គឺប្ដីអាត្មា | ឋិនថេររួមរ័ក្ស។ |
| ឲ្យនាងប្រណិប័តន៍ជឿជាក់ | កុំធ្វើឲ្យអាក់ | ឲ្យអន់ចិត្តប្ដី។ |
| អត់ឱនខ្លាចខ្លួនជាស្រី | កុំឲ្យស្រដី | ទុកគេជាស្មើ។ |
| ទោះកើតហេតុភេទសារពើ | ពាក្យពុំប្រសើរ | ជញ្ជឹងចាំស្ដាប់។ |
| ទោះប្ដីស្រដីពុំគាប់ | ពុំគួរឲ្យប្រាប់ | បានដឹងដល់ម្ដាយ។ |
| កើតខឹងរែងរីងខ្ចរខ្ចាយ | ឮពាក្យពីម្ដាយ | ខ្សឹបខ្សៀវប្រាប់ប្ដី។ |
| មិនក្សាន្តបែកបានពីប្ដី | កើតជាសម្ដី | សួរចុះសួរឡើង។ |
| ពុំស្ងាត់ស្ងៀមមាត់ចចើង | ជជែកនាំឡើង | ចចើងមិនបាត់។ |
| តតាំងពាក្យខ្លាំងមិនស្ងាត់ | មិនស្ងៀមឲ្យបាត់ | ឲ្យបានទីសុខ។ |
| ជជែកស្ទើរបែកទាំងស្រុក | មិនមានហៅសុខ | យូរលង់ឡើយនៃ។ |
| នេះហៅភ្លក់ភ្លើងទាំងបី | ម្ដាយផ្ដាំកូនស្រី | ឲ្យខំរក្សា។ |
| នាងគម្ដែងក្រឡា | ខុសឆ្គងម្ដេចម្ដា | ម្ដាយផ្ដាំកូនស្រី។ |
| ឲ្យអត់សង្កត់ហឫទ័យ | កូនកុំស្រដី | ដើមប្ដីកំបាំង។ |
| កុំជេរកុំចេញជាខ្លាំង | ខ្សត់ខ្សោយខ្លៅខ្លាំង | នាងកុំមើលងាយ។ |
| ល្ងង់ខ្សោយប្រើឲ្យនិយាយ | ណែនាំលេងលាយ | ឲ្យស្រួលវាចា។ |
| ទោះប្ដីស្រដីម្ដេចម្ដា | ខេខឹងជេរថា | បោះពាក្យទម្ងន់។ |
| ក្រោធក្រេវឆុលឆេវមិនអន់ | មិនអាក់ស្រោកស្រន់ | ដោយចិត្តគ្នាន់ក្នាញ់។ |
| រអ៊ូរទាំទន្ទេញ | ជេរថាជន្លេញ | ត្បិតទាស់នឹងចិត្ត។ |
| ឲ្យកូនស្រីស្ងួនខំអត់ | ឲ្យបានរលត់ | រលាយកំហឹង។ |
| កុំកូនកាន់ខ្លួនប្រែប្រឹង | តតបទៅនឹង | អ្នកជាស្វាមី។ |
| ខេខឹងក្រញឹង[៣]សម្ដី | មិនគិតខ្លួនស្រី | ស្រដីទ្រគោះ។ |
| ប្រកែកស្ដីពាក្យគំរោះ | គំរាមបញ្ឆេះ | បញ្ជោរឲ្យខឹង។ |
| រឹងរូសមើលមុខសម្លឹង | សម្លក់ទៅរឹង | ចចឹងចង់ឈ្លោះ។ |
| រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ | បំបែកជាឈ្លោះ | បំបែរពុំទៀង។ |
| ជេរថាឆ្កែឆ្មាបំព្រៀង | ដៀលត្មះបញ្ឆៀង | បញ្ឈឺចិត្តប្ដី។ |
| បោះបោកប្រទះអ្វីៗ | ចាប់ចោលទៅដី | បែកបាក់ពុំគិត។ |
| មិនស្រួលទទួលបាត់មាត់ | ម្នះម្នាក្នុងចិត្ត | ឲ្យបានប្ដីចាញ់។ |
| ទើបបានសុខចិត្តជាវិញ | ហៅស្រីម្នះម្នេញ | អាប់កេរ្តិ៍យសឆ្ងាយ។ |
| ហៅកូនស្រីស្ងួនមាសម្ដាយ | ខុសណាស់នាងអាយ | កុំធ្វើដូចគេ។ |
| ទោះបីបើប្ដីនាងជេរ | នាងចូលទៅឯ | ដំណេកគិតសិន។ |
| ចេញមកនាងយកពាក្យទន់ | ស្រដីឲ្យអន់ | ស្រាយទោសនោះទៅ។ |
| ទោះបីបើប្ដីប្រដៅ | ចូរនាងចាំនៅ | ទុកក្នុងអាត្មា។ |
| ពាក្យពេចន៍កុំភ្លេចឡើយណា | ក្រែងឆ្គងម្ដេងម្ដា | ត្បិតបានផ្ដាំស្រាប់។ |
| ព្រោះឯងមិនក្រែងមិនស្ដាប់ | ពាក្យគេបង្កាច់ | បង្កើតតែឈ្លោះ។ |
| ឥតសុខអាក្រក់តែឈ្មោះ | ឮគេប្រឈ្លោះ | មិនចេះហៅល្ហែ។ |
| នេះពុំរាប់ជាស្ត្រីទេ | ជាអ្នកប៉ោឡែ | ចិត្តចោរដកទង។ |
| ឲ្យមាត់បង្គ្របប្ដីផង | ឲ្យគេស្ដាប់ហោង | ថាឯងគ្រាន់បើ។ |
| គឺមោះនាងនោះមិនប្រើ | មិនបើកឲ្យដើរ | បញ្ចើឲ្យទេ។ |
| ទោះបីប្ដីប្រើមាសមេ | កុំកូនចំអែ[៤] | ចំអៀកមិនទៅ។ |
| ឆ្ងាយជិតកុំគិតរង់នៅ | ក្រោកក្រេសដើរទៅ | កុំឲ្យប្ដីជេរ។ |
| កុំទៅនៅយូរផ្ទះគេ | រវល់ទំនេរ | រវៀសមកណា។ |
