រឿងផ្កាស្រពោនវគ្គទី៣



ភូមិកំពង់ព្រះ ជាភូមិមួយនៅចម្ងាយ១៥គីឡូពីក្រុងបាត់ដំបង។ថ្នល់ក្រាលជ័រទៅភ្នំពេញ ពុះកាត់ភូមិនេះចំពាក់កណ្តាល។អ្នកស្រុកទាំងអស់គ្នារកទទួលទានតែនឹងស្រែ និងស្រូវប៉ុណ្ណោះ។ នៅតាមមាត់ថ្នល់ទាំងសងខាង មានផ្ទះថ្ម ឬផ្ទះឈើប្រក់ក្បឿងជារបស់ចិន ឬកូនចៅចិន ដែលមានរបរលក់ដូរទំនិញ ខោអាវ ម្លូស្លា ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច និងស្លា។ នៅខាងក្រោយ ឬចំហៀងគេហដ្ឋាននេះមានជង្រុកធាត់ៗ ធំៗ។ផលទាំងពួងដែលកើតឡើងដោយញើស ដោយឈាមអ្នកស្រែទាំងនោះ តែងមកប្រមូលគរនៅក្នុងជង្រុកនេះ។ដល់រដូវវស្សា ពេលដែលស្រូវតែងឡើងថ្លៃក្រឺតៗ មានរថយន្តផ្ទុក បើកចេញចូលគគ្រឹកគគ្រេង ដឹកជញ្ជូនស្រូវទៅដាក់ស្ថានីយ៍បាត់ដំបង។
នៅចុងភូមិខាងត្បូង ត្រង់មាត់អូរមុខវត្ត មានផ្ទះមួយខ្នងសង់ជារោងដោល ដ៏មានដំបូលប្រក់ក្បឿងដែលស្លែកាន់ ហើយជ្រកក្រោមស្វាយមួយដើមដ៏មានមែកសាខា។នៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ាដែលមានផ្ការីកស្គុះស្គាយជាលម្អ ហើយមានគន្ធល្វឹងល្វើយរសាត់ទៅតាមវាយោ។ផ្ទះនេះមានសភាពស្ងប់ស្ងាត់ជញ្ជ្រងឥតមានមាន់ខ្តត, ទា ឬជ្រូកស្រែកដូចនៅផ្ទះជិតខាងឡើយ។ផ្លូវខ្សាច់មួយសម្បុរលឿងឆ្អិន សម្រាប់នាំអ្នកដើរចុះពីថ្នល់ធំ ទៅកាន់ជណ្តើរឈើដែលលាបថ្នាំពណ៌ខៀវចាស់។
ផ្ទះនេះនៅស្ងាត់ជ្រងំ គ្មានឮមាត់មនុស្សសោះ ឮតែនាឡិកាភ្លេងមួយដើរតិកតក់, តិកតក់ និងសូររ៉ោៗ នៃយន្តដេរមួយ។នៅជិតបង្អួចដែលបែរមុខទៅរកធ្លា មានយុវនារីម្នាក់ធាត់មាំ ស្លៀកសំពត់ខ្មៅចងក្បិនពាក់អាវទេសឯកស។អង្គុយខិតខំធ្វើការឥតមើលនាយអាយឡើយ។មាណវីនេះទុកសក់ប្រះស្មា ឯដងខ្លួននាងក៏ងក់ងើបៗ យោលចុះឡើង ដោយជើងធាក់ឈ្នាន់យន្ត ហើយបណ្តាលឲ្យរំជួលដល់ទៅខ្សែកមាសដែលព្យូរបន្តោងនិលមួយគ្រាប់នៅលើសុរង។នាងខំធ្វើការនេះខ្ជាប់ខ្ជួនណាស់ ទាល់តែមានញើសគ្រាប់ល្អិតៗដេរដាសលើចុះច្រមុះ។
