ពូជប៉េងប៉ោះ ‘នាងតំ’ គឺជាពូជប៉េងប៉ោះដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាចុងឆ្នាំ ២០០៦ ។ បន្ទាប់ពីបានធ្វើការពិសោធន៍អស់រយៈពេលប្រាំមួយរដូវ (បីឆ្នាំ)កន្លងមក ។ បច្ចុប្បន្នពូជប៉េងប៉ោះ ‘នាងតំ’បាននឹងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
លក្ខណៈពិសេសៗរបស់ពូជប៉េងប៉ោះ ‘នាងតំ’
ការលូតលាស់
ពូជ ‘នាងតំ’ ជាពូជលូតលាស់មានកំណត់ បានន័យថា ក្រោយប្រមូលផល ដើមរបស់វានឹងងាប់ ។ ពូចនេះមានកម្ពស់ចាប់ពី ៦០ ស.ម ទៅ ៧០ ស.ម ដែលចាប់ចេញផា្កនៅរយៈពេល ៥០ ថ្ងៃ ចេញផ្លែនៅរយៈពេល ៥៦ថ្ងៃ និងចាប់ផ្តើមទុំនៅរយៈពេល ៨៥ ថ្ងៃ ក្រោយថ្ងៃដុះ ។ គេអាចធ្វើការប្រមូលផលចំនួនពីរលើក ដោយលើកទីមួយអាចចាប់ផ្តើមនៅរយៈពេល ២០-២៥ ថ្ងៃ ក្រោយចេញផ្លែ និងលើកទីពីរ នៅរយៈពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ក្រោយប្រមូលផលលើកទីមួយ ។
ភាពធន់នឹងកម្តៅ
ជាទូទៅកសិករធ្វើការដាំដុះដំណាំ ប៉េងប៉ោះ ចាប់ពីរដូវទឹកសម្រក ឬរដូវរំហើយ (តុលា-មករា) តែសម្រាប់ការដាំដុះក្នុងរដូវក្តៅ (កុម្ភៈឧសភា) តែងតែជួបប្រទះនូវការខូចខាតដែលបណ្តាលមកពីធាតុអាកាសក្តៅខ្លាំង ធ្វើឲ្យដំណាំជ្រុះផ្កា និងអត្រាដាក់ផ្លែទាប ។ ម្យ៉ាងទៀតពូជនេះមានលក្ខណះពិសេសមួយ គឺស្លឹកមានរាងមួរដែលធ្វើឲ្យផ្ទៃរំភាយទឹកតូចដែលចាហេតុធ្វើឲ្យ ពូជនេះធន់ទ្រាំទៅនឹងកំដៅ ។ ដោយឡែកពូជ ‘នាងតំ’ អៈចដាំដុះបានទាំងនៅរដូវទឹកសម្រក និងនៅរដូវក្តៅ។
ភាពធន់នឹងជំងឺ
ពូជប៉េងប៉ោះ ‘នាងតំ’ មានភាពធន់ទ្រាំមធ្យមទៅនឹងជំងឺវីរុស លឿងរួញស្លឹក ដែលជាជំងឺធ្ងន់ធ្ងរមួយដល់ដំណាំប៉េងប៉ោះ ។
ការទុកគ្រាប់ដាំបន្ត
ពូជប៉េងប៉ោះ ‘នាងតំ’ ជាពូជដែលអាចរក្សាគ្រាប់ពូជទុកដាំដុះ នៅរដូវបន្តបន្ទាប់ទៀតបាន មិនដូចជាពូជអ៊ីប្រ៊ីដទេ ។
ទិន្នផល
ទិន្នផលរបស់ពូជ ‘នាងតំ’ អាចខ្ពស់ជាងទិន្នផលរបស់ពូជ អ៊ីប្រ៊ីដ មួយចំនួនដែលកសិករទិញពីផ្សារ។ ក្នុងរដូវក្តៅបានផលជាមធ្យម ១៩ តោន ក្នុងមួយហិកតា ឯក្នុងរដូវរំហើយបានរហូតដល់ ២៩ តោន ក្នុងមួយហិកតា។
លក្ខណៈផ្លែ
ផ្លែមានរាងមូល មានទម្ងន់ជាមធ្យម ៩៩ ក្រាម ។ នៅពេលខ្ចី ផ្លែមានពណ៌បៃតង និងមានពណ៌ក្រហមនាពេលផ្លែទុំ ។ សាច់ខាងក្នុងក៏មានពណ៌ក្រហមដែរ ។ នាពេលទុំផ្លែប៉េងប៉ោះពូជនេះមានរសជាតិឆ្ងាញ់ មានកម្រាស់សាច់ស្តើងសមស្របសម្រាប់ការហូបជាបន្លែស្រស់ ដូចជាធ្វើឡុកឡាក់ជាដើម និងមានបរិមាណសារធាតុខនិជចិញ្ចឹមប្រមាណ ៤.៥ ភាគរយ ។ ផ្លែដែលស្រគាលអាចរក្សាទុកបានដល់ ១២ថ្ងៃ ក្នុងសីតុណ្ហភាពធម្មតា ។