| ហៃកូនខ្លឹមខ្លួនមាតា | ជាស្រីនេះណា | កម្រណាស់នាង។ |
| មិនថាត្បិតល្អរូបរាង | មិនរើសត្បិតជាង | ចេះការទាំងគ្រប់។ |
| មិនបានស្គាល់ទិគោរព | ស្គាល់ទេឧបទ្រព | ទាំងដប់ប្រការ។ |
| ហៅតែនឹងល្អរូបា | ពិតហើយចេះការ | គួរកោតដោយយ៉ាង។ |
| មួយរូបល្អសសន្លាង[៥] | ឥតគេផ្ទឹមខាង | ច្បាប់ផងមិនចេះ។ |
| ល្អពិតគំនិតមិនផេះ | ទោះខ្មៅក្រងេះ | ការសោតសមគួរ។ |
| គឺមោះនាងនោះមិនជួ | ចេះដឹងសមគួរ | ស្គាល់អស់ឥរិយា។ |
| នេះឯងពីព្រេងលោកថា | ហៅល្អរូបា | កបកល្យាណី។ |
| ហៃកូនស្រីស្ងួនពិសី | ម្ដាយប្រាប់អំពី | ឧបទ្រពចង្រៃ។ |
| កាន់ក្បាលប្ដីហើយរកចៃ | មិនបានលើកដៃ | បិទទូលសំពះ។ |
| លោកទុកស្មើកុកទំផ្ទះ | រង្គំរង្គះ | នឹងបង់អស់ទ្រព្យ។ |
| កន្លងជើងប្ដីពុំគាប់ | ព្រោះចិត្តចង់ឆាប់ | រំលងជើងប្ដី។ |
| ស្មើសត្វលលកស៊ីខ្មោចខ្មី | ហើយច្រាលអប្រិយ | កើតព្យាធិរោគា។ |
| ចង្រៃមួយនៃរាល់គ្នា | ចេញចូលមាត់ទ្វារ | ពុំបានបិទបាំង។ |
| ធ្វេសប្រាណខុសខានមិនរាំង | មិនរុញបំបាំង | មើលយល់សាយសុស។ |
| ទុកស្មើគេអុជចន្លុះ | ឲ្យចោរចូលផ្ទះ | យកទ្រព្យទាំងឡាយ។ |
| ស្រីមួយសើចលេងក្អាកក្អាយ | ឮលេខចម្ងាយ | រំលងផ្ទះបី។ |
| ស្មើសត្វចចាត[៦]បក្សី | ចូលភូមិផងក្ដី | ចង្រៃក្ដាត់ណា។ |
| ស្រីមួយដេកដាក់កាយា | ប្រះប្រែអាត្មា | ឲ្យខ្នងទៅប្ដី។ |
| ទុកស្មើពស់ក្រាយ[៧]អប្រិយ | ឡើងផ្ទះឥតបី | ឥតបើគណនា។ |
| ចង្រៃកាចក្រៃពុំជា | នឹងព្រាត់ប្រាសគ្នា | ពុំបានវែងឆ្ងាយ។ |
| ស្រីមួយសក់វែងអន្លាយ | រំសុសរំសាយ | សក់សោតរេរា។ |
| នៅមាត់អណ្ដូងមាត់ទ្វារ | បីដូចមជ្ជរា | ឆ្មាលាក់ក្រចក។ |
| ចង្រៃឥតបីបើរក | រេរាសំកក | មិនចុកសក់ងាយ។ |
| ស្រីមួយដើរទៅទាត់ជាយ | ឮលាន់ស្ទើរធ្លាយ | ប្រថពីសន្ធឹក។ |
| សំពត់ដាច់ដាចមិននឹក | ដើរឮគគឹក | ស្មើសូររន្ទះ។ |
| ញ៉ាំញើសំណើរលះ | ដាក់ជើងលើផ្ទះ | គគ្រាំងគគ្រេង។ |
| កក្រើកផ្ទះទាំងបីល្វែង | ដូចកលគេសែង | របស់ចេញទៅ។ |
| ស្រីមួយឃើញទ្រព្យនៅផ្លូវ | កន្លងហួសទៅ | មិនចាប់ចេញទុក។ |
| ពុំចេរចំណេរទៅមុខ | ពុំចេះដាក់ទុក | រាយរាល់តែល្វែង។ |
| ទ្រព្យនោះរលោះចេញឯង | ចង្រៃទាស់ទែង | ធ្វើឲ្យអន្តរាយ។ |
| ទោះឆីចំណីនូវបាយ | លបលូកកកាយ | ពម[៨]ពុំសណ្ដាប់។ |
| កូនអើយនេះហើយចូរស្ដាប់ | ហៅក្ដីឧបទ្រព | ទាំងដប់ប្រការ។ |
| ឲ្យចៀសអស់ទាំងនេះណា | ឲ្យរៀនលក្ខណា | ទាំងប្រាំពីរផង។ |
| គឺព្រះមានបុណ្យកន្លង | ទេសនាចែងចង | ជាបទគាថា។ |
| មួយមាតុមួយមិត្តភរិយា | កាតុភរិយាជាតិ | ទាសភរិយាផង។ |
| ទាំងបួនប្រសើរឥតហ្មង | គួរឲ្យចាំចង | ទុកក្នុងអង្គា។ |
| រីឯហៅមាតុភរិយា | ប្រពន្ធនោះជា | លោកទុកស្មើម្ដាយ។ |
| ចរិតបីប្រការក្នុងកាយ | មួយចង់ខ្វល់ខ្វាយ | ប្រយោជន៍ឲ្យប្ដី។ |
| បានថ្កើងរុងរឿងឮល្បី | មិនឲ្យអាប់ប្ដី | ឲ្យបានសក្តិយស។ |
| មួយបើប្ដីស្លៀកពាក់ចាស់ | យកថ្មីឲ្យផ្លាស់ | ចាស់ស្លៀកខ្លួនឯង។ |
| ចេះរៀបរណ្ដាប់តាក់តែង | ចំណីផងស្វែង | រកមកឲ្យប្ដី។ |
| មួយបើប្ដីឈឺថ្កាត់អ្វី | ព្រួយប្រឹងមើលប្ដី | រកថ្នាំសង្កូវ។ |
| រកពេទ្យមេមត់នូវគ្រូ | គ្រោះយាមគន់គូរ | មើលប្ដីឲ្យជា។ |
| រីឯហៅកាតុភរិយា | ប្រសើរសោភា | ប្រពន្ធស្មើបង។ |
| នោះមានចរិតពីរផង | ដូចប្អូននិងបង | ចិត្តមូលមួយប្រាណ។ |
| មួយធ្វើឲ្យប្ដីក្សេមក្សាន្ត | របស់ប្ដីបាន | ចេះទុករក្សា។ |
| មួយទោះឮពាក្យអ្នកណា | គេតិះដៀលថា | ស្រដីពីប្ដី។ |
| ពុំត្រូវអាស្រូវអប្រិយ | ចេះការកេរ្តិ៍ប្ដី | បែរបានជាសុខ។ |
| ទោះបីបើប្ដីមានទុក្ខ | គិតឲ្យបានសុខ | យកខ្លួនធានា។ |
| មួយសោតឯមិត្តភរិយា | មានចរិតជា | បីប្រការមិញ។ |
| បីដូចកលមិត្តសម្លាញ់ | មានចិត្តអស់អញ | មិនឲ្យមានហ្មង។ |
| បីដូចកលប្អូននិងបង | ប្រាសយូរលង់ហោង | ទើបមកជួបគ្នា។ |
| មានចិត្តប្រតិព័ទ្ធមហិមា | ត្បិតបានជួបគ្នា | មិនឲ្យមានហ្មង។ |
| មួយមានមារយាទកន្លង | ទោះឃើញប្រុសផង | មិនល្អៀងចិត្តទៅ។ |
| រីទាសភរិយានោះកូវ | ក្នុងមាត្រាត្រូវ | ប្រពន្ធខ្ញុំប្ដី។ |
| ចរិតប្រាំបីប្រការខ្មី | មួយចិត្តខ្លាចប្ដី | ក្រែងប្ដីវាយជេរ។ |
| ប្រុងចិត្តការគិតខ្មាសគេ | មិនឲ្យប្ដីជេរ | បន្ទោសខ្លួនបាន។ |
| ទោះខឹងប្ដីក្រៃប៉ុន្មាន | មិនចេះហៅហាន | ឆ្លើយឈ្លោះតមាត់។ |
| មួយទោះប្ដីនោះកាចក្ដាត់ | ខឹងដល់វាយវាត់ | ជេរចោរដកទង។ |
| មិនហ៊ានឆ្លើយឈ្លោះរំលង | តតបទៅផង | ក្រែងឮកេរ្តិ៍ឆ្ងាយ។ |
| មួយចេះប្រដាប់រៀបបាយ | ប្ដីដើរជិតឆ្ងាយ | មិនហ៊ានបរិភោគ។ |
| អត់ចាំទម្រាំប្ដីមក | ជួបជុំទើបយក | បរិភោគផងគ្នា។ |
| នេះឯងហៅទាសភរិយា | សម្ដេចភគវា | ទេសនាប្រោសប្រាប់។ |
| បើអស់ស្រីណាបានស្ដាប់ | យកទុកជាច្បាប់ | ក្នុងប្រាណសព្វថ្ងៃ។ |
| លុះអស់អាយុក្សិណក្ស័យ | បានទៅកើតឰ | តុសិតសួគ៌នាយ។ |
| នឹងបានក្សេមក្សាន្តពណ្ណរាយ | សេពសុខសប្បាយ | និរទុក្ខកយា។ |
| រីឯប្រពន្ធពុំជា | ពេជ្ឈឃាតភរិយា | ចរិតមានបួន។ |
| កុំឲ្យយកទុក្ខក្នុងខ្លួន | ឲ្យចៀសចេញជួន | កើតកម្មវេរា។ |
| មួយចិត្តគំនិតចង់ជា | ឆ្លាស់ឆ្លើយបំពារ | បំពានឲ្យប្ដី។ |
| ប្រទូសរឹងរូសខ្ញូវខ្ញី | មិនចេះចាញ់ប្ដី | ថាឯងគ្រាន់បើ។ |
| ឆ្លើយឆ្លងសូរសងបណ្ដើរ | ចង់ឈ្លោះឲ្យស្មើ | ឲ្យលើសប្ដីវិញ។ |
| មួយមិនចង់ធ្វើបំពេញ | បង្អាប់ប្ដីវិញ | ឲ្យថ្កើងខ្លួនឯង។ |
| អាងចេះដៀលតិះពុំក្រែង | ឲ្យប្ដីស្ដាប់ឯង | ដោយចិត្តអន្ធពាល។ |
| មួយមានចិត្តនោះស្រើបស្រាល | ចង់ត្រេកត្រអាល | ចោលពេញមុខប្ដី។ |
| មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ | ចង់សម្លាប់ប្ដី | ស្រឡាញ់ប្រុសទៀត។ |
| គិតកាប់សម្លាប់បង់ម្សៀត | នឹងយកប្រុសទៀត | ធ្វើប្ដីមរណា។ |
| រីឯសត្រូវភរិយា | ចរិតពុំជា | ប្រាំពីរប្រការ។ |
| មួយមិនខ្លាចប្ដីអាត្មា | បង្គាប់ត្រង់ណា | ពុំធ្វើតាមចិត្ត។ |
| មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ | ប្ដីសួរបីម៉ាត់ | ពុំស្រដីផង។ |
| មួយប្ដីស្រដីគន្លង | ប្រដៅច្បាប់ផង | ពុំចូលចិត្តស្ដាប់។ |
| មួយមិនចង់ឲ្យប្ដីគាប់ | មិនចង់ប្រដាប់ | ឲ្យប្ដីថ្កុំថ្កើង។ |
| មួយទោះនឹងស្រដីឡើង | ពាក្យធំចចើង | ចចេសនឹងប្ដី។ |
| មួយទោះប្ដីលោះខ្ញុំស្រី | វាបម្រើប្ដី | មិនឲ្យអាក់អន់។ |
| ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ | ក្នុងចិត្តប្រច័ណ្ឌ | ជេរថានាយអាយ។ |
| មួយត្បិតប្ដីមានសាហាយ | ហួរហែកសុសសាយ | ឲ្យប្ដីអាស្រូវ។ |
| រីចោរភរិយានោះកូវ | ចរិតពុំត្រូវ | មានបីប្រការ។ |
| មួយចង់ចាយទ្រព្យប្ដីណា | ឲ្យខូចអសារ | មិនគង់ជាល្អ។ |
| មួយប្ដីឃ្មាតខ្មីខំរក៍ | របស់បានមក៍ | មិនថែទាំទុក។ |
| លួចឲ្យទៅម្ដាយឪពុក | ប្ដីសួររកមុខ | មិនប្រាប់ឡើយណា។ |
| មួយខ្ជិលមិនចង់ធ្វើការ | កុហកមុសា | ថាឯងរវល់។ |
| ដេកលេងចំខែងអស់កល | លុះប្ដីគេយល់ | ពុតធ្វើជាឈឺ។ |
| ទទូរដេកថ្ងូរហ៊ឺៗ | ប្ដីហៅមិនឮ | ពុតចង់តែស្លាប់។ |
| នេះហៅប្រពន្ធពុំគាប់ | ស្រីណាកាន់ខ្ជាប់ | ពុំដែលរសាយ។ |
| លុះអស់អាយុក្ល័យក្លាយ | ធ្លាក់ទៅអបាយ | ទាំងបួនចំពូក។ |
| តែងនឹងរងទុក្ខរងសោក | រំដោះរួចមក | កើតជាមនុស្សខ្ទើយ។ |
| ហេតុអកុសលនេះហើយ | ត្បិតខ្លួនឥតត្រើយ | ធ្វើខុសគន្លង។ |
| ខុសវត្តប្រតិបត្តិឆ្គាំឆ្គង | មិនរៀងមិនរង | ខុសនឹងច្បាប់ស្រី។ |
| មាក់ងាយនោះមានប្រាំបី | មានក្នុងបាលី | ព្រះធម៌លោកថា។ |
| មាក់ងាយមួយនោះឯងណា | ត្បិតប្ដីពិការ | មិនបានមាំមួន។ |
| ខឹងស្អប់ធុញថប់មិនទ្រាំ | មិនមានរកថ្នាំ | គ្រូគ្រោះមេមត់។ |
| មើលប្ដីឲ្យជាឆាប់ផុត | ខឹងវិញមិនអត់ | បន់ឲ្យប្ដីស្លាប់។ |
| មាក់ងាយមួយប្ដីខ្សត់ទ្រព្យ | គ្មានកេរកោះគាប់ | ស្មើនឹងអាត្មា។ |
| ដៀលត្មះថាច្រាសដោយសារ | ព្រោះខ្ជិលធ្វើការ | ទើបគ្មានរបស់។ |
| មាក់ងាយត្បិតប្ដីអប្បយស | ឯងត្រកូលខ្ពស់ | ពូជពង្សពុំស្មើ។ |
| ឆ្មើងខ្លួនឲ្យប្ដីបម្រើ | ឈ្លោះឡើងហើយដើរ | ដៀលត្មះពូជពង្ស។ |
| មាក់ងាយមួយត្បិតប្ដីល្ងង់ | ខ្លៅខ្លួនទ្រមង់ | ទ្រមក់យឺតយូរ។ |
| ដៀលត្មះពុំចេះអាសូរ | សម្ដីខ្មោះខ្មូរ | មិនក្រែងប៉ុនសក់។ |
| មាក់ងាយមួយប្ដីអាក្រក់ | សាច់ខ្មៅប៉ប៉ក់ | មុខអុតស៊ីសុស។ |
| កន្ទ្រល រោងរលក្រអុះ | សក់ស្កាញស្កូវសុស | ពោះធំប៉ុនពាង។ |
| ខ្លួនឯងចិញ្ចែងរូបរាង | ខ្លួនសល្អជាង | ថាប្ដីមិនសម។ |
| មាក់ងាយមួយប្ដីមិនខំ | ធ្វើការលេលាំ | ឡែឡដើរលេង។ |
| ឆ្លៀតឆ្លើយបោះពាក្យគគ្រេង | ឈ្លោះជេរមិនឈ្វេង | គិតខុសមាត្រា។ |
| មាក់ងាយមួយប្ដីផឹកស្រា | ស្រវឹងចោលការ | ដើរលេងតែតោ។ |
| ពាក្យក្អេងរាំច្រៀងឡោៗ | ឲ្យឆ្កែព្រុសឆោ | ផ្អើលភ្ញាក់កូនចៅ។ |
| ឮមាត់ប្ដីហើយខឹងក្ដៅ | ប្រទេចជេរទៅ | តាមដោយចិត្តក្នាញ់។ |
| មាក់ងាយមួយទៀតនោះមិញ | ត្បិតប្ដីស្រឡាញ់ | លលូកប្រឡែង។ |
| មួលបិចចាក់ចុចជាល្បែង | មិនមានកោតក្រែង | បានចិត្តជេរវិញ។ |
| ត្បិតតែយល់គេស្រឡាញ់ | ស្រដីផងមិញ | គំរោះគំរើយ។ |
| ធ្វើក្នាញ់បែរចេញព្រងើយ | គេនឹងកន្តើយ | ក្និចក្នក់មាយា។ |
| ពុំបានក្សេមក្សាន្តនឹងគ្នា | មាក់ងាយនេះជា | គំរប់ប្រាំពីរ។ |
| កូនអើយនេះហើយច្បាប់ស្រី | ឲ្យកូនពិសី | រករៀនរក្សា។ |
| យកទុកក្នុងអង្គអាត្មា | ប្រសើរក្ដាត់ណា | កើតសុខសួស្ដី។ |
| ប្រសើរទាំងនាលោកិយ | ទោះបរលោកក្ដី | សឹងលុះប្រាថ្នា។ |
| ទោះចិត្តគន់គិតសច្ចា | ជាពុទ្ធមាតា | សឹងបានបរិបូរណ៍។ |
| ដូចចិត្តឆុតឆាប់ពុំយូរ | កបកើតសម្បូរ | សម្បត្តិទ្រព្យផង។ |
| កើតយសខ្ពង់ខ្ពស់កន្លង | យឺនយូរឥតហ្មង | ដូចក្ដីប្រាថ្នា។ |
| ច្បាប់នេះឧត្តមថ្លៃថ្លា | ទោះស្រីឯណា | ឮហើយមានភ័ព្វ។ |
| ជាល្អកម្របានស្ដាប់ | ស្ដាប់ហើយចូរចាប់ | ចូរចាំគ្រប់គ្នា។ |
| បានដល់មគ្គផលសួគ៌ា | ប្រសើរសោភា | ចូរចាំកុំភ្លេច។ |
| ចរចាអស់អាថ៌ពាក្យពេចន៍ | ពាក្យពិតកាព្យកិច្ច | បរិបូរណ៍ប្រពៃ។ |
| ប្រាជ្ញាប្រែរីឯនាមនៃ | ខ្ញុំឈ្មោះម៉ឺន មៃ | មែនមានសទ្ធា។ |
| មានចិត្តកួចគិតកាព្យា | កបកើតជ្រះថ្លា | ត្រេកត្រង់កុសល។ |
| សច្ចាប្រាថ្នាមគ្គផល | ផុរផុសយោបល់ | លេចលើកទុកនៅ។ |
| ទោះបីសេចក្ដីខុសត្រូវ | សូមទានតម្រូវ | តម្រង់ឲ្យផង។ |
| កុំត្មះតិះដៀលឡើយហោង | សូមសាងផលផង | ទុកតសាសនា។ |
| សម្រាប់ជាច្បាប់មាត្រា | សូរេចបការា | បរិបូរណ៍ចែងចប់៕ |
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »
ច្បាប់ប្រុស
ខែមីនា 20, 2009 — khmerids| នេះបទព្រហ្មគីតិ | ពីព្រេងព្រឹទ្ធទុកទូន្មាន |
| ចែងចងជានិទាន | ទុកគ្រាន់មើលជាច្បាប់ថ្មី។ |
| ឲ្យអស់កូនចៅក្រោយ | ស្ដាប់កុំឲ្យភ្លេចស្មារតី |
| ប្រដៅទាំងប្រុសស្រី | យកទុកខ្លួនគ្រប់អាត្មា។ |
| ធម្មតាកើតជាមនុស្ស | ទោះស្រីប្រុសក្រណាស់ណា |
| ក្រគិតក្នុងចិន្ដា | ឲ្យបានដឹងសមនិងគួរ។ |
| នឹងអស់ញាតិសន្ដាន | សោះគេមានពាក្យថាជួ |
| កុំឆ្មើងកុំតែងតួ | ធ្វើកំប៉ោងកុំពាក្យធំ។ |
| នឹងដើរដូចភុជង្គ | ឲ្យឱនអង្គអាចបារម្ភ |
| ឲ្យត្រូវនឹងច្បាប់ក្រម | គួរប្រតិបត្តិកុំឲ្យឆ្គង។ |
| រៀនបទរៀនបាទចាស៎ | កុំច្រឡាសលើរៀមច្បង |
| ស្រដីនឹងអ្នកផង | ពាក្យឲ្យគួរកុំឯងវ៉ី។ |
| អឺអើអញដាច់សាច់ | ឆ្គងពាក្យគេស្រដី |
| ដើមដៀលឲ្យអប្រិយ | ស្រដីថាកូនអត់ពូជ។ |
| ចាស់ទុំមិនប្រដៅ | ជេរកូនចៅទើបវាខូច |
| គេថាកូនឥតពូជ | មិនដឹងច្បាប់នឹងចាស់ទុំ។ |
| គេដៀលដល់ម៉ែឪ | កេរ្តិ៍អាស្រូវស្អុយរហ៊ុំ |
| គេស្ដីដើមជៀវជុំ | ជំនៀលនោះដល់មកចាស់។ |
| កុំកាចកុំស្លូតពេក | កុំចំអៀករៀនរហ័ស |
| កុំខ្លាចកុំហ៊ានណាស់ | ឲ្យរំពឹងរំពៃគ្រប់។ |
| ទោះដេកឲ្យរហ័ស | ភ្ញាក់មុនចាស់ដោះឡើងលុប |
| មុខមាត់មើលឲ្យគ្រប់ | ទ្រព្យរបស់សឹមដេកវិញ។ |
| ស្លាម្លូស៊ីឲ្យច្រៀក | កុំបីបៀកទាំងមូលមិញ |
| តូចធំឲ្យច្រៀកចេញ | តាមពាក្យចាស់ថាអភ័ព្វ។ |
| ដេកយូរកុំដេកយូរ | ហើយទទូរដូចគេងាប់ |
| សំពត់ស្លៀកឲ្យខ្ជាប់ | កុំឲ្យអាក្រាតក្រៅខ្លួន។ |
| នឹងដេកកុំទ្រមក់ | ឲ្យលង់លក់ក្រៅពីក្បួន |
| បើភ្ញាក់ឲ្យដឹងខ្លួន | ឡើងអង្គុយកុំមាត់ខ្លាំង។ |
| ប្រែប្រាណប្រុងវិញ្ញាណ | ខ្លាចក្រែងមានចោរចិត្តខ្មាំង |
| ប្រួញប្រាណប្របជញ្ជាំង | ជញ្ជូនទ្រព្យលួចយកចេញ។ |
| បើឥតមោះមន្ទិល | កុំឲ្យខ្ជិលដេកទៅវិញ |
| ភ្ញាក់ហើយឲ្យក្រោកចេញ | រកជក់ថ្នាំស៊ីម្លូស្លា។ |
| ទោះពេលពន់ព្រលប់ | គន់ឲ្យគ្រប់ទ្រព្យនានា |
| កាំបិតខាងអាត្មា | ឲ្យសិតទឹកដាក់ចុងជើង។ |