នៅខាងស្តាំមាត់ទ្វារ មានក្តារងឿធំក្រាស់មួយដែលជូតខាត់ឡើងរលោងស្រិល។នៅលើក្តារងឿនេះ បុរសម្នាក់ស្លៀកខោឡាញ់ខ្មៅ ខ្លួននៅទទេ ដេកជើងគងអន្ទាក់ខ្លា ដៃស្តាំគងថ្ងាស នៅស្ងៀមស្តូក។តើគាត់ដេកលក់ឬ? មិនមែនលក់ទេ ព្រោះយូរៗម្តងគាត់យកដៃស្តាំដែលគងថ្ងាសនោះទៅស្រវាចាប់ក្រមាមួយមកបក់មូស និងរុយដែលធ្វើឲ្យគាត់មានរំខាន។
ក្រោយពីនោះបន្តិចមក គេឃើញគាត់ប្រែខ្លួនមកខាងឆ្វេង ហើយមានសម្តីយ៉ាងទន់ផ្អែម ទៅកាន់នាងក្រមុំដែលដេរយន្តថា៖
  • សោភ័ណកូន ម៉ោងប៉ុន្មានហើយ។
នារីនោះក៏ឈប់ដេរ ហើយដើរមកសម្លឹងនាឡិកាធំដែលដើរតិកតក់! តិកតក់!។
  • ម៉ោងជិតបួនហើយចិក។
  • អើ ល្មមឈប់ដេរហើយកូន។រកអុស ទឹកដាំបាយទៅ។
  • ចា៎ស ចាំខ្ញុំបង្ហើយអាវនេះមួយរំពេចសិន ព្រោះគេអ្នកជួលបន្ទាន់យកល្ងាចនេះ។
  • យី ចុះប៊ុន-ធឿន វាទៅណាបាត់ទៅហ្ន៎?
  • បងគាត់ទៅជួយស្ទូងម៉ែ ចិក។
បុរសនេះកាលបើឮបុត្រីកូនថាដូច្នោះហើយ ក៏ដកដង្ហើមធំ តែនៅស្ងៀមមិនចេញស្តីថាអ្វីឡើយ។
ចិកប៊ុន-ថននេះ គាត់អាយុហាសិបប្លាយឆ្នាំទៅហើយ។សក់គាត់នៅតែខ្មៅ តែកាត់ខ្លី រូបរាងគាត់នៅរឹងប៉ឹងណាស់ មុខរាហ៍ ថ្ងាសទូលាយដែលមានរស្មីភ្នែកថ្លាយង់មកសម្តែងឲ្យឃើញថា បុរសនេះជាមនុស្សចិត្តល្អ មានសន្តោសដល់អ្នកជិតខាង។កាលពីមុន គាត់មានបាវព្រាវ មានញាតិមិត្រចុះឡើងកុះករណាស់។ឥឡូវនេះ គាត់មានសេចក្តីព្រួយ ដោយគាត់មានគ្រោះថ្នាក់ខាតក្នុងជំនួញស្រូវយ៉ាងសម្បើម។សម្បត្តិទ្រព្យ ទូ គ្រឿងមាស ប្រាក់ និងស្រែភ្លឺខ្លះ គាត់មានលក់យកប្រាក់សងជំពាក់បំណុលស្រេចហើយ។គ្រានេះគាត់នៅសល់សឹងតែសម្បកផ្ទះទទេ។ខ្ញុំកំដរអ្វីវាចេញទៅនៅ នឹងគេដទៃលើកលែងតែតាសូមួយ ដោយគាត់ធ្លាប់បម្រើពឹងពាក់អាស្រ័យមកជាយូរថ្ងៃហើយ។
សូមអ្នកអានទាំងឡាយជ្រាបថា ចិកប៊ុន-ថន គាត់មិនមែនក្រដុនដាបដល់សុំទាននោះក៏ទេដែរ។តែមនុស្សយើងដែលធ្លាប់មានមុខមាត់នឹងគេហើយលុះមកធ្លាក់ក្នុងអន្លង់នៃសេចក្តីព្រួយដូច្នេះ ក៏សឹងតែមានចិត្តរំខានហ្មងសៅពន់ប្រមាណ។
