នៅលេខនេះ ខ្ញុំសូមលើកយកបទពិសោធន៍ពីការប្រមូលផល និងរក្សាទុកមើមខ្ទឹមបារាំងឲ្យបានយូររបស់លោកពូ គ្ហន ជាកសិករវៀតណាម រស់នៅសង្កាត់លេខ ៤ ក្រុងដាឡាត់ ប្រទេសវៀតណាម មកបង្ហាញជូនដើម្បីទុកជាគំនិតសំរាប់កសិករយើងដែលប្រកបរបរដាំ ខ្ទឹមបារាំង ដូចខាងក្រោម:
១) បច្ចេកទេសនៃការប្រមូលផល
ធម្មតា ខ្ទឹមបារាំងគេប្រមូលផលនៅពេលដែលវាមានអាយុពី ៣ ទៅ ៤ ខែ ក្រោយពីដាំហើយ នៅពេលនោះគេសង្កេតឃើញថាដើម (ស្លឹក) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក ទើបគេចាប់ប្រមូលផល ។ តែបើស្លឹករបស់វា (ដើម) នៅត្រង់យើងមិនអាចប្រមូលផលបានទេ ព្រោះខណៈពេលនេះខ្ទឹមបារាំងនៅមានជាតិទឹកច្រើន យើងមិនអាចរក្សាទុកបានយូរទេ ។
២) ការសំអាតក្រោយពេលប្រមូលផល
ក្រោយពេលប្រមូលផលហើយ មិនត្រូវយកមើមទៅលាងទឹកទេ ត្រូវទុកទាំងជាប់ដីតិចៗ ហើយកាត់ឫសចេញខ្លះ លៃយ៉ាងណាកុំឲ្យកាត់ទៅដល់គល់ឫស ។ បើយើងកាត់ដល់គល់ឫស ការរក្សាទុកក៏មិនបានយូរដែរ វាឆាប់រលួយមើម ។
៣) ការជ្រើសរើសមើម
ក្រោយពេលសំអាត គាត់ជ្រើសរើសមើមណាដែលល្អទុកម្តុំ ចំពោះមើមណាដែលកាត់ហើយមានជាប់ដើម (បណ្តូលស្លឹក) ដែលមានពណ៌លឿង ឬមើមណាដែលចង់រលួយ ជាពិសេសយើងសង្កេតឃើញថាមិនសូវល្អត្រូវជ្រើសរើសដាក់ម្តុំ ដើម្បីបញ្ចេញលក់ឲ្យទាន់ពេលវេលា ។ ព្រោះបើសិនជាយើងមិនបានជ្រើសរើស ហើយរក្សាទុកវាលាយគ្នា នាំឲ្យខូចគុណភាពដល់មើមដែលល្អទៀត ។
៤) ដារសង់រោងសំរាប់ស្តុកទុកមើម
ចំពោះការស្តុកទុក គាត់បានសង់រោងមួយប្រក់ដោយស្លឹក និងមានជញ្ជាំងស្លឹក ហើយចំហទ្វារសងខាងដើម្បីឲ្យមានខ្យល់ចេញចូល ។ នៅក្នុងរោងមានធ្វើធ្នើរ ៣ ជាន់ ធ្នើរធ្វើពីរនាបឫស្សី ។ ចន្លោះពីធ្នើរមួយទៅមួយប្រវែងពី ៧ តឹក ទៅ ១ ម៉ែត្រ ដើម្បីឲ្យស្រឡះ និងមានខ្យល់ចេញចូលល្អ។
៥) ការថែទាំនៅពេលស្តុកទុក
នៅពេលស្តុកមើមខ្ទឹមបារាំងទុក ត្រូវដាក់មើមពង្រាយជៀសវាងដាក់មើមគរលើគ្នា ហើយឧស្សាហ៍ទៅពិនិត្យមើល ប្រសិនបើមានឃើញមើមណារលួយត្រូវដកវាចេញ ព្រោះថាបើយើងមិនធ្វើដូច្នេះទេនាំឲ្យមើមរលួយទាំងអស់ ។ ការចុះទៅត្រួតពិនិត្យនៅកន្លែងស្តុករយៈពេល ៣ ថ្ងៃម្តង ។
តាមបទពិសោធន៍របស់លោកពូ គ្ហន បានឲ្យដឹងថា នៅពេលដែលគាត់មិនទាន់បានទទួលការអប់រំបច្ចេកទេសគាត់រក្សាទុកតាម ទំលាប់ បាត់បង់ទិន្នផលអស់ ៣០ ភាគរយ ។ ប៉ុន្តែក្រោយពីបានទទួលការអប់រំមក ទិន្នផលបាត់បង់តែ ១៥ ភាគរយ ប៉ុណ្ណោះ ក្នុងរយៈពេល ៣ទៅ៤ខែដូចគ្នា។ ការរក្សាទុកយូរនេះ គឺដើម្បីឲ្យតំលៃខ្ទឹមបារាំងឡើងខ្ពស់បន្តិច ព្រោះបើយើងប្រមូលផលភ្លាមលក់ភ្លាមនាំឲ្យតំលៃខ្ទឹមបានថោក ព្រោះជារដូវប្រមូលផល ខ្ទឹមត្រូវចាល់ ។
សរុបមក បច្ចេកទេសនៃការប្រមូលផល និង រក្សាទុកដាក់ក្រោយពេលប្រមូលផលសំខាន់ៗ មាន :
- ប្រមូលផលនៅពេលដែលខ្ទឹមមានអាយុពី ៣ ទៅ ៤ ខែ និងពេលដែលយើងសង្កេតឃើញថាស្លឹករបស់វាបាក់នៅត្រង់កន្លែងក្បែរគល់ ។
- ត្រូវសំអាតខ្ទឹមក្រោយពេលប្រមូលផល ដោយកាត់ឫសចេញខ្លះ តែកុំកាត់ឲ្យដោយគល់ឫស និងកុំលាងទឹកនាំឲ្យការរក្សាទុកមិនបានយូរ ។
- ក្រោយពីកាត់សំអាតឫសហើយ ត្រូវជ្រើសរើសមើមដែលល្អទុកមួយផ្នែក និងមើមដែលយើងសង្កេតឃើញថាមិនល្អ ដូចជាបណ្តូលដើមមានពណ៌លឿង មើមចង់រលួយទុកមួយផ្នែក ដើម្បីបញ្ចេញលក់ឲ្យបានឆាប់រហ័ស ។
- ចំពោះមើមល្អៗ ត្រូវរក្សាទុកនៅលើធ្នើរប្រក់ដំបូល និងមានខ្យល់ចេញចូល ។
- ក្នុងការស្តុកទុក ត្រូវពង្រាយមើម មិនត្រូវដាក់មើមគរលើគ្នាទេ នាំឲ្យហប់ខ្យល់ឆាប់រលួយ ។
- ពេលស្តុកមើមទុក ត្រូវឧស្សាហ៍វែកត្រួតពិនិត្យមើលមើមណារលួយឆាប់ដកចេញ ដើម្បីកុំឲ្យរាលដាលដល់មើមដទៃទៀត ( ការចុះត្រួតពិនិត្យ ២ ទៅ ៣ ថ្ងៃម្តង ) ។
ដូច្នេះ បើបងប្អូនកសិករដែលមានបំណង ចង់រក្សាទុកខ្ទឹមបារាំងឲ្យបានយូរ សូមសាកល្បងនូវបច្ចេកទេសដូចខាងលើ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព៖itcambo.com