| ប្រអប់ដាក់ទឹមស្មា | ថ្វាយទេព្ពារក្សាយើង |
| ហើយឲ្យបំពក់ភ្លើង | នៅក្រានក្រៅកុំឲ្យដាច់។ |
| កុំឲ្យអស់រលីង | រលត់ធេងហើយថាភ្លេច |
| សព្វថ្ងៃមើលកុំដាច់ | កុំដើរយកពីផ្ទះគេ។ |
| ថែទាំមើលជើងក្រាន | ឲ្យឧសមានកុំទំនេរ |
| បង្កាត់បង្កើតកេរ្តិ៍ | កុំប្រហែសឲ្យសូន្យសុង។ |
| ប្រយ័ត្នក្រែងក្រងាយ | ពុំសប្បាយឈឺពោះពុង |
| បង្កាត់កម្ដៅអង្គ | អុជបំភ្លឺមើលនេះនោះ។ |
| មានកាលយប់ងងឹត | ភ្លេចមិនគិតជួនកូនចុះ |
| គ្មានភ្លើងអុជចន្លុះ | ក្រានរលុះរលត់ធេង។ |
| រត់រកភ្លើងសស្រាក់ | ព្រួយលំបាកតែខ្លួនឯង |
| ហេតុខ្ជិលពុំគិតក្រែង | ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។ |
| ហើយឲ្យថែទាំទឹក | ទោះយប់ព្រឹកកុំគិតងាយ |
| ដងដាក់ក្អមរាត់រាយ | សព្វពួច ពាងអាងអុង ធំ។ |
| កុំឲ្យស្ងួតក្អមធេង | អស់រលីងពីពាងធំ |
| គ្មានសោះនោះមិនសម | ជួនក្រែងក្រងាយយប់ថ្ងៃ។ |
| ទោះដើរទៅឆ្ងាយជិត | កាន់កាំបិតកំដរដៃ |
| ក្រែងមានមែកឈើព្រៃ | កាប់កាន់មកធ្វើអុស។ |
| ជួនកាលក្រែងមានបន្លា | មុតអាត្មាគ្រាន់ចាក់ជួស |
| ជាគ្រឿងគ្រប់មិនខុស | ការសត្រូវទោះឆ្មាឆ្កែ។ |
| ដើរព្រៃឲ្យមើលលើ | ឃើញស្លឹកឈើជាបន្លែ |
| កាប់កាន់កុំដៃទេ | អង្គុយគន់មើលឆ្វេងស្ដាំ។ |
| ក្រែងមានឈើព្រៃងាប់ | គួរកាច់កាប់យកជាថ្នាំ |
| ផ្ញើក្រានគ្រាន់ដណ្ដាំ | បាយបានឆ្អិនឆាប់ដូចចិត្ត។ |
| សោះស្រីស្រដីបាន | បើអុសមានមិនព្រួយគិត |
| សព្វថ្ងៃប្រុងគំនិត | ថែទាំទើបគង់របស់។ |
| មាសប្រាក់ស្រូវអង្ករ | ទុកឲ្យល្អកុំសប្បុរស |
| សំចៃកុំឲ្យអស់ | មើលថែថួនខ្លួនឯងណា។ |
| សូវស្ដួចកុំឲ្យដាច់ | បើវាតិចឲ្យឧស្សាហ៍ |
| រិះរកផ្សំទៀតណា | ឲ្យបានច្រើនក្រវើន ទុក។ |
| នឹងចាយឲ្យគិតក្រោយ | ទោះនឹងឲ្យមើលមុខៗ |
| កុំឲ្យស៊ុកគ្រលុក | ទោះនឹងទុកឲ្យចំណាំ។ |
| រដូវធ្វើចំការ | ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
| ស្លឹកគ្រៃខ្ញីត្រប់ត្រុំ | ត្រាវត្រសក់សព្វបន្លែ។ |
| កុំខ្ជិលកុំច្រអូស | ទៅងងូសរត់សុំគេ |
| គេមិនឲ្យឯងទេ | តែគឺមោះព្រោះខ្ជិលដាំ។ |
| ទោះធ្វើស្រែចំការ | ឲ្យឧស្សាហ៍មើលថែទាំ |
| កុំខ្ជិលកុំប្រចាំ | ចបចូកជីកស្មៅវល្លិផង។ |
| កុំឲ្យបង់កម្លាំង | ទោះខែប្រាំងប្រើឲ្យដង |
| ទឹកទៅស្រោចស្រង់ផង | ឲ្យលូតលាស់មានផ្លាផ្កែ។ |
| ធ្វើការកុំគិតព្រួយ | ខ្លួនឯងមួយកុំត្អូញត្អែរ |
| ខ្លាំងខ្សោយកុំឲ្យល្ហែ | ខ្លាចតែនឿយហើយមិនធ្វើ។ |
| ជាងយប់បិតឫស្សី | ត្បាញជាល្អីតៅកញ្ជើ |
| កុំឲ្យស្រីស្ដីលើ | ឥតអំពើធ្វើលេងទៅ។ |
| កុំទុកដៃទទេ | ជាងទំនេរបោចស្មៅព្រៅ |
| ខាងផ្ទះខាងលំនៅ | ឲ្យវាលកាលកើតសុខា។ |
| ឲ្យមានក្ដីបារម្ភ | ធ្វើស្រែកុំចោលចំការ |
| ដឹងដែកកាំបិតព្រា | ទុកឲ្យជាកុំឲ្យបាត់។ |
| ដេកយប់ឲ្យរាំងទ្វារ | ទ្រព្យជាៗប្រុងប្រយ័ត្ន |
| ត្រចៀកចាំកុំភ្លាត់ | កុំភ្លេចចោលមិនដឹងខ្លួន។ |
| ប្រយ័ត្នប្រយោជន៍យូរ | ទោះលក់ដូរមើលថែធួន |
| ទោះទ្រព្យរបស់ខ្លួន | ឲ្យសួរកូនសួរប្រពន្ធ។ |