ពីដើមមក គាត់បានខ្នះខ្នែងម៉ឺងម៉ាត់ក្នុងការវិជ្ជាជីវៈណាស់។ឥឡូវ សេចក្តីទុក្ខព្រួយធ្វើឲ្យគាត់ទន់ដៃ ទន់ជើងរកនឹកធ្វើការងារអ្វីពុំកើត។នាងសោភ័ណ លុះឈប់ដេរហើយក៏ដើរចូលទៅជើងក្រាន ហើយកាន់ពោតមួយចានយកមកជូនឪពុក៖
  • ចិក នេះពោតស្ងោរក្តៅៗ ចិកពិសាទៅ ផ្អែមណាស់។
ចិកប៊ុន-ថន គាត់យកដៃគះចាននោះចេញ ហើយឆ្លើយថា៖
  • ទេកូន ឯងទុកឲ្យម៉ែ និងបងឯងស៊ីចុះ គេធ្វើការនឿយ ចិកមិនឃ្លានទេ។
នាងសោភ័ណមិនឆ្លើយតបថាអ្វីឡើយ។នាងឈរសម្លឹងមុខឪពុក ធ្វើភ្នែកឡឹងឡង់មួយសន្ទុះ ក៏ស្ទុះទៅយកក្រមាបង់កមកខ្ទប់មុខជូតទឹកភ្នែក។
ដើម្បីនឹងបន្លប់សេចក្តីចំបែងក្នុងចិត្ត នាងក៏យកក្អមមួយចុះទៅដងទឹកអណ្តូងដាក់ពាង យកពូថៅទៅពុះឧស ហើយបង្កាត់ភ្លើង ស្លដណ្តាំទុកជូនគ្រួសារនាង។
សែងព្រះអាទិត្យអស្តង្គតចាំងស្លឹកដើមត្នោត ដែលដុះក្នុងខឿនវត្តឡើងក្រហមរ៉ែៗ។ចាបដែលសម្បុកព្យួររយោងនៅចុងធាងរុក្ខជាតិ ក៏និយាយប្រឡែងគ្នាទ្រហឹងអឺងកង។
នៅពេលនោះ ស្ត្រីម្នាក់អាយុកណ្តាលមនុស្ស និងក្មេងកម្លោះម្នាក់មុខស្ងួតស្ងប់ សម្បុរស្បែកឡើងទង់ដែងដោយត្រូវកំដៅថ្ងៃ ដើរមកពីខាងត្បូងចូលមកក្នុងភូមិ។មនុស្សទាំងពីរនាក់នេះស្លៀកពាក់ខោអាវធ្លុះ ហើយមានដំណើរធេងធោងដោយអស់កម្លាំងជ្រុលពេក។
ប៊ុន-ធឿន ក្មេងកម្លោះនោះឯងឈ្មោះប៊ុន-ធឿនដែលយើងបានស្គាល់ពីមុនមកហើយ ត្រឡប់មកជួយដកស្ទូងនាងង៉ាន់ដែលជាម្តាយ។
ពួកសិស្សទាំងឡាយក្នុងវិស្សមកាល តែងមានសម្រាកសម្រាន្ត លេងសើចសប្បាយ។
មិនដូច្នោះឡើយ ប៊ុន-ធឿន គ្នាធ្វើការយ៉ាងដុនដាប។
លុះដល់ផ្ទះហើយ ប៊ុន-ធឿនក៏ចូលទៅផ្លាស់ខោអាវស្រែស្លៀកសារុង ទុកខ្លួននៅទទេ ទើបមកអង្គុយជិតឪពុកធ្វើមុខជូរស្ងួត។នាងសោភ័ណឃើញគ្រួសារមកជួបជុំហើយ ក៏ទៅលើកម្ហូបបាយដាក់លើក្តារងឿ អញ្ជើញម៉ែឪ និងបងឲ្យពិសា។ឯខ្លួននាងក៏ចូលអាស្រ័យជាមួយដែរ។ដើម្បីនឹងបង្វែងផ្លូវ ពីសេចក្តីតឹងទ្រូងចេញ នាងសោភ័ណក៏ធ្វើជាសាកសួរទៅម្តាយថា៖
  • ម៉ែ ម៉ែស្ទូងបានប៉ុន្មានហើយ?