វិធីសាស្ត្រដាំដុះ
កូនប៉េងប៉ោះត្រូវបណ្តុះនៅលើកន្ទោង រហូតដល់អាយុបាន ២០ ទៅ ៣០ ថ្ងៃ ទើបយកទៅដាំ ។ ចន្លោះពីដើមមួយទៅដើមមួយគឺ ៥០ ស.ម និងចន្លោះជួរគឺ ១០០ ស.ម។ រងដំណាំមានទទឹង ១ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និងកម្ពស់ ២០ ស.ម ។ ចំពោះការដាំដុះក្នុងរដូវវស្សា (ឧសភា-សីហា) ទាមទារឲ្យមានការលើករងកម្ពស់ ២៥-៣០ ស.ម ហើយប្រសិនបើអាចគ្របរងដោយគម្របចំបើង ឬផ្លាស្ទិករឹតតែប្រសើរ ។ នៅពេលដំណាំចាប់ចេញកញ្ចុំផ្កា(ប្រមាណពីរសប្តាហ៍ក្រោយដាំ) ត្រូវចាប់ផ្តើមដោតទ្រើង ឬចំណារដើម្បីទប់ដើម និងចង្កោមផ្លែកុំឲ្យបាក់នៅពេលផ្លែរបស់វារីកធំ ។ ក្នុងផ្ទៃដីមួយហិកតា គេត្រូវការគ្រាប់ពូជបរមាណ ២០០ ក្រាម ទៅ ៣០០ ក្រាម សម្រាប់ចន្លោះគុម្ពដូចខាងលើ ។ ក្នុងផ្លែមួយចង្កោមគួរទុកត្រឹម ៤-៥ ផ្លែ ដើម្បីឲ្យផ្លែធំល្អ និងក្នុងមួយដើមគួរទុក ៥-៦ ចង្កោម បើមានដើមបែកច្រើនយើងគួរធ្វើការកាត់វាចោលខ្លះ។
ការប្រើប្រាស់ជី
ការប្រើប្រាស់ជីតាមបច្ចេកទេស នឹងនាំឲ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំងគុណភាពផ្លែល្អ ។ កម្រិតជីដែលអៈចប្រើប្រាស់គឺ ៧៥:៣០:១០០ គ.ក្រ ក្នុងមួយហិកតា នៃ N : P2O5 : K2O ។ ការប្រើប្រាស់ជីអាចលើសពីនេះ អាស្រ័យទៅតាមកម្រិតជីជាតិរបស់ដី ។ ការបាចជីអាចចែកជាបីលើក គឺទ្រាប់បាតមុនដាំ (៥០ ភាគរយ) បំប៉នលើកទីមួយពេលចេញផ្កា ២៥ ភាគរយ និងបំប៉នលើកទីពីរ ក្រោយប្រមូលផលលើកទីមួយ ២៥ ភាគរយនៃជីទាំងបីប្រភេទ ។
ការប្រមូលផល
នៅពេលផ្លែចាប់ផើ្តមប្រែពណ៌ក្រហម បាន ១០-២០ ភាគរយ ឬនៅរយៈពេល ២០-២៥ ថ្ងៃ ក្រោយចេញផ្លែគេអាចធ្វើការប្រមូលផលបាន ។ ការប្រមូលផលនៅដំណាក់កាលនេះ គឺអាចជួយកាត់បន្ថយការខូចខាតពេលដឹកជញ្ជូនបានមួយចំណែក និងអាចរក្សាទុកផ្លែបានច្រើនថ្ងៃ ។
ការទុកដាក់ក្រោយពេលប្រមូលផល
ការបាត់បង់ក្រោយពេលប្រមូលផល ងាចបណ្តាលមកពីកត្តាពីរ គឺទីមួយការបម្រែបម្រួលសារធាតុចិញ្ចឹមក្នុងផ្លែ និង ទីពីរការខូចខាតដោយការប៉ះទង្គិច ។ ដើម្បីចៀសវាងការបាត់បង់នេះ កសិករគួរធ្វើការប្រមូលផលទុកដាក់ និងដឹកជញ្ជូនឲ្យបានសមស្រប និងជាពិសេសត្រូវរើសផ្លែដែលខូច ដូចចាស្អុយ មានជំងឺ មានសត្វល្អិតបំផ្លាញ ជាំ ឬប្រេះ ដាក់ដាច់ដោយឡែកពីផ្លែដែលល្អ៕
(អត្ថបទដកស្រង់ចេញពី វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា)
ប្រភព៖itcambo.com