ដំនើររឿង
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា << អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? >> ។ បុរសនោះឆ្លើយថា << ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង >> ។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ៣០ តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ >> ។ បុរសនោះថា << តាសូត្រឲ្យខ្ញុំស្ដាប់មើល ! បើខ្ញុំចូលចិត្ត ខ្ញុំយក >> តានោះសូត្រឲ្យស្ដាប់ថា << រពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី, ឃ្លានកុំអាលស៊ី >> ។ បុរសនោះស្ដាប់បាន ចូលចិត្ត ក៏ប្រគល់ប្រាក់៣០តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះ ចាំស្ទាត់រត់មាត់ ។ ឯតាចាស់ប្រាប់ថា << បើចៅកាន់របៀនទាំងបីបទនេះបាន តាឲ្យទទេ មិនយកតម្លៃទេ >> ។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។ បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ ។ មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក ពុំមានភ្លេច ។ លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ , បុរសនោះ ក៏សុំសំពៅគេដោយសារមកស្រុក, ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ ។ បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញរបៀនបីបទនោះ ហើយចេះតែជួយលាង ជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។ នាយសំពៅនឹកក្នុងចិត្តថា << អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ ។ នាយសំពៅនឹកតែក្នុងចិត្តថា << បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ >> ។ លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស សុទ្ធតែចំណី ស្រា បាយ ទុកឲ្យយក្សវាមកស៊ី ។
អ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា << រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី >> ដោយគិតថា << ចំណីអស់នេះមានហេតុអ្វីមួយហើយ បានជាគេរៀបទុកនៅទីនេះ, ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន >> គិតដូច្នោះហើយពុំហ៊ានស៊ី ឡើងទៅពួនលើធ្នឹមវិហារ ដោយស្ងៀមស្ងាត់ចាំលបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ ហើយវាខឹងខ្លាំងណាស់ថា << នរណាហ៊ានមកស៊ីចំណីអស់នេះ >> ។ យក្សថាហើយ ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ ។ ឯដំបងក៏វិលមកខាងយក្សវិញ ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា << បើអញស្រែក ក្រែងយក្សឮវាឃើញអញ ហើយវានឹងស៊ីអញទៀត >> គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង យក្សភ័យណាស់ រត់ចោលដំបងទៅបាត់ទៅ ។ បុរសនោះ បានដំបងវាយឯងហើយ ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង ។
លុះដើរមកដល់ផ្ទះ ក្នុងវេលាយប់ បុរសនោះ យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ ។ ប្រពន្ធសួរ ប្រាប់ប្រពន្ធថា ចាំព្រឹកសឹមនិយាយប្រាប់ >> ។ ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ វាមានសាហាយ, វេលាយប់ដែលប្ដីមកដល់ផ្ទះ សាហាយវាសួរថា ដំណើរដូចម្ដេច ក៏ចាំព្រឹកទើបនិយាយបាន ? ។ ប្រពន្ធចេះតែឱបអង្អែល ។ ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា : អញនិយាយនឹងឯងនេះខុសគ្រូហើយ ត្បិតគ្រូផ្ដាំថា << ដេកយប់កុំនិយាយនឹងស្រី >> ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ ។ ប្រពន្ធសួរថា << អ្នកទៅបានរបស់អ្វីមកខ្លះ >> ។ ប្ដីថា << បានតែរបៀនបីបទហើយត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ បានដំបងវាយឯងទៀត >> ។ ប្រពន្ធសួរថា<< ដំបងនោះទុកនៅឯណា ឥឡូវនេះ ? ខ្ញុំចង់ឃើញ >> ។ ប្ដីថា << អញទុកក្រោមជណ្ដើរ យកថ្មគ្រប >> ថាហើយក៏ដេកលក់ទៅ ។សាហាយ លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ។ លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ រឭកពីដេក ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា << អញប្រាប់មិនជឿ អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ មនុស្សឮ វាលួចយកដំបងបាត់ហើយ >> ។ ប្រពន្ធឮហើយដឹងថាសាហាយលួច ក៏មិនស្ដី ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ នាំទៅប្ដឹងមេស្រុក ឲ្យជំនុំជម្រះរកចោរឲ្យ ។ មេស្រុក ពុំដឹងបើជំនុំជម្រះដូចម្ដេច ពីព្រោះថ្មមិនចេះស្ដី គេជេរថា << អាកំព្រើល ! តាំងពីដូនតាមក នរណាដែលឃើញដំបងវាយឯង >> គេគម្រាមហើយគេដេញចេញទៅ ។ បុរសនោះចេះតែអូសថ្មទៅប្ដឹង តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ អ្នករាជការគ្រប់ក្រសួង គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល ។ បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា << មែនបានគេថា, មានប្រឡាយបានទឹកវាហូរ, មានសម្រាមបានឆ្កែវាជុះ, អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា ស្ដេចមានបន្ទូលប្រាប់បុរសថា << ណ្ហើយ វិលទៅផ្ទះចុះ កាលណាអញប្រើឲ្យគេទៅហៅសឹមមក >> ។ បុរសនោះទទួលថា << ព្រះករុណាថ្លៃវិសេស >> ហើយក្រាបថ្វាយបង្គំលាទៅវិញ ។
