រឿងកុលាបប៉ៃលិនវគ្គទី២



រឿងកុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់លោកញ៉ុក ថែម ដែលបាននិពន្ធកាលពីព.ស.២៥០៤ ត្រូវនឹង គ.ស.១៩៦០ គឺជាវណ្ណកម្មមួយ ដែលមានប្រជាប្រិយភាពមិនចាញ់រឿងផ្កាស្រពោន របស់កវី នូ ហាចឡើយ។


រឿងកុលាបប៉ៃលិនវគ្គទី២


លុះចៅចិត្របានទទួលសំបុត្រគ្រូពេទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅ នឹងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ ក្នុងយប់នោះស្ទើរតែដេកមិនលក់ទាល់ភ្លឺ ។ ដល់ម៉ោង៥ជិតភ្លឺ នាឡិកាឯផ្សារវិលវាយឮសូម៉ឺងៗ យ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្រៗ ក្រោកឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់សំលៀកបំពាក់ យួរវ៉ាលីសចុះពីផ្ទះដើរសំដៅទៅផ្សារវិល បំរុងនឹងទៅឡើងរថយន្តដែលដើរផ្លូវបាត់ដំបង – បប៉ៃលិន ។ ចៅចិត្រទិញសំបុត្រថ្លៃកន្លែងរួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ វេលាម៉ោង ៦ នឹង ១៥ នាទី រថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូង ដល់ទៅផ្សារភាស៊ីស្រាក៏បត់ត្រង់ទៅឯលិចតាមផ្លូវបប៉ៃលិន ចៅចិត្រអង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះ មុខគួរឲ្យស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចំឡែកណាស់ នឹកដល់ឪពុកដែលទើបអនិច្ចកម្មទៅថ្មីៗ កាលណាទឹកភ្នែកក៏ជោរជន់ចេញមកឯង តែខំទប់ទល់មិនឲ្យទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នា មានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួន ហើយបន្លំនិយាយសើចលេងកំសាន្ត ជាមួយនឹងអ្នកជិះទាំងអស់គ្នាទៅ ។
ឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិន មិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ដ្បិតត្រូវបររថយន្តឡើងកាត់ភ្នំ នឹងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយតោងបរបត់បែនដូចអន្ទង់អាំង ដរាបដល់ស្រុកបប៉ៃលិន ទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរាបទេ ។ ចៅចិត្រក្រឡេកមើលភូមិប្រទេសតាមសងខាងផ្លូវ សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ និងភូមិស្រុកដោយអន្លើៗ ឃ្លាតឆ្ងាយដាច់ពីគ្នា លុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិនឹងភ្នំតូច ធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សីនិងសត្វដើរដី ក៏មានកុះករណែនណាន់នៅតាមដងព្រៃព្រឹក្សាអស់នោះ ។ ចៅចិត្របានឃើញសព្វសត្វអស់នោះ ក៏កើតមានចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទល់ទឹកភ្នែកពុំបាន ។
លុះដល់រថយន្តបរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង១១ ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារបប៉ៃលិនដោយស្រួល ។ ចៅចិត្រចុះពីរថយន្តដើរទៅស៊ើបសួររកផ្ទះហ្លួងរតនសម្បត្តិ ។ មានភូមាម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថា ផ្ទះហ្លួងរតនសម្បត្តិនៅឯណោះ ចម្ងាយពីទីផ្សារនេះទៅប្រហែល៥០០ ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅក្លោងទ្វារផ្ទះនោះ មានសរសេរយីហោថាផ្ទះហ្លួង័រតនសម្បត្តិអញ្ជើញទៅចុះគង់នឹងឃើញមិនខាន ។ ចៅចិត្រក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយទៅឈររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះ មួយស្របក់មានកម្មករម្នាក់ ចេញមកពីក្នុងភូមិនោះសួរថា៖
  • អញ្ជើញមករកអ្នកណា ?
ចៅចិត្រភ្ញាក់ព្រើត ព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើន ស្រាប់តែក្រឡេកមកឃើញបុរសខ្មៅម្នាក់ ឈរសួរក្បែរខ្លួនទើបប្រាប់ទៅថា៖
  • ខ្ញុំមករកលោកហ្លួងរតនសម្បត្តិ វេលានេះលោកនៅឬទេ ?