  • អឺ កូនបានពីរស្រែហើយ។
ប៊ុន-ធឿនចេះស្ទូងរហ័សណាស់។អ្នកផងគេតែងនិយាយថា ក្មេងដែលបានទៅរៀនសូត្រនៅសាលាបារាំង ច្រើនស្អប់ខ្ពើមការងារស្រែចំការ។បងឯងនេះធ្វើឲ្យឃើញថា និយាយដូច្នោះ ជាការមិនពិតឡើយ។
ប៊ុន-ធឿនស្តាប់ពាក្យម៉ែសរសើរខ្លួនដូច្នេះ ក៏ញញឹមទាំងស្រពោន ហើយតបទៅថា៖
  • ម៉ែអើយ កុំអួតខ្ញុំខ្លាំងពេក។ពីដើមខ្ញុំមានសេចក្តីរំពឹងថា ខ្ញុំរៀនបានឲ្យចេះដើម្បីកុំឲ្យស្គាល់ក្តៅ ស្គាល់នឿយដោយហាលថ្ងៃ។ឥឡូវនេះបំណងនេះរលាយសាបសូន្យទៅហើយ មានតែខំធ្វើស្រែទៅ។ម្យ៉ាងទៀត ខ្ញុំចូលចិត្តនៅស្រុកស្រែ និងធ្វើការក្នុងស្រែណាស់ កាលដែលខ្ញុំរស់នៅកុល្លែហ្ស៍ឯនោះ ថ្ងៃអាទិត្យឡើង ខ្ញុំតែងចេញពីក្រុងភ្នំពេញទៅមើលគេធ្វើចំការ ច្បារដំណាំ។ទោះយើងមានទោសទុក្ខធ្ងន់យ៉ាងណា បើយើងបានឃើញ ស្រែចំការហើយ សេចក្តីសៅហ្មងនោះនឹងបានស្រយាលជានិច្ច។
នាងសោភ័ណតប៖
  • បើដូច្នោះមែន បងស្អែកនេះខ្ញុំទៅស្រែផងបានឬទេ។
  • មានកើតអីអូន។
យប់គ្រាន់បើហើយ។ចិកប៊ុន-ថនគាត់ហៅបុត្រគាត់មកនិយាយតែពីរនាក់៖
  • កូន ឪពុកដឹងចិត្តកូនឯងចង់លែងរៀន ដើម្បីមកជួយធ្វើការឪពុកម្តាយ។គំនិតនេះជាការគាប់ប្រសើរណាស់ តែចិត្តឪពុកមិនចង់ឲ្យឯងឈប់រៀនទេ ស៊ូត្រដេត្រដរ ផ្តល់សោហ៊ុយឲ្យឯងរៀនលុះត្រាតែបានឌីប្លូម។
  • ខ្ញុំបាទយល់ឃើញថា ចិកមានប្រសាសន៍យ៉ាងនេះដោយស្រឡាញ់កូន មិនចង់ឲ្យកូនមកនឿយហត់។ខ្ញុំគិតថាចិក និងម៉ែសុទ្ធតែបានបង្ហូរញើស ព្រួយកម្លាំងដោយសារខ្ញុំ្យូរមកហើយ។សម័យនេះ ខ្លួនចិកទ្រុឌទ្រោមថមថយជាងពីដើម គួរណាស់តែខ្ញុំមកជួយកម្លាំងវិញ។
  • ប៊ុន-ធឿនកុំប្រកែក។ចូរឯងខិតខំតែរៀនសូត្រទៅចុះ ឪពុកមិនទាន់ដល់ថ្នាក់សុំទានគេនៅឡើយទេ។
ចិកប៊ុន-ថនថាតែប៉ុណ្ណោះហើយ គាត់ក៏ដើរចេញទៅ។
រាត្រីលាតសន្ធឹងស្បៃខ្មៅ លើធម្មជាតិដែលស្ងប់ស្ងៀមជញ្ជ្រង។
ចង្កៀងប្រេងកាតមួយមានពន្លឺញ័រព្រឺតៗ នៅបំភ្លឺផ្ទះធំល្វឹងនៃចិកប៊ុន-ថន។
ប៊ុន-ធឿនអង្គុយសញ្ជឹងសញ្ជប់ភ្លេចសេចក្តីនឿយហត់ពីថ្ងៃ។
សម្លេងខ្លុយមួយពីរោះគ្រលួចក្នុងផែនសន្និយា ហើរកាត់មែកស្វាយមកអង្អែលបបោសសោតវិញ្ញាណនៃជនដែលមិនដេកលក់នៅឡើយ។
ឯដួងវិញ្ញាណប៊ុន-ធឿនវិលចុះ រេឡើងមិនមានទៅចាប់ឆ្ពោះលើវត្ថុអ្វីឡើយ។ត្រិះរិះមើលទៅឃើញថា ឪពុកខ្លួននិយាយត្រូវមែន។គួរតែស៊ូខំរៀនទៅចុះ គ្រាន់នឹងយកប្រាក់ខែមកជួយចិញ្ចឹមឪពុកម្តាយ។ជំពូកមួយទៀតចិត្តប៊ុន-ធឿនគិតមមៃដល់នាងវិធាវីជាគូសង្សារ។បើប្រសិនជាខ្លួននៅតែធ្វើស្រែយ៉ាងនេះទៅ ម៉្លេះសមយាយនួនគាត់ផ្តាច់ពាក្យសន្យាពុំខាន ព្រោះដឹងថាគាត់ស្រឡាញ់ថ្នមកូនគាត់ខ្លាំងណាស់ ម្តេចគាត់នឹងឲ្យកូនគាត់មកធ្វើការនឿយហត់ជាមួយផង។
ឈ្វេងយល់យ៉ាងនេះហើយ ប៊ុន-ធឿនក៏យកចិត្តទុកដាក់នឹងការរៀនសូត្រឡើងវិញ យប់ៗឡើងតែងអុជចង្កៀងប្រេងដូងមួយមើលសៀវភៅ។ថ្ងៃៗ ឡើងទៅធ្វើការស្រែ តែងតែឆ្លៀតដាក់សៀវភៅកវីបារាំងណាដែលជាទីគាប់ចិត្តយកទៅអាននៅពេលឈប់សម្រាកកម្លាំង។ ជួនណាអ្នកទៅឃ្វាលគោជួសតាសូឲ្យគាត់មកពិសាបាយ។ អ្នកក៏ដេកក្រោមដើមដង្កោ ឬស្តៅ ក្បាលកើយលើក្រមាមួយដែលឆ្មូលជាដុំ អ្នកមើលគោបណ្តើរ អានសៀវភៅបណ្តើរ។ស័ព្ទឃ្លោងខ្លះពីរោះអស្ចារ្យ បណ្តាលឲ្យអ្នកស្រមៃឃើញមុខនាងវិធាវីញញឹមស្រស់ត្រង់ប្រឡោះស្លឹករុក្ខជាតិ។ឱរ៉ាប៊ុន-ធឿនក៏ព្រឺព្រួចចិត្ត ក៏រីករាយសប្បាយក្រៃលែង។ដូច្នេះហើយ ការងារស្រែទាំងប៉ុន្មានក៏បាត់ធ្វើឲ្យធុញថប់ និងហត់នឿយអស់ទៅ។
នៅល្ងាចថ្ងៃទី១៣កក្កដា ចិកប៊ុន-ថននិយាយទៅកាន់បុត្រគាត់ថា៖
