ល្មុត ជាឈើហូបផ្លែមួយប្រភេទដែលកសិករនិយមដាំក្នុងសួនគ្រួសារ និងដាំជាចំការធំៗ ជាពិសេសកសិករច្រើន និយមដាំពូជក្នុងស្រុកដែលបំបៅដោយខ្លួនឯង ។ ចំពោះការបំបៅនេះ មានកសិករជាច្រើន ដែលមានបទពិសោធន៍ប្លែកៗ ពីគ្នា តែទទួលបានលទ្ធផលល្អដូចគ្នា ដែលយើងសូមបង្ហាញជូនដូចខាងក្រោម :
លោកពូ វ៉ាន់ អ៊ឹម ដែលជាកសិកររស់នៅភូមិចំការឌៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានបទពិសោធន៍ បំបៅមែកល្មុតដុះលូតលាស់បានល្អស្ទើរតែមួយរយភាគរយ និងមានផ្លែកសិករហៅថាមែកបំពង់ មកបំបៅ ។
នៅលើមែកបំពង់នោះ លោកពូចៀរសំបកជុំវិញមែកប្រវែង ១ តឹក ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខ ចៀរ ។ ម្យ៉ាងទៀត តាមបទពិសោធន៍របស់គាត់ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ ។ ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បីឲ្យមុខចៀរស្ងួតទើបគាត់យកដីដែលមានជីជាតិមករុំបិទ ជាមួយនឹងថង់ប្លាស្ទិក ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង ។ បន្ទាប់មក លោកពូចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ ទើបគាត់ពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង ។
ក្រោយពីបំបៅហើយរយៈពេលមួយខែ គាត់សង្កេតឃើញឫសសៗ ដុះចេញមក ហើយគាត់បន្តទុករហូតដល់ ២ ឬ ៣ ខែទៀត ទើបកាត់យកទៅដាំ ។ កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់ ។
ចំពោះបទពិសោធន៍របស់លោកពូ ប្រាក់ ច្រេស ដែលរស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត តាកែវវិញ ក៏មានបទពិសោធន៍ល្អដែរ ។ ក្នុងការជ្រើសរើសមែកបំបៅ គឺគាត់ជ្រើសរើសមែកបំពង់ដូចគ្នា ។ ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ គាត់យកខ្លាញ់គោ (ខ្លាញ់ដុំ) មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ ចងសងខាង ។
ក្រោយពីបំបៅហើយភ្លាម លោកពូបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង ។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន។
លោកពូបានបញ្ជាក់ប្រាប់ថា ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន ។ ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់ ហើយកាត់បន្ថយការស្រោចទឹក ។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស ។
សរុបមក តាមបទពិសោធន៍របស់កសិករទាំងពីរ ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម :
- ជ្រើសរើសយកមែកបំពង់មកបំបៅ
- កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ
- យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ
- ចង រុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក
- បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង
- បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍) ITCambo