បាណ្ឌវក្សត្រិយ៍ បងប្អូនទាំងប្រាំអង្គ ព្រមដោយទ្រៅបទីទេវី ត្រូវគេនិរទេសចាកភារា ក៏ស្ដេចនាំគ្នាលីលាចាកក្រុងសន្សឹម ៗ ទៅបែរព្រះភក្ដ្រឆ្ពោះសំដៅអារញ្ញប្រទេសដែនព្រៃ ព្រះភក្ដ្រស្លក់ស្លាំង ព្រះឱសស្ងួតក្រៀម ព្រះនេត្រអាប់ឥតរស្មី អ្នកដែលប្រទះឃើញស្ដេចតាមផ្លូវ តាមព្រៃ ក៏ដកដង្ហើមធំរាល់ ៗ គ្នា ស្ដេចនាំគ្នាយាត្រាតត្រុកទៅមិនមានចរចា ហាក់ដូចជាថា បើព្រះឱស្ឋចេញទៅសោត ក្រែងហួសកម្លាំង ហឫទ័យនឹងទទួលទ្រាំទ្របាន នៅវេលាមួយនោះ ទើបមួយអង្គក្នុងពួកនោះ មានបន្ទូលចេញមកថា អរជុនក្នុងរវាងនេះទៅទល់នឹងវេលាដែលខ្ញុំបានឃើញក្បាលទុរយោជន៍ដោតនៅចុងព្រះសែងធួននេះ ខ្ញុំនឹងមិនបាននូវសេចក្ដីស្ងប់នឹងសុខជាដាច់ខាត ។ សហទេព ក៏គិតឃើញប្រហែលគ្នា ទើបឆ្លើយឆ្លងសំដីប្រណិធានរបស់ខ្លួនទៅថា ខ្ញុំនឹងមិនតម្លោះធ្នូនេះ ត្រាតែព្រួញធ្នូនេះបានស៊ីសាច់ផឹកឈាម អាចោរកំណាច អម្បាលនោះជាមុនសិន ។ អង្គទីបួន នឹកក្ដៅក្នុងព្រះហឫទ័យណាស់ ចង់ពោលពាក្យសម្បថទុកជាច្រើនយ៉ាង ទើបលើកព្រះហស្ថដ៏មាំឡើងពោលថា ដៃនេះនឹងមិនសម្រាកឲ្យសប្បាយ ត្រាតែលាងអាពួកកំណាចចិត្តទមិឡ ឲ្យរលីងទៅអំពីផែនធរណី ។ ចំណែកឯយុធិស្ឋិរ មិនត្រាស់ថាដូចម្ដេចឡើយ ដាក់ព្រះភក្ដ្រស្រងូត ខណៈដែលអនុភាពតាំងសេចក្ដីបំណងទុកផ្សេង ៗ គ្នា ព្រះអាការមើលទៅស្រងូត ពេញទៅដោយសេចក្ដីជញ្ជឹងដូចជាមិនដឹងជាមានហេតុការណ៍អ្វីខាងក្រៅ ចំពោះដឹងតែហេតុក្នុងចិត្តប៉ុណ្ណោះ ស្ដេចដំណើរទៅតាមមាគ៌ា ព្រះសិរឱនក្រងុលរុលតែទៅមុខនឹងក្រឡេកមើលនាយអាយសោះ ព្រះភក្ដ្រជោកទៅដោយអស្សុជល យូរ ៗ ក៏ដកដង្ហើមធំម្ដង ។ ឯទ្រៅបទីទេវីសោត មើលទៅមុខគួរអាសូរជាងស្ដេចប្រុស ៗ អស់នោះ នាងទ្រង់សំពត់អំបោះ មិនទ្រង់សំពត់អំបោះ និងទ្រង់សំពត់ព្រែដូចស្ដេចស្រីក្នុងព្រះនគរ ព្រះកេសារបស់នាងវែងសំយាកលើស្មាព្រះនេត្រាគយគន់មើលតែទៅដី មិនងើបងើយងាកមើលទៅទីដទៃ ហាក់បីដូចជាថា