រឿងស៊ឹមអ្នកបរឡាន (វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍)


យប់ខែដាច់ងងឹតចាក់ភ្នែកមិនធ្លុះនៅខាងក្រៅ។ក្នុងផ្ទះតៀមមួយដែលមានទំហំ៥ម៉ែតបណ្តោយ ៣ម៉ែតទទឹង ចង្កៀងប្រេងកាតតូចមួយបានបំភ្លឺមិនសូវច្បាស់ មនុស្សបួននាក់អង្គុយដំកង់លើគ្រែឫស្សី។មនុស្សនោះគឺមីងប្រេម ម៉េង ហ៊ី និងស៊ឹម។ស៊ឹមជាម្ចាស់ផ្ទះ គាត់ជាអ្នកបរឡាន។ស៊ឹមបានស្គាល់ម៉េងកាលនៅបើកឡានឲ្យហាង ហើយកាលនោះម៉េងធ្វើគូលីតាមឡាន។ពិតមែនតែស៊ឹមចេញមកបរឡានរាជការ អ្នកទាំងពីរនៅតែទៅមករកគ្នា រាប់អានគ្នាយ៉ាងជិតស្និទ្ធ។
ផ្ទះស៊ឹមគ្មានតុ ទូ កៅអីអ្វីទេ ក្រៅពីគ្រែឫស្សីដែលអ្នកទាំងបួនបានអង្គុយដំកង់លើ និងគ្រែដេកមួយទៀត។នៅលើធ្នើរជញ្ជាំងមុខ គេឃើញមានសៀវភៅអធិប្បាយរដ្ឋធម្មនុញ្ញ ទំនៀមទំលាប់ និងច្បាប់ខ្មែរ ប្រវត្តិអាចារ្យហែមចៀវ កាសែតសាមគ្គី ប្រជាជនប្រជាជាតិខ្មែរ ខ្មែរថ្មីទៅមុខ ចងជាបាច់រៀបមានសណ្តាប់ធ្នាប់យ៉ាងល្អ។ស៊ឹមជាអ្នកចង់ចេះដឹង ចង់ដឹងមើលច្រើន។
យប់នេះគេប្រជុំគ្នាផឹកតែ។អ្នកទាំងបួនបានជជែកគ្នាសួរពីនេះ ពីនោះ សុខទុក្ខយូរបន្តិចមក ម៉េងបានផ្តើមថា៖
  • ធ្វើការស្រួលទេស៊ឹម?
  • មិនសូវជាពិបាកទេ តែតឹងទ្រូងណាស់…
  • ឯងបានប្រាក់ខែច្រើន…
  • ច្រើនមិនកើត។ខ្វះរាល់ខែ។ប្រពន្ធខ្ញុំទៅស្រែជួញអង្ករបាត់ហើយ ដើម្បីយកមកជួយទប់។បើកឡានត្រូវចេញទៅមុន ត្រឡប់មកក្រោយគេ។ខ្ញុំខ្នាញ់ធុញនឹងជូតដានជើងស្រីៗ។
  • ចៅហ្វាយស៊ឹមឯងស្រីឬ?
  • នៅតែឆ្ងល់ទៀតម៉េងឯង។ចៅហ្វាយខ្ញុំគាត់ដើរលេងយប់ បឹងស្នោ បាកំប៉ាយ ហើយព្រលឹមឡើងខ្ញុំត្រូវជូតដានជើងទាំងអស់។
  • ស្គាល់ហើយបឹងស្នោនោះ តែអាបាកំប៉ាយវាស្អីដែរ?
  • អាហ្នឹងក៏ដូចជាបឹងស្នោដែរ នៅបៀតកន្លែងចាក់សំរាមដេប៉ូ។អាស្នោ និងអាកំប៉ាយនោះ វាមានក្លិនដូចតែអាសំរាមដេប៉ូអីចឹង។តែនឹកឃើញរឿងអស់នេះ ចង់តែឈប់ធ្វើការ ខ្ញុំធុញទ្រាន់ណាស់នឹងជូតដានជើងអស់នោះ។
ហ៊ី និងមីងប្រេមបានស្តាប់មើលមុខស៊ឹមមិនដាក់ភ្នែក។ម៉េងឃើញស៊ឹមតូចចិត្តខ្នាញ់ដូចនេះ បានប្រែរឿង៖
  • ឈប់និយាយពីរាត្រីថ្ងៃសៅរ៍ បឹងស្នោ ឬបាកំប៉ាញទៅ យើងមកយប់ថ្ងៃសៅរ៍នេះមានបំណងធំចង់ឲ្យស៊ឹមឯង ដែលជាអ្នកមើលសៀវភៅ កាសែតច្រើន ពន្យល់យើងអំពីការរស់នៅនៃគូលីនៅ ប្រទេសនានាក្នុងលោក។តើកម្មករស្រុកគេវេទនាដូចយើងដែរឬ? តើគេទិញមនុស្សប្រើខួបដូចយើងដែរឬ?