| កុំអាងឯងជាប្រុស | ចាយរបស់មិនគិតគន់ |
| មិនដឹងដល់ប្រពន្ធ | ព្រមព្រៀងគ្នាឥតបើថា។ |
| ទោះបីបើបងប្អូន | ពឹងរកខ្លួនទៅណាៗ |
| ទោះទៅលេងឥតការ | ឥតគេរកដើរឆ្ងាយជិត។ |
| ឲ្យប្រាប់អ្នកនៅផ្ទះ | កុំរលះឥតគំនិត |
| គេភ័យព្រួយចិត្តគិត | ព្រោះមិនដឹងជាទៅណា។ |
| បើទៅជាមានភ័ព្វ | ប្រសើរគាប់នោះឥតថា |
| ប្រសិនពានពស់ខ្លា | ខ្យល់ចាប់ចុកឥតគេសម។ |
| ទោះដើរមានដំណឹង | ឲ្យរំពឹងគិតបារម្ភ |
| នឹងដើរៗឲ្យសម | យប់ព្រលប់ឲ្យមាត់ក។ |
| កុំស្ងៀមកុំស្ងាត់ពួន | លបលាក់ខ្លួនខ្លាចមិនល្អ |
| ឲ្យមើលឲ្យមាត់ក | ដើរឲ្យស្មោះសោះគេថា។ |
| ទោះខ្លួនជាប៉ុន្មាន | ពាក្យសន្ដានរែងមុសា |
| គេម៉ៃ មកអាត្មា | តាមដំណឹងដំណើរខុស។ |
| កូនអើយបាកុំធ្លោយ | កុំធ្លាយឲ្យអាប់កេរ្តិ៍យស |
| ធម្មតាកើតជាប្រុស | ឲ្យរករៀនច្បាប់មាត្រា។ |
| លោកថាហៅឆ្កួតបី | មួយឆ្កួតស្រីមួយឆ្កួតស្រា |
| មួយឆ្កួតល្បែងពាលា | លេងបៀរប៉ោធួ កំតាត់។ |
| ទាក់មាន់ទាក់ទទា | ជល់ភ្នាល់គ្នាបរបាញ់សត្វ |
| អន្ទាក់ដាក់បង្កាត់ | ល្បែងអស់នោះមិនកំណើត។ |
| ធម្មតាប៉ោនិងបៀ | មិនដែលខ្មែរណានឹងកើត |
| មិនឮមានកំណើត | មានតែលិចលង់ខ្លួនទេ។ |
| ជួនកាលគេចាញ់ឯង | រៀងរាល់ល្បែងគេនឹងរេ |
| មានកាលឯងចាញ់គេ | កុំទុកចិត្តថាឯងប៉ិន។ |
| ពីព្រឹកស្លៀកហូលជរ | ល្ងាចស្លៀកសខ្វះចងក្បិន |
| ពីព្រឹកត្បកក្បាលចិន | ល្ងាចមិនទាន់ចិនដាក់ខ្នោះ។ |
| ជួនកាលវាចងជើង | ព្យួរខ្ពស់ឡើងដាំក្បាលចុះ |
| ភ្នែកស្លឹងតឹងក្រញុះ | វាទារប្រាក់ឲ្យបានឆាប់។ |
| មើលមុខល្អមិនតិចអី | មិនខ្មាសស្រីផ្សារឈរស្ដាប់ |
| មុខមិញដូចគេស្ដាប់ | មាត់ស្ញេញស្ញាញពេបកូនក្មេង។ |
| ស្រែកថ្ងូរអេះអូយអើយ | អាចិកអើយអាណិតលែង |
| អញរកប្រាក់ឲ្យឯង | ឲ្យអាចិកស្អែកនេះបាន។ |
| ចិនឮព្រមស្រាយមក | បណ្ដើររកប្រាក់សន្ដាន |
| តឹងទារទាល់តែបាន | ទ្រព្យឲ្យទៅទើបវាលែង។ |
| អ្នកអាយអ្នកអើយកុំ | គួរបារម្ភរាល់តែល្បែង |
| កុំលកុំលូកលេង | គួរឲ្យវាងឲ្យវៀរសោះ។ |
| កុំឈរកុំឈប់ចិត្ត | ក្រែងមិនអត់បង់កេរ្តិ៍កោះ |
| កុំល្បងល្បែងនោះសោះ | គួរឲ្យដោះឲ្យដើរចេញ។ |
| ច្បាប់នេះចាំរាល់ខ្លួន | ទោះបងប្អូនមិត្តសម្លាញ់ |
| ពឹងខ្លួនឯងឲ្យចេញ | ធានាទ្រព្យគេយកទៅ។ |
| ឯទ្រព្យបានទៅវា | ឯងធានាស្រាប់តែនៅ |
| វាបានទ្រព្យយកទៅ | ខ្លួនឯងនៅធានាស្រាប់។ |
| ដល់គេមកតឹងទារ | អ្នកធានាក៏បានឆាប់ |
| មិនបានគេប្រចាប់ | ទៅជាខ្ញុំព្រោះធានា។ |
| ទោះបងប្អូនធុរៈ | ក្រជំពាក់គេតឹងទារ |
| បើមានទ្រព្យជួយជា | កុំធានាណា៎អ្នកអាយ។ |
| កូនអើយចូរបាចាំ | ឪពុកផ្ដាំកុំបីណាយ |
| ប្រយ័ត្នរាល់រូបកាយ | កុំឲ្យភ្លេចពាក្យនេះណា។ |
| មួយទៀតហៅឆ្កួតស្រី | គួរកុំបីសេពកាមា |
| វាតែងទាញអាត្មា | នាំវង្វេងភ្លេចបាបបុណ្យ។ |
| ភ្លេចទានសីលសូន្យសោះ | ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម |
| ភ្លេចទោសភ្លេចទាំងគុណ | ភ្លេចទាំងការកាន់រសាយ។ |
| បង្កើតតែទុក្ខទោស | បើបានសុខសឹងប្រែក្លាយ |
| បង្កើតក្ដៅក្រហាយ | ឲ្យទាស់តែងខឹងនឹងគ្នា។ |
