រឿងស៊ឹមអ្នកបរឡាន​(វគ្គទី១៖ វាលសង់ផ្ទះ)



រឿង ស៊ឹមអ្នកបរឡាន ត្រូវបាននិពន្ធឡើងដោយដោយលោកអឹម ថុក នៅឆ្នាំ១៩៥៦។ លោកអឹម ថុកគឺជាចាងហ្វាងកាសែតវត្តភ្នំកាលពីសម័យសង្គមរាស្ត្រនិយម។ លោកត្រូវបានស្លាប់ដោយសារជនមិនស្គាល់មុខលួចធ្វើឃាត។
រឿង ស៊ឹមអ្នកបរឡាន មានចំនួន១១វគ្គ៖

រឿងស៊ឹមអ្នកបរឡាន (វគ្គទី១៖ វាលសង់ផ្ទះ)


ព្រឹកម៉ោង៩ នៅលើផ្លូវជាតិលេខ១ ចំពីមុខផ្សារត្រីក្រុងភ្នំពេញ រទេះឡានតូច-ធំបើកវីចុះឡើង ប្រជ្រៀតនឹងស៊ីក្លូ រទេះកង់ រទេះសេះ និងរទេះគោ។នៅក្បែរថ្នល់ខាងកើតឆៀងខាងជើងផ្សារ មានទីលានមួយមានបណ្ដោយប្រហែល៧០ម ទទឹង៣០ម។ក្នុងទីវាលនោះអ្នកធ្វើការប្រុសស្រី បានប្រញាយកាប់គាស់រែកសែង ញាប់ដៃញាប់ជើង។ខ្លះជីកចង្អូរ ខ្លះបំបែកដុំឥដ្ឋ ដុំបេតុង ខ្លះដងទឹកពីទន្លេសាបយកមកលាងក្រួសអាចម៍ផ្កាយលាយបាយអ។ល។ ហើយបើយើងសង្កេតមើលយូរបន្តិច យើងមុខជានឹងឃើញអ្នកធ្វើការទាំងនោះ មានមុខការខុសគ្នា ធ្វើដោយក្រុមៗនៅក្រោមមេតម្រួតបួននាក់។
ក្នុងក្រុមលាយបេតុង ស្រីប្រុសវៀតណាមធ្វើការលាយចម្រុះគ្នា។អ្នកទាំងអស់គ្នាបែកញើសសស្រាក់ខំធ្វើការតែរៀងខ្លួន ខ្លះជញ្ជូនថ្មដាក់ធុងវាល់ ខ្លះចូកខ្សាច់ ខ្លះលាយបេតុង ខ្លះរែកទឹក ខ្លះលីបាវស៊ីម៉ងត៍ ខ្លះទៀតជញ្ជូនបេតុងយកទៅចាក់ឫសផ្ទះ។ ក្នុងក្រុមរៀបជញ្ជាំង ជាងកំបោរ ខ្មែរវៀតណាម បានខំរៀបឥដ្ឋដាក់តជាន់លើគ្នាផ្សារភ្ជាប់នឹងបាយអ។បានមួយជាន់ពីរជាន់ឥដ្ឋ គេផ្ទៀងតម្រង់ខ្សែបន្ទាត់ឲ្យត្រង់ ប្រយ័ត្នកុំឲ្យវៀច។គេខំសម្អិតសម្អាងណាស់។នៅចម្រុះនឹងពួកជាងកំបោរ មានជាងឈើយកមេទ្វារបង្អួច មកលើកដំឡើង វាយចាងណាងខ្វែងចុះឡើង ប្រើកូនតឹងស្ទង់មេបញ្ឈរ ប្រើកែវស្ទង់មើលមេផ្ដេកឲ្យស្មើ។ ក្នុងក្រុមជីកបន្លាយឫស គូលីស្រីប្រុស ខ្មែរវៀតណាម ចម្រុះគ្នាបាន់ជីកកាប់ដីបំបែកដុំបេតុង គាស់កម្រាលឥដ្ឋ។ខ្លះទៀតកើបដីជញ្ជូនចាក់ឆ្ងាយពីកន្លែងធ្វើការ។