  • ខ្ញុំមិនសូវដឹងជ្រៅជ្រះទេរឿងប្រទេសគេ។តែខ្ញុំបានសួរគេឯង មើលកាសែតបានដឹងខ្លះ។ខ្ញុំនិយាយកាត់ៗបានខ្លះ តែបើបងប្អូនបានឮដំណឹងប្លែក ជួយកែតម្រង់ផង។
ដល់ត្រឹមនេះ ស៊ឹមបានឈប់ក្រែបតែលាងបំពង់ក រួចគាត់ចាប់និយាយត៖
  • សកលលោកសព្វថ្ងៃ ចែកជាពីរផ្នែក៖ ផ្នែកសង្គម និងចក្រពត្តិនិយម។នៅផ្នែកសង្គមនិយម បើយើងជឿសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយចំណានៗនៅទ្វីបអាស៊ី យើងមុខជាជ្រាប់បានថា នៅប្រទេសនោះការកសាងសេដ្ឋកិច្ចបានចម្រើនរហ័ស។កម្មករ គូលីបានធ្វើជាម្ចាស់នៃការងាររបស់ខ្លួន មានសមាគម មានសហជីពជួយដឹកនាំពួកកម្មករគូលី ឲ្យចេះតស៊ូទល់នឹងធម្មជាតិ បង្កើនផលដើម្បីកែប្រែ និងលើកតម្កើងការរស់នៅឲ្យបានខ្ពស់សុចរិតយុត្តិធម៌។នៅផ្នែកចក្រពត្តិវិញ ការរស់នៅប្រជាជនមានច្រើនជាន់ខុសគ្នាណាស់។អ្នកណាមានស៊ីៗមិនអស់ រឹតតែមានឡើង ហើយអ្នករហេមរហាមរឹតតែរហេមរហាមទៅ។នៅប្រទេសអាមេរិច សព្វថ្ងៃប្រជាជនជាង៤លាននាក់គ្មានការធ្វើហើយរស់នៅយ៉ាងវេទនា។តែដោយការទាមទារដ៏អង់អាចរបស ់កម្មករនៅប្រទេសចក្រពត្តិធំៗ បារាំង អង់គ្លេស អាមេរិច កម្មករមានសិទ្ធិផ្តុំគ្នាជាសមាគម ជាសហជីព រើសតំណាងឲ្យទៅតវ៉ាទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់ និងមានកម្រិតម៉ោងធ្វើការ កុំឲ្យហួសពី៤៨ម៉ោងមួយអាទិត្យ។ដូចនេះបានជាយើងបានដំណឹងរាល់ខែ រាល់អាទិត្យថា នៅប្រទេសចក្រពត្តិធំៗទាំងនោះ កម្មករមានអ្នកបើកឡាន ជាងតម្បាញទាំងពាន់ ទាំងម៉ឺន ទាំងសែននាក់បានធ្វើកូដកម្ម បាតុកម្មទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់។
មីងប្រេមបានសួរកាត់៖
  • ស្រុកយើងពួកគូលី ពួកជាងធ្វើសមាគមបានទេ?មនុស្សសល់ច្រើនណាស់សព្វថ្ងៃ។
  • ស្រុកយើងឯករាជ្យ ប្រជាធិបតេយ្យត្រូវតែមានអំណាចផ្តុំគ្នាធ្វើសមាគមបាន។តែនៅបែកខ្ញែកគ្នាណាស់។បើចង់កែប្រែការរស់នៅ ធ្វើជាម្ចាស់ការងាររបស់យើង ទាល់តែយើងបង្កើតសមាគមវិជ្ជាជីវៈ។
  • បើដូចនេះ ត្រូវធ្វើដូចម្តេច? មីងប្រេមសួរ។
  • រួបរួមសាមគ្គីរវាងគ្នាយើងយ៉ាងជិតស្និទ្ធ ដើម្បីរៀនសូត្រដើម្បីប្រមូលផ្តុំគ្នាជាសហជីព ជាសមាគម..។
  • រៀនម្តេចបាន បើធ្វើការអស់កម្លាំងជិតងាប់ម៉្ងៃ ហើយអាយុជាង៤០ហើយ។មីងប្រេមបានប្រកែក។
  • មិនជាអ្វីទេ ប្រពន្ធខ្ញុំទើបតែចាប់រៀន ក ខ ដែរ។ត្រូវឆ្លៀតរៀនពេលសម្រាកថ្ងៃ សម្រាកយប់ អក្សរមួយតួ ពីរតួ។សួរម៉េង សួរបងហ៊ី។បើយើងព្យាយាមមិនហួសពី៦ខែទេ យើងមើលកាសែតបាន។
ម៉េងបានសង្កត់ពាក្យស៊ឹម៖
  • ស្រុកយើងថ្កើន ទាល់តែពួកយើងថ្កើន ទាល់តែពួកយើងប្រឹងប្រែងការរស់នៅខ្លួនយើង។យើងត្រូវខំរៀន។
និយាយដល់ត្រង់នេះ នាឡិកាផ្ទះថ្មធំមុខបានទូង១១ម៉ូង ហ៊ីកេះម៉េងប្រាប់ថាល្មមហើយ។ម៉េងក៏និយាយត៖
  • យប់ជ្រៅហើយ យើងល្មមលាស៊ឹម ចាំថ្ងៃណាទំនេរមកទៀត។ហ៊ីត្រូវការខ្ចីសៀវភៅស៊ឹមខ្លះទេ?
  • ខ្ញុំចង់មើលប្រវត្តិអាចារ្យហែមចៀវ។
  • យកចុះ តែកុំឲ្យបាត់ ព្រោះក្រណាស់។សូមអញ្ជើញមកជជែកគ្នាលែងគ្នាទៀត ថ្ងៃក្រោយប្រពន្ធខ្ញុំមុខជាត្រឡប់មកពីស្រែវិញ។
ដកស្រង់ពីគេហទំព័រ ស្នាដៃកូនខ្មែរ