ការ៉ុតជាដំណាំបន្លែយកមើមមួយ ប្រភេទ ដែលកសិករយើងនិយមដាំខ្លះដែរ ជាពិសេសនៅស្រុកស្អាង ខេត្តកណ្តាល ។ នៅលេខនេះយើងមានបទពិសោធន៍មួយចំនួនស្តីពីការប្រមូលផល និងថែរក្សាទុកការ៉ុតឲ្យបានយូរ ចែកជូនកសិករយើងទុកជាគំនិតសំរាប់សាកល្បង ។ បទពិសោធន៍នេះជារបស់កសិករ គ្ហន រស់នៅសង្កាត់លេខ ៤ ខេត្តដាឡាត់ ប្រទេសវៀតណាម ។
ជាទូទៅការ៉ុតមានរយៈពេលលូតលាស់ ៣ ទៅ ៣ ខែកន្លះ បើយើងដាំនៅរដូវវស្សា បើដាំនៅរដូវប្រាំង អាចមានរយៈពេលដល់៤ ខែ ទើបប្រមូលផលបាន ។
ចំពោះការប្រមូលផលជាលើកដំបូង យើងត្រូវពិនិត្យទៅលើអាយុកាលនៃការដុះលូតលាស់របស់វា បើដល់អាយុហើយ យើងត្រូវពិនិត្យទៅលើលក្ខណៈដងដើមរបស់វាទៀត ដូចជាស្លឹកទី ១ ឬទី ២ ក្បែរគល់ ប្រែពីពណ៌បៃតងទៅជាពណ៌លឿង បើសង្កេតឃើញលក្ខណៈបែបនេះហើយ គឺយើងអាចប្រមូលផលបាន ។
ការប្រមូលផល គឺត្រូវធ្វើឡើងដោយដៃចាប់ដកដើមពីក្នុងថ្នាល រួចហើយប្រមូលដាក់ម្តុំ បន្ទាប់មក កាត់ឫសកែវ ឬឫសជាប់ដើមចេញខ្លះ រួចកាត់ដើម ដោយទុកចំងាយពីមើម ២ ទៅ ២ តឹកកន្លះ ។
ក្រោយពីប្រមូលផល និងកាត់ដើមឫសចេញហើយ យើងត្រូវរៀបចែកវាជា ៣ ផ្នែកគឺផ្នែកទី ១ ជ្រើសរើសមើមធំដាក់ម្តុំ និងទី២ មើមធំល្មម និងទី ៣ មើមដែលមានខ្នែង ។
ប្រសិនបើយើងដកភ្លាមយកទៅលក់ភ្លាម យើងអាចលាងទឹកមើមបាន ។ ប៉ុន្តែការលាងទឹកមិនអាចធ្វើឲ្យយើងរក្សាទុកបានយូរទេ គឺបានត្រឹមតែ ៤ ទៅ ៥ ថ្ងៃប៉ុណ្ណោះ លើសពីនេះវាអាចខូចគុណភាពដោយធ្វើឲ្យមើមរលួយ ។ ដោយឡែកគេអាចរក្សាទុកការ៉ុតបានរយៈពេល ២០ ថ្ងៃ ដោយយកដីខ្សាច់ក្រាលនៅបាតកញ្ឆេ (យកកញ្ឆេដែលមានប្រហោងខ្យល់ចេញចូល) កំរាស់ ១ តឹក ។
បន្ទាប់មកយកការ៉ុតដែលបានប្រមូលផល និងសំអាតរួចទៅតំរៀបដាក់ពីលើដីខ្សាច់កំពស់ ៤ តឹក ទើបយកក្រណាត់ដែលជក់ទឹកជ្រលក់ទឹកឲ្យសើមៗ គ្របពីលើ ។ បើក្រណាត់ស្ងួតយើងត្រូវបាញ់ទឹកផ្សើមក្រណាត់ឲ្យជាប់ជានិច្ច ។ ការធ្វើបែបនេះយើងអាចរក្សាទុកបានរហូតដល់ ២០ ថ្ងៃ ដោយមិនខូចគុណភាព ។
សរុបមក ដើម្បីរក្សាការ៉ុតទុកឲ្យបានយូរថ្ងៃ ដោយមិនខូចគុណភាពត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម :
- ពេលប្រមូលផលហើយ ត្រូវកាត់សំអាតមើមតាមរបៀបខាងលើ
- បើចង់រក្សាទុកឲ្យបានយូរ មិនត្រូវលាងទឹកសំអាតមើមទេ ក្រោយពេលប្រមូលផល
- យកស្លឹកចេក ឬរុក្ខជាតិផ្សេងៗទ្រាប់នៅបាតកញ្ឆេ បន្ទាប់មកយកដីខ្សាច់សើមកំរាស់ ១ តឹក ក្រាលពីលើ ទើបយកការ៉ុតមកតំរៀបដាក់បញ្ច្រាស់គ្នាកំពស់ ៤ តឹក ។
- យកក្រណាត់សើមជក់ទឹកគ្របពីលើ
- ពេលក្រណាត់ស្ងួតត្រូវប្រោះទឹកឲ្យសើមជាប់ជានិច្ចរហូតដល់ពេលប្រមូលផលលក់ ។
ចំពោះបងប្អូនកសិករដែលប្រកបរបរដាំដុះការ៉ុត ហើយមានបំណងចង់រក្សាទុកឲ្យបានយូរគួរសាកល្បងតាមបទពិសោធន៍ខាងលើ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព៖itcambo.com