ផ្ទះនោះទាបប្រក់ស្បូវ ជញ្ជាំងក្តារ សង់លើដីទួលតូច តែស្អាត មានរបងអំពិលទឹកព័ទ្ធជុំវិញ។
ខាងមុខ គឺដងស្ទឹងនៃអាណាខេត្រសិរីសោភ័ណ្ឌ ដែលក្នុងនាឆ្នាំ១៨៦៥នេះ គង្គាហូរគំហុកយ៉ាងខ្លាំង ហាក់សម្តែងសេចក្តីគ្រោតខឹងអំណាចស្ងៀម ដែលសង្កត់សង្កិនយូរមកហើយ។ខាងក្រោយគឺជួរភ្នំស្វាយដែលលាតសន្ធឹងទៅឆ្ងាយទល់នឹងជើងមេឃ។
ក្នុងខ្ទមនៅទៅមាត់បង្អួច មនុស្សម្នាក់អង្គុយផ្អែកខ្នងលើកៅអីផ្តៅធំមួយសម្លឹងមិនព្រិចភ្នែកទៅគេហដ្ឋានមួយទៀត ដែលល្អឆើតឆាយបីដូចវិមាននាឋានសួគា៍ល័យ។
មនុស្សចាស់សក់ស្កូវ ពុកចង្ការស្រមូមសក្បុស ប៉ាន់អាយុប្រមាណចិតសិបប្លាយឆ្នាំ។
មើលរាងកាយ មើលភិនភាគ យើងសន្និដ្ឋានបានថា ពុំមែនជាមនុស្សសាមញ្ញទេ គឺប្រាកដជាមនុស្សពិសេសជាមិនខាន។
គាត់មានសម្បុរទង់ដែង។សម្បុរនេះបង្ហាញជីវិតរបស់គាត់ឲ្យយើងដឹងថា គាត់ពុំមែនជាមនុស្សជិះជាន់គេ ដែលស្រណុកនៅតែក្នុងម្លប់ ចាំតែគេបម្រើឆ្វេងស្តាំនោះទេ។សម្បុរនេះជាសម្បុរមនុស្សលំបាក ហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ជាមនុស្សពុះពារ ប្រឹងប្រែងតស៊ូ មានប្រជែងរកយុត្តិធម៌ និងសុភមង្គលជូនប្រទេសជាតិ និងប្រជាជនខ្មែរយើង។
ហេតុនេះតាចាស់យើងជាមនុស្សមានឧត្តមគតិខ្ពស់!!
ថ្ងាសគាត់ធំទូលាយ។នៅលើថ្ងាសនេះ យើងហាក់មើលឃើញរស្មីនៃការពិសោធធំៗ ដែលបោះបង្គោលដិតជាប់នៅនោះរួច ដែលនាំឲ្យយើងមានសន្តានចិត្តមួយកោតសរសើរដល់គាត់យ៉ាងជ្រាលជ្រៅបំផុត។
កាលយើងគយគន់គាត់ឲ្យយូរបន្តិចទៅទៀត យើងស្ញើបរំភើបនឹងផ្នត់ដែលលាតបន្ទាត់យ៉ាងអង្កាញ់រសាំនៅលើថ្ងាសនោះ។គន្លងផ្នត់ទាំងនោះនិយាយប្រាប់យើងនូវអនុស្សាវរីយ៍ដ៏វិចិត្រផ្សេងៗ ដែលគាត់បានជួបប្រទះក្នុងដំណើរជីវិតរបស់គាត់ មានអនុស្សាវរីយ៍នៃសេចក្តីសប្បាយ អនុស្សាវរីយ៍នៃគ្រាក្រជាដើម។
អនុស្សាវរីយ៍ទាំងនោះជាគំរូនៃជីវិតដែលអាចត្រដាងបានជាខ្សែរឿងមួយយ៉ាងជក់ចិត្តដល់យុវជនដែលស្រឡាញ់ការដើរផ្សងព្រេងសំណាង ដូចវីរជនខ្លះក្នុងប្រលោមលោកធំៗនៃប្រទេសនានាក្នុងសម័យកាលបុរាណ។
ទឹកមុខរបស់តាចាស់យើងមើលឃើញគួរសម្បើម សម្បើមត្រង់គាត់មានថ្គាមខ្លា និងភ្នែកមុត។តែបើយើងធ្លាប់ស្គាល់គាត់ យើងមុខជាស្រឡាញ់គាត់វិញ ពីព្រោះគាត់ជាមនុស្សស្លូត ចិត្តត្រង់ចេះអាណិត ចេះជួយសង្គ្រោះដល់អ្នកក្រីក្រគ្រប់ៗគ្នា មិនថាស្រី ឬប្រុស ក្មេងចាស់ទេ។ម្យ៉ាងទៀត គាត់ជាមនុស្សមានវោហារពូកែ មានប្រាជ្ញាវៃឆ្លាតណាស់ក្នុងការដោះស្រាយ និងមានសតិរឹងប៉ឹងចំពោះឧបសគ្គទាំងពួង។
វិសេសក្លាហាន នេះហើយជាឈ្មោះគាត់។
មេទ័ពជើងចាស់ វិសេសបានចូលបម្រើប្រទេសជាតិជាទាហានក្លាហានតាំងពីខ្លួននៅកម្លោះពេញវ័យនៅឡើយ។ដោយចិត្តស្នេហាមាតុភូមិយ៉ាងជ្រាលជ្រៅ ដោយពលិកម្មមានការលះបង់ក្តីសប្បាយកាមរាគ ល្បែងស៊ីសង ស្រី ស្រាជាដើម ដើម្បីបំពេញកិច្ចការសាធារណៈឲ្យបានហ្មត់ល្អ ដោយសតិសម្បជញ្ញៈ ចេះត្រិះរិះស្គាល់ខុសត្រូវ ដោយមានចិត្តជាមនុស្សសេរី មិនរវល់លុតក្រាបសំពះអង្វរអ្នកណាដើម្បីបុណ្យសក្តិខ្លួន វិសេសក្លាហានបានឡើងបុណ្យសក្តិជាលំដាប់ រហូតដល់បានជាមេទ័ពជាតិទាំងឡាយ។
កាលនៅមានកម្លាំងមាំមួននៅឡើយ វិសេសក្លាហានបានចូលប្រឡូកគ្រប់សង្គ្រាមទាំងអស់ រួចក្នុងសង្គ្រាមនីមួយៗជាមួយយួន ជាមួយសៀមក្តី ជាមួយលាវក្តី វិសេសក្លាហានមានសូរស័ព្ទទាំងសម្លេងឈ្មោះពីរោះ ប្រកបដោយជោគជ័យជានិច្ច។
តែដល់សម័យចូលវ័យជរាពិការនេះ ស្រុកដុនដាប ខ្មែរបែកសាមគ្គី អ្នកកាន់អំណាចខ្មែរមានចិត្តទន់ខ្សោយធ្វើការ គ្មានវិធីសាស្ត្រ អត់បាយ ខ្មាំងចូលរុករានពាសពេញ វិសេសក្លាហានក៏ថយខ្លួនមកនៅក្នុងកូនដែលយើងបានពណ៌នាមកហើយនេះ។
រាល់ថ្ងៃ វិសេសក្លាហានភ្ញាក់ពីព្រលឹម អង្គុយសម្លក់គេហដ្ឋានដែលគាត់មើលឃើញតាមបង្អួចនេះ។
គាត់មានចិត្តទោមនស្សក្រៃពេក។ម្ចាស់គេហដ្ឋានដ៏ស្តុកស្តម្ភនោះឈ្មោះ ព្រះកម្ពុត ។ គឺជាខ្មែរមួយរូបដែរ ដែលបានទៅរៀននៅខាងសៀម រួចបានរលាយជាតិខ្លួនជាជាតិសៀម ភ្លេចនឹកនាដល់អរិយធម៌ខ្មែរ ដល់កត្តិយសខ្មែរ ដល់កិត្យានុភាពខ្មែរសូន្យឈឹង រួចគិតធ្វើបាបដល់រាស្ត្រខ្មែរ មានការចាប់ចង កំហែងគំរាម កេណ្ឌប្លន់ កាប់សម្លាប់គ្នាឯងជាដើម។
តាំងពីព្រះកម្ពុតមកគ្រប់គ្រងអាណាខេត្រសិរីសោភ័ណ តាងនាមរដ្ឋាភិបាលសៀមនេះ ព្រះកម្ពុតរស់នៅក្នុងការសប្បាយ(ស្រី ស្រា ល្បែង ភ្លេងភ្លាត់ច្រៀងរាំ)គ្រប់បែបយ៉ាង ហើយប្រើលទ្ធិផ្តាច់ការលើខ្មែរយើង។ប្រជានុរាស្ត្រក៏បានស្គាល់នូវទុក្ខវេទនាក្រៃពេកឥតមានពេលណាមកប្រៀបដូចបានឡើយ។ម្យ៉ាងទៀត ក្នុងការគ្រប់គ្រងនោះ ព្រះកម្ពុតគិតតែប្រមូលធនធានសម្បត្តិសម្រាប់តែខ្លួនមួយប៉ុណ្ណោះ។
អាស្រ័យហេតុនោះ ចំពោះប្រាសាទដ៏ល្អឆើតដែលវិសេសក្លាហានឃើញនោះ បើអ្នកមើលៗមិនឃើញរឿង មុខជាកោតសរសើរដល់ភ័ព្វសំណាងរបស់ព្រះកម្ពុតមិនខាន។
តែកែវភ្នែកវិសេសក្លាហានមើលប្រាសាទនោះឃើញជាភ្លើង ជាសាច់ ជាឈាម ជាញើស ជាកម្លាំងរបស់ប្រជាជនខ្មែរទៅវិញ។ប្រាសាទហាក់ឈរយ៉ាងក្រអើតដាក់គាត់គ្មានខ្លាច គ្មានអៀនឡើយ។
ដោយគាត់ចាស់ហើយ ដៃគាត់កាន់អាវុធទៀតពុំកើត ជើងគាត់រត់ដើរទៀតលែងបាន មាត់គាត់ប្រាសចាកអស់សម្លេង គាត់ហាក់ឃើញអានុភាពបុរាណរបស់គាត់ទ្រុឌទ្រោម ពីមុខអយុត្តិធម៌របស់ព្រះកម្ពុត។នៅក្នុងទ្រូងក្លាហានមានតែក្នុងចិត្ត កម្លាំងបញ្ញាទេដែលរស់រវើកក្នុងថ្លើមគាត់ ហើយដែលហេតុនាំឲ្យគាត់ចំបែងរាល់ពេលវេលា។
មួយថ្ងៃៗ គាត់សំឡឹងគេហដ្ឋាននោះដោយចេតនាចង់ឲ្យរលាយ ចង់ឲ្យឆេះ ចង់ឲ្យបាត់វិនាសសូន្យឈឹងទៅ។
ប្រាសាទព្រះកម្ពុតហាក់ធ្ងន់លើចិត្តវិសេសក្លាហានអ្វីម៉្លេះទេ ពីព្រោះប្រាសាទនេះសាងលើដីខ្មែរ និងសាងលើស្មារាស្ត្រខ្មែរ។ទឹកភ្នែកពីរតំណក់យ៉ាងល្វីងចត់ហូរធ្លាក់ពីនេត្រវីរបុរសយើង។
ឱ! វិសេសក្លាហានអស់ឬទ្ធានុភាពហើយ។គាត់ជា ខ្លាបាក់ចង្កូម ។យើងមានចិត្តមេត្តាដល់ចាស់ព្រឹទ្ធាចារ្យពិសេសមួយនេះជាពន់ពេក។
សព្វថ្ងៃគាត់គ្មានទ្រព្យសម្បត្តិ គ្មានធនធាន គ្មានបាយបរិភោគគ្រប់គ្រាន់ គ្មានប្រដាប់ប្រដាប្រើប្រាស់សមរម្យ គ្មានខោអាវស្លៀកពាក់គួរសម គ្មានលុយកាក់ចាយវាយ គ្មានភូមិអាករ កំព្រាម្នាក់ឯងគ្មានទីពឹង។រឿងវិសេសក្លាហានផ្ទុយពីរឿងស្នេហាជាតិឯទៀតជាច្រើនរូប។
តែវិសេសក្លាហានពុំមានអារិះចិត្តនឹងឋានៈកំសត់ ទុគ៌តនេះទេ គាត់នឹកថាគាត់អាចបិទភ្នែកស្លាប់ទៅវិញដោយសតិសម្បជញ្ញៈរបស់គាត់នៅស្អាត គ្មានបន្ទោសអ្វីដល់គាត់ឡើយ។គាត់ស្លាប់ទៅវិញបាន ព្រោះផ្លូវដែលគាត់ជ្រើសរើសដើម្បីដើរ គឺផ្លូវថ្លៃថ្នូរប្រកបដោយកិត្តិយសពិតៗ។នឹកដូច្នោះ វិសេសក្លាហានមានទឹកមុខញញឹមយ៉ាងជ្រាលជ្រៅឡើងវិញ។
ក្នុងពេលនោះ ស្រីម្នាក់ចូលមកសម្អាតតុទូ។គឺជាមនុស្សម្នាក់អាយុប្រមាណជាងសែសិបឆ្នាំ។នាងនោះបើកទូឮក្រោក។វិសេសក្លាហានភ្ញាក់ខ្លួនព្រើត នៅស្ងៀមមួយស្របក់ ទើបមានវាចាសួរថា៖
- អ្នកណា? ភួងឬ?
- ចាស៎! ខ្ញុំ។
- ភួង! តើទេវីកូនស្រីខ្ញុំទៅណាហើយ?