សេចក្ដីអាម៉ាស់មុខដែលនាងបានទទួលមកសង្កត់ព្រះហឫទ័យមិនអាចនឹងមើលទៅទីដទៃបាន តែខំមើលក៏នឹងទ្វេចំនួនច្រើនឡើង ។ នាងដើរហាលកំដៅថ្ងៃជារាល់ទិវា ឥតមានវេលាណាដែលហៅស្រួល ត្រូវតែកំដៅសូរ្យរង្សីគ្មានអ្វីបិទបាំងព្រះសិរ ឲ្យស្រន់អក់ក្ដៅក្នុងអង្គ ភក្ដ្រផង់របស់នាងត្រូវខ្យល់បក់បោកមកតាមផ្លូវ ក៏ក្រៀមក្រស់អស់រាសី លុះចូលវេលាសន្ធិយារាត្រីកាលណា ទឹកសន្សើមក៏ធ្លាក់បំព្រំបីដូចជាស្រប់ស្រោចភក្ដ្រនាង ហូរហៀររហាមលាយគ្នានឹងអស្សុជលធារា នាងខំយាត្រាតាមព្រះភស្ដាមុខគួរវេទនាមាល្បាយ ។ ដើរផ្លូវទៅគ្រានោះ កាលកន្លងទៅក៏ច្រើនទិវារាត្រីក្នុងទីបំផុត ក៏បានដល់ព្រៃធំ ១ ឈ្មោះថា កនកវ័ន ក្នុងព្រៃនោះងងឹតណាស់ណា នាំឲ្យទ្រង់សម្គាល់ទៅថា យប់សន្ធិយាមកដល់ឆាប់ខុសប្រក្រតី ដើមប្រឹក្សាក្នុងព្រៃនោះដុះដិតជិតគ្នា កម្រព្រានព្រៃណានឹងជ្រៀតជើងចូលទៅបាន នរណាមួយឈានចូលទៅហើយ ដែលមិនត្រូវបន្លាមុត – ធ្ពក់ ឬប៉ាស់នឹងដើមឈើនោះគ្មានដែលលំបាកជាងនេះទៅទៀត ក៏គឺផ្លូវក្នុងព្រៃនោះពេញទៅដោយដុំថ្ម ធំតូចរដិបរដុបទំគិច ជំពុបប៉ះព្រះបាទក្សត្រិយ៍ បងប្អូនអម្បាលនោះរហូតទៅ ជួនកាលជជ្រុលជជ្រកបោកប៉ះទៅលើឈើ លើថ្ម ជួនកាលក៏ភ្លាត់ធ្លាក់ទៅក្នុងជង្ហុក ព្រះបាទដែលទន់ត្រសូលរាល់ ៗ អង្គ ក៏ដាច់ដោចរលាត់ជាំដាំខ្ទេចខ្ទីមិនមានទីស្រួលត្រង់ណា ទោះបីម៉្លោះក្ដី ព្រៃធំត្រឈៃនោះបានជាទីអាស្រ័យម្លប់មួយយ៉ាងមិនត្រូវកំដៅថ្ងៃចែងចាំង ព្រោះបាំងទៅដោយស្លឹកឈើតែទាំងពីរយ៉ាង កម្រនឹងវិនិច្ឆ័យទៅថាយ៉ាងណាលំបាកជាងយ៉ាងណា ព្រោះកំដៅថ្ងៃក៏ដុតកំដៅកាយឲ្យក្រៀមក្រស់អាប់អស់រាសី បន្លាសោតក៏មុតធ្ពក់រលាត់ដាច់សាច់ចេញឈាម ។ ទីនោះតែព្រលប់ព្រិល ៗ ក៏ងងឹតដូចជាយប់ជ្រៅទៅហើយ រាត្រីសត្វក៏ចេញចាកអំពីទីលំនៅយាសយំទ្រហឹង តាមភេទភាសា គោចររកស៊ីលក្នុងព្រៃធំសំសាន បាណ្ឌវក្សត្រិយ៍ត្រូវគេនិរទេសចាកនិវេសន៍វាំងជ័យ តោងដើរព្រៃមកដល់ត្រង់នេះ តោងប្រទះនឹងភ័យក្នុងព្រៃមុខគួរស្ញែងនេះម្ដងទៀត ត្រង់ផ្លាស់ប្ដូរគ្នាទៅចាំយាម ប្រយ័ត្នការអន្តរាយឲ្យរាល់ ៗ អង្គ មានវេលាផ្ទំសម្រាកព្រះកាយបានមួយស្របក់ ៗ មួយអង្គគ្រាន់មានកម្លាំងនឹងចេញដើរទៅពីព្រលឹម ផ្ទំបន្តិចបន្តួចយ៉ាងគេរត់ភ័យបានធ្វើរត្តិសម័យឲ្យកន្លងទៅរហូតដល់ភ្លឺដោយប្រការដូចនេះ ។ លុះព្រឹកឡើង បាណ្ឌវក្សត្រិយ៍នៅនិទ្រានៅឡើយ ព្រោះក្នុងអរញ្ញប្រទេសនោះងងឹតសូន្យសុង គ្មានពន្លឺលេចចូលទៅប្រាប់ម៉ោងវេលា មិនឃើញខែមិនឃើញផ្កាយ ជាគ្រឿងសម្គាល់ឲ្យដឹងរាត្រីកាល ថាគោចរទៅហើយបានប៉ុណ្ណេះប៉ុណ្ណោះ យាមប៉ុណ្ណេះយាមប៉ុណ្ណោះនាឡិកា សង្កេតដឹងបានតែដោយអាស្រ័យសម្លេងសត្វព្រៃ បាណ្ឌវក្សត្រិយ៍ដើរដេកនៅក្នុងព្រៃនកវ័ននោះ ទំរាំតែលេចចេញវាលក៏ច្រើនទិវារាត្រីតែជាប៉ុន្មានយប់ប៉ុន្មានថ្ងៃទ្រង់ចាំមិនបាន ព្រោះនឿយយ៉ាកលំបាកព្រះកាយពលដោយត្រេចវិលវល់ក្នុងព្រឹក្សព្រៃអស់កម្លាំងល្ហិតល្ហៃ ព្រះហឫទ័យស្ញុលទៅតាមគ្នា ទាល់តែភ្លេចគិតនឹកដល់រឿងថ្ងៃ-ខែដែលកន្លងទៅ ដែលចាំបានខ្លះក៏ស្រពិចស្រពិល ។ ថ្ងៃនោះ ទ្រង់តើនឡើងហើយ ក៏នាំគ្នាដើរឆ្ពោះសំដៅទៅទិសលើ មានមួយថ្ងៃនោះ ក៏ទៅដល់ជាយព្រៃ ទៅដល់ដោយមិនទាន់ដឹងខ្លួន បានឃើញពន្លឺឆ្លុះមកខាងមុខក្នុងរយៈឆ្ងាយប្រហែលគ្នានឹងពន្លឺដែលឆ្លុះចូលទៅក្នុងអណ្ដូងដ៏ជ្រៅ ទ្រង់មានសេចក្ដីសង្ឃឹម និងធូរក្នុងហឫទ័យតែរាល់ ៗ អង្គ ក៏នាំគ្នារូតរះដើរសំដៅទៅត្រង់ពន្លឺនោះ មួយស្របក់ក៏ចេញផុតអំពីព្រៃធំ ទៅដល់ទីដែលឃើញពន្លឺអំពីចម្ងាយ ទីនោះជាទីវាលខ្សាច់ធំ ឥតមានព្រឹក្សាសូម្បីមួយដើមដុះនៅទីនោះសោះឡើយ ការដែលនឹងដើរកាត់វាលខ្សាច់ទៅនោះ ជាការលំបាកមិនតិច នឹងទៅបានក៏តែសត្វឱដ្ឋដែលជាសត្វធន់ធា សម្រាប់បាណ្ឌវក្សត្រិយ៍ ឃើញជាលំបាកជាងដើររុករុលក្នុងព្រៃទាំងដប់ភាគជាប្រាកដ ព្រោះថាទ្រង់មានរាងកាយទន់ល្វេងល្វើយស្បើយកម្លាំងដោយដើរផ្លូវមកជាយូរថ្ងៃណាស់ហើយ កំដៅថ្ងៃសោតក៏ក្ដៅដល់ទីនឹងដាក់ជើងសម្ផស្សដីស្ទើរពុំបាន លំបាកជាងដើរក្នុងព្រៃទាំងដប់ភាគ ពន្លឺព្រះអាទិត្យដែលចាំងមកត្រូវគ្រួស ឬថ្មតូច ៗ ក៏បែងចែកជារស្មីឆ្លុះព្រាត ៗ ចាំងចូលក្នុងចក្ខុបីដូចជាកញ្ចក់ត្រូវរស្មីព្រះអាទិត្យ ធ្វើឲ្យងងឹតព្រិលដើរពុំបាន សេចក្ដីក្ដៅធ្វើឲ្យស្ងួតកស្រេកទឹក ឯរឿងទឹកផឹកក្នុងទីនោះក៏រកគ្មានឃើញទំនងថានិងមានត្រង់ណាសោះឡើយ ទ្រង់សម្គាល់ក្នុងព្រះហឫទ័យថា មុខជានឹងដួលដាច់ខ្យល់ស្លាប់ ក្នុងកណ្ដាលវាលនោះជាមិនខាន ព្រោះអស់ព្រះកាយពលល្ហិតល្ហៃពេញបន្ទុកមកហើយ ក្រែងនឹងលើកជើងឈានដើរទៅទៀតពុំរួច ដើមព្រៃព្រឹក្សារ៉ុយ ៗ ដែលមាននៅទៀបទីនោះសោត ក៏មិនជាទីត្រជាក់ដូចក្នុងព្រៃធំ ព្រះពាយបក់បោកដោយទាំងកំដៅថ្ងៃ មកប៉ះពាល់ភក្ដ្រស្ងួតក្រៀម ក៏រឹបវឹបតែក្រំក្រៀមស្ងៀមណាស់ទៅទៀត ទោះបីម៉្លោះក្ដីទ្រង់ក៏បបួលបងប្អូនព្យាយាមដើរឆ្លងវាលខ្សាច់ ឬហៅថា ទន្លេខ្សាច់ទៅទាល់តែព្រលប់ទៀបយប់អស្ដង្គត វេលានោះទ្រង់បានឃើញអាស្រមមួយខ្នងតូច មានព្រៃឈើនឹងស្រះទឹកថ្លានៅជាខាងកើតជាទីត្រជាក់ត្រជុំសប្បាយ ល្មមនឹងបំបាត់ទុក្ខវេទនាដែលនឿយព្រួយមកតាមមាគ៌ាបានខ្លះ ទើបទ្រង់ដើរចូលទៅកាន់ទីនោះសំចតនៅក្នុងអាស្រម នឹងអាស្រ័យទឹកនៅក្នុងស្រះនោះគ្រាន់នឹងរក្សាជីវិតទុក ១ គ្រាសិន ។ អាស្រមនោះ តាំងនៅក្នុងញកភ្នំហិមាល័យ បាណ្ឌវក្សត្រិយ៍តាំងព្រះហឫទ័យនឹងអាស្រ័យនៅក្នុងអាស្រមនេះរហូតកាល ១២ ឆ្នាំ តាមកំណត់និរទេស មានភ្នំបែបជាបរិវារព័ទ្ធជុំវិញ ពាសពេញទៅដោយប្រឹក្សាលតាជាតិផ្សេង ៗ ជាដង្គុមត្រសុំត្រសាយសាខា ជារយ៉ារំយោលយោងយោនមានទាំងស៊ុំទ្រុមគុម្ពឈើស្លឹកជិតងងឹតសូន្យសុង មុខគួរខ្លាចព្រឺព្រួច ព្រៃនោះឯងធម្មជាតិតាក់តែងឡើង ដូចនេះ មិនដែលមាននរណាអាចឈានជើងចូលទៅកាប់កាត់ឈើព្រៃនោះសោះឡើយ តាំងពីណា ៗ មកហើយ មិនដែលឮសម្លេងមនុស្សណាមួយ ដើរចូលទៅវីវរក្នុងមហាវ័ននោះដល់ម្ដងឡើយរាល់ ៗ រដូវ ព្រៃព្រឹក្សានោះចេះតែលូតលាស់ខៀវស្រស់ជាធម្មតា គួរជាទីទស្សនានៃអ្នកដែលបានទៅយង់យល់ ឬម្យ៉ាងវិញទៀត គួរហៅថាជាទីត្រជាក់ភ្នែក ក្នុងគិម្ហរដូវក៏មិនសុវក្ដៅពេក ក្នុងហេមន្តរដូវក៏មិនសូវរងារណាស់ តែយកស្រួលបំផុតក្នុងវស្សន្តរដូវត្រូវភ្លៀងធ្លាក់ជាទីត្រេជាក់ត្រជំជាងរដូវទាំងពួង មេឃមីរបិទបាំងសូរិយាកាស រមែងឲ្យកើតស្រទំស្រទន់ត្រជាក់អាកាសធាតុ ទាំងម្លប់ដោយស្លឹកព្រៃព្រឹក្សាជាតិអំបាលនោះបាំងខាំងខណ្ឌមួយជាន់ទៀត ក៏រីតតែធ្វើឲ្យត្រជាក់ផែនពសុធា មានទាំងសន្សើមនឹងទឹកភ្លៀងធ្លាក់រៀង ៗ រ៉ុយ ៗ ប្រប្រុយចុះមក ប្រស់ព្រំលើគុម្ពឈើតូចធំទាំងឡាយ ត្រិណជាតិបានទទួលសេចក្ដីត្រជាក់ត្រជុំនៃធម្មជាតិ ក៏លូតលាស់ខៀវស្រស់ងងឹតដាសទៅទាំងផ្ទៃធរណី មើលទៅគួរជាទីទស្សនា កល់បីដូចជាព្រំចៀមធំដែលបុគ្គលយកទៅក្រាលទុកនៅទីនោះ មានទាំងហ្វូងសត្វចតុប្បាទយំគឹកកងរំពងព្រៃ ច្រឡំលាយទៅដោយសម្លេងបក្សីយំច្រេវច្រាវអឹងអាប់ទាំងផែនវនាល័យ ពន់ពីនោះមានទាំងជ្រលងដងអូរ ទឹកហូរចុះទៅតាមចន្លោះថ្ម ឮសន្ធឹកឈូ ៗ ឆរ ៗ ដោយអន្លើ ៗ ទីខ្លះក៏ហូរចាក់ទៅប៉ះលើផែនសិលាខ្ទាតគ្រាប់ប្រប្រុយហុយជាផ្សែង ជួនកាលហូរប៉ះទៅលើផែនថ្ម ហើយហូរចូលទៅភ្លាំង ៗ ភ្លុង ៗ ច្រស់ខូងជាអន្លង់និងរអាង ផុតពីនោះទៅក៏ហូរសាចរាចជ្រួតជ្រាបទៅតាមគុម្ពឈើ គល់ព្រឹក្សាទាំងឡាយសម្រាប់ជប់លៀងព្រឹក្សាលតាជាតិទាំងពួង ឲ្យល្អខៀវស្រស់ជានិច្ចរាល់រដូវកាល ន័យថាព្រៃនោះជាទីអាស្រ័យនៅនៃទេពារ្ហសទាំងឡាយ ជួនកាលមើលទៅប្រហែលហាក់ភាពចម្លងនៃនិរយភូមិជាពន្លឹក មុខគួរព្រឺព្រួចក្នុងកោមលហឫទ័យ ។ ទីបំផុតនៃការដើរព្រៃនៃបាណ្ឌវក្សត្រិយ៍ ក៏ឈប់ត្រឹមនេះឃើញសមគួរតាមកំណត់ការសញ្ញានិរទេសហើយ បាណ្ឌវក្សត្រិយ៍បានអាស្រ័យនៅក្នុងព្រៃនោះ ១២ ឆ្នាំ ពេញតាមកម្រិតអាស្រ័យផ្លែឈើ មើលឈើ បន្លែព្រៃនឹងសាច់សត្វ ដែលទ្រង់ថ្លែងសរបានមកជាអាហារចិញ្ចឹមជីវិត ។ នាថ្ងៃ ១ នោះក្នុងរវាងដែលនៅព្រៃ អរជុនភ្នកនឹកដល់រឿងដើម ទើបនិយាយចេញមកថា ខ្ញុំនៅមានសេចក្ដីឆ្ងល់ថា មនុស្សណាមួយនឹងមានសេចក្ដីក្រំក្រៀម ទុក្ខទ្រមដូចយ៉ាងខ្ញុំខ្លះ យើងព្រាត់ព្រាកចាកព្រះនគរ ចាកសម្បត្តិ នឹងគណញាតិតូចធំទាំងឡាយ រាល់ ៗ ថ្ងៃដែលកន្លងទៅ មានតែទ្វេសេចក្ដីសោកសៅរបស់យើងឲ្យពេញពោរឡើង បីដូចជាថាចេះតែមន្ថែមទុក្ខសោកមកលើយើងឲ្យព្រៀបជានិច្ចនិរន្តរ៍ កាលនាងទ្រៅបទីទេវីចូលមកក្នុងប្រជុំ ហើយត្រូវគេចាប់សម្រាតសំពត់នាងផ្ចាញ់ផ្ចាលឲ្យយើងអាម៉ាស់មុខអ្នកតូចអ្នកធំទាំងពួង ការប្រមាទមើលងាយគ្នាក្នុងទីប្រជុំជនដូចនេះ ឈ្មោះថាប្រមាទដោយក្លាហាន ហួសចិត្តស្ត្រីដែលពេញទៅដោយសេចក្ដីអៀនខ្មាសនឹងទប់ទល់បាន យ៉ាងទេវីនឹងទ្រាំបានឬ អើម្ដេចគ្រានោះ ខ្ញុំក៏មិនក្របែលអាពួកកំណាចអស់នោះឲ្យខ្ទេចទៅតែអនិច្ចា ទាល់តែស្មើនេះមកហើយ នឹងទៅរាវរកយករឿងដែលកន្លងទៅហើយមកនិយាយ តើនឹងមានប្រយោជន៍អ្វី ។ ភីម បានឮដូចនោះទើបនិយាយផងថា មិនតែប៉ុណ្ណោះ ក្ដារដែលលេងគ្នាគ្រាក្រោយបំផុតនោះ មិនតែធ្វើវិចរណរបស់យើងឲ្យងងឹតទៅប៉ុណ្ណោះ វាធ្វើទាំងចក្ខុរបស់យើងឲ្យងងឹតទៅផង ក្នុងខណៈនោះយើងឃើញផលអាក្រក់បានក្រឡែត ៗ យើងក៏នៅតែភ្នាល់នឹងគេ ទាល់តែបោះធេងរលីងដូចជាគជ ឥឡូវនេះនឹងជាប្រយោជន៍អី ដែលមកយំស្ដាយទឹកដោះដែលកំពប់អស់ទៅហើយ។ អើ ក៏កាលខត្តិយរាជលើកលែងត្រង់សច្ច និងធម្ម ហើយទៅប្រព្រឹត្តក្នុងបទដែលវិន័យហាមមិនឲ្យប្រតិបត្តិ ក៏បានឈ្មោះថា ទ្រង់លើកលែងជាក្សត្រិយ៍គ្រងរាជ្យ កម៌ប្រកាសមកថា រាជសម្បត្តិ និងរាជអាណាចក្រនៃខត្តិយរាជនោះ រមែងត្រូវគេរឹបយកខ្លួនខត្តិយរាជនោះ ៗ សោតក៏រមែងអានុភាពនោះធ្វើទោសឲ្យត្រង់ជីវិតដោយបទសន្ដោស មានអាការដូចជាអ្នកទោសដែលលោកនរទេស ឲ្យទៅនៅព្រៃព្រោះហេតុតែល្បែងខត្រង់នេះក្នុងព្រះគម្ពីររបស់យើង ពោលទុកថា ការលេងភ្នាល់ជាការបាបមិនដូចនោះឬ ឥឡូវយើងបានទទួលវិបាក សមតាមគម្ពីរពោលទុកមែនឬទេ យើងខូចព្រះនគរខូចឥស្សរភាព ខូចសព្វសារពើគង់នៅតែជីវិតដែលរកកិត្តិយសគ្មានសោះប៉ុណ្ណោះ យើងទៅអួតភ្នាល់នឹងគេមិនមានគិតអស់ប៉ុន្មានអស់ទៅ ចេះតែកើបកោយចាក់ទៅទាល់រលីងក្រើង ហ្នឹងគឺសេចក្ដីឆ្កួតរបស់យើង មិនមែនឬ ឥឡូវយើងជាប់នៅក្នុងផុកផុងហើយ មិនមែនឬ តែជារឿងដែលកន្លងទៅហើយ មិនគួរនិងនាំមកនីយាយថ្វី ឲ្យតែវាបែកពពុះមាត់ឥតអំពើរ យើងធ្វើខ្លួនយើងមិនស្រួលឯង ឲ្យមនុស្សទាំងលោកសើចឡកឡឺយបាន ៗ បន្ទាបខ្លួនចូលទៅលេងស្កា ទាល់តែចាញ់អស់ទ្រព្យធមធាន ហើយមិនស្កប់ ថែមទាំងព្រមឲ្យគេនិរទេសខ្លួនព្រោះល្បែងនោះទៀតផង ខសញ្ញាការនិរទេសពួកយើងនេះ វាធ្ងន់ខ្លួនពេកណាស់ ចងរឹតយើងមាំពេករើខ្លួនមិនរួច ស្មើដូចជាឲ្យទៅស្លាប់ក៏ថាបាន ។ នកុល កាលបានស្ដាប់ភីម អភិប្រាយសព្វ ៗ ក៏ទ្រង់ព្រះកន្សែងដោយមករំពឹងដល់ហេតុការណ៍ទៅខាងមុខ ដែលនឹងត្រូវបានប្រសព្វក្នុងថ្ងៃត ៗ ទៅ ទ្រង់ឈឺចិត្តជាបំផុត ទើបមានបន្ទូលថា ឱគ្រាគ្រោះថ្នាក់វិបត្តិសាត់មកដល់បុរសឯណានិមួយឃុំសតិទុកបាន នឹងចោលទូកដែលកំពុងលិចមុនរបស់ដទៃ តែនោះវាអស់ផ្លូវតែខៃហេតុការណ៍ដែលកំពុងប្រព្រឹត្តទៅហើយ វៀរលែងតែសាច់របស់គេ ។ សហទេពថែមមកទៀតថា ឱព្រះ សម្លេងដែលទ្រៅបទីថ្ងូរក្នុងបន្ទប់ប្រជុំរដ្ឋមន្ត្រីនោះ វាឮជាប់ត្រចៀកដល់សព្វថ្ងៃនេះ ព្រះទេវីត្រាស់ត្រូវច្បាប់ហើយ ព្រះរាជស្វាមីរបស់នាង ធ្លាក់ទៅក្នុងឋានៈជាទាសាហើយ រមែងគ្មានអំណាចតាមផ្លូវច្បាប់ដែលនឹងលក់នាង ឬនឹងយកនាងទៅដាក់ភ្នាល់ ម្ដេចយើងមិនលើកច្បាប់ត្រង់នេះឡើងជជែក ហើយសុំឲ្យការដំណើរទៅតាមនោះ តែគ្រានោះកំពុងជ្រួល ទាំងគេទាំងឯងប្រហែលជាគ្មាននរណាទាន់នឹកឃើញ វរតែទៅគិតអាណិតនាងតែរាល់គ្នា អ្នកតូចអ្នកធំបណ្ដាដែលនៅក្នុងទីប្រជុំនោះជាច្រើន អត់មិនបាននាំគ្នាទឹកភ្នែកទៅតាម ៗ គ្នា វៀរលែងតែទុយោជន៍ប៉ុណ្ណោះ ខ្ញុំចង់ដឹងណាស់ចិត្តថ្លើមវាដូចម្ដេចហ្ន៎ ។ យុធិស្ឋិរ អង្គុយស្ដាប់អនុជនទាំងបួនសន្តនាគ្នារហូតមកដល់វេលានេះ ដោយមិនចង់យល់ទាស់ តែអត់មិនបានទើបពោលជាផ្លូវប្រលោមចិត្តប្អូនថា កុំណា៎ កុំតូចចិត្តទៅថ្វី យើងបានស្បត់ទុកហើយថា នឹងធ្វើការកែកំហឹងវិញត្រាតែបាន ក្នុងថាននេះក្សត្រិយ៍ យើងត្រូវតែបដិបត្តិបការឲ្យសមដែលបានប្រណិធានទុករាល់មាត់ ទាំងនេះព្រោះកម្មរបស់យើង ៗ តោងទទួលសោយទុក្ខវេទនាអំបាលនេះ យើងនឹងគេចចៀសទៅណាក៏មិនរួច របស់ដែលត្រូវវិប័ត្ត ក៏ត្រូវតែវិប៍ត្ត របស់ដែលវិប័ត្តហើយសោត ក៏វប័ត្តរូចទៅហើយ មុខងាររបស់យើងវេលានេះមានតែចៀសវាងភ័យ ពឹងពួនមុខទៅតាមខសញ្ញាបន្តិចទៀតប៉ុណ្ណោះ សេចក្ដីលំបាកតោកយ៉ាករបស់យើង ក៏ស្បើយអស់ហើយ ។ ខសញ្ញា ដែលបាណ្ឌវក្សត្រិយ៍ត្រូវបដិបត្តិវេលានេះ ឈ្មោះថាអស់ហើយ នៅតែត្រង់លាក់ខ្លួនពួនភ័យ រក្សាខ្លួនទុកឲ្យបាន លុះគិតឃើញដូចនោះហើយ បាណ្ឌវភាតា ក៏នាំគ្នាផ្លាស់ទីកន្លែងរឿយទៅ ចេញចាកទីនេះ ទៅកាន់ទីនោះដូចជាមនុស្សកំសត់ដើរដេកព្រៃក៏ប្រហែលគ្នា ការដែលត្រេចពនេចរទៅដូចនេះ រមែងមានភ័យជុំវិញខ្លួន រមែងនឿយលំបាកកាយជាធម្មតា ព្រោះមានសភាពដ៏ជាធម្មតារបស់កាយ តែងអន្ទោលទៅតាមកាយ នឹងចៀសវាងផុតទៅមិនបាន គឺត្រូវកំដៅថ្ងៃ សេចក្ដីក្រហល់ក្រហាយស្រេកទឹកឃ្លានអាហារ សេចក្ដីនឿយព្រួយព្រះកាយពល ព្រះបាទដែលធ្លាប់តែទន់ត្រសូល ក៏ទៅជាក្រស់ក្រិនពុលពងបន្លាមុត ជំពប់ប៉ះបែកចេញលោហិត របស់អំបាលនេះជាទុក្ខវេទនា រាល់គ្រាដែលទ្រង់នាំគ្នាសញ្ចរពីត្រង់នេះទៅត្រង់ណោះ ។ វាមួយនោះ ទ្រង់យកអាវុធសម្រាប់អង្គ ទៅលាក់ទុកលើមែកឈើ ហើយនាំគ្នាចូលទៅកាន់ក្រុងវិរាជ ដើម្បីនឹងលាក់ខ្លួនពួនពឹងអាត្មានៅក្នុងក្រុងនោះ ឲ្យផុតភ័យន្តរាយ ព្រោះហេតុថា តាមខសញ្ញាការនិរទេស បញ្ញត្តិទុកថា បើពួកគោរពទៅប្រទះឃើញខ្លួនក្នុងរវាងសន្យានេះសោត ពួកបាណ្ឌវតោងត្រឡប់ទៅដើរព្រៃជាថ្មីវិញ ១២ ឆ្នាំទៀត ខត្រង់នេះពួកបាណ្ឌវត្រូវបតិបត្តិនិងប្រយ័ត្នអង្គឲ្យមែនទែនតាមការ ។
ដកស្រង់ចេញពី ស្នាដៃកូនខ្មែរ Website