| ចងទោសគុំគង្គួន | មិនគិតខ្លួនខ្លាចមរណា |
| មានកាលក្មួយនិងមា | គុំធ្វើគ្នាឲ្យសោះសូន្យ។ |
| បង្កើតតែចិត្តធំ | ចៅគំនុំនឹងជីដូន |
| ឯបងខឹងនឹងប្អូន | ម្ដាយនិងកូនគុំធ្វើគ្នា។ |
| រីខ្ញុំគុំកាប់ម្ចាស់ | ឲ្យក្ដៅណាស់ក្នុងអង្គា |
| កើតទោសខឹងនឹងគ្នា | ជាគំនុំពុំត្រាស្បើយ។ |
| មានកាលគេដាក់ឃ្នាង | វាមិនរាងចាលចិត្តឡើយ |
| លក់ព្នៃ ខ្ញុំគេហើយ | មិនខ្លាចស្លាប់ដល់អាត្មា។ |
| គេកាប់ដោតទាំងក្បាល | មិនចេះចោលចិត្តឡើយណា |
| ភ្លេចខ្លួនសូន្យសោះណា | នឹកតែត្រង់សេពសប្បាយ។ |
| រីឯកាមកិលេស | កុំប្រហែសគួរឲ្យណាយ |
| ស្អិតណាស់ណាអ្នកអាយ | អ្នកអើយកុំគិតសង្ស័យ។ |
| នេះឯងហៅឆ្កួតស្រី | គួរកុំបីឲ្យអាល័យ |
| ចូរចងចាំសព្វថ្ងៃ | ទុកទូន្មានអង្គអាត្មា។ |
| អ្នកប្រាជ្ញលោកនិទាន | ទុកទូន្មានរាល់រូបា |
| មួយហៅឆ្កួតសុរា | នោះកុំផឹកវាស្រវឹង។ |
| វានាំភ្លេចវិញ្ញាណ | ភ្លេចសីលទានសោះសូន្យឈឹង |
| ផឹកហើយមិនដែលនឹង | នាំចិត្តនោះឲ្យធំក្រៃ។ |
| ឯខ្លួនឯងតូចទេ | មើលទៅគេប៉ុនមេដៃ |
| កម្លាំងឯងស្មើនឹងចៃ | មិនកោតគេតិចឡើយណា។ |
| ក្អេងក្អាងពាក្យកក្អែ | អួតពូកែបទបានស្រា |
| មិនមានខ្លាចនរណា | ស្រដីកោងរកកលឈ្លោះ។ |
| បញ្ជោរបញ្ចៀសផ្ដាស | ជេរវាងវាសមិនចំឈ្មោះ |
| នាំហេតុតែខាងឈ្លោះ | ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ |
| ប្រពន្ធឃើញឃាត់ទៅ | ប្ដីមិនត្រូវថាកុំអ្នក |
| ឯងខឹងលោវាធាក់ | ដោយចិត្តធំបទបានស្រា។ |
| មានកាលជួនស្រវឹង | ពុំមានដឹងខ្លួនឡើយណា |
| ដើរដួលដេកផ្កាប់ផ្ងារ | ស្រាតសំពត់អស់ពុំដឹង។ |
| គេឃើញអស់ខ្មាសខ្ញុំ | ក្មេងជៀវ ជុំសើចទ្រហឹង |
| ដេកដូចគេស្លាប់ឈឹង | ក្អែរក្អួតពាសពេញទាំងខ្លួន។ |
| កំណើតអ្នកផឹកស្រា | កុំអួតថាឯងនឹងនួន |
| ដឹងហើយស្រវឹងបួន | ខ្លួនខ្សត់ទេអួតថាមាន។ |
| អ្នកស្លូតទៅជាកាច | ឯងអ្នកខ្លាចទៅជាហ៊ាន |
| ខុសត្រូវទៅបំពាន | បំពុលខ្លួនឲ្យបានបាប។ |
| នេះឯងហៅឆ្កួតស្រា | ក្នុងធម៌ថាពៀរដរាប |
| អ្នកណាផឹកហើយបាប | បង់កិត្តិយសពុំសួស្ដី។ |
| គួរកុំសេពសុរា | នាំអាត្មាឲ្យអប្រិយ |
| នឹងធ្លាក់ទៅអវចី | នរករងទុក្ខវេទនា។ |
| ហៃអស់ជនទាំងឡាយ | កុំរាយមាយក្នុងអង្គា |
| ចូរស្ដាប់ច្បាប់នេះណា | ទុកទូន្មានខ្លួនសព្វថ្ងៃ។ |
| នេះឯងហៅឆ្កួតបី | លោកស្រដីក្នុងធម៌ថ្លៃ |
| បើអ្នកណាមួយនៃ | នឹងប្រាថ្នាដោយចំណង។ |
| លោកចងជាឧបមា | ឲ្យអ្នកណាមួយផ្ចិតផ្ចង់ |
| យកដែកដុលបោះបង់ | ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។ |
| បើកាន់ដែកដែលដុត | នោះមិនមុតមិនមានក្ដៅ |
| កាន់បាននោះទើបហៅ | ចិត្តមុតមែនពិតគិតប្រាណ។ |
| នោះទើបលោកឲ្យធ្វើ | នូវអំពើទាំងបីបាន |
| ដោយធម៌បុរាណ | លោកឧបមាដូច្នេះនា។ |
| ចាត់ចែងតែងជាបទ | ព្រហ្មប្រាកដកាលបិតា |
| ប្រដៅខ្ញុំនេះណា | សព្វសេចក្ដីដូច្នេះនៃ។ |
| កិច្ចកាព្យរាយរៀបរោះ | ខ្ញុំនាមឈ្មោះបណ្ឌិត មៃ |
| គិតចងជាសេចក្ដី | ប្រដៅជនចប់ម្ល៉េះហោង៕ |
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ

