រឿងមនុស្សលោភ

ដំនើររឿង
កាល​ពី​ព្រេងនាយ​មាន​កុមារី​ម្នាក់​អាយុ១៤ឆ្នាំ​ ត្រូវម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំលូង។ ក្មេង​នោះ​រៀប​ចប​រួច​ស្រេច​ចេញ​ដើរ​ទៅ​រក​ដំលូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​ជ្រៅ ។ កុមារី​នោះ​ទៅ​ជីក​ដំលូង​នៅ​ជើង​ដំបូក​នោះ​របូត​ផ្លែ​ចប ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​នោះ​មិន​ដឹង​ធ្វើ​ដូចម្ដេច​ក៏​ស្រែក​ប្រកាស​ថា “លោក​ណា​ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក” ។ ស្រែក​តែ​ប៉ុណ្ណោះ មាន​ខ្លា​ចាស់​មួយ​ដំបៅ​ក្បាល​រុយ​រោម​បែង​ដង្កូវ​ចុះ​គក្រិច ចេញ​មក​ពី​ក្នុង​ព្រៃ​ប្រាប់​ទៅ​នាង​នោះ​ថា “នាង!​តាយក​ឲ្យ​បាន ផ្លែ​ចប​នោះ តែ​បើ​តាយក​បាន​គ្រាន់​តែ​នាង​ឯង​រក​ចៃ​ឲ្យ​តា ហើយ​តា​មិន​ចាំបាច់​យក​គុណ​ពី​ចៅ​ទេ” ។
នាង​ឮ​ដូច្នោះ ក៏​និយាយ​ថា “ឱ​លោកតា​អើយ! ឲ្យ​តែ​លោកតា​ជួយ​យក​ឲ្យ​បាន​ចុះ” ។ ខ្លា​នោះ​យក​ផ្លែ​ចប​បាន​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង​នោះ ហើយ​ឲ្យ​នាង​នោះ​រក​ចៃ​ឲ្យ ។ នាង​នោះ​យក​បន្លា​មក​ឆ្កិះ​ដង្កូវ​នៅ​ដំបៅ​ក្បាល​ខ្លា​នោះ ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ថា “នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?” ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តេ​នាង​នោះ​ឆ្លើយ​ទៅ​វិញ​ថា “ក្រអូប​ណាស់​លោកតា” ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ចេះ​តែ​ថា​ក្រអូប ។ លុះ​ឆ្កិះ​ដង្កូវ​អស់​ទៅ ខ្លា​នោះ​បាត់​ឈឺ​បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​នោះ​ថា នាង! នាង​យក​ជាល​មួយ​មក ​តា​នឹង​ដាកដំលូង​ឲ្យ” ។ នាង​នោះ​យក​ជាល​មួយ​មក​ឲ្យ​ខ្លាៗ ដាក់​សុទ្ធ​តែ​មាស​ប្រាក់​ពេញ​ជាល​នោះ ចង​មាត់​ជាល​ជាប់ ឲ្យ​ទៅ​នាង​នោះ​រួច​ប្រាប់​នាង​ថា “នាង! នាង ​យក​ជាល​នេះ​ទៅ​ផ្ទះ​ហៅ​បង​ប្អួន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត​សឹប​បើក​មើល ។ នាង​នោះ​លា​ខ្លា​ដើរ​ទៅ​ដល់​ផ្ទះ ហៅ​បង​ប្អូន​មក​ជុះ រួច​ក៏​បើក​ជាល​នោះ ដល់​បើក​ទៅ​បាន​សុទ្ធ​តែ​មាស​នឹង​ប្រាក់​ចែក​គ្នា ។
លុះ​យូរ​បន្តិច​ដឹង​ទៅ​ដល់​ស្រី​ឯ​ទៀត ដែល​មាន​កូន​ក្រមុំ​ស្រី​នោះ​បញ្ចោរ​កូន​ក្រមុំ​ថា “ហង​ឯង​មើល​កូន​គេៗ ទៅ​ជីកដំលូង​បាន​មាស​ប្រាក់​យក​មក​ចែក​បង​ប្អូន​គេ ហង​ឯង​ទៅ​ជីក​ដំលូងបាន តែ​ដំឡូងគ្មាន​បាន​ខ្មោច​អ្វី​ទេ” ។ ថ្ងៃ​ក្រោយ​ស្រី​នោះ​ឲ្យ​កូន​ទៅ​ជីក​ដំលូង​ដូច​នាង​នោះ​ទៀត លុះ​ទៅ​បាន​ជួប​ប្រទះ​នឹង​ខ្លា​មុន​ទៀត ក៏​ជ្រើ​ជា​ជ្រុះ​ចង​ដូច​នាង​មុន​ហើយ​ថា “លោក​ណា​យក​ចប​ឲ្យ​ខ្ញុំ​ៗ​នឹង​សង​គុណ​លោក” ។ ខ្លា​នោះ​ឮ​ហើយ​ក៏​មក​យក​ឲ្យ រួច​ឲ្យ​នាង​នោះ​ចាប់​ដង្កូវ​ឲ្យ ។ ខ្លា​សួរ​ដូច​ពី​មុន​ថា “នាង! ដំបៅ​តា​ស្អុយ ឬ​ក្រអូប?” ។
នាង​នោះ​ឆ្លើយ​ថា “ស្អុយ​ណាស់” ។ ខ្លា​ឮ​ដូច្នោះ “នាង​យក​ជាល​មួយ​មក​តា​នឹង​ដាក់​មាស​ប្រាក់​ឲ្យ” ។ នាង​យក​ជាល​ឲ្យ​ខា្លៗ​ដាក់​សុទ្ធ​តែ​ពស់​វែក​ដាក់​ពេញ​ជាល​ហើយ​ឲ្យ​ទៅ​នាង​នោះ​ប្រាប់​ថា “នាង​យក​ទៅ​ផ្ទះ​ហៅ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត សឹម​បើក” នាង ​នោះ​ទៅ​ដល់​ផ្ទះ​ហើយ​ប្រាប់​ម្ដាយ ម្ដាយ​អរណាស់​ឲ្យ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​បើក​ចាល​មើល ពស់​វែក​ចេញ​មក​ចឹក​មនុស្ស​ទាំង​នោះ​ស្លាប់​អស់​ទៅ ។
ចចើងចង់លោភ រែងបាត់ធនទៅ
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