ក្រោយពេលបុរសនោះទៅ ស្ដេចទ្រង់ព្រះរាជបញ្ជា ឲ្យប្រាប់បណ្ដារាស្រ្តថា ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់ ឲ្យបណ្ដារាស្រ្តមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ >> ហើយទ្រង់ឲ្យរៀបលេងល្ខោន ។ កាលនោះអស់រាស្រ្តសឹងតែចូលទៅមើលគ្រប់គ្នា ។ ស្ដេចទ្រង់យាងចូលទៅ ក្នុងព្រះរាជដំណាក់ ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច អស់រាស្រ្តនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់ យកទៅឲ្យបុរសនោះ ហើយប្រាប់ថា << ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប , ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ>> ។ អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ វិលទៅក្រាបបង្គំទូលស្ដេចវិញ។ បុរសនោះបានប្រេង ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា << ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះរាជទានប្រេងនេះមក ព្រោះទ្រង់អាណិតស្រឡាញ់យើង ឲ្យយើងលាបទៅមើលល្ខោននឹងគេ , តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ ។ ឯប្រពន្ធឮប្ដីបើកឲ្យទៅ ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក ដោយពុំបានដឹងកលជាគេចាប់ ក៏យកប្រេងទៅឲ្យសាហាយលាបផង ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ << ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្រ្ត ដែលមើលល្ខោនទាំងប៉ុន្មាន បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់ ចូរអ្នកនាំយកមកឲ្យអញជាឆាប់ >>។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ ទៅហិតមនុស្សឯទៀត មិនធុំសោះ ធុំតែប្រុសម្នាក់ ស្រីម្នាក់ ដែលឈរទន្ទឹមគ្នា លាបប្រេងក្រអូបទាំងពីរនាក់នោះ ក៏នាំទាំងប្រុសទាំងស្រី យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា << នេះជាប្រពន្ធចៅឯងមែនឬ ? បុរសនោះក្រាបទូលថា <<មែន>>។ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសាហាយនោះថា ឯងបានទៅលួចដំបងចៅនេះមែនឬ? ។ សាហាយនោះក្រាបបង្គំទូលថា << លួចមែន >> ។ ទ្រង់ឲ្យទៅយកដំបងនោះមក ឲ្យយកសាហាយទាំងប្រុសស្រីនោះ ទៅដាក់ច្រវាក់ធ្វើទោស ។ បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស ហើយក៏ប្រគល់ទាំងផ្ទះសម្បែង ទាំងប្រពន្ធឲ្យទៅសាហាយនោះ ទាំងអស់ដោយពុំមានខឹងអ្វីឡើយ ។ ប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ដំបង ថ្វាយដំបងទៅស្ដេច ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា << ដំបងវាយឯងនេះថ្លៃណាស់ ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស – ប្រាក់ឲ្យបុរសនោះយកតាមចិត្ត ។ បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត ។ ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី ។ បុរសនោះ ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត ។ ជួនជាថ្ងៃនោះ ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា << ព្រឹកស្អែក ទ្រង់នឹងទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត ។ រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ បែរជាធ្វើមឈូសទៅវិញ ។
ថ្ងៃនោះ ជួនជាបុរសនោះ ដើរទៅឃើញសេដ្ឋីនោះ កំពុងតែធ្វើបុណ្យក៏សួរថា << ចុះលោកមានការអ្វី បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ ? >> ។ គេប្រាប់ថា <<ស្ដេចឲ្យធ្វើរទេះមួយ លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ ស្ដេចក្រសាលព្រៃ បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត,ឥឡូវនេះមហាសេដ្ឋីធ្វើពុំ ទាន់ដឹងខ្លួនថាស្លាប់ បានជាធ្វើមឈូសធ្វើបុណ្យវិញ>>។