ក្រុមគូលីនោះរាប់អានគ្នាណាស់។គេមិនប្រកាន់ថា អ្នកនេះជាតិនេះ អ្នកនោះជាតិនោះឡើយ។គេនិយាយរកគ្នាដោយស្មោះស្ម័គ្រ គេចំអែចំអន់គ្នាលេង។ក្មេងៗហៅចាស់ៗ ពូមីង យាយតា។ឯចាស់ៗវិញ ហៅក្មេងៗ ក្មួយឬចៅ ឬអាមឹងទៅតាមការរាប់អានរបស់គេ។ក្រុមគូលីមានចិត្តស្រដៀងគ្នា គំនិតដូចគ្នា ជីវភាពដូចគ្នា ការងារដូចគ្នា ចិត្តដូចគ្នា។សេចក្ដីត្អូញត្អែររបស់កម្មករម្នាក់ ក៏ដូចជាសេចក្ដីត្អូញត្អែររបស់ក្រុមទាំងមូលដែរ។បើម្នាក់បានទទួលផលអាក្រក់ណាមួយ អ្នកឯទៀតបើមិនយូរក៏ឆាប់ ត្រូវទទួលផលអាក្រក់នោះមិនខានដែរ។
នៅក្នុងក្រុមបេតុង មីងប្រេមមានរាងស្គមស្លាំង បានងាកមើលឆ្វេងស្កាំ មិនឃើញអ្នកតម្រួត ក៏និយាយតិចៗថា៖
  • ខ្ញុំខានមួយថ្ងៃអាទិត្យនេះ។
  • ហេតុអ្វីក៏ដូចនេះ? (សម្លេងមួយសូរឡើង!)
  • អ្នកមិនដឹងឬ? ដើម្បីបានការធ្វើ ខ្ញុំត្រូវបង់ខាតមួយថ្ងៃឲ្យទៅគេណា។
នាយម៉េងដែលជាអ្នកចូកខ្សាច់ ក្រោយដែលបានយកខ្នងដៃជូតញើសថ្ងាស ឆ្លើយតប៖
  • មិនមែនតែមីងឯងទេខាតនោះ ខ្ញុំក៏ត្រូវគេកាត់ប្រាក់ឈ្នួលអស់ពីរថ្ងៃដែរ។គេចេះប្រកាន់ថា ខ្ញុំដើរឡានធ្វើឲ្យបែកក្បឿងច្រើន…
  • ប្រាក់ឈ្នួលមួយថ្ងៃ១៨រៀល ហើយកាត់មួយថ្ងៃទៅទៀត បានអ្វីស៊ី(មីងប្រេមថ្ងូរ)។យើងជាពួករងកម្មមែន…
  • ពិតមែនហើយ(ម៉េងឆ្លើយ)។យើងបានជាឫសសង្គមខ្មែរ។យើងត្រូវទទួលការធ្ងន់ទាំងប៉ុន្មាន មិនខុសពីបេតុងឫសផ្ទះយើងធ្វើនេះទេដែលត្រូវទ្រទម្ងន់ផ្ទះសព្វសារពើ…។
កំពុងតែជជែកថ្លែងទុក្ខប្រាប់គ្នាដូចនេះ ស្រាប់តែសម្លេងមួយខ្លាំងលាន់ថា៖
  • ខំធ្វើការឲ្យមែនទែន ខ្ជិលណាស់គិតតែជជែក… ប្រយ័ត្នមិនបើកលុយឲ្យថ្ងៃសៅរ៍អាទិត្យនេះ។
  • ថីសែហ្វមកហើយវ៉ើយកនយើង។ថីនេះជាភ្នែកច្រមុះរបស់ហាង។គាត់បានប្រាក់ខែច្រើនណាស់ ហាងឲ្យឡានគាត់មួយដើរត្រួតការ (នាងម៉េងបានខ្សឹបប្រាប់កូនគាត់)។
កន្លះម៉ោងក្រោយ ថីសែហ្វបានបើកឡានទៅវិញ ម៉េងនិយាយត៖
  • ប្រាំឆ្នាំហើយ ខ្ញុំធ្វើការជាមួយហាងនេះ។ខ្ញុំដើរឡានដឹកឥដ្ឋ ក្បឿង ឈើនៅកំពង់ឆ្នាំង កំពង់ចាម តាកែវ។ហាងបានចំណេញច្រើនណាស់ក្នុងប៉ុន្មានឆ្នាំនេះ ពីដើមមានឡានតែមួយទេ ឥឡូវមានប្រាំបី។ថៅកែពីដើមជិះតែស៊ីក្លូ ឥឡូវមានឡានតូចល្អណាស់ ឯចំណែកគូលីវិញ ដូចខ្ញុំជាដើម នៅតែខ្វះច្រករាល់ពេល។ក្នុងពពួកជើងឈ្នួលហាង មានតែថីសែហ្វទេដែលបានគ្រាន់បើមានផ្ទះនៅ មានកូនឡានជិះ។ហាងនេះទទួលម៉ៅការសង់ផ្ទះ សង់បន្ទាយច្រើនក្នុងប៉ុន្មានឆ្នាំនេះ។
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