នាងទាសីលុតជង្គង់ពីក្រោយខ្នងវិសេសក្លាហាន ឆ្លើយយ៉ាងគោរពវិញថា៖
- ចាស៎! នាងទៅបេះផ្កាក្រោយផ្ទះហើយ ពីព្រោះថ្ងៃនេះជាថ្ងៃសីលផង។
- កាលណាវាមកវិញ?
- ចាស៎! ជម្រាបប្រសាសន៍ ប្រហែលជាមិនយូរប៉ុន្មានទេ…
នាងរង់ចាំពាក្យអ្វីទៀតដែលឥតឮសោះ។នាងក៏បន្តការជូតតទៅទៀត ត្រាតែជ្រះស្រឡះទើបត្រឡប់ទៅក្នុងវិញបាត់ទៅ។រីឯវិសេសក្លាហាន កាលនិយាយទៅដល់ឈ្មោះកញ្ញាទេវី ជាបុត្រី ចិត្តស្នេហាបុត្រយ៉ាងខ្លាំងរត់ចូលឈៀបមកដល់ក្នុងបេះដូងគាត់។ទឹកមុខស្ងួតពីមុនមក ក៏ប្រែក្លាយជារីករាយប្រិមប្រិយទៅវិញ។រូបវលក្ខណ៍កល្យាណលេចធ្លោចេញមកក្នុងមនោគតិរបស់គាត់។គាត់ហាក់ឃើញស្រីឆោមសាច់សល្អផូរផង់ ថ្ពាល់ខួច មុខស្រស់ ភ្នែក និងបបូរមាត់មានសម្ផស្ស ចង្កេះរៀវ ដំណើរសមសួន ល្អផុតនារីទាំងពួង។
ក្នុងពេលដ៏ខ្លីនោះព្រលឹងវិសេសក្លាហាន អណ្តែតទៅបបោសអង្អែលរូបទេវីជាបុត្រីទើបមានអាយុ១៨ឆ្នាំគត់។សន្តានចិត្តអាណិត អាណិតយុវតីមួយយ៉ាងគ្រលួចក៏ឈានជំហានមកប្រជែងកន្លែងសេចក្តីស្នេហានៃបុត្រីដែលមានអម្បាញ់ម៉ិញនេះ។
ភ័ព្វសំណាងអ្វីក៏អាក្រក់ម៉្លេះ កញ្ញាដ៏ល្អវិចិត្រនេះម្តេចមកកើតចំអន្លង់ធំឮសូរឃូរ។ទៅថ្ងៃមុខ គាត់ពុំដឹងថាស្ត្រីឧត្តម រងទុក្ខវេទនាឬយ៉ាងណាទេ? ពុំដឹងជានាងទៅពឹងពាក់នរណា? ឱ! អនាគតគ្មានអ្វីទៀតសោះ។នាងជារូប ជាទីព្រលឹង ជាទីសង្ឃឹមរបស់គាត់។ថ្ងៃជាថ្ងៃសីល នាងទៅបេះផ្កា នាងល្អដូចជាផ្កាកំពុងរីក នាងក្រអូបដូចផ្កា។នាងថ្វាយបង្គំព្រះ ដៃនាងប្រណម្យ ជីវិតរបស់នាងរស់តែក្នុងធម៌ ក្នុងមេត្តា ក្នុងកុសល។នាងមានសម្តីផ្អែមពីរោះ ពុំដែលចេះខឹងរហូតទៅដល់ជេរស្តីនរណាឡើយ។
ដោយផ្ទាំងអនាគតលោតត្រដាងឡើងពុំបានរុងរឿងសោះ នោះវិសេសក្លាហានមានទុក្ខព្រួយបារម្ភយ៉ាងខ្លាំង។ គាត់នឹកថា ទៅថ្ងៃមុខ អ្នករួមសុខទុក្ខជាមួយកញ្ញាទេវី គឺប្រាកដជានាងភួង ពីព្រោះនាងភួងជាទាសីដែលបានបំបៅដោះនាងទេវី។នាងភួងស្រឡាញ់នាងទេវីដូចជាកូនបង្កើត។នាងភួងពុំដាច់ចិត្តទៅណាចោលនាងទេវីសោះ ហើយព្រមរស់ដោយលំបាកជាមួយនាង ដើម្បីជួយមើលថែរក្សានាង ដើម្បីបានមើលមុខនាង។ ដោយនឹកឃើញដូច្នោះ វិសេសក្លាហានអាណិតនាងភួងក្រៃពេក រកវត្ថុអ្វីមកប្រៀបផ្ទឹមស្មើគ្មាន៕
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