វីតាមីន D ថយចុះ អាច​ជម្រុញ​ហានិភ័យ​ជំងឺ​ចាស់​វង្វេង​




​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល​មាន​កម្រិត​វីតាមីន D តិច​នៅក្នុង​ឈាម មាន​ហានិភ័យ​ទ្វេ​ដង​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ចាស់​វង្វេង (Alzheimer)​។​
​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ធ្វើ​ឡើង​លើ​មនុស្ស​ដែល​មាន​អាយុ ៦៥ ឆ្នាំ ជាង ១.៦០០ នាក់ បាន​រកឃើញថា ហានិភ័យ​នៃ​ជំងឺ​ចាស់​វង្វេង និង​ទម្រង់​ដទៃ​ទៀត​នៃ​ជំងឺ​វង្វេង​បាន​កើន​ឡើង​ជាមួយ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ការខ្វះ​វីតាមីន D​។​
​វេជ្ជបណ្ឌិត ដេវីដ ឡេវែ​ល​លីន (David Llewellyn) បាន​និយាយថា ប៉ុន្តែ ការស្រាវជ្រាវ​មិនទាន់មាន​ភស្តតា​ង​គ្រប់គ្រាន់ ដើម្បី​ណែនាំ​អោយ​មនុស្ស​វ័យ​ចំណាស់​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន D ដើម្បី​ការពារ​ការថយចុះ​ស្មារតី​នោះទេ​។
​អ្នកឯកទេស​ដទៃទៀត លោក កេត ហ្វា​ហ្គូ (Keith Fargo) ក៏​បាន​យល់ស្រប​ដែរ​។ នេះ​បាន​បង្ហាញ​អ្នក​ថា វា​មាន​ការផ្សារភ្ជាប់​គ្នា​រវាង​វីតាមីន D និង​ការវិវត្ត​ទៅ​ជា​ជំងឺ​ចាស់​វង្វេង​។​
Fargo បាន​និយាយថា ការផ្លាស់ប្តូរ​របប​អាហារ និង​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​បន្ថែម​អាច​នឹង​ជួយ​បាន​ដោយ​វិធី​ណា​នោះ គេ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​។ គាត់​បាន​បន្ថែមថា យើង​មិនដឹង​ថា​តើ ការកើនឡើង​កម្រិត​វីតាមីន D នឹង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ចាស់​វង្វេង ឬ​យ៉ាងណា​នោះទេ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Neurology​។​
​វីតាមីន D សំខាន់​សម្រាប់​រក្សា​សុខ​ភាព​ឆ្អឹង​។ វា​ក៏​អាច​ជម្រុញ​អោយ​មាន​ការលូតលាស់​កោសិកា និង​ជួយ​រក្សា​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​រលាក​។ វីតាមីន D អាច​ត្រូវបាន​ទទួល​បាន​តាមរយៈ​អាហារ និង​ស្បែក​ក្រោយ​ត្រូវ​ពន្លឺ​ថ្ងៃ និង​ទទួលបាន​ពី​ការប្រើប្រាស់​ថ្នាំ​គ្រាប់​។​
​បញ្ហា​វង្វេង មានន័យ​ថា​មាន​ការថយចុះ​នូវ​ការចងចាំ និង​ការគិត​ដែល​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​។ ជំងឺ​ចាស់​វង្វេង គឺជា​ទម្រង់​នៃ​ជំងឺ​វង្វេង​ទូទៅ​បំផុត​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ដែល​ប៉ះពាល់​លើ​ជនជាតិ​អាមេរិក​ជាង ៥ លាន​នាក់​។​
​ចំពោះ​ការស្រាវជ្រាវ​នេះ អ្នកស្រាវជ្រាវ​បាន​មើល​លើ​សុខភាព​ផ្លូវចិត្ត​របស់​បុរស និង​ស្ត្រី​ដែល​មាន​សុខភាព​ធម្មតា​។ គំរូ​នៃ​ឈាម​ត្រូវបាន​គេ​យក​ទៅ​ពិនិត្យ​នៅ​ពេល​ចាប់ផ្តើម និង​ស្ថានភាព​ស្មារតី​របស់​ពួកគេ ក៏​ត្រូវបាន​វាយតម្លៃ​ក្នុង​រយៈពេល ៦ ឆ្នាំ​ក្រោយ​ផង​ដែរ​។​
​អ្នកចូលរួម​ទទួលបាន​វីតាមីន D ពី​ចំណីអាហារ ថ្នាំ​គ្រាប់ និង​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​។ ប្រភព​នៃ​អាហារ​រួមមាន ខ្លាញ់​ត្រី ទឹកដោះគោ និង​ស៊ុត​ជាដើម​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា អ្នក​ឯកទេស​មួយចំនួន​មិន​យល់ស្រប​អំពី​កម្រិត​នៃ​វីតាមីន D នៅក្នុង​ឈាម​ល្អ​បំផុត​នោះទេ​។ នៅ​ក្នុង​ការស្រាវជ្រាវ ហានិភ័យ​នៃ​ជំងឺ​វង្វេង បាន​កើនឡើង​ក្រោម ៣ ដង​នៃ ៥០ ណា​ណូ​ម៉ូ​ល​ក្នុង​មួយ​លីត្រ​។​
​ភាព​ពិតប្រាកដ​ថា​តើ​កម្រិត​វីតាមីន D ទាប​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ជំងឺ​វង្វេង​នោះ មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។ អ្នកឯកទេស​និយាយថា វីតាមីន​អាច​សម្អាត​បន្ទះ​ដែល​មាន​នៅ​ក្នុង​ខួរក្បាល ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​វង្វេង​។​
Fargo បាន​និយាយថា នេះ​ត្រូវបាន​បង្ហាញ​នៅ​នឹង​មន្ទីរពិសោធន៍​។ ការថយចុះ​កម្រិត​វីតាមីន D ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ស្វិត​ខួរក្បាល​ផងដែរ​។​
​រហូត​ដល់​ការស្រាវជ្រាវ​ត្រូវ​បាន​បញ្ជាក់ Fargo បាន​ណែនាំ​ថា មនុស្ស​គ្រប់រូប​គួរ​ព្យាយាម​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដល់​ខួរក្បាល ដែល​ដូចគ្នា​ទៅ​នឹង​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ចំពោះ​បេះដូង​ផងដែរ​។ នេះ​រួមមាន​អាហារ​ដែល​បន្ថយ​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
Fargo បាន​និយាយ​បន្តថា ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​ការរក្សា​កម្រិត​សម្ពាធ​ឈាម​អោយ​នៅ​ថេរ គឺជា​មធ្យោបាយ​ល្អ​៕
ប្រភព៖http://www.health.com.kh