  • នៅស្អែកនេះ ជាថ្ងៃបុណ្យជាតិរបស់បារាំង។បើឯងចង់ទៅមើលបុណ្យនោះ ក៏ទៅចុះ។
នៅព្រឹកព្រហាមថ្ងៃទី១២ ស៊ូយេត ប៊ុន-ធឿនបានតែងខ្លួនស្អាតបាត ហើយជិះទោចក្រយានតម្រង់ទៅបាត់ដំបង នឹងរីករាយសប្បាយក្នុងចិត្តថា នឹងបានជួបមុខកែវសង្សាររបស់ខ្លួនពុំខាន។
នៅគ្រប់ផ្លូវថ្នល់ មនុស្សឈូឆរដើរមីរ មានសភាពដូចជាហ្វូងស្រមោច។ពួកអ្នកស្រុកស្លៀកពាក់តាមទំនើបថ្មី។ឯអ្នកស្រុកស្រែបញ្ចេញសម្លៀកបំពាក់ភោរភាវគ្រប់ពណ៌។តាមថ្នល់ក្រុង និងតាមបង្អួចផ្ទះផ្សារ ទង់ជាតិបារាំង-ខ្មែរបក់យោលរេរោបញ្ចេញសេចក្តីសប្បាយរោយរាយទៅគ្រប់ទិស។ត្រង់មាត់កំពង់ ចំពីមុខផ្សារវិល គេមានសង់ពន្លាមួយលម្អដោយស្លឹកទន្សែ ស្លឹកជ្រៃក្រឹម និងផ្ទាំងសំពត់ខៀវ ស ក្រហម។
ពួកឥស្សរជនទាំងឡាយនៃខេត្រ បានមកអង្គុយជ្រកកំដៅព្រះសុរិយាទ័យក្នុងនោះ បារាំត្រៀបត្រា។តាមចិញ្ចើមនៃមាគ៌ាប្រជាជនខ្ញៀវខ្ញាឈរចាំមើល…
មានក្រុមពិជ័យសង្គ្រាមមួយកង ក្រុមរក្សាស្រុកមួយកង ស្លៀកពាក់ស ក្បាលពាក់បេរ៉េក្រហម ឬខៀវផ្ទៃមេឃ ពោះនិងកំភួនជើងរុំព័ទ្ធដោយផ្ទាំងសំពត់ពណ៌ដដែលនេះ ឈរតម្រៀបជាជួរឥតខ្ចោះ នៅចំពីមុខរោងបុណ្យ។
ប៊ុន-ធឿនឈរលាយឡំនឹងពពួកជន មើលទាហានលើកអាវុធគំនាប់ងាកខ្លួន ហើយឈានជើងដើរស្រុះគ្នាព្រិប ដោយមានសក្តិបីបារាំងមួយធាត់ក្រអាញជិះសេះ ហើយធ្វើភ្នែកក្រឡឺតក្រឡាប់យ៉ាងសម្បើម ជាអ្នកបញ្ជា និងដោយភ្លេងត្រែប្រគំបន្ទរផង។
តអំពីនោះមក ប្រជាជនក៏នាំគ្នាប្រជ្រៀតមើលល្បែងផ្សេងៗ ដូចជាចងជើងក្នុងបាវឲ្យរត់ប្រណាំង ឡើងសសរលាបខ្លាញ់ ប្រកួតជក់បារី ។ល។ តែប៊ុន-ធឿនធុញទ្រាន់ពេក ក៏ចុះទៅកំពង់ចម្លង ជិះទូកដរទៅត្រើយខាងកើត ហើយដើរតម្រង់ទៅវត្តពោធិ៍៕

ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