បុរសនោះឆ្លើយថា << ក្រអីប៉ុណ្ណឹង ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ>> មហាសេដ្ឋីបានឮដូច្នោះអរណាស់ ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះ ។ បុរសនោះក៏ធ្វើតែនឹងកាំបិត១ដែលយកពីក្រោមបាតឃ្លាំងមកនោះ បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញទ្រង់ឲ្យរៀប ប្រដាប់ប្រដាទៅក្រសាលព្រៃ ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ ក៏នឹកក្នុងចិត្តថា << អ្នកនេះមានគុណធ្ងន់ណាស់ ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ១ ល្មមឲ្យមានប្ដី ដូច្នោះមានតែអញការឲ្យអ្នកនោះ << គិតហើយក៏ហៅមកការឲ្យទៅ ។ លុះការរួចហើយក្នុងយប់នោះ ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។ កូនសេដ្ឋីឃើញកំអួតប្ដីប្រឡាក់ខ្លួនដូច្នោះ ក៏ស្រែកឡើងក្នុងយប់នោះថា<< លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ>>។ មហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ឃាត់ថា << កូនដេកទៅ កុំនិយាយ ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង >> ឃាត់ដូចម្ដេច ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា <<បើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិន បានទេ>>។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា << មិនព្រមយកទេ >> ហើយថា មិនបានពាល់ដៃជើងឡើយ ។ មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា ក៏បុរសនោះពុំព្រមនៅ ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។ លុះស្ដេចយាងមកពីព្រៃ ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ។ បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ ក៏បានទៅដល់នគរមួយដទៃទៀត ។ ស្ដេចនគរនោះ ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន ចាំយាមនៅចុងព្រះរាជរោងរាល់យប់ ។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់ ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន។ នៅថ្ងៃដែលបុរសនោះ ទៅដល់ជួនត្រូវលើវេនចៅហ៊្វា ទៅដេកថ្វាយស្ដេចកាប់ ចៅហ៊្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ ។ បុរសនោះទៅដល់សួរគេថា << លោកមានការអ្វីបានជាធ្វើបុណ្យទាន ហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នា ដូច្នេះ>>។ គេប្រាប់ថាលោក លោកត្រូវទៅដេកវេន ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ បានជាលោកធ្វើបុណ្យមុនស្លាប់ >> ។ បុរសនោះថា<< ឲ្យតែបាយខ្ញុំស៊ីចុះ ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស>>។គេឮដូច្នោះ ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ ហើយឲ្យរៀបបាយទឹកឲ្យស៊ី ។ រួចហើយសួរថា << បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក>>។ បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់ យកមកពាក់ រួចហើយ ក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់ ។ លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច, ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ។ ហើយសួរថា << នរណាចូលមកទាំងយប់នោះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ>>ថាហើយ ក៏ចាក់បង្ខុសទៀត ។ ស្ដេចទ្រង់មានព្រះបន្ទូលថា << ទេអញទេ>>។ <<នរណាអញទេៗ!។<<អញជាស្ដេច>> ។ << ស្ដេចអីមកពេលនេះ, អញមិនដឹងទេ ! ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ>>។ សួរដេញដោលដូច្នោះហើយ បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស ។ ស្ដេចត្រាស់សួរថា<<ចៅនៅឯណា!។ បុរសនោះថា << ខ្ញុំនៅផ្ទះចៅហ៊្វា >> ។ ស្ដេចទ្រង់ជ្រាប ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ។
លុះព្រឹកឡើង បុរសនោះ លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា ។ អ្នកផងឃើញហើយឆ្ងល់ថា<<បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ >> ។ ចៅហ៊្វាសួរ បុរសនោះក៏ជម្រាបតាមដំណើរ សព្វគ្រប់ហើយជម្រាបថែមថា<<ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់ ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយ យើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?>> ។ បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ ទើបភ្ញាក់ខ្លួនគ្រប់គ្នា។
ចៅហ៊្វានោះ មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនេះមានគុណធ្ងន់ណាស់។
លុះព្រឹកឡើង ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ។ វេលា ស្ដេចទ្រង់ព្រះជរាទៅ ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ។
ពាក្យពិត មិនចេះស្លាប់
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