បុរសនោះឆ្លើយតបថា៖
  • លោកនៅខាងលើផ្ទះ បើចង់ជួបនឹងលោក អញ្ជើញមកតាមខ្ញុំ ហើយបុរសនោះក៏ដើរនាំមុខចៅចិត្រឡើងទៅលើផ្ទះ ។
គេប្រាប់ឲ្យចៅចិត្រអង្គុយលើកៅអីមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយដើរចូលទៅក្នុងបាត់មួយស្របក់ ក៏លេចមនុស្សចាស់ សក់ស្កូវម្នាក់ដើរចេញមកដោយឫកពាអង់អាច ស្លៀកសារុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូងដែលនិយាយនឹងចៅចិត្រនោះដូច្នេះថា៖
  • ក្មួយមកពីណា ? ត្រូវការជួបនឹងខ្ញុំមានការអ្វី ?
ចៅចិត្រសង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិដែលខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអីលុតជង្គង់ក្រាបចុះ ដោយសេចក្ដីគោរពគួរសម ។
ឯហ្លួងរតនសម្បត្តិជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងស្រុកបប៉ៃលិន ក៏អង្គុយលើកៅអីមួយ ចៅចិត្រសង្កេតតាមឫកពារបស់លោកនេះ យល់ថាជាអ្នកមានអធ្យាស្រ័យល្អចិត្តសប្បុរស គួរជាទីគោរពរាប់អានបាន ។
  • ទានប្រោសមាន…
ចៅចិត្រឆ្លើយដោយឱនលំទោនហើយថា៖
  • លោកគ្រូពេទ្យស្អាតបានផ្ញើសំបុត្រមួយច្បាប់ មកជូនព្រះតេជ ព្រះគុណ។
  • អើ ! ពេទ្យស្អាតក្មួយខ្ញុំនោះឬ ?
លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា៖
  • សំបុត្រនោះនៅឯណា ?
ចៅចិត្រលូកដៃទៅក្នុងហោប៉ៅ យកសំបុត្រនោះជូនទៅ លោកហ្លួងទទួលយកទៅមើលដោយសេចក្ដីត្រេកអរ លុះមើលចប់ហើយក៏បែរមកពិចារណា មើលលក្ខណៈចៅចិត្រម្ដងទៀត ។
  • ហ្លួង៖ ក្មួយឯងមែនទេ ឬអីឈ្មោះចៅចិត្រ ដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឲ្យខ្ញុំ ?
  • ចៅចិត្រ៖ ទានប្រោស ខ្ញុំបាទនេះហើយ។
  • ហ្លួង៖ ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ ? ការរបស់ខ្ញុំនេះវាធ្ងន់ណាស់ តោងទ្រាំជីកដីក្នុងមួយថ្ងៃ ប្រាំ ប្រាំមួយ ម៉ោងទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !
  • មនុស្សដទៃទៀតគេទ្រាំធ្វើបានយ៉ាងណា ឯខ្ញុំបាទគង់ធ្វើបានដូចជាគេដែរ សូមព្រះតេជព្រះគុណកុំព្រួយឲ្យសោះ។
ចៅចិត្រពោលរ៉ាប់រង យ៉ាងម៉ឹងម៉ាត់ ពាក្យនេះហើយដែលធ្វើឲ្យហ្លួងរតនសម្បត្តិ មានសេចក្ដីពេញចិត្តណាស់ ហើយចៅចិត្រនិយាយតទៅទៀតថា៖
  • ទានប្រោស ! មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ មិនត្រូវប្រកាន់ការស្រាលៗ ស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខំធ្វើការដរាបនោះ។
  • ចៅចិត្រ អ្នកឯងនិយាយនេះត្រូវណាស់។
លោកហ្លួងនិយាយសរសើរ ហើយថា៖
  • ណ្ហើយចុះ ឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ច វេលានេះ អណ្ដូងត្បូងទិសខាងកើត ខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឲ្យទៅធ្វើការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឲ្យអ្នកឯងត្រឹម៣០ រៀលសិន ប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀត បើខំយកចិត្តទុកដាក់ធ្វើការយ៉ាងម៉ឺងម៉ាត់ ។
ចៅចិត្រឱនក្បាលក្រាបចុះដោយសេចក្ដីគោរពម្ដងទៀត ហើយពោលថា៖
  • សូមអរគុណព្រះតេជ ព្រះគុណជាទីបំផុត ព្រះតេជ ព្រះគុណកំពុងធ្វើខ្ញុំបាទឲ្យបានជាមនុស្សម្នានឹងគេឡើង ខ្ញុំបាទពេញចិត្តនឹងការដែលព្រះតេជព្រះគុណ ប្រគល់ឲ្យធ្វើនោះជាទីបំផុត។
ក្នុងខណៈនោះ មានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះ ព្រមទាំងមានសំឡេងយ៉ាងឆ្មារតូចលាន់រំពងមកពីខាងក្រោយ ចៅចិត្រៗក៏ចោលភ្នែកក្រឡេកមើលទៅ ប្រទះនឹងភ្នែកទាំងគូកំពុងតែសំឡឹងចំត្រង់មក ជាដួងភ្នែកប្រកបដោយទឹកដម គួរជាទីចាប់ចិត្តស្នេហា តែមានឫកពាឆ្មើងឆ្មៃបន្តិច កិរិយាក្និកក្នក់ញ៉ែងញ៉ង ល្វាសល្វន់ ល្អណាស់ សម្បុរស្បែកសស្អាតមុខមូលក្រឡង់ដូចវង្សព្រះចន្រ្ទ សូរសំឡេងស្រស់ដូចសូររគាំងប្រាក់ ដំណើរល្វន់ល្វាសដូចផ្កាកូលាបដែលត្រូវខ្យល់បក់ល្វិចៗ នៅកណ្ដាលសួនច្បារដូច្នោះ ឱ ! ល្អអីម្ល៉េះ ! នេះប្រហែលជាអញយល់សប្តិឃើញទេដឹង !!
ចៅចិត្រភ្ញាក់សា្មរតីលែងសំឡឹងស្រឡាំងកាំង ក្នុងពេលដែលលោកហ្លួងស្រែកហៅកូនក្រមុំនោះឲ្យឡើងមកខាងលើផ្ទះ៖
  • មកឯណេះ នារីថ្ងៃនេះ ប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀ។
នាងក្រមុំនារី ឈានជើងឡើងជណ្ដើរមួយៗ ភ្នែកសំឡឹងមើលចៅចិត្រដោយកិរិយាឆ្មើងឆ្មៃបន្តិច ដែលជាទំនៀមរបស់ស្រីក្រមុំរូបស្រស់ ហើយសួរទៅឪពុកថា៖
  • ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មីរបស់យើង ?
លោកហ្លួងញាក់មុខទទួលហើយ ងាកទៅនិយាយនឹងចៅចិត្រថា៖
  • ចៅចិត្រ ! នេះនារីកូនក្រមុំរបស់ខ្ញុំ។
ចៅចិត្រលើកដៃសំពះសួរ នាងនារីងក់ក្បាលគំនាប់ដោយកិរិយាឆ្មើងៗ តាមនិស្ស័យរបស់នាង ។ ចៅចិត្រដឹងខ្លួនថា តាំងអំពីថ្ងៃនេះទៅ មុខជាត្រូវនាងក្រមុំរូបស្រស់នេះមាក់ងាយ មាក់ថោកខ្លះជាមិនខាន ។
នាងនារី សំឡឹងមើលកម្មករថ្មីរបស់ឪពុក តាំងអំពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ថា *កម្មករនេះស្គមដូចជាអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬប៉ា ? កូនយល់ថាតម្រូវឲ្យធ្វើការលាងចានក្នុងផ្ទះបាយវិញជាជាង ?
ចៅចិត្រកាលត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះ ក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែតហើយតបទៅថា៖
  • មនុស្សត្រង់គេមិនដែលសំគាល់ថាជាមនុស្សល្ងង់ ឯមនុស្សស្គមក៏គេមិនសំគាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមបរិបូណ៌ទេតើ !!
នាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថាចៅចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសំដីវោហារនឹងនាង ឡើយ ។
លោកហ្លួងឃើញកូនខឹងដូច្នោះ ក៏និយាយបញ្ឈប់ថា៖
  • ចៅចិត្រ ! ណ្ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះ ឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅ៕
